អានតួអត្ថបទ
កម្ពុជា-ថៃ

ទាហាន​​ថៃ​​បាញ់​​ពលរដ្ឋ​​ខ្មែរ​​ទៀត​ហើយ ស្លាប់​​៥នាក់​​និង​​របួស​​៨​​នាក់

ពលរដ្ឋ​ខ្មែរ​ដែល​ឆ្លង​ដែន​ចូល​ទៅ​កាប់​ឈើ​ក្នុង​ទឹកដី​ថៃ ​បាន​ទទួល​រង​ការ​បាញ់​ប្រហារ​ជាថ្មី​ទៀត​ហើយ​ពី​សំណាក់​ទាហាន​ថៃ។ ​តុល្យការ​នៅ​ថ្ងៃ​នេះ​​គឺ​មនុស្ស​៥​នាក់​បាន​ស្លាប់ និង​៨​នាក់​រង​របួស រីឯ​រាប់​សិប​នាក់​ទៀត​កំពុង​បាត់​ខ្លួន​ក្នុង​ហេតុការណ៍​បាញ់​ប្រហារ​កាល​ពី​ល្ងាច​ថ្ងៃ​ទី៨​កក្កដា​ម្សិល​មិញ។ សព​ជន​រងគ្រោះ​ និង​អ្នក​របួស​ត្រូវ​បាន​គេ​បញ្ជូន​មក​ដល់​ទឹកដី​កម្ពុជា​វិញ​ហើយ​នៅ​ព្រឹក​ថ្ងៃសៅរ៍​នេះ។​ នេះ​ជា​ការ​បាញ់​ប្រហារ​ទ្រង់ទ្រាយ​ធំ​មួយ​ដែល​បាន​កើត​ឡើង​បន្ទាប់​ពី​ការ​បោះឆ្នោត​នៅ​ប្រទេស​ថៃ។

ព្រំដែន​​កម្ពុជា-​ថៃ ​ក្នុង​ខេត្ត​ឧត្តរ​មានជ័យ
ព្រំដែន​​កម្ពុជា-​ថៃ ​ក្នុង​ខេត្ត​ឧត្តរ​មានជ័យ © សុវណ្ណរ៉ា
ផ្សាយពាណិជ្ជកម្ម

សាកសព​ពលរដ្ឋ​ខ្មែរ​៥​នាក់ ​និង​អ្នក​របួស​៨​នាក់​ត្រូវ​បាន​បញ្ជូន​មក​ដល់​ទឹកដី​កម្ពុជា​វិញ​ហើយ​នៅ​ថ្ងៃ​សៅរ៍​ទី​៩កក្កដា ឆ្នាំ​២០១១​នេះ។ ​ពលរដ្ឋ​ខ្មែរ​រងគ្រោះ​ទាំង​នេះ​ដែល​មាន​ស្រុក​កំណើត​នៅ​ស្រុក​ត្រពាំង​​ប្រាសាទ ​ខេត្ត​ឧត្តរមានជ័យ​ ត្រូវ​បាន​ទាហាន​ថៃ​បាញ់​ប្រហារ​ នៅ​ខណៈ​ដែល​ពួកគេ​បាន​ចូល​ព្រៃ​កាប់​ឈើ​នៅ​តាម​តំបន់​ព្រំដែន​។ ​នេះ​បើ​យោង​តាម​ប្រភព​ពី​ជាយដែន​កម្ពុជា​-​ថៃ​។​

ប្រភព​ឲ្យ​ដឹង​ថា ក្រៅ​ពី​អ្នក​ស្លាប់ ​និង​រង​របួស​ នៅ​មាន​ពលរដ្ឋ​ខ្មែរ​រាប់សិប​នាក់​ផ្សេង​ទៀត​កំពុង​បាត់​ខ្លួន​នៅ​ឡើយ។ ប្រជាជន​ខ្មែរ​ជាង ​១០០​ នាក់បាន​ចូល​ទៅ​រកស៊ី​កាប់​ឈើ​ នៅ​លើ​ទឹកដី​ថៃ​កាលពី​ថ្ងៃ​ទី​៧ និង​ទី​៨ ​កក្កដា ​ឆ្នាំ​២០១១ នៅ​តំបន់​ព្រំដែន​ខេត្ត​ឧត្តរមានជ័យ ​និង​ខេត្ត​ព្រះវិហារ។​

 
ជនរងគ្រោះ​ទាំង​នោះ​ប្រហែលជា​មិន​ដឹង​ថា ​ខ្លួន​បាន​ឆ្លង​ដែន​ចូល​ទៅ​ក្នុង​ទឹកដី​ថៃទេ​ ប៉ុន្តែ​ រំពេច​នោះ​ពួកគេ​បាន​ពើប​ប្រទះ​ជាមួយ​ទាហាន​ថៃ​មួយ​ក្រុម​ដែល​បាន​បើក​ការ​បាញ់​ប្រហារ​គ្មាន​ត្រាប្រណី​មក​លើ​ក្រុម​មនុស្ស​ដែល​គ្មាន​អាវុធ​ក្នុង​ដៃ។ ​ប្រភព​មួយ​ផ្សេង​ទៀត​ឲ្យ​ដឹង​ថា ​នៅ​ឯ​ព្រំដែន​ខេត្ត​ព្រះវិហារ​ក៏​មាន​ពលរដ្ឋ​ខ្មែរ​ចំនួន ​៧ នាក់​ត្រូវ​ទាហាន​ថៃ​ចាប់​ខ្លួន​ដោយ​សារ​តែ​ពួកគេ​បាន​ចូល​ជ្រៅ​ទៅ​ទឹកដី​ថៃដើម្បី​កាប់​ឈើ​។​

អាជ្ញាធរ​ព្រំដែន​កម្ពុជា​កំពុង​តែ​តាម​ដាន​មើល​​ហេតុការណ៍​ដ៏​គួរ​ឲ្យ​សោកសៅ​នេះ ​ជាពិសេស​កំពុង​ស្វែងរក​ព័ត៌មាន​ទាក់ទង​នឹង​អ្នក​បាត់​ខ្លួន។​ នៅ​មិន​ទាន់​មាន​ប្រតិកម្ម​ពី​ក្រសួង​ការបរទេស​នៅ​ឡើយ​ទេ​នៅ​ថ្ងៃសៅរ៍​នេះ ​ក៏ប៉ុន្តែ ​កន្លង​ទៅ​ ក្រសួង​ការបរទេស​កម្ពុជា​តែងតែ​ធ្វើ​កំណត់​ទូត​តវ៉ា​ទៅ​សមភាគី​ថៃ​ដោយ​ប្រើ​ពាក្យពេចន៍​ធ្ងន់ៗ​នៅ​រាល់​ពេល​មាន​ការ​បាញ់​ប្រហារ​មក​លើ​ពលរដ្ឋខ្មែរ​ពី​សំណាក់​ទាហាន​ថៃ។ ​

ក៏​ប៉ុន្តែ ​ការ​តវ៉ា​ទាំង​នោះ​មិន​បាន​លទ្ធផល​អ្វី​ទេ។​ អាជ្ញាធរ​តាម​ជាយដែន​ក៏​តែង​តែ​ចេញ​វិធានការ​ជា​បន្ត​បន្ទាប់​ដើម្បី​ទប់​ស្កាត់​មិន​ឲ្យ​ពលរដ្ឋ​ខ្មែរ​ឆ្លងចូល​ដោយ​ខុស​ច្បាប់​ទៅ​ក្នុង​ទឹកដី​ថៃ។ ​ប៉ុន្តែ ​វិធានការ​ទាំង​នោះ​គ្មាន​ប្រសិទ្ធិភាព​ឡើយ​ នៅ​ចំពោះ​មុខ​ហេតុផល​ជីវភាព។
 

ការ​បាញ់​ប្រហារ​ទ្រង់​ទ្រាយ​ធំ​មក​លើ​ពលរដ្ឋ​ខ្មែរ​លើក​នេះ​បាន​កើត​ឡើង​នៅ​ក្រោយ​ពេល​បោះឆ្នោត​នៅ​ប្រទេស​ថៃ​កាលពី​ថ្ងៃ​អាទិត្យ។ ​យ៉ាងណា​ក៏ដោយ ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​បាន​សម្តែង​ក្តី​សង្ឃឹម​ម្តង​ហើយ​ម្តង​ទៀត​ថា ​ទំនាក់ទំនង​កម្ពុជា​ថៃ​និង​ល្អ​ប្រសើរ​ឡើង​វិញ​នៅ​ពេល​លោកស្រី​យីងឡាក់ ស៊ីណាវ៉ា​ត្រា​ឡើង​កាន់​អំណាច​ជា​នាយករដ្ឋមន្ត្រី​ថៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ