អានតួអត្ថបទ
សេដ្ឋកិច្ច

កម្មកររោងចក្រ​កាត់ដេរ​ជំរុញអោយ​ថៅកែ​និងក្រសួង​ពាក់ព័ន្ធ​ចរចា​ស្ដីពីប្រាក់ខែ​គោល​ឡើងវិញ​

កម្មករ​រោងចក្រ​កាត់ដេរ​នឹង​ដាក់​ លិខិត​ជូន​ថៅកែ​រោងចក្រ​កាត់ដេរ​និង​ក្រសួង​ពាក់ព័ន្ធ​នៅ​ថ្ងៃ​ចន្ទ​ស្អែក​ នេះ​ដើម្បី​សុំ​ដំឡើង​ប្រាក់ខែ​គោល​និង​ប្រាក់​គោលការណ៍​មួយ​ចំនួន​ផ្សេង​ ទៀត។ ​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក អាត់ ធន់ ​ព្រមាន​​ថា ប្រសិន​បើ​គ្មាន​ចម្លើយ​ក្នុង​រយៈពេល​១៥​ថ្ងៃ​ទេ​នោះ ​សហជីព​របស់​លោក​នឹង​ប្រកាស​ធ្វើ​កូដកម្ម។ 

កម្មករកាត់ដេរនៅប្រទេសកម្ពុជា
កម្មករកាត់ដេរនៅប្រទេសកម្ពុជា ©ញឹម​ សុផល
ផ្សាយពាណិជ្ជកម្ម

02:29

សេចក្តីរាយការណ៍របស់​ គី សុខលីម

កម្មករ​រោងចក្រ​កាត់ដេរ​មួយ​ចំនួន​នៅតែ​ព្រមាន​ធ្វើ​កូដកម្ម​ដដែល​ប្រសិនបើ​ប្រាក់ខែ​អប្បបរមា​មិន​ត្រូវ​បាន​គេ​ដំឡើង​អោយ​ដល់​ចន្លោះ​ពី​៧៥​ទៅ​៩៣​ដុល្លារ​នោះ​ទេ។​ លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា បាន​បញ្ជាក់​ប្រាប់​នៅ​ថ្ងៃអាទិត្យ​នេះ​ថា ក្រុម​សហជីព​របស់​លោក​នឹង​ដាក់​លិខិត​ជា​ផ្លូវការ​ជូន​សមាគម​ថៅកែ​រោងចក្រ​កាត់ដេរ​កម្ពុជា​និង​ក្រសួង​ពាក់ព័ន្ធ​នៅ​ថ្ងៃ​ចន្ទ​ស្អែក​នេះ​ដើម្បី​សុំ​ធ្វើការ​ចរចា​ឡើងវិញ​ស្តី​ពី​ប្រាក់​ឈ្នួល​អប្បបរមា ​អតីតភាព​ការងារ ប្រាក់​រង្វាន់​និង​ពេល​វេលា​នៃ​ការ​ចរចា​ដំឡើង​ប្រាក់ខែ​របស់​កម្មករ។

 
កម្មករ​កម្មការិនី​ដែល​ដឹកនាំ​ដោយ​លោក អាត់ ធន់ ទាមទារ​ប្រាក់ខែ​គោល​ក្នុង​ចន្លោះ​ពី​៧៥​ទៅ​៩៣​ដុល្លារ​អាមេរិក ប្រាក់​អតីតភាព​២​ដុល្លារ​ជា​រៀងរាល់​ឆ្នាំ​ដោយ​មិន​កំណត់​ពេល​វេលា ​ប្រាក់​រង្វាន់​លើក​ទឹកចិត្ត​១០​ដុល្លារ​ក្នុង​មួយ​ខែ ​និង​ពេល​វេលា​នៃ​ការ​ចរចា​ដំឡើង​ប្រាក់ខែ​ត្រូវ​ធ្វើ​ឡើង​ក្នុង​មួយ​ឆ្នាំ​ម្តង​ពោល​គឺ​មិនមែន​៤​ឆ្នាំ​ម្តង​ដូច​កាល​ពី​ពេល​កន្លង​មក​នោះ​ទេ។

ការ​ទាមទារ​របស់​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​គណៈកម្មាធិការ​ក្រុម​ប្រឹក្សា​ការងារ​ដែល​មាន​តំណាង​បី​ភាគី៖​រដ្ឋាភិបាល​ សហជីព ​និង​ថៅកែ​រោងចក្រ​កាត់ដេរ​បាន​សម្រេច​ដំឡើង​ប្រាក់ខែ​អប្បបរមា​ជូន​កម្មករ​ដល់​៦១​ដុល្លារ​អាមេរិក​ប៉ុន្តែ​សហជីព​របស់​លោក អាត់ ធន់ មិន​បាន​បោះឆ្នោត​គាំទ្រ​សេចក្តី​សម្រេច​នេះ​ទេ​ដោយ​លោក​យល់​ឃើញ​ថា ​ប្រាក់​ឈ្នួល​នេះ​មិន​អនុញ្ញាត​អោយ​កម្មករ​អាច​រស់​បាន។

អ្នក​សេដ្ឋកិច្ច​មួយ​ចំនួន​ធ្លាប់​បាន​បញ្ជាក់​នៅក្នុង​ការ​សិក្សា​របស់​ខ្លួន​ថា កម្មករ​កាត់ដេរ​អាច​រស់​បាន​លុះត្រា​តែ​ប្រាក់ខែ​អប្បបរមា​មាន​ចំនួន​ចាប់​ពី​ជាង​៧០​ដុល្លារ​ឡើង​ទៅ។ ​ប៉ុន្តែ​អត្រា​ប្រាក់ខែ​នេះ​ត្រូវ​បាន​តំណាង​រាជ​រដ្ឋាភិបាល​និង​តំណាង​ថៅកែ​រោងចក្រ​កាត់ដេរ​បដិសេធ​ដោយ​ពួកគេ​លើក​ហេតុផល​មក​សំអាង​ថា ​ការ​ដំឡើង​ប្រាក់ខែ​ហួស​ហេតុ​​អាច​ធ្វើ​អោយ​រោងចក្រ​ដួល​រលំ។

លោក អាត់ ធន់ ​ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា​បាន​ព្រមាន​ថា​ ប្រសិន​បើ​ថៅកែ​រោងចក្រ​មិនព្រម​ទទួល​យក​ការ​ចរចា​ក្នុងរយៈពេល​ពីរ​សប្ដាហ៍​ចាប់​ពី​ថ្ងៃ​ទី២​ខែ​សីហា​ដល់​ថ្ងៃ​ទី​១៥​ខែ​សីហា​ទេ​នោះ​ សហជីព​របស់​លោក​នឹង​រៀបចំ​កូដកម្ម​នៅ​តាម​បណ្ដា​រោងចក្រ​នានា។

ឆ្លើយតប​ទៅ​នឹង​សំណើ​របស់​សហជីព ​លោក ជាតិ ​ខេមរា​ មន្ត្រី​ជាន់​ខ្ពស់​នៃ​សមាគម​ថៅកែ​រោងចក្រ​កាត់ដេរ​កម្ពុជា​បាន​បញ្ជាក់​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា លោក​ពិបាក​នឹង​ជឿ​ថា​ សមាគម​របស់​លោក​នឹង​ពិចារណា​លើ​រឿង​នេះ​ណាស់​ពីព្រោះ​សមាគម​ត្រូវតែ​គោរព​សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​ការងារ​ដែល​ទើប​បាន​អនុម័ត​ដំឡើង​ប្រាក់ខែ​អប្បបរមា​ជូន​កម្មករ​កាត់ដេរ​ដល់​៦១​ដុល្លារ​អាមេរិក​កាល​ពី​ខែ​កក្កដា​កន្លង​មក​នេះ៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ