អានតួអត្ថបទ
កម្ពុជា-ចិន

ផ្លូវវែងជាងគេ​នៅកម្ពុជា​ជាជំនួយចិន​

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ថ្លែង​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ផ្លូវថ្នល់​ដែល​ជាជំនួយ​របស់​ប្រទេស​ចិន​មាន​នៅ​គ្រប់​ទិស​ជុំវិញ​ក្នុង​ប្រទេស​កម្ពុជា។ នៅ​ក្នុង​ឱកាស​សម្ពោធ​ការដ្ឋាន​សាង​សង់​កំណាត់​ផ្លូវ​ជាតិ​លេខ​៦​ពី​ខណ្ឌ​ឬស្ស៊ីកែវ​ទៅ​ថ្នល់​កែង​ក្នុង​ស្រុក​បាធាយ​ខេត្ត​កំពង់ចាម​ លោក​នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​លើក​គុណ​បំណាច់​របស់​ប្រទេស​ចិន​ដែល​ផ្តល់​អំណោយ​ជា​អគារ​ទីស្តីការ​គណៈរដ្ឋមន្ត្រី ដោយ​ចំអក​អោយ​ប្រទេស​ប្រជាធិបតេយ្យ​មួយ​ចំនួន​ដែល​មិន​បាន​ជួយ​សង់​អគារ​រដ្ឋាភិបាល​អោយ​ប្រទេស​កំពុង​អភិវឌ្ឍន៍។

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​​ថ្លែង​ថា​ផ្លូវថ្នល់​​ដែល​ជា​ជំនួយ​​របស់​​ចិន​​មាន​​នៅ​​គ្រប់​ទិស​​ជុំវិញ​​ក្នុង​​ប្រទេស​​កម្ពុជា​
លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​​ថ្លែង​ថា​ផ្លូវថ្នល់​​ដែល​ជា​ជំនួយ​​របស់​​ចិន​​មាន​​នៅ​​គ្រប់​ទិស​​ជុំវិញ​​ក្នុង​​ប្រទេស​​កម្ពុជា​ ©​ លាង​ដឺលុច
ផ្សាយពាណិជ្ជកម្ម

ជំនួយ​របស់​ចិន​ភាគច្រើន​នៅ​កម្ពុជា​គឺ​បាន​ធ្លាក់​ទៅ​ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់។ ហេតុដូច្នេះ​ហើយ​បាន​ជា​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ប្រកាស​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ថា ផ្លូវថ្នល់​និង​ស្ពាន​នៅ​កម្ពុជា​ដែល​ជា​ជំនួយ​របស់​ចិន​បាន​នៅ​គ្រប់​ទិស​ជុំវិញ​ប្រទេស​កម្ពុជា។ សម្រាប់​លោក​ហ៊ុន សែន​នេះ​គឺ​ជា​លទ្ធផល​នៃ​មិត្តភាព​និង​កិច្ច​សហប្រតិបត្តិការ​ល្អ​របស់​ប្រទេស​ទាំងពីរ​ជាពិសេស​រវាង​សម្តេចឳ​នរោត្តម​សីហនុ និង​មេដឹកនាំ​កំពូលៗ​របស់​ចិន។

ការ​គាំទ្រ​នយោបាយ​ចិន​តែ​មួយ​របស់​កម្ពុជា ក៏​ជា​មូលហេតុ​ដែល​ធ្វើ​អោយ​ចិន​មិន​សោកស្តាយ​ចំពោះ​ការ​ជួយ​ពង្រីក​សេដ្ឋកិច្ច​របស់​កម្ពុជា​ឡើយ។ កាល​ពី​ថ្ងៃ​ចន្ទ​ទី​១៣​កុម្ភៈ នៅ​ក្នុង​ជំនួប​ជាមួយ​ទីប្រឹក្សា​នយោបាយ​របស់​បក្ស​កុម្មុយនិស្ត​ចិន លោក ជា គីងលីន​នៅ​ក្នុង​ប្រទេស​ចិន ព្រះមហាក្សត្រ​ព្រះ​បាទ​ព្រះ​បរមនាថ នរោត្តម សីហមុនី​បាន​មាន​ព្រះរាជ​ឱង្ការ​ថា​កម្ពុជា​នឹង​នៅ​តែ​គាំទ្រ​នយោបាយ​ចិន​តែ​មួយ។

លោកហ៊ុន សែន​បាន​សម្ពោធ​ការដ្ឋាន​សាងសង់​កំណាត់​ផ្លូវ​ជាតិ​លេខ​៦​ប្រវែង​ជាង​៤០​គម​ពី​ព្រែកលៀប​ទៅ​ដល់​ថ្នល់កែង​ក្នុងស្រុក​បាធាយ​ខេត្ត​កំពង់ចាម ដែល​កំណាត់​ផ្លូវ​នេះ​ធ្លាប់​ត្រូវបាន​សាងសង់​ដោយ​ជំនួយ​ជប៉ុន ខណៈដែល​ចិន​ក៏​កំពុង​សាងសង់​ស្ពានជ្រោយ​ចង្វារ​ទី​ពីរ​ទន្ទឹមស្ពានជ្រោយចង្វារ​ទី​មួយ​ដែល​ជប៉ុន​បាន​ជួសជុល​អោយ​ដែរ។
ដោយ​និយាយ​អំពី​ជំនួយ​ចិន​នៅ​កម្ពុជា លោក​នាយករដ្ឋមន្ត្រី​កម្ពុជា​ក៏​បាន​និយាយ​ថ្លែង​អរគុណ​ចិន​ដែល​ត្រូវ​គេ​រិះគន់​ថា​ជា​ប្រទេស​កុម្មុយនិស្ត​ តែ​បាន​ផ្តល់​ជំនួយ​តាំង​ពី​អគារ​ទីស្តីការ​គណៈរដ្ឋមន្ត្រី និង​អគារ​ព្រឹទ្ធសភា​អោយ​កម្ពុជា ​ហើយ​បាន​ចំអក​អោយ​ប្រទេស​មួយ​ចំនួន​ដែល​ថា​ខ្លួន​ជា​ប្រទេស​ប្រជាធិបតេយ្យ ​តែ​មិន​ដែល​បាន​ជួយ​សាងសង់​អគារ​រដ្ឋាភិបាល​អោយ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ឡើយ។

សូមរម្លឹកថា ទំហំ​នៃ​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​និង​ចិន​មាន​តម្លៃ​ប្រមាណ​២០០០លាន​ដុល្លារ​នៅ​ក្នុង​ឆ្នាំ​២០១១ ហើយ​ប្រទេស​ទាំងពីរ​សន្យា​ថា​នឹង​ពង្រីក​ទំហំ​នៃ​ការ​ដោះដូរ​​ទំនិញ​អោយ​បាន​ដល់​២៥០០លាន​ដុល្លារ​មុន​ឆ្នាំ​២០១៥៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ