អានតួអត្ថបទ
កម្ពុជា

សត្វ​ព្រៃ​ ៨​ប្រភេទ​នៅ​កម្ពុជា​កំពុង​ទទួល​រង​គ្រោះ​ថ្នាក់​

សត្វព្រៃ​ជើង​ចំ​ពៀម​ចំនួន ១៣ ប្រភេទ​ដែល​រស់នៅ​ក្នុងប្រទេស​នៃ​មហា​តំបន់​មេគង្គ ក្នុងនោះ​មាន៨ ប្រភេទ កំពុង​រស់នៅ​ក្នុងប្រទេស​កម្ពុជា កំពុង​ទទួលរង​គ្រោះថ្នាក់​ឈានទៅរក​ការបាត់បង់ ប្រសិនបើ​មិនមាន​វិធានការ​ដើម្បី​លើកកម្ពស់​កិច្ចការពារ និង លើកកម្ពស់​កិច្ច​ខំប្រឹងប្រែង​អភិរក្ស​ក្នុង​គោលដៅ​ស្តារឡើងវិញ​នូវ​ចំនួន​សត្វ​ទាំងនេះ ព្រមទាំង​ទី​ជំរក​របស់​វា​នោះទេ។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​អង្គការ WWF នៅ​ថ្ងៃ ព្រហស្បតិ៍ ទី១២ សីហា នេះ។

សត្វ​ព្រៃ​​នៅ​​កម្ពុជា​​កំពុង​​ប្រឈម​​មុខ​​ទៅ​​នឹង​​ការ​វិនាស​​បាត់​បង់​
សត្វ​ព្រៃ​​នៅ​​កម្ពុជា​​កំពុង​​ប្រឈម​​មុខ​​ទៅ​​នឹង​​ការ​វិនាស​​បាត់​បង់​ © WWF
ផ្សាយពាណិជ្ជកម្ម

អនាគត​របស់​ថនិកសត្វ​ព្រៃ​ជើង​ចំ​ពៀម​ចំនួន ៨ ប្រភេទ​នៅ​កម្ពុជា កំពុងស្ថិត​ក្នុង​ភាពមិនច្បាស់លាស់ ហើយ​ចំពោះ​សត្វ​មួយចំនួន​វា​ហួសពេល​ទៅហើយ​ក្នុងការ​ចាត់វិធានការ​ការពារ។ នេះ​បើ​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​អង្គការ​បរិស្ថាន​WWF  ដែល​ចេញ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី ១២ សីហា នេះ។

លោក ព្រំ សុ​វណ្ណា  នាយរង​រដ្ឋា​បាល​ព្រៃឈើ កោះ​ញែក និង ជា​មន្ត្រី​សម​ភាគី​អង្គការ​WWF ទទួលបន្ទុក​ផ្នែក​ស្រាវជ្រាវ ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ឲ្យ​ដឹងថា សត្វ​ដែល​ទទួលរង​គ្រោះថ្នាក់​ទាំ​ង ៨ ប្រភេទ​មានដូចជា រមាំង កេស ក្ដាន់ ទន្សោង ក្របីព្រៃ ខ្ទីង ក្ដាន់​ញែ​ង និង ប្រើស។ ក្នុងនោះ ក្ដាន់​ញែ​ង និង ប្រើស​ជា​ប្រភេទ​ដែលមាន​ដោយ​បង្គួរ ក្រៅពីនេះ​សុទ្ធតែជា​ប្រភេទ​ដែលមាន​ដោយ​កម្រ។

គួរ​បញ្ជាក់ថា ចំពោះ​សត្វ​គោព្រៃ​វិញ ប្រហែលជា​បាន​ផុត​ពូជ​ពី​ប្រទេស​កម្ពុជា​ទៅហើយ ដោយ​ការស្រាវជ្រាវ​ចុងក្រោយ​របស់​អង្គការ WWF   គេ​ពុំទាន់​ឃើញ​វត្តមាន​គោព្រៃ​នោះទេ។ ហើយ​សត្វ​មួយចំនួនទៀត​ដូចជា រមាំង និង ទន្សោង ក៏​កំពុង​ប្រឈម​នឹង​ជោគវាសនា​ស្រ​ដែង​គ្នា​ទៅ​ន​ហ្នឹង​គោព្រៃ​ដែរ។

ចំពោះ​ហេតុផល​ដែល​ធ្វើអោយ​សត្វ​ទាំងនេះ​រងគ្រោះថ្នាក់​ត្រូវបាន លោក ថម​ម៉ាស់ ហ្គ្រេ ប្រធាន​កម្មវិធី​សត្វព្រៃ​នៃ​អង្គការ WWF មហា​តំបន់​មេគង្គ​បាន​លើកឡើងថា សកម្មភាព​រំខាន​ពី​សំណាក់​មនុស្ស​ដូច​ជាការ​បរបាញ់ និង បំផ្លិចបំផ្លាញ​ទីជម្រក កំពុង​ធ្វើអោយមាន​ការថយចុះ​យ៉ាង​លឿន​នូវ​ចំនួន​ប្រភេទ​សត្វ​ដ៏​អស្ចារ្យ​ទាំងនេះ។ គេ​នៅមាន​ពេលវេលា​នៅឡើយ​ក្នុងការ​ជួយសង្គ្រោះ​ពពួកសត្វ​ទាំងនេះ ប្រសិនបើ​រដ្ឋាភិបាល​នៃ​បណ្ដា​ប្រទេស​ទាំងអស់​ក្នុង​តំបន់​ដាក់ វិស័យ​ជីវៈចម្រុះ និង វិធានការ​ការពារ​ជា​ស្នូល​នៃ​ការសម្រេចចិត្ត។

គួរ​រម្លឹកថា អង្គការ WWF កំពុងធ្វើការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា និង ស្ថាប័ន​ដៃគូរផ្សេងៗទៀត ក្នុងការ​ស្ដារឡើងវិញ​នូវ​បរិមាណ​ថនិកសត្វ​មាន​ក្រចកជើង​ចំ​ពៀម​នៅ​តំបន់​ព្រៃ​ធម្មជាតិ ព្រមទាំង​រក្សា​ភាព​ត​ភ្ជាប់​គ្នា​រវាង​តំបន់​ព្រៃ​ជំរក​របស់​សត្វ​ទាំងនេះ ដើម្បី​ធានាបាន​ថា​បរិមាណ​សត្វ​ទាំងនេះ​កើនឡើង។ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ