អានតួអត្ថបទ
កម្ពុជា

ជម្លោះ​ផ្ទៃ​ក្នុង​បក្ស​នរោត្តម​រណឫទ្ធិ​កាន់​តែ​ស្មុគស្មាញ​ឡើង​

លោក សៅ រ៉ានី​ អគ្គ​លេខាធិការ​គណបក្ស​នរោត្តម​រណឫទ្ធិថ្លែង​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា លោក​នឹង​ដាក់​ពាក្យ​បណ្តឹង​នៅ​ថ្ងៃ​ចន្ទ​ស្អែក​ដើម្បី​បង្កក​សកម្មភាព​នយោបាយ​របស់​គណបក្ស​នរោត្តម រណ​ឫទ្ធិ។ ការ​​ប្រកាស​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់ពី​ព្រះអង្គ​ម្ចាស់​រណឫទ្ធិ​ប្រកាស​ដក​រូប​លោក​ចេញ​ពី​បក្ស។ ប៉ុន្តែ​ លោក ប៉ែន សង្ហា អ្នក​នាំពាក្យ​គណបក្ស​ដែល​ស្និត​នឹង​ព្រះ​អង្គ​​ម្ចាស់​រណឫទ្ធិ​បដិសេធ​មិន​ទទួល​ស្គាល់​សេចក្តី​ថ្លែងការណ៍​របស់​លោក សៅ រ៉ានី ទេ។

ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ
ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ © សុវណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

លោក សៅ រ៉ានី​ អគ្គលេខាធិការ​គណបក្ស​នរោត្តម​រណឫទ្ធិ ដែល​មាន​ជម្លោះ​ជា​មួយ​នឹង​ព្រះអង្គ​ម្ចាស់​រណឫទ្ធិគ្រោង​នឹង​ដាក់​ពាក្យ​បណ្តឹង​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ចន្ទ​ស្អែក​នេះ​​ដើម្បី​ស្នើ​សុំ​បង្កក​សកម្មភាព​របស់​គណបក្ស​នរោត្តម​រណឫទ្ធិ។ នេះ​បើ​យោង​តាម​ការ​អះអាង​របស់​លោក​ សៅ រ៉ានី ថ្លែង​ប្រាប់​អ្នក​កាសែត​នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​នរោត្តម រណឫទ្ធិ​ក្នុង​ខណ្ឌ​ទួលគោក​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ។

លោក ​សៅ រ៉ានី​ មិន​​ព្រម​ដើរ​ចេញពី​គណបក្ស​ឡើយ បើ​ទោះ​ជា​មាន​ការ​សម្រេច​បញ្ឈប់​រូប​លោក​​ពី​តួនាទី​អគ្គលេខាធិការ​គណបក្ស​​ដោយ​ព្រះអង្គ​ម្ចាស់រណឫទ្ធិ ព្រះ​ប្រធាន​គណបក្ស​នរោត្តម​រណឫទ្ធិ​ក៏​ដោយ។

​ការ​ដាក់ពាក្យបណ្តឹង​នេះ​គឺជា​វិធានការ​តតាំង​​ថ្មី​មួយ​ទៀត​របស់​ក្រុម​អ្នក​ដែល​បាន​ទៅ​រួបរួម​ជាមួយ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​​ដឹកនាំ​ដោយ​លោក​ សៅ រ៉ានី។ កាលពី​ម្សិលមិញសមាជិក​គាំ​ទ្រ​​គណបក្ស​នរោត្តមរណឫទ្ធិ​មួយ​ចំនួន​ដែល​មាន​សមានចិត្ត​ជា​មួយ​លោក សៅ រ៉ានី អគ្គលេខា​ធិការ​​គណបក្ស​នរោត្តមឫណរិទ្ធិ​បាន​ចាប់​ផ្តើម​​ប្របាច់​បញ្ចូល​គ្នា​ជាមួយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ហើយ​​នៅ​ក្នុង​ខេត្ត​កំពង់ចាម។ នេះ​ជា​ចលនា​រួបរួម​ដំបូង​ជាមួយ​គណបក្ស​ហ៊្វុនស៊ិចប៉ិច​ ​​ដោយ​គ្មាន​ព្រះ​អង្គម្ចាស់​រណឫទ្ធិ​និង​ក្រោយ​ពី​លោក សៅ រ៉ានី ត្រូវ​បាន​សម្តេច​ក្រុមព្រះ​នរោត្តម​រណឫទ្ធិ​ដក​ចេញ​ពី​គណបក្ស។

លោក​សៅ រ៉ានី​បាន​បន្តបញ្ជាក់​ទៀត​ថាលោក​នៅ​បន្ត​ធ្វើ​ការងារ​រួបរួមគ្នា​រវាង​គណបក្ស​គូ​សត្រូវ​​បងប្អូន​ទាំងពីរ​ ជាមួយ​លោក​ញឹក ប៊ុនឆៃ រហូត​ដល់​មានការ​ប្រ​បាច់​បញ្ចូល​គ្នា​នៅ​ក្រោម​ដំបូល​គណបក្ស​ហ៊្វុនស៊ិនប៉ិច​តែ​មួយ។ លោក​សៅ រ៉ានី បាន​អះអាង​ប្រាប់​អ្នកកាសែត​ថា ក្រោយពី​ការ​រួបរួម​គ្នា​បាន​ជោគជ័យ​ហើយ លោក​នឹង​យាង​សម្តេចក្រុមព្រះ​មក​ធ្វើជា​ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិចឡើងវិញ។

ឆ្លើយតប​ទៅនឹង​សេចក្តី​អត្ថាធិប្បាយ​របស់​លោក សៅ រ៉ានី កាល​ពី​ព្រឹក​មិញ​នេះ លោក ប៉ែន សង្ហា អ្នក​នាំពាក្យ​គណបក្ស​ដែល​ស្និត​នឹង​ព្រះអង្គ​ម្ចាស់​នរោត្តមរណឫទ្ធិ​បាន​​បញ្ជាក់ថា ការ​ថ្លែង​របស់​លោក សៅ រ៉ានី គឺ​ជា​គំនិត​បុគ្គល​ហើយ​គណបក្ស​នរោត្តមរណឫទ្ធិ​មិន​ទទួល​ស្គាល់​​សេចក្តី​អត្ថាធិប្បាយ​នេះ​ទេ។ មិន​ទទួល​ស្គាល់​ពីព្រោះ​​ថា លោក សៅ រ៉ានី​ ត្រូវ​បាន​ដក​តួនា​ទី​ចេញ​ពី​គណបក្ស​ហើយ។

សូម​បញ្ជាក់​ថា សម្តេចក្រុមព្រះ​នរោត្តម​រណឫទ្ធិ​បាន​សម្រេច​បណ្តេញ​លោក សៅ រ៉ានី​និង​មន្ត្រី​៥​នាក់​ផ្សេង​ទៀត​ចេញ​ពី​គណបក្ស​នរោត្តមរណឫទ្ធិ​កាល​ពី​ទី​២០​កក្កដា​កន្លង​មក​នេះ​ បន្ទាប់​ពី​មន្ត្រី​ទាំង​នោះ​ បាន​ទៅ​ចរចា​ស្ងាត់ៗ​ជា​មួយ​លោក ញ៉ឹក ប៊ុនឆៃ​ ប្រធាន​ប្រតិបត្តិ​គណបក្ស ​ហ្វ៊ុនស៊ិនប៉ិច ស្តី​ពី​ការបង្រួប​បង្រួម​គណបក្ស​រាជានិយម​ទាំង​ពីរ​ឡើងវិញ។

ជម្លោះ​បែក​បាក់​គណបក្ស ​ នរោត្តម រណឫទ្ធិ​បាន​កើត​ឡើង​ក្រោយ​ពី​បរាជ័យ​នៃ​ការបង្រួប​បង្រួម​គ្នា​ដែល​បាន​ចុះ​ហត្ថលេខា​កាលពី​ចុង​ខែ​ឧ​សភា​រវាង​ព្រះអង្គម្ចាស់​ នរោត្តម រណឫទ្ធិ​ជាមួយ​លោក ញ៉ឹក ប៊ុនឆៃ​ ក្រោម​ការជួយ​សម្របសម្រួល​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន។​ សម្តេច​ក្រុមព្រះ​ និង​លោក ​ញ៉ឹក ប៊ុនឆៃ បាន​ចោទ​គ្នា​ទៅវិញ​ទៅ​មក​ពី​មូលហេតុ​នៃ​ការ​បរាជ័យ​​ក្នុង​ការ​បង្រួប​បង្រួម​គណបក្ស​រាជា​និយម​ទាំង​ពីរ​ឡើង​វិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ