អានតួអត្ថបទ
កម្ពុជា-ថៃ

កម្ពុជា ថៃ​ពង្រឹង​សហប្រតិបត្តិការ​លើ​វិស័យ​ព័ត៌មាន

គណៈប្រតិភូ​មន្ត្រី​ព័ត៌មាន​របស់​ថៃ​និង​កម្ពុជា​បាន​ជួបគ្នា​នៅព្រឹក​ថ្ងៃ​ទី​ចន្ទ​ទី​៦​មិថុនា​នេះ នៅក្នុង​ក្របខណ្ឌ​នៃ​កិច្ចប្រជុំ​លើក​ទី​៤​នៃ​គណៈកម្មាធិការ​បច្ចេកទេស​រួម​កម្ពុជា​ថៃ ដើម្បី​ពិនិត្យ​ឡើងវិញ​ការ​អនុវត្ត​អនុស្សរណៈយោគយល់ ស្តី​ពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ព័ត៌មាន។ មន្ត្រី​ព័ត៌មាន​ទាំងពីរ​ប្រទេស​អះអាង​ថា បើទោះជា​ប្រទេស​ទាំងពីរ​កំពុង​មាន​ជម្លោះព្រំដែន​ក៏​ដោយ ប៉ុន្តែ​ពួកគេ​ត្រូវ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​សង្គម និង​សេដ្ឋកិច្ច។

កម្ពុជា ថៃ​ពង្រឹង​សហប្រតិបត្តិការ​លើ​វិស័យ​ព័ត៌មាន
កម្ពុជា ថៃ​ពង្រឹង​សហប្រតិបត្តិការ​លើ​វិស័យ​ព័ត៌មាន ©លុច
ផ្សាយពាណិជ្ជកម្ម

ប្រតិភូ​មន្ត្រី​ព័ត៌មាន​ថៃ​កំពុង​បំពេញ​ទស្សនកិច្ច​៣​ថ្ងៃ​នៅ​កម្ពុជា ដើម្បី​សំដៅ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​វិស័យ​ព័ត៌មាន​នៃ​ប្រទេស​ទាំងពីរ ដែល​បាន​ចាប់ផ្តើម​តាំងពី​ឆ្នាំ​២០០៦​មក។ ​កាល​ពី​ពេល​នោះ ប្រទេស​ទាំងពីរ​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​មួយ ស្តី​ពី​ការ​ពង្រីក​សហប្រតិបត្តិការ​លើ​វិស័យ​ព័ត៌មាន និង​ការ​ផ្សព្វផ្សាយ។

បើទោះជា​ប្រទេស​ទាំងពីរ​កំពុង​ស្ថិតនៅ​ក្នុង​ជម្លោះ​ព្រំដែន​ដ៏​ស្មុគស្មាញ និង​បាន​ឈាន​ដល់​ការ​ផ្ទុះអាវុធ​ដាក់គ្នា​ក៏​ដោយ មន្ត្រី​ព័ត៌មាន​ទាំងពីរ​ខិតខំ​ជួបគ្នា​ទ្វេភាគី ដើម្បី​បង្ហាញ​ថា ជម្លោះ​ព្រំដែន​មិនបាន​រាលដាល​ដល់​វិស័យ​ផ្សេងទៀត​ឡើយ។

ប្រតិភូ​មន្ត្រី​ព័ត៌មាន​ថៃ​មាន​សមាជិក​៨​រូប​មក​ពី​វិទ្យុ​និង​ទូរទស្សន៍​ថៃ​ដឹកនាំ​ដោយ​លោកស្រី​ឡាដាវ៉ាន់ ប៊ូអ៊ែម ជា​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ទំនាក់ទំនង​សាធារណៈ​នៃ​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី។ ប្រតិភូ​ថៃ​បាន​មក​ជួប​ជាមួយ​ថ្នាក់​ដឹកនាំ​ក្រសួង​ព័ត៌មាន​កម្ពុជា​នៅថ្ងៃនេះ នៅក្នុង​ក្របខណ្ឌកិច្ច​ប្រជុំ​ទ្វេភាគី​លើកទី៤​នៃ​គណៈកម្មាធិការ​បច្ចេកទេស​រួម​កម្ពុជា ថៃ។ នៅ​ក្នុង​ជំនួប​នោះ លោកស្រី​ឡាដាវ៉ាន់ ប៊ូអ៊ែម​បាន​ថ្លែង​ថា ប្រទេស​កម្ពុជា ថៃ​នៅ​តែ​មាន​សហប្រតិបត្តិការ​ជិតស្និទ្ធ​នៅ​គ្រប់​កម្រិត​ក្នុង​វិស័យ​សេដ្ឋកិច្ច និងសង្គម។

លោក​ថាច់ ផែន​រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​បាន​កត់សម្គាល់​ថា ការ​អនុវត្ត​អនុស្សរណៈ​នេះនៅមាន​លក្ខណៈ​យឺតយ៉ាវ​នៅឡើយ។ ប៉ុន្តែ​ទោះ​យ៉ាង​ណា​ក៏​ដោយ លោក​ថាច់ ផែន​អត្ថាធិប្បាយ​ថា អនុស្សរណៈយោគយល់​នេះ​បាន​ជួយ​ជំរុញ​បន្ថែម​នូវ​ការ​យល់​គ្នា​រវាង​ប្រជាជន និង​ប្រទេស​ទាំងពីរ។

ថ្នាក់​ដឹកនាំ​នៃ​ប្រទេស​កម្ពុជា​តែង​បង្ហាញ​ជំហរ​មិន​ចង់​អោយ​ជម្លោះ​ព្រំដែន​រាលដាល​ដល់​សហប្រតិបត្តិការ​នៃ​វិស័យ​ផ្សេងទៀត​ឡើយ។ ថ្មីៗ​នេះ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ត្រូវ​សម្រេចចិត្ត​លើក​ពេល​នៃ​ការ​រៀបចំ​ការ​តាំង​ពិព័រណ៍​​ផលិតផល​ថៃ​នៅក្នុង​រាជធានីភ្នំពេញ ក្រោយពេល​ដែល​មេបញ្ជាការ​កងទ័ព​ថៃ​ម្នាក់​បាន​អំពាវនាវ​អោយ​រដ្ឋាភិបាល​ថៃ​បិទ​ច្រក​ព្រំដែន ដើម្បី​កុំ​អោយ​ទំនិញ​ថៃ​ចូល​មក​កម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ