ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 17/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 17/08 12h00 GMT
កម្ពុជា

អ្នកភូមិបឹងកក់​បន្តតវ៉ា​ឲ្យបញ្ឈប់​ការបូមខ្សាច់​ដែលធ្វើឱ្យ​លិចផ្ទះ​

media អ្នកភូមិ​បឹងកក់បន្តធ្វើការ​តវ៉ា​ប្រឆាំង​ការបូមខ្សាច់​នៅកន្លែង​បូមខ្សាច់​លុបបំពេញ​បឹងកក់ ​ ©​ សុវណ្ណារ៉ា

នៅ​ថ្ងៃ​ព្រហស្បតិ៍​ ទី​៣០ កញ្ញា​​នេះ ​អ្នកភូមិ​​បឹងកក់​​រាប់សិប​នាក់​បាន​បន្ត​ធ្វើ​ការ​តវ៉ា​​ប្រឆាំង​ការ​​បូម​ខ្សាច់ ​ដោយ​មាន​​ទាំង​កា​រ​ដុត​​កង់ឡាន​ នៅ​កន្លែង​​បូម​ខ្សាច់​លុប​បំពេញ​បឹងកក់​​ថែមទៀត​​ផង​។ ​​ការ​បូម​ខ្សាច់​ចាក់​លុប​​បំពេញ​​បឹងកក់​​​ដើម្បី​​អភិវឌ្ឍន៍​​ជា​​មជ្ឈមណ្ឌល​​ពាណិជ្ជកម្ម​​បាន​ធ្វើឲ្យ​​ទឹកជន់​​លិច​ផ្ទះ​​អ្នកភូមិ​​ ដែល​​មិនទាន់​មាន​ការ​ដោះស្រាយ​​សំណង​សមរម្យ​​នៅឡើយ​​មុន​ការ​រុះរើ​ចេញ​។​

សេចក្តីរាយការណ៍របស់​ លី ម៉េងហួរ 30/09/2010 - ដោយ លី ម៉េងហួរ ស្តាប់

ការ​បូម​ខ្សាច់​ចាក់​បំពេញ​បឹងកក់ ​បាន​ធ្វើឱ្យ​លិច​ផ្ទះ​របស់​អ្នកភូមិ​រាប់សិប​គ្រួសារ ​ដែល​ពុំ​ទាន់​មាន​ការដោះស្រាយ​សំណង​សមរម្យ​នៅឡើយ​។ ​ក្រុម​អ្នក​ភូមិ ទាមទារ​ឲ្យ​ក្រុម​ហ៊ុនស៊ូ​កា​គូ បញ្ឈប់​ការ​បូម​ខ្សាច់ និង​ចង់បាន​ការ​អភិ​វឌ្ឈន៍​នៅហ្នឹងកន្លែង។ ពោល​គឺ​ស្នើឲ្យ​​អាជ្ញាធរ ​ផ្តល់​កម្មសិទ្ធិ​ដល់​អ្នកភូមិ ឬ​ក៏​ក្រុមហ៊ុន​សង់​ផ្ទះល្វែង ផ្តល់​ឲ្យ​អ្នកភូមិ​នៅ​បឹងកក់ ដោយ​គ្មាន​ការរុះរើ​ចេញ​ទេ។

 
ក៏ប៉ុន្តែ​ការតវ៉ា​របស់​អ្នកភូមិ ជាច្រើន​ច្រើនសារ ដែល​ឈាន​ដល់​ការដុត​កង់ឡាន ​នៅ​កន្លែង​បូម​ខ្សាច់​ នៅ​បឹង​កក់​ព្រឹក​មិញ ពុំ​មាន​ដំណោះ​ស្រាយ ដែល​អាច​ឈាន​ដល់​ការបញ្ឈប់​ការ​បូម​ខ្សាច់ ពន្លិច​ភូមិ​ផ្ទះ​នៅ​បឹងកក់​នោះឡើយ។

ក្រុម​អ្នក​ភូមិ​បឹងកក់ ​បាន​លើកគ្នា​ដើរ​ជា​ក្បួន​ឆ្ពោះទៅ​កាន់​ភូមិគ្រឹះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ដើម្បី​សុំ​អន្តរាគមន៍ ​បញ្ឈប់​ការ​បូម​ខ្សាច់​។​ ក៏​ប៉ុន្តែ​ក្រុម​អ្នក​ភូមិ​បឹងកក់ ​ត្រូវ​បាន​រារាំង​ពី​សំណាក់​កំលាំង​សមត្ថកិច្ច​ជាច្រើន​នាក់ ដែល​ប្រដាប់​ដោយ​អាវុធ​ ដំបងឆក់ ​និង​ម៉ូតូ ដាក់​រាំង​បិទផ្លូវ។

ក្នុង​ការប្រឈមមុខ​នោះ គ្មាន​អំពើហិង្សា​កើតឡើង​ទេ តែ​ក្រុម​អ្នកភូមិ បាន​ព្យាយាម​រុញច្រានរ​បាំង​ប៉ូលីស ​រហូត​បណ្តាលឲ្យ​ស្ត្រី​ម្នាក់ ដួល​សន្លប់​។​ ក្នុង​ជម្លោះ​ដីធ្លី នៅ​តំបន់​បឹងកក់ ដែល​មាន​ប្រជាជន​ជាង ៤.០០០ គ្រួសារ​នោះ ក្រុមហ៊ុន ស៊ូ​កា​គូ ដែល​ទទួល​សិទ្ធិ​អភិវឌ្ឍន៍​បឹងកក់ ​បាន​ផ្តល់​សំណង​ដល់​អ្នកភូមិ ក្នុង​មួយ​គ្រួសារ​នូវ​ទឹកប្រាក់ ៨.៥០០ ដុល្លារ និង​លុយ​ខ្មែរ ២ លាន​រៀល​ប៉ុណ្ណោះ ដើម្បី​ជា​ថ្នូរ​នឹង​ការរុះរើ។ ​ចំណែក​អ្នកភូមិ ចង់បាន​សំណង់ តាម​ទីផ្សារ​ជាក់ស្តែង​។

កាលពី​ឆ្នាំ​២០០៧ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ព្រមព្រៀង​ផ្តល់​ឲ្យ​ក្រុមហ៊ុន ស៊ូ​កា​គូ របស់​លោក​ឧកញ៉ា ឡៅ ម៉េង​ឃិន ​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​អភិ​វឌ្ឈន៍​តំបន់​បឹង​កក់​ ដែល​មាន​ផ្ទៃដី​ទំហំ​ជិត ​១៣០ ហិច​តា ក្នុង​រយៈពេល ​៩៩ ឆ្នាំ ដើម្បី​ធ្វើ​ជា​មជ្ឈ​មណ្ឌល​​ពាណិជ្ជកម្ម និង​ផ្ទះល្វែង​ទំនើបៗ។​ មិន​មាន​ការពន្យល់​ណាមួយ​ពី​ក្រុមហ៊ុន​ស៊ូ​កា​គូ និង​អាជ្ញាធរ​រាជធានី​ភ្នំពេញ ជុំវិញ​ការតវ៉ា​របស់​ក្រុម​អ្នក​ភូមិ​បឹងកក់​ ដើម្បី​បញ្ឈប់​ការ​បូម​ខ្សាច់ ដែល​ធ្វើឲ្យ​លិច​ផ្ទះ​របស់​អ្នកភូមិ​ខាងលើ​នេះ​ទេ៕

 

 

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ