អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

កូនអ្នកក្រ​ចាញ់ប្រៀបកូន​អ្នកមាន​និង​កូនអ្នកធំ​ដោយសារ​ប្រពន្ធ័អប់រំ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​កម្ពុជា​ ប្រពន្ធ័​អប់រំ​សាធារណៈ​នៅ​មាន​គុណភាព​ទាប ​និង​អត្តខាត់​តាំងពី​ថ្នាក់​មតេយ្យ​រហូត​ដល់​ថ្នាក់​ឧត្តម​សិក្សា។ ​បច្ចុប្បន្ន​នេះ ​អ្នកមាន​ជីវភាព​ធូរធា ​និង​មាន​លទ្ធភាព ​បាន​នាំ​គ្នា​បញ្ជូន​កូន​ទៅ​សាលា​ឯកជន​ដែល​ទទួល​បាន​ការ​សិក្សា​ដិតដល់ ​និង​មាន​គុណភាព​ប្រសើរ​ជាង​សាលា​រដ្ឋ។ ​រីឯ​ថ្នាក់​រៀន​ទៀត​សោត​ក៏​មាន​ផាសុកភាព​ជាង​សាលា​រដ្ឋ​ដែរ។ ​ប៉ុន្តែ ​គ្រួសារ​អ្នក​ក្រីក្រ​ដែល​គ្មាន​ជម្រើស​នៅ​តែ​បន្ត​បញ្ជូន​កូន​ទៅ​សាលារដ្ឋ​ដដែល។ ​ក្នុង​បរិបទ​នេះ ​កូន​អ្នកក្រ​មិន​ងាយ​រំដោះ​ខ្លួន​ពី​ភាព​ក្រីក្រ​បាន​ទេ​ពីព្រោះ​ពួកគេ​ចាញ់​ប្រៀប​កូន​អ្នកមាន​តាំងពី​ដំបូង​ទី​ទៅ​ហើយ​នៅ​ក្នុង​ប្រព័ន្ធ​​អប់រំ។  

គ្រួសារ​អ្នកក្រីក្រ​ដែលគ្មាន​ជម្រើស​នៅតែ​បន្ត​បញ្ជូន​កូន​ទៅ​សាលារដ្ឋ​
គ្រួសារ​អ្នកក្រីក្រ​ដែលគ្មាន​ជម្រើស​នៅតែ​បន្ត​បញ្ជូន​កូន​ទៅ​សាលារដ្ឋ​ © ស៊ីវ​ ចាន់ណា
ផ្សាយពាណិជ្ជកម្ម

តើ​គួរ​បញ្ជូន​កូន​ទៅ​រៀន​នៅ​សាលា​ណា? ​នេះជា​សំណួរ​ដែល​ចោទ​ឡើង​សម្រាប់​គ្រួសារ​ខ្មែរ​គ្រប់ៗ​គ្នា​ដែល​មាន​កូន​ត្រូវ​ចូល​រៀន។ ​សំណួរ​នេះ​បាន​បញ្ជាក់​ពី​ក្តី​កង្វល់​របស់​មាតា​បិតា​គ្រប់​រូប​ចំពោះ​ការ​អប់រំ​បុត្រធីតា​របស់​ខ្លួន។ ​នៅ​កម្ពុជា ​គ្រួសារ​អ្នក​មាន​និង​អ្នក​ធំ​បាន​បញ្ជូន​កូន​ទៅ​រៀន​នៅ​ក្រៅ​ប្រទេស​ដើម្បី​ទទួល​បាន​ការ​អប់រំ​កម្រិត​ខ្ពស់ ​រីឯ​អ្នកមាន​លទ្ធភាព​ល្មមៗ​បាន​នាំ​គ្នា​គេច​ចេញ​ពី​សាលារដ្ឋ​ដោយ​បញ្ជូន​កូន​ទៅ​សាលា​ឯកជន​ក្នុង​ស្រុក​ដែល​កំពុង​រីក​ដុះដាល​យ៉ាង​ព្រោង​ព្រាត។

 
គុណសម្បត្តិ​របស់​សាលា​ឯកជន​គឺ​ការ​បង្រៀន​សិស្ស​ដិត​ដល់​ជាង​សាលា​រដ្ឋ,​ មាន​មធ្យោបាយ​ដឹក​ជញ្ជូន​សិស្ស​ទៅ​មក​ដែល​ងាយ​ស្រួល​សម្រាប់​អ្នក​ដែល​ជាប់​រវល់​និង​គ្មាន​ពេល​ជូន​កូន​ទៅ​សាលា។ ​ឳពុក​ម្តាយ​និង​គ្រូ​មាន​ទំនាក់​ទំនង​ល្អ​ដែល​អាច​គ្រប់គ្រង​កូន​បាន​ល្អ​ជាង​សាលា​រដ្ឋ។​ រីឯ​ថ្នាក់​រៀន​ក៏​ទំនើប​ និង​មាន​ផាសុកភាព​ជាង​សាលា​រដ្ឋ​ដែរ។ ​និយាយ​បែប​នេះ​មិន​មែន​មាន​ន័យ​ថា​សាលា​ឯកជន​ទាំអស់​សុទ្ធតែ​មាន​គុណភាព​ល្អ​នោះ​ឡើយ។ ​ក៏​មាន​ដែរ​សាលា​ឯកជន​មួយ​ចំនួន​ដែល​គ្មាន​គុណភាព ​និង​គ្មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​នៅ​ឡើយ។ ​យ៉ាងណា​ក៏​ដោយ ​សាលា​រដ្ឋ​ហាក់​កំពុង​ធ្វើ​ឲ្យ​មាតា​បិតា​សិស្ស​បាត់​បង់​ជំនឿ ​ទាំង​ទៅ​លើ​គុណភាព​អប់រំ​ វិន័យ ​និង​ការ​គ្រប់គ្រង​សិស្ស។

ប៉ុន្តែ​ សម្រាប់​អ្នក​ដែល​គ្មាន​លទ្ធភាព​បង់ថ្លៃ​សាលា​ឲ្យ​កូន​ទាល់​តែ​សោះ ​ពួកគេ​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​បញ្ជូន​កូន​ទៅ​សាលា​រដ្ឋ​ឡើយ។ ​មក​ដល់​ត្រឹម​នេះ​ អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​គឺ ​កូន​អ្នកក្រ​បាន​ចាញ់​ប្រៀប​កូន​អ្នកមាន​តាំង​ពី​ដំបូង​ទី​បាត់​ទៅ​ហើយ​នៅ​ក្នុង​វិស័យ​អប់រំ​ពោលគឺ​ពួកគេ​គ្មាន​វាសនា​បាន​ទទួល​ការ​អប់រំ​ដែល​មាន​គុណភាព​ខ្ពស់ ​ឬ​ក៏​ល្អ​ប្រសើរ​ដូច​កូន​អ្នក​មាន​ឡើយ។

យ៉ាងណា​ក៏ដោយ​ចុះ​ អ្នក​ដែល​មាន​លទ្ធភាព​បញ្ជូន​កូន​ទៅ​រៀន​នៅ​ក្រៅ​ប្រទេស​ និង​បញ្ជូន​កូន​ទៅ​រៀន​សាលា​ឯកជន​ក្នុង​ស្រុក​ដែល​មាន​គុណភាព​ខ្ពស់​ឬ​គ្រាន់​បើ ​មាន​ចំនួន​តិចតួច​តែ​ប៉ុណ្ណោះ។ ​របាយការណ៍​ឆ្នាំ​សិក្សា​២០១១- ២០១២​ របស់​ក្រសួង​អប់រំ​បាន​បង្ហាញ​ថា នៅ​ក្នុង​សាលា​រៀន​រដ្ឋ​ទូទាំង​ប្រទេស​មាន​សិស្ស​ថ្នាក់​មតេយ្យ​ចំនួន​ជាង​២៤​ម៉ឺន​នាក់​ សិស្ស​ថ្នាក់​បឋម​ចំនួន​ជាង​២​លាន​នាក់,​ សិស្ស​ថ្នាក់​មធ្យមសិក្សា​បឋមភូមិ ​និង​ទុតិយភូមិ​ចំនួន​ជិត​១​លាន​នាក់​ និង​ថ្នាក់​ឧត្តម​សិក្សា​ចំនួន​ជាង​២៤​ម៉ឺន​នាក់។ ​នេះ​បញ្ជាក់​ឲ្យ​ឃើញ​ថា ​គ្រឹះស្ថាន​សិក្សា​សាធារណៈ​កំពុង​ស្រូប​ទាញ​សិស្ស​យ៉ាង​ច្រើន​លើស​លប់។ ​ដូច្នេះ ​ប្រសិន​បើ​សាលា​រដ្ឋ​មាន​គុណភាព​អប់រំ​ទាប​ តើ​អនាគត​យុវជន​កូន​អ្នកក្រ​ដែល​ចេញ​ពី​សាលា​រដ្ឋ​ទាំង​នោះ​នឹង​ទៅ​ជា​យ៉ាងណា​នៅ​ខណៈ​ដែល​ទីផ្សារ​ការងារ​កាន់តែ​ចង្អៀត ​និង​ទាមទារ​ការ​អប់រំ​ដែល​មាន​គុណភាព​កាន់​តែ​ខ្ពស់​នោះ?

ជាការពិត​ហើយ​ថា​ រដ្ឋាភិបាល​បាន​យល់​ពី​សារសំខាន់​នេះ។ ​ជា​រៀង​រាល់​ឆ្នាំ ​ប្រមុខ​រដ្ឋាភិបាល​ បាន​បំផុស​ឲ្យ​មាន​ចលនា​ផ្តល់​អាហារូបករណ៍​កាន់តែ​ច្រើន​ឡើងៗ​ដល់​និស្សិត​ដែល​ជា​កូន​អ្នកក្រីក្រ។ ​ចលនា​នេះ​ពិត​ជា​សំខាន់​ណាស់​ និង​ចំ​សភាពការណ៍​ទៀត​ផង​ពី​ព្រោះ​ថា​ វាជា​ការ​បើក​ឱកាស​ឲ្យ​កូន​អ្នកក្រ​មាន​លទ្ធភាព​អាច​បន្ត​ការ​សិក្សា​ដល់​ថ្នាក់​ខ្ពស់ ​និង​មាន​គុណភាព​ដូច​កូន​អ្នកមាន​ជីវភាព​ធូរធារ​ដែរ។​ ប៉ុន្តែ​ តើ​អាហារូបករណ៍​បែប​នេះ​អាច​ជួយ​បាន​មនុស្ស​ប៉ុន្មាន​នាក់? ​ហើយ​តើ​អាហារូបករណ៍​ទាំង​នោះ​ពិត​ជា​ធ្លាក់​ដល់​ដៃ​អ្នកក្រីក្រ​ពិត​ប្រាកដ​ដែរ​ឬ​ទេ? ​នេះ​ជា​អ្វី​ដែល​ម្ចាស់​អាហាររូបករណ៍​ទាំងឡាយ​ត្រូវ​តាម​ដាន​មើល។

យ៉ាងណា​ក៏ដោយ ​ក្រុម​អ្នកវិភាគ​និង​តាមដាន​វិស័យ​អប់រំ​កម្ពុជា​បាន​មើល​ឃើញ​ថា អ្វី​ដែល​សំខាន់​និង​ចាំបាច់​ជាង​នេះ​ គឺ​ការ​ពង្រឹង​ប្រពន្ធ័​អប់រំ​សាធារណៈ​ឲ្យ​ក្លាយ​ជា​ថ្នាល​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស​ប្រកប​ដោយ​គុណភាព​ដ៏​ពិត​ប្រាកដ​មួយ។ ​នេះ​គឺ​ជា​មធ្យោបាយ​តែ​មួយ​គត់​ដើម្បី​ធានា​ថា​ មនុស្ស​គ្រប់​គ្នា ​មិន​ថា​កូន​អ្នកមាន​ឬ​អ្នកក្រ ​អាច​ទទួល​បានកា​រអប់រំ​ដែល​មាន​គុណភាព​ស្មើ​គ្នា​ដោយ​គ្មាន​ការ​រើសអើង។​ ការ​បណ្តោយ​ឲ្យ​ប្រពន្ធ័​អប់រំ​សាធារណៈ​ខ្វះ​គុណភាព​ មិន​ខុស​អ្វី​ពី​ការ​ដាក់​ទណ្ឌកម្ម​ទៅ​លើ​កូន​អ្នកក្រ​ឲ្យ​ចាញ់​ប្រៀប​កូន​អ្នកមាន​និង​កូន​អ្នកធំ​ជា​រៀង​រហូត​នោះ​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ