អានតួអត្ថបទ
កម្ពុជា

លោក​ កឹម​ សុខា​ បង្ហាញ​មុខ​ជាថ្មី​ក្រោយពី​អវត្តមាន​ជាង​២​ខែ​

លោក ​កឹម ​សុខា ​ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​បាន​រៀបចំ​វេទិកា​នយោបាយ​មួយ​នៅ​​ថ្ងៃ​សៅរ៍​ នេះ​នៅ​ឯ​ស្រុក​ព្រៃឈរ​ខេត្ត​កំពង់ចាម។ ​នេះ​ជា​ការ​បង្ហាញ​មុខ​លើក​ដំបូង​​បំផុត​បន្ទាប់​ពី​លោក​បាន​វិល​ត្រឡប់​មក ​ពី​ទស្សនកិច្ច​នៅ​សហរដ្ឋ​អាមេរិក​វិញ​កាល​ពី​​ល្ងាច​ថ្ងៃ​ពុធ។ ​លោក​កឹម ​សុខា​ដែល​កំពុង​ជាប់​បណ្តឹង​នៅ​ឯ​តុលាការ​ទាក់ទង​នឹង​ការ​«កឹប ​កេង​ប្រាក់ខែ»​អតីត​បុគ្គលិក​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​កាល​ពី​៥​ ឆ្នាំ​មុន​នោះ​បាន​​អះអាង​នៅ​ថ្ងៃ​នេះ​ថា​លោក​មិន​ព្រួយ​បារម្ភ​អំពី​បញ្ហា​ នេះ​ទេ​ខណៈ​ដែល​គណបក្ស​របស់​​លោក​កំពុង​កើន​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង​នោះ។

លោក​ គឹម​ សុខាប្រធានគណបក្ស​សិទ្ធិមនុស្ស បាន​រៀបចំ​វេទិកា​នយោបាយ​មួយ​នៅថ្ងៃ​សៅរ៍ទី​៩​តុលា​២០១០​នៅខេត្ត​កំពង់ចាម​​
លោក​ គឹម​ សុខាប្រធានគណបក្ស​សិទ្ធិមនុស្ស បាន​រៀបចំ​វេទិកា​នយោបាយ​មួយ​នៅថ្ងៃ​សៅរ៍ទី​៩​តុលា​២០១០​នៅខេត្ត​កំពង់ចាម​​ © សុវណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

 

02:32

សេក្តីរាយការណ៍​របស់​ ប៉ែន បូណា

បន្ទាប់ពី​អវត្តមាន​ពី​ប្រទេស​រយៈ​ពេល​ជាង​២​ខែ ​លោក​កឹម​ សុខា​បាន​បង្ហាញ​មុខ​​ជាថ្មី​នៅ​ថ្ងៃ​សៅរ៍​នេះ​នៅ​ឯ​ស្រុក​ព្រៃឈរ​ខេត្ត​កំពង់ចាម​នៅ​ក្នុង​វេទិកា​នយោបាយ​មួយ​។​​ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​ដែល​មាន​៣​កៅ​អី​ក្នុង​រដ្ឋសភា​តែង​រៀបចំ​វេទិកា​ជាមួយ​​ប្រជា​ពលរដ្ឋ​នៅ​គ្រប់​ច្រក​ល្ហក​ដើម្បី​ស្វែងរក​ប្រជាប្រិយភាព​នយោបាយ។

មិន​ត្រឹមតែ​នៅ​ក្នុង​ប្រទេស​ប៉ុណ្ណោះ​ទេ ​លោក​កឹម​ សុខា​ក៏បាន​រៀបចំ​ការ​ជួប​ជុំ​​ដូច្នេះ​ជា​ច្រើន​ដែរ​ជាមួយ​ពលរដ្ឋ​ខ្មែរ​នៅ​ឯ​ក្រៅ​ប្រទេស។ ​លោក​បាន​អះអាង​នៅ​ថ្ងៃ​នេះ​​ថា​នៅ​ក្នុង​អំឡុង​ពេល​អវត្តមាន​ជាង​ពីរ​ខែ​ពី​កម្ពុជា ​លោក​បាន​រៀបចំ​ពិធី​ជួបជុំ​ជាមួយ​​ពលរដ្ឋ​ខ្មែរ​ចំនួន​១៥​រដ្ឋ​នៅ​សហរដ្ឋ​អាមេរិក​និង​ជំនួប​៣​ផ្សេង​ទៀត​នៅ​ឯ​កាណាដា។​​លោក​កឹម ​សុខា​ដែល​បាន​វិល​ត្រឡប់​មក​ដល់​កម្ពុជា​វិញ​កាល​ពី​ល្ងាច​ថ្ងៃ​ពុធ​បាន​​អះអាង​អំពី​ការ​កើន​ឡើង​នៃ​ចំនួន​អ្នកគាំទ្រ​ទាំង​នៅ​ក្នុង​និង​ក្រៅ​ប្រទេស។

យ៉ាង​ណា​ក៏ដោយ ​ការ​វិល​ត្រឡប់​របស់​លោក​កឹម ​សុខា​នៅ​ពេល​នេះ​គឺ​ជួ​ន​​ចំពេល​ដែល​តុលាការ​រាជធានី​ភ្នំពេញ​បាន​កោះ​ហៅ​រូប​លោក​ឲ្យ​ឆ្លើយ​បំភ្លឺ​ចំពោះ​ពាក្យ​​បណ្តឹង​ទាក់ទង​នឹង​ការ​«កឹបកេង»​ប្រាក់​ខែ​បុគ្គលិក​កាល​ពី​លោក​នៅ​ជា​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា។ ​អតីត​បុគ្គលិក​មជ្ឈមណ្ឌល​នេះ​ចំនួន​១៦​រូប​បាន​ដាក់​ពាក្យ​​ប្តឹង​ទៅ​តុលាការ​ប្រឆាំង​នឹង​លោក​កឹម ​សុខា។ ​ឥឡូវ​នេះ ​តុលាការ​បាន​លើក​យក​​សំណុំ​រឿង​កាល​ពី​៥​ឆ្នាំ​មុន​មក​ចាត់​ការ។

លោក​កឹម សុខា​បាន​អះអាង​ថា​លោក​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ចូល​ទៅ​​ឆ្លើយ​បំភ្លឺ​ចំពោះ​មុខ​តុលាការ​នៅ​ថ្ងៃ​ទី​២១​តុលា​ខាង​មុខ។ ​គេ​នៅ​មិន​ទាន់​ដឹង​ថា​តើ​​តុលាការ​នឹង​ចាត់ការ​យ៉ាង​ណា​ទេ​ចំពោះ​សំណុំ​រឿង​នេះ។​ ប៉ុន្តែ ​អតីត​ប្រធាន​មជ្ឈម​ណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ដែល​បាន​ក្លាយ​ជា​ប្រធាន​គណបក្ស​នយោបាយ​និង​ជា​​អ្នក​តំណាង​រាស្រ្ត​នា​ពេល​បច្ចុប្បន្ន​ បាន​ឲ្យ​ដឹង​ថា​លោក​មិន​ព្រួយ​បារម្ភ​អំពី​ពាក្យ​បណ្តឹង​នេះ​ទេ។ ​ផ្ទុយ​ទៅ​វិញ ​លោក​បាន​អួត​សរសើរ​អំពី​សន្ទុះ​នៃ​ការ​គាំទ្រ​ដែល​ចេះ​តែ​​កើន​ឡើង​ជា​លំដាប់។
 

ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​បាន​អះអាង​ថា​នឹង​បន្ត​រៀបចំ​វេទិកា​ជាមួយ​ប្រជា​​ពលរដ្ឋ​ជា​បន្ត​ទៀត​ដូច​ដែល​ធ្លាប់​បាន​ធ្វើ​កន្លង​ទៅ​ដោយ​មិន​ខ្វល់​ពី​ពាក្យ​បណ្តឹង​ឡើយ។​ ប្រធានបទ​សំខាន់ៗ​ដែល​ដែល​​លោក​កឹម​ សុខា​លើក​យក​ទៅ​បកស្រាយ​ក្នុង​វេទិកា​ទាំង​នោះ​មាន​ដូច​ជា ​បញ្ហា​កសិកម្ម ​បូរណភាព​ទឹកដី​ និង​ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០១២​និង​២០១៣​ខាង​មុខ។​អ្នក​នយោបាយ​​​រូបនេះ​បាន​សម្តែង​ក្តី​សង្ឃឹម​ជា​ថ្មី​ម្តង​ទៀត​អំពី​ជោគជ័យ​ធំធេង​ដែល​គណបក្ស​របស់​​លោក​នឹង​ទទួល​បាន​នៅ​ពេល​ខាង​មុខ​បើ​ទោះ​បី​ជា​លោក​ធ្លាប់​ខក​ចិត្ត​ម្តង​រួច​ហើយ​​កាល​ពី​ឆ្នាំ​២០០៨​ក៏​ដោយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ