អានតួអត្ថបទ
កម្ពុជា

ក្រ​សួង​យុត្តិ​ធម៌​៖ គ្មាន​​ព្រះ​​រាជ​​ទាន​​លើក​​លែង​​ទោស​​ចំពោះ​​លោក​​សម រង្ស៊ី​​ឡើយ​

មន្ត្រីជាន់ខ្ពស់​នៃ​​ក្រសួង​យុត្តិធម៌​បាន​អះអាងថា គ្មាន​ព្រះរាជលើកលែងទោស​ដល់​លោក​​ សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះជាតិនោះឡើយ។ ការ​អះអាង​បែបនេះ​ធ្វើឡើង​ ក្រោយ​ពេល​ដែល​​លោក​សម រង្ស៊ី​បាន​​ប្រកាស​​ថា លោក​នឹង​ធ្វើ​ដំណើរ​​ចូល​​​មក​​ក្នុង​ប្រទេស​កម្ពុជា​អោយ​បាន​​មុន​ថ្ងៃបោះឆ្នោត។ អ្នកនាំពាក្យ​​គណបក្ស​​សង្គ្រោះជាតិ​​លោក យឹម សុវណ្ណ​​បាន​បញ្ជាក់​ថា​ លោក​សម រង្ស៊ី​ មិន​ខ្លាច​អំពី​ការ​​ចាប់ខ្លួន​​លោក​​នោះ​ឡើយ។​

លោក សម រង្ស៊ី​ ប្រធានគណបក្ស សង្គ្រោះជាតិ ដែលកំពុង​​និរទេស​ខ្លួន​​នៅ​ប្រទេស​បារាំង។
លោក សម រង្ស៊ី​ ប្រធានគណបក្ស សង្គ្រោះជាតិ ដែលកំពុង​​និរទេស​ខ្លួន​​នៅ​ប្រទេស​បារាំង។ RFI / V. Fournier
ផ្សាយពាណិជ្ជកម្ម

ខណៈដែល​លោក​សម រង្ស៊ីប្រកាស​ត្រឡប់ចូល​ក្នុង​ប្រទេស​កម្ពុជាអោយ​បាន​មុន​ថ្ងៃ​បោះ​ឆ្នោត​នោះ មន្ត្រី​ជាន់ខ្ពស់​ក្រសួង​យុត្តិធម៌បាន​អះអាងថា រហូតដល់​ពេលនេះ គឺមិនមាន​ព្រះរាជលើកលែង​ទោស​ពី ព្រះមហាក្សត្រ​ចំពោះលោក​សម រង្ស៊ីឡើយ។ នាយកខុទ្ទកាល័យ​ក្រសួង​យុត្តិធម៌ លោក​សម ប្រជាមានិត បានអះអាងថា រហូត​ដល់​ថ្ងៃអាទិត្យទី​៧ កក្កដា គ្មាន​មូលដ្ឋានច្បាប់ណាមួយ​ដែល​ធានាអំពី​ភាព​រួច​ទោស​របស់លោក​សម រង្ស៊ីឡើយ។ តើ​លោក​សម រង្ស៊ី​នឹង​ប្រឈម​មុខ​នឹង​ការ​ចាប់បញ្ជូន​ទៅ​ពន្ធនាគារ​ឬយ៉ាងណា នៅពេល​ដែល​លោក​មកដល់​កម្ពុជា។ 

អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះជាតិ លោក​យឹម សុវណ្ណ​បាន​អះអាង​ថា ប្រធាន​របស់​លោក​មិន​បារម្ភខ្លាច​ចំពោះវិធានការ​ណាមួយ​ឡើយ​របស់អាជ្ញាធរ​កម្ពុជា។ លោក​យឹម សុវណ្ណ​បាន​បញ្ជាក់ថា លោកសម រង្ស៊ី​នឹង​មក​ដល់​កម្ពុជា​នៅ​ក្នុង​អំឡុង​សប្តាហ៍ទី២ ឬសប្តាហ៍ទី៣​ក្នុង​ខែកក្កដានេះ។

ទាក់ទងនឹង​សេចក្តីប្រកាស​ចូល​ក្នុង​ប្រទេស​កម្ពុជា​របស់​លោក​សម រង្ស៊ី​នេះដូចគ្នា អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា លោក​ខៀវ​ កាញារីទ្ធ​ក៏​បាន​បញ្ជាក់ថា​ផងដែរថា គ្មាន​ព្រះលើកលែងទោស​ពីព្រះមហាក្សត្រ​ដល់​លោក​សម រង្ស៊ី​នោះឡើយ។ ចំពោះ​លោកខៀវ កាញា​រីទ្ធ នេះ​ក៏មិនមែនជាលើកទីមួយដែរ​ ដែល​លោក​សម រង្ស៊ី​ប្រកាស​ត្រឡប់ចូល​កម្ពុជា។ លោក ខៀវ កាញារីទ្ធ​ប្រាប់វិទ្យុបារាំងអន្តរជាតិ​ថា លោក​សម រង្ស៊ី​ប្រកាស​យ៉ាងដូច្នេះ​ម្តងហើយ នៅពេល​លោក​បារ៉ាក់ អូបាម៉ា​ហៀបនឹង​មក​ប្រទេស​កម្ពុជាកាល​ពី​ចុងឆ្នាំ​មុន។

គួរម្លឹកថា លោក​សម រង្ស៊ី​បាន​ផ្សព្វផ្សាយ​ខ្សែវីដេអូ​របស់​លោកនៅតាម​ប្រព័ន្ធ​បណ្តាញ​សង្គម​ហ្វេសប៊ុក ដែល​ប្រកាស​ថា​ លោកនឹង​ចូលមកកម្ពុជា​អោយ​បាន​មុន​ថ្ងៃបោះឆ្នោត ថ្ងៃទី​២៨​កក្កដា​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ