ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/07 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 19/07 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/07 12h00 GMT

ទស្សន​វិជ្ជា​បែបព្រះពុទ្ធសាសនា​មាន​តម្លៃ​ក្នុងការ​តម្រង់​ទិសយុវវ័យ

ទស្សន​វិជ្ជា​បែបព្រះពុទ្ធសាសនា​មាន​តម្លៃ​ក្នុងការ​តម្រង់​ទិសយុវវ័យ
 
ការអប់រំ​​តាម​បែប​​ព្រះពុទ្ធ​សាសនា​​ពិត​ជា​​ដើរ​តួនាទី​​យ៉ាង​សំខាន់​​ក្នុង​ការ​តម្រង់​​ទិស​​ពួកយុវវ័យ​ © ស៊ីវ​ ចាន់ណា

នៅ​ពេល​ដែល​យុវវ័យ​ជាច្រើន​កំពុង​ឈ្លក់​វង្វេង​នឹង​វប្បធម៌​បរទេស​ ខ្លះ​ទៀត​កំពុង​ភ្លើតភ្លើន​នឹង​វប្បធម៌​ពាលា​ជាច្រើន​ទៅ​តាម​សម័យ​សម្ភារនិយម​នោះ ​ការអប់រំ​តាម​បែប​ព្រះពុទ្ធ​សាសនា​ពិត​ជា​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​តម្រង់​ទិស​ពួកគេ។

​ដោយ​មាន​ការ​គាំទ្រ​ពី​ក្រសួង​ធម្មការ​និង​កិច្ចការ​សាសនា​ សមាគម​មួយ​ដែល​ដឹកនាំ​ដោយ​ព្រះសង្ឃ​ បាន​ចុះ​អប់រំ​សិស្ស​សាលា​ដោយ​ប្រើប្រាស់​ទស្សនវិជ្ជា​បែប​ព្រះពុទ្ធសាសនា។ ​តាម​រយៈ​កម្មវិធី​នេះ ​សិស្ស​សាលា​ជាច្រើន​បាន​ត្រងត្រាប់​រហូត​ដល់ទប់​ទឹកភ្នែក​មិន​បាន​នៅ​ពេល​ដែល​ព្រះសង្ឃ​សម្តែង​អំពី​គុណ​របស់​ឳពុក​ម្តាយ។ ​នេះ​ស​បញ្ជាក់​ថា​ ព្រះពុទ្ធ​សាសនា​នៅតែ​មាន​តម្លៃ​សម្រាប់​ការអប់រំ​ដែល​គេ​គួរតែ​ប្រើប្រាស់​សម្រាប់​តម្រង់​ទិស​សង្គម។

ទឹកភ្នែក​បាន​រមៀល​ចុះ​កាត់​ផែនថ្ពាល់​របស់​សិស្សា​នុសិស្ស​ស្ទើរ​គ្រប់​គ្នា​នៅ​រាល់​ពេល​ដែល​ពួកគេ​បាន​ស្មិងស្មាធិ៍​ត្រងត្រាប់​ស្តាប់​ដំបូន្មាន​របស់​ព្រះសង្ឃ​អំពី​គុណ​មាតា​បិតា ​និង​គុណ​គ្រូ ​ដែល​បាន​បង្កើត​ ចិញ្ចឹម​បីបាច់​ និង​ផ្តល់​ចំណេះ​វិជ្ជា​ដល់​ពួកគេ។ ​ទឹកភ្នែក​ទាំង​នោះ​បាន​ស​បញ្ជាក់​ឲ្យ​ឃើញ​ថា​ ពួកគេ​អាច​ទទួល​យក​យ៉ាង​ល្អ​នូវ​ដំបូន្មាន​ដែល​សម្តែង​ដោយ​ព្រះសង្ឃ​តាម​បែប​ទស្សនវិជ្ជា​ព្រះពុទ្ធ​សាសនា។​ គំនិត​ផ្តួចផ្តើម​ឲ្យ​មាន​កម្មវិធី​អប់រំ​តាម​ទស្សនវិជ្ជា​ព្រះ​ពុទ្ធសាសនា​នៅ​ក្នុង​សាលា​ពិតជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ក្នុង​ការ​ជួយ​តម្រង់​ទិស​យុវវ័យ​ដែល​កំពុង​ឈ្លក់​វក់វី​នឹង​វប្បធម៌​បរទេស​ និង​វប្បធម៌​ពាលា​ជាច្រើន​ទៀត​ក្នុង​បរិបទ​នៃ​សាកល​ភាវូបនីយកម្ម​គ្មាន​ព្រំដែន​ដូចជា​ពេល​បច្ចុប្បន្ន​នេះ។

 
ជា​ការពិត​ណាស់​ បច្ចុប្បន្ន​នេះ ​មនុស្ស​ភាគច្រើន​ ជាពិសេស​ក្នុង​ចំណោម​យុវវ័យ​តែ​ម្តង​កំពុង​រត់​ប្រណាំង​គ្នា​ខាង​សម្ភារនិយម​ និង​ភាព​ជឿនលឿន​ហួស​បែបបទ​មួយចំនួន​ ដោយ​ទុក​ចោល​មួយ​ឡែក​នូវ​សីលធម៌ ​និង​គុណធម៌​ដ៏​មាន​តម្លៃ​របស់​សង្គម។ ​ភាព​ជា​ក្មេង​ទំនើង​ដែល ​កាប់​ចាក់​គ្នា​គ្រាន់​តែ​រឿង​បន្តិចបន្តួច ​ការ​សេព​គ្រឿងញៀន​ គ្រឿង​ស្រវឹង ​ការឈ្លក់​វក់វី​នឹង​ល្បែង​ស្នេហា​ខុស​ប្រពៃណី ​និង​ការស្រើបស្រាល​ជាមួយ​នឹង​សម្ភារនិយម​ជាដើម ​កំពុង​តែ​វាយ​លុក​យ៉ាង​ពេញ​ទំហឹង​ទៅ​លើ​យុវវ័យ​សម័យ​កំព្យូទ័រ។

នៅ​ក្នុង​បរិបទ​នេះ ​ការ​អប់រំ​តាម​ទស្សនវិជ្ជា​ព្រះពុទ្ធសាសនា​គឺជា​ឱសថ​ដ៏​ស័ក្តិសិទ្ធិ​មួយ​ដើម្បី​ព្យាបាល​ជំងឺ​ឈ្លក់​វង្វេង​របស់​យុវវ័យ។ ​ជាទូទៅ ​នៅ​ពេល​និយាយ​ពី​ព្រះពុទ្ធសាសនា ​គេ​ច្រើន​តែ​នាំគ្នា​គិត​ដល់​មនុស្ស​ចាស់​ពោល​គឺ​ ព្រះសង្ឃ​ហាក់​ដូច​ជា​អាច​ជួយ​តម្រង់​ទិស​បាន​តែ​មនុស្ស​ចាស់​ ដោយ​បំភ្លេច​យុវវ័យ​ចោល​ទាំងស្រុង។ ​ប៉ុន្តែ ​តាម​ពិត​វា​មិនមែន​ដូច្នោះ​ទេ​ ជាក់ស្តែង​អ្វី​ដែល​ព្រះសង្ឃ​បាន​និង​កំពុង​ធ្វើជា​មួយ​សិស្ស​សាលា​នៅ​ពេល​នេះ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា​ ព្រះសង្ឃ​ក៏​មាន​ឥទ្ធិពល​ខ្លាំងណាស់​ដែរ​ទៅ​លើ​ស្រទាប់​យុវវ័យ​ ប្រសិន​បើ​ការ​សម្តែង​ធម៌​នោះ​មាន​លក្ខណៈ​សមស្រប​ទៅ​នឹង​ការ​អប់រំ​ផ្លូវ​ចិត្ត​របស់​ពួកគេ។ ​និយាយ​តាម​បែប​ផ្សេង ​ឱសថ​មាន​តម្លៃ​មាន​នៅ​គ្រប់​ទិសទី​ក្នុង​សង្គម​ខ្មែរ​យើង ​ប៉ុន្តែ ​បញ្ហា​នៅត្រង់​ថា ​យើង​មិន​ចេះ​ប្រើប្រាស់​ឬ​កែច្នៃ​វា​ឲ្យ​មាន​ប្រយោជន៍​សម្រាប់​ព្យាបាល​ជំងឺ​សង្គម​របស់​យើង​តែ​ប៉ុណ្ណោះ។

ទស្សនវិជ្ជា​ដ៏មាន​តម្លៃ​មួយ​ដែល​បង្កប់​នៅ​ក្នុង​ធម៌​របស់​ព្រះពុទ្ធ​គឺ​នៅ​ត្រង់​ការអប់រំ​ផ្លូវ​ចិត្ត​ឲ្យ​ស្ងប់ ​វៀរចាក​ពី​ការ​លោភលន់​ និង​អំពើ​អសីលធម៌​ផ្សេងៗ។​ ទស្សនវិជ្ជា​នេះ​ហើយ​ដែល​អាច​យក​ឈ្នះ​លើ​ភាព​ស្រើបស្រាល​ក្នុង​សម័យ​សម្ភារនិយម​ដូច​បច្ចុប្បន្ន​នេះ​បាន។​ អ្វី​ដែល​គួរ​ពិចារណា​នោះ​គឺ​ តើ​គេ​គួរ​បណ្តោយ​ឲ្យ​សង្គម​ទទួល​រង​ការ​វាយ​លុក​ពី​សាកលភាវូប​នីយកម្ម​ទៅ​តាម​យថាកម្ម​របស់​វា​ដោយ​មិន​ខ្ចី​រវីរវល់​អ្វី​ទាំង​អស់​ ឬ​ក៏គួរ​នាំ​គ្នា​លាត់​ដៃ​អាវ ​មូ​រជើង​ខោ​ដើម្បី​តម្រង់​ទិស​សង្គម​របស់​យើង​ឲ្យ​ឆ្ពោះ​ទៅ​រក​គោលដៅ​មួយ​ច្បាស់លាស់?

និយាយ​ពី​ការ​អប់រំ​តាម​ទស្សនវិជ្ជា​ព្រះពុទ្ធសាសនា ​គេ​ក៏​មិន​ត្រូវ​ភ្លេច​ដែរ​ថា​ ការ​ពង្រឹង​វិន័យ​ក្នុង​ចំណោម​សហគមន៍​សង្ឃ​ក៏ជា​ការ​ចាំបាច់​ខ្លាំង​ណាស់​ដែរ​ពីព្រោះ​ការ​ប្រព្រឹត្ត​មិន​ល្អ​របស់​បុគ្គល​សង្ឃ​មួយ​ចំនួន​បាន​និង​កំពុង​ជះ​ឥទ្ធិពល​អាក្រក់​ខ្លាំង​ណាស់​ដល់​តម្លៃ​នៃ​ព្រះពុទ្ធ​សាសនា។ ចូរ​កុំ​ភ្លេច​ថា​ បុគ្គល​ដែល​អាច​ដើរ​តួ​ជា​អ្នក​អប់រំ​គេ​ប្រកប​ដោយ​ប្រសិទ្ធិភាព ​ទាល់តែ​ជា​បុគ្គល​ដែលជា​ទី​គោរព​របស់​អ្នក​ផង​ទាំងពួង។ ​នៅ​កម្ពុជា​ទីណា​ក៏​មាន​វត្ត​អារាម​ និង​មាន​ព្រះសង្ឃ​ដែរ​ ដូច្នេះ​ វា​មិន​ជា​ការ​ពិបាក​ឡើយ​ក្នុង​ការ​បញ្ចូល​ការ​អប់រំ​ផ្លូវ​ចិត្ត​តាម​បែប​ព្រះពុទ្ធ​សាសនា​ទៅ​ក្នុង​សាលា​ឲ្យ​បាន​ព្រមៗ​គ្នា​នៅ​ទូទាំង​ប្រទេស​នោះ។ ​នៅ​ពេល​ដែល​យុវវ័យ​ទទួល​យក​ការអប់រំ​បែប​នេះ​កាន់​តែ​ច្រើន ​ពួកគេ​នឹង​បាន​ស្ងប់​ចិត្ត​ ស្គាល់​គុណ ​ស្គាល់​ទោស ​និង​ឈប់​ប្រព្រឹត្ត​អំពើ​មិន​គួរ​គប្បី​ទៀត​ជា​មិន​ខាន​ឡើយ៕

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ