អានតួអត្ថបទ

គណបក្សប្រជាជនកម្ពុជានៅតែ​រក្សា​ជំហរចរចាឈរលើលទ្ធផលបោះឆ្នោត

តប​ទៅនឹង​សំណើ​លើក​ទី២​របស់​លោក ​សម រង្ស៊ី ​ដើម្បី​សុំ​ជួប​ចរចា​ថ្នាក់​កំពូល​ដើម្បី​ដោះស្រាយ​​​បញ្ហា​បោះឆ្នោត​ លោក​ ជា ស៊ីម​ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​​នៅ​តែ​បញ្ជាក់​ថា​ គណបក្ស​ប្រជាជន​ត្រៀម​ខ្លួន​ជានិច្ច​ក្នុង​ការចរចា​ដោះស្រាយ​បញ្ហា​ដែល​នៅ​​សេសសល់​​ដោយ​ផ្អែក​លើ​លទ្ធផល​បោះឆ្នោត។ ​គណបក្ស​កាន់អំណាច​ដ៏​ចំណាស់​មួយ​​នេះ​ក៏នៅតែ​រក្សា​ជំហរ​ដោះស្រាយ​តាម​យន្តការ​ជាតិ​ដដែល។

លោក ជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជា
លោក ជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជា Siv Channa/RFI
ផ្សាយពាណិជ្ជកម្ម

 

ក៏ដូចជាចម្លើយតបលើកទី១ដែរ លោក ជា ស៊ីម បានបញ្ជាក់ប្រាប់លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ថា គណបក្ស​ប្រជាជន​កម្ពុជា​នៅតែ​មាន​សុឆន្ទៈ​ជានិច្ច​ក្នុងការ​រៀបចំ​ឲ្យមាន​ជំនួប​កំពូល​ជាមួយ​គណបក្ស​សង្គ្រោះជាតិ​ដើម្បី​ពិភាក្សា​ដោះស្រាយ​បញ្ហា​ជាតិ។ ប៉ុន្តែ ការចរចា​ត្រូ​វ​ផ្អែក​លើ​លទ្ធផល​បោះឆ្នោត ​និង​គោរព​​រដ្ឋធម្មនុញ្ញ​​ព្រមទាំង​ច្បាប់​ជាធរមាន​របស់​ប្រទេស​ស្រប​តាម​ព្រះរាជសារ​ព្រះមហាក្សត្រ​កាលពី​ថ្ងៃទី ​៣០ សីហា ដែល​ជំរុញ​ឲ្យ​ដោះស្រាយ​បញ្ហា​តាម​រដ្ឋធម្មនុញ្ញ​និង​ស្ថាប័ន​ជាតិ។

ជំហរគណបក្សប្រជាជនត្រូវបានបញ្ជាក់សារជាថ្មីក្នុងលិខិតចុះថ្ងៃទី ​៣១ ​សីហា​នេះ​របស់​លោក​ ជា ស៊ីម ឆ្លើយ​តប​ទៅនឹងសំណើរបស់​លោក សម រង្ស៊ី ដែល​នៅតែ​ទទូច​ចង់ឲ្យ​មាន​ជំនួប​កំពូល​រវាង​គណបក្ស​ទាំងពីរ​ដើម្បី​ពិភាក្សា​គ្នា​បង្កើត​គណៈកម្មការ​ឯករាជ​មួយ​ស៊ើប​អង្កេត ​ភាព​មិន​ប្រក្រតី​នៃការបោះឆ្នោត។​ ការទាមទារ​បង្កើត​​គណៈកម្មការ​​ឯករាជ​នេះ​បាន​ធ្វើ​ឡើង​ក្រោមហេតុផល​ថា​គណបក្ស​សង្គ្រោះជាតិ​មិន​ទុកចិត្ត​ គ.ជ.ប​ ឬ​ក៏ក្រុមប្រឹក្សា​ធម្មនុញ្ញ​ដែល​គណបក្ស​នេះ​ចោទ​ថា​លម្អៀង​ទៅរក​គណបក្ស​កាន់​អំណាច។

ប៉ុន្តែ ​គណបក្ស​ប្រជាជន​កម្ពុជានៅតែ​ការពារ​យ៉ាង​ដាច់ខាត​ស្ថាប័ន​ជាតិ​ និង​ច្បាប់​ជាតិ​ដែល​កំពុង​ស្ថិត​នៅ​ជាធរមាន​ និង​បាន​បដិសេធ​មិន​បង្កើត​គណៈកម្មការ​ឯករាជ​តាម​គណបក្ស​ប្រឆាំង​ចង់បាន​នោះ​ទេ។ ​លោក ​ស ខេង ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅថ្ងៃ​សៅរ៍​នេះ​ថា ​គណបក្ស​ប្រជាជន​កម្ពុជា​ពិបាក​ទទួល​យក​សំណើ​បង្កើត​គណៈកម្មការ​ឯករាជ​ពីព្រោះ​ថា​ បើ​ធ្វើដូច្នេះ​ មាន​ន័យ​ស្មើនឹងការបំផ្លាញចោលស្ថាប័នជាតិ និង​ច្បាប់​របស់ប្រទេស។

នេះជាលើកទី២ហើយដែលមេដឹកនាំគណបក្សជាប់ឆ្នោតទាំងពីរបានឆ្លងឆ្លើយគ្នាតាមលិខិត ប៉ុន្តែ គណបក្សទាំងពីរនៅតែមិនអាចរកជំហររួមគ្នាបាននៅឡើយទេ។ ប្រឈមមុខ​នឹង​បញ្ហា​នេះ ​លោក សាយ បូរី សាស្ត្រាចារ្យច្បាប់ និងជាអតីតឧត្តមប្រឹក្សាព្រះមហាវីរក្សត្រ សម្តេចឪ នរោត្តម សីហនុ បាន​ផ្តល់​យោបល់​ឲ្យ​គណបក្ស​សង្គ្រោះជាតិ​ស្នើ​សុំ​ព្រះមហាក្សត្រ​ធ្វើ​ជា​អាជ្ញាកណ្តាល​ជំនួស​អង្គការ​សហប្រជាជាតិ​វិញ។​

លោកសាស្ត្រាចារ្យ​សាយ ​បូរី ​យល់ថា ​នេះជា​វិធី​ល្អ​បំផុត​ក្នុងការ​ដោះស្រាយ​បញ្ហា​រវាង​ខ្មែរ​និង​ខ្មែរ​ប្រសិន​បើ​គ្រប់គ្នាពិតជាគោរពព្រះមហាក្សត្រមែននោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ