អានតួអត្ថបទ
កម្ពុជា

ប្រមុខ​ការទូត​កម្ពុជា​សង្ឃឹម​ថា ចំណង​មិត្តភាព​ការទូត​រវាង​​កម្ពុជា ថៃ​នឹង​ប្រសើរ​ឡើង​វិញ

បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្រ្តី​ខ្មែរ ហ៊ុន សែន​បាន​ចេញ​លិខិត​អបអរសាទរ ជូន​លោកស្រី យីងឡាក់ ស៊ី​ណា​វ៉ា​ត្រា ក្លាយ​ជា​នាយក​រដ្ឋមន្រ្តី​ថៃ​ថ្មី លោក​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ខ្មែរ ហោ ណាំហុង ក៏​បាន​ផ្ញើ​លិខិត​សាទរ​ចំពោះ​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ថៃ ដែល​ទើប​ទទួល​តំណែង​ថ្មី​ផង​ដែរ ដោយ​សង្ឃឹម​យ៉ាង​មុត​មាំ​ថា​ ចំណង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​២​នឹង​ប្រសើរ​ឡើង​វិញ​ ទោះ​ជា​មាន​ការ​រិះគន់​មួយ​ចំនួន​ចំពោះ​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ថៃ​ថា​ ខ្វះ​ខាត​ផ្នែក​ទំនាក់ទំនង​។

លោក ហោ ណាំហុង រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ខ្មែរ
លោក ហោ ណាំហុង រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ខ្មែរ RFI/ចាន់ណា
ផ្សាយពាណិជ្ជកម្ម

ការ​ជ្រើសរើស​អនុប្រធាន​បក្ស​ភឿ​ថៃ លោក ស៊ូរ៉ាពង្ស តូវីចាកឆៃគុល ( Surapong Towijachakul ) ជា​រដ្ឋមន្រ្តី​ក្រសួង​ការបរ​ទេស​ថ្មី​នៃ​រដ្ឋការ​យីង​ឡាក់ ស៊ី​ណា​វ៉ា​ត្រា ជំនួស​លោក កា​ស៊ីត​ភារម្យ បាន​ធ្វើ​ឲ្យ​មាន​ការ​រិះ​គន់​យ៉ាង​ធ្ងន់ធ្ងរ​។ ការ​រិះ​គន់​នោះ​ធ្វើ​ឡើង​ដោយ​សារ​តែ​កង្វះ​ខាត​បទពិសោធន៍​របស់​លោក​ស៊ូរ៉ាពង្ស ក្នុង​កិច្ចការបរទេស។

 

លោក ស៊ូរ៉ាពង្ស​បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថៃ ដោយ​ជម្រុញ​ឲ្យ​សាធារណៈជន និង​មន្រ្តី​របស់​ក្រសួង​ទាំង​អស់ មេត្តា​ឲ្យ​លោក​ធ្វើ​កិច្ច​ការ​នេះ ដោយ​លោក​មាន​ជំនឿ​ថា​ «​នឹង​ធ្វើ​កិច្ចការ​នេះ​បាន ដោយ​ហេតុ​តែ​មាន​ការ​គាំទ្រ​ពេញលេញ ពី​ក្រុម​មន្រ្តី និង​ប្រជាពលរដ្ឋ»។ លោក ស៊ូ​រ៉ា​ពង្ស ក៏​បាន​សន្យា​ថា​ នឹង​ជម្រុញ​ការងារ ការបរទេស​ឡើង​វិញ ​ដើម្បី​ស្តារ​ទំនាក់ទំនង​ប្រទេស​ជិត​ខាង ជា​ពិសេស​ប្រទេស​កម្ពុជា​។

 

កាល​ពី​អំឡុង​ពេល​កាន់​អំណាច​របស់​អតីត​នាយក​រដ្ឋ​មន្រ្តី​ថៃ លោក អាប់ភីស៊ីត វាចាជីវ៉ា ដែល​មាន​លោក កាស៊ីត​ភារម្យ ជា​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស គេ​មើល​ឃើញ​ថា​ទំនាក់​ទំនង​ការ​ទូត​រវាង​ប្រទេស​កម្ពុជា​-​ថៃ មិន​រីក​ចម្រើន​ទៅ​មុខ​នោះ​ឡើយ ដោយ​សារ​តែ​ភាព​ក្រឡិច​ក្រឡុច ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជម្លោះ​ព្រំដែន រវាង​ប្រទេស​ទាំង​២​។

តែ​ករណី​លោក ស៊ូរ៉ាពង្ស រដ្ឋមន្រ្តី​ក្រសួង​ការបរ​ទេស​ថៃ​ថ្មី លោក ហោ ណាំហុង រដ្ឋមន្រ្តី​ក្រសួង​ការបរ​ទេស​កម្ពុជា​ហាក់​មាន​ជំនឿ​ថា​ ចំណង​មិត្តភាព​ជា​ប្រពៃណី និង​កិច្ច​សហប្រតិបត្តិការ​ប្រកប​ដោយ​ផ្លែផ្កា រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​ព្រះរាជាណាចក្រ​ថៃ ដើម្បី​បម្រើ​បុព្វហេតុ ផល​ប្រយោជន៍​របស់​ប្រជាជន​ទាំង​២ និង​គ្រួសារ​អាស៊ាន​ទាំង​មូល​នឹង​កើត​មាន​ឡើង​វិញ​។

លោក ហោ ណាំ​ហុង​បាន​ចេញ​លិខិត​សម្តែង​ការ​អបអរសាទរ​ចំពោះ​ការ​ឡើង​តំណែង​ថ្មី​របស់​លោក ស៊ូរ៉ាពង្ស​នៅ​ថ្ងៃ​ពុធ​នេះ​ដោយ​បង្ហាញ​ពី​ជំនឿ​យ៉ាង​មុត​មាំ​ថា​ ភាព​ប្រក្រតី​នៃ​ទំនាក់ទំនង​ក្រសួង​ការបរទេស​ទាំង​២​កាល​ពី​អតីតកាល​នោះ នឹង​ត្រូវ​រលាយ​នៅ​ពេល​ដែល​ប្រមុខ​ការទូត​ទាំង​២​ចាប់​ផ្តើម​ធ្វើ​ការ​ជា​មួយ​គ្នា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ