អានតួអត្ថបទ
កម្ពុជា

អតីតបុគ្គលិកក្រុមហ៊ុន​Mfone​ដែល​មិនទាន់​បាន​សំណង ប្រមូលផ្តុំគ្នា​ម្តងទៀត​ដើម្បី​ពន្លឿន​ដំណោះស្រាយ

នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ក្រុម​អតីត​បុគ្គលិក​ក្រុមហ៊ុន​ក្ស​យ័​ធន​ Mfone បាន​ប្រមូលគ្នា​សាជាថ្មី​ ដើម្បី​ពន្លឿ​ន​​អោយមាន​ការដោះស្រាយ​សំណង​ មុន​ថ្ងៃ​បោះឆ្នោត។ នៅ​ព្រឹក​មិញ​នេះ​ ក្រុម​អតីត​បុគ្គលិក​បាន​ជួប​ជាមួយ​អភិបាល​បណ្តោះអាសន្ន​ក្រុមហ៊ុន​ហើយ ប៉ុន្តែ​ពុំ​ទទួលបាន​លទ្ធផល​អ្វីថ្មី​​ជាក់លាក់​ ក្រៅពី​ការរង់ចាំ​ពេល​លក់​ទ្រព្យ​ក្រុមហ៊ុន​បាន​លុយ​សិន​នោះទេ។

សកម្មភាព​តវ៉ា​របស់​អតីតបុគ្គលិកMfone កាលពីថ្ងៃទី២២ មិថុនាមុន (រូបថតឯកសារ)
សកម្មភាព​តវ៉ា​របស់​អតីតបុគ្គលិកMfone កាលពីថ្ងៃទី២២ មិថុនាមុន (រូបថតឯកសារ) RFI-ចាន់ណា
ផ្សាយពាណិជ្ជកម្ម

ភាពស្ងប់ស្ងាត់​របស់​អតីត​បុគ្គលិក​ក្រុមហ៊ុន​​ក្ស័យធន ​Mfone មិនអាច​បន្ត​​ទៀត​បានទេ។ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ អតីត​បុគ្គ​លិក​ Mfone បាន​ងើប​ឡើងវិញ​ជាថ្មី​ម្តងទៀត​ ដើម្បី​តវ៉ា​ទាក់ទិន​នឹង​បញ្ហា​ដែល​អតីត​បុគ្គលិក​ខ្មែរ​ទាំងអស់​ពុំទាន់​បានទទួល​សំណង​អ្វី​ទេ សូម្បី​តែមួយ​កាក់។ ការតវ៉ា​នេះ​ក៏​ធ្វើឡើង ​ដើម្បី​ច្រានចោល​ព័ត៌មាន​ដែល​កន្លងមក​ត្រូវបាន​សារព័ត៌មាន​មួយចំនួន​ផ្សាយ​ថា ក្រុមហ៊ុន​បាន​ដោះស្រាយ​ប្រាក់​សំណង​ដល់​ពួកគេ​អស់ហើយ។

អតីត​បុគ្គលិក​​ក្រុមហ៊ុន​ Mfone ម្នាក់ គឺ​លោក សំអាត បានអោយដឹងថា លើក​មុន​ខាងអភិបាល​បណ្តោះអាសន្នរ​បស់​ក្រុមហ៊ុន​សន្យាថា នៅ​ថ្ងៃទី១៥ កក្កដា​នេះ បុគ្គលិក​ទាំងអស់ នឹង​ដឹង​អំ​ពី​ចំនួន​ទឹកប្រាក់​មួយចំនួនដែល​ខ្លួន​នឹង​អាច​ទទួលបាន។ ប៉ុន្តែ ​ក្នុងជំនួប​ជាមួយ​អភិបាល​បណ្តោះអាសន្ន ព្រឹក​មិ​ញ​នេះ ពុំទាន់​មាន​លទ្ធផល​អ្វី​ជាក់លាក់​នោះទេ។ ហេតុ​ដូច្នេះហើយ យោងតាម​លោក​សំអាត នៅ​ថ្ងៃទី១៧ កក្កដា​ខានស្អែក​នេះ ​នឹងមាន​ការប្រមូលផ្តុំ​ម្តងទៀត ដើម្បីជំរុញ​អោយមាន​ការដោះស្រាយ​យ៉ាង​ឆាប់​រហ័ស​ ពិសេស​មុន​ការបោះឆ្នោត។ លើសពីនេះ ​លោក​ក៏បាន​អំពាវនាវ​អោយ​រដ្ឋាភិបាល និង​សារព័ត៌មាន ចាប់​អារ​ម្ម​ណ៍​លើ​បញ្ហា​នេះ​ ដើម្បី​ជំរុញអោយមាន​ដំណោះស្រាយ​កាន់តែ​ឆាប់​រហ័ស។

ចំណែក​ឯតំណាង​ប្រតិភូ​បុគ្គលិក​ Mfone លោក នឹម សូលី​ដា ដែល​បាន​ចូល​រួម​ដោះស្រាយ​សំណង​ជាមួយនឹង​អភិបាល​ក្រុមហ៊ុន បានទទួល​ស្គាល់​ការលំបាក​ក្នុងការ​ដោះស្រាយ​បញ្ហា​នេះ ប៉ុន្តែ​យ៉ាងណា​ លោក​ក៏​នៅតែ​មិន​សប្បាយចិត្ត​ដោយសារតែ​ការរង់ចាំ​សំណង​មាន​រយៈពេល​យូរ។ 

សូម​រំលឹកថា ក្រុមហ៊ុន MFone បានប្រកាស​ក្ស័យធន​ កាលពី​ចុងឆ្នាំ២០១២កន្លងទៅ និង​ពុំមាន​សកម្មភាព​ការងារ​ទាំងស្រុង​ នៅ​ខែមីនាឆ្នាំ២០១៣ កន្លងទៅនេះ ដែល​បណ្តាល​ឲ្យ​មាន​កូដកម្ម​កើតឡើង​ជាច្រើនលើក​ពី​សំណាក់​បុគ្គលិក។ តាម​ការប៉ាន់ប្រមាណ ក្រុមហ៊ុន MFone បាន​ជំពាក់​បំណុល​សរុប​ប្រមាណ​ជា ១៦០លានដុល្លារ ក៏ប៉ុន្តែ​ទ្រព្យសម្បត្តិ​របស់​ក្រុមហ៊ុន​ទាំងអស់ត្រូវគេ​រកឃើញ​តែ​ជាង ១០០លាន​ដុល្លារ​ប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ