ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 20/05 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 19/05 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/05 12h00 GMT

កំណែ​ទម្រង់ ឬ​បដិវត្តន៍​?

កំណែ​ទម្រង់ ឬ​បដិវត្តន៍​?
 
ក្រុម​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ ប្តេជ្ញា​ប្តូរផ្តាច់​ជាមួ​យ​គណបក្ស​កាន់ពី​ពេល​កន្លង​ទៅ rfi/Siv Channa

ជម្លោះ​នយោបាយ​រវាង​គណបក្ស​កាន់​អំណាច និង​បក្ស​ប្រឆាំង​នៅ​កម្ពុជា​មាន​លក្ខណៈ​កាន់​តែ​ស្រួច​ស្រាល់​ឡើង​ជា​លំដាប់​ ពី​មួយ​អាណត្តិ ទៅ​មួយ​អាណត្តិ​។ ឈាន​ចូល​អាណត្តិ​ទី​៥​នេះ​ មិន​ត្រឹម​តែ​អ្នក​នយោបាយ​ទេ​ ប៉ុន្តែ ជម្លោះ​ក្នុង​ស្ថាន​ភាព​ “ទឹក និង​ប្រេង” ក៏​បាន​បង្ហាញ​ឡើង​កាន់​តែ​ធ្ងន់​ធ្ងរ​ផង​ដែរ ក្នុង​ចំណោម​ពលរដ្ឋ​ម្ចាស់​ឆ្នោត​។ អ្នក​បោះ​ឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ហាក់​កំពុង​ដាក់​សម្ពាធ​យ៉ាង​ខ្លាំង ទៅ​លើ​គណបក្ស​របស់​ខ្លួន​ឲ្យ​តស៊ូ​ប្រឆាំង​ជាមួយ​គណបក្ស​កាន់​អំណាច​ឲ្យ​ទាល់​តែ​ឈ្នះ​។ តើ​កម្ពុជា ត្រូវ​ការ​កំណែ​ទម្រង់ ឬ​ត្រូវ​ការ​ធ្វើ​បដិវត្តន៍ ដើម្បី​ផ្លាស់​ប្តូរ​?

 

វិបត្តិ​នយោបាយ​ដែល​កំពុង​កើត​មាន​បច្ចុប្បន្ន​នេះ​ហាក់​កំពុង​រុញ​ច្រាន​ប្រទេស​កម្ពុជា​ឲ្យ​ស្ថិត​ក្នុង​ជម្រើស​ពីរ​នៅ​ចំពោះ​មុខ៖ តើ​គេ​ត្រូវ​ការ​ធ្វើ​កំណែ​ទម្រង់​ស្ថាប័ន​ជាតិ​ទាំង​ឡាយ​ដែល​មាន​ស្រាប់​ដើម្បី​ធ្វើ​ឲ្យ​មាន​សន្ទុះ​នៃ​ការ​អភិវឌ្ឍន៍​ជាតិ​ទៅមុខ​ឲ្យ​បាន​លឿន? ឬ​ក៏​ត្រូវ​ការ​ធ្វើ​បដិវត្តន៍​ដើម្បី​ផ្លាស់​ប្តូរ​ទាំង​ស្រុង​នូវ​អ្វី​ដែល​កំពុង​ដំណើរ​ការ​សព្វ​ថ្ងៃ?

 
នេះ​ជា​សំណួរ​ដែល​ទាមទារ​ឲ្យ​អ្នកនយោបាយ​និង​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត​ត្រូវ​ពិចារណា​ឲ្យ​បាន​ស៊ីជម្រៅ​មុន​នឹង​សម្រេច​ចិត្ត ពី​ព្រោះ​វា​ជា​ការ​សម្រេច​ចិត្ត​ដែល​មាន​ចរិត​កំណត់​ជោគ​វាសនា​ប្រទេស​ជាតិ​ផង និង​ជោគ​វាសនា​របស់​ពលរដ្ឋ​ខ្មែរ​ម្នាក់ៗ​ផង។ ដូច្នេះ គេ​គួរ​ស្វែង​យល់​អំពី​ជម្រើស​ទាំងពីរ​នេះ​ឲ្យ​បាន​ច្បាស់​ជា​មុន​សិន។

ជា​ការ​ពិត​ណាស់ ទាំង​អ្នក​នៅ​ក្រៅ​ឆាក និង​ក្នុង​ឆាក រាប់​ទាំង​គណបក្ស​កាន់​អំណាច​ខ្លួន​ឯង​ផង​ហាក់​ដូចជា​យល់​ស្រប​គ្នា​ថា ការ​ដឹកនាំ​ប្រទេស​ត្រូវ​ការ​កំណែ​ទម្រង់​ដ៏​ស៊ីជម្រៅ​មួយ​ជា​ចាំ​បាច់​ដើម្បី​ធ្វើ​ឲ្យ​ស្ថាប័ន​ជាតិ​នានា​ដំណើរការ​ទៅ​ដោយ​រៀបរយ។ ជាក់ស្តែង ក្នុង​កិច្ចប្រជុំ​ដំបូង​របស់​គណៈរដ្ឋមន្ត្រី​ថ្មី​កាលពី​ថ្ងៃ​ពុធ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​បាន​ដាក់​ចេញ​នូវ​នយោបាយ​កំណែ​ទម្រង់​ជា​ច្រើន។ នេះ​ស​បញ្ជាក់​ឲ្យ​ឃើញ​ថា រដ្ឋាភិបាល​ខ្លួន​ឯង​ក៏​យល់​ដែរ​ថា ការ​ដឹក​នាំ​ប្រទេស​មិន​អាច​បំពេញ​ចិត្ត​ម្ចាស់​ឆ្នោត​បាន​ឡើយ​ក្នុង​ស្ថានភាព​ដូច​បច្ចុប្បន្ន។ ត្រង់​ថា កំណែ​ទម្រង់​នោះ​ទៅ​រួច​ឬ​មិន​រួច​វា​ជា​រឿង​មួយ​ផ្សេង​ទៀត។

ប៉ុន្តែ អ្វី​ដែល​ច្បាស់​លាស់​នោះ​គឺ ប្រព​ន្ធ័​ដឹកនាំ​ប្រទេស​នេះ​ត្រូវ​ការ​កំណែ​ទម្រង់​ដ៏​ស៊ីជម្រៅ​មួយ​ជា​ចាំ​បាច់។ ដើម្បី​ឲ្យ​នយោបាយ​កំណែ​ទម្រង់​អាច​ធ្វើ​ទៅ​បាន​ដោយ​ប្រសិទ្ធភាព​វា​ទាមទារ​ឲ្យ​មាន​ការ​ចូលរួម​ពី​កត្តា​ខាង​ក្នុង​ផង និង​កត្តា​ខាង​ក្រៅ​ផង។ កត្តា​ខាង​ក្នុង​មាន​ន័យ​ថា ផ្ទៃ​ក្នុង​គណបក្ស​កាន់​អំណាច​ខ្លួន​ឯង​ត្រូវ​តែ​ហ៊ាន​ធ្វើ​កំណែ​ទម្រង់​ស៊ី​ជម្រៅ​ដ៏​ពិត​ប្រាកដ​មួយ​ទោះ​ជា​ក្នុង​តម្លៃ​ណា​ក៏​ដោយ។ ចំណែក​កត្តា​ខាង​ក្រៅ​វិញ គណបក្ស​កាន់​អំណាច​ក៏​ចាំ​បាច់​ត្រូវ​បើក​ទូលាយ​ទទួល​យក​កិច្ច​សហប្រតិបត្តិការ​ពី​បក្សប្រឆាំង សង្គម​ស៊ីវិល និង​ភាគី​ពាក់​ព​ន្ធ័ផ្សេងៗ​ទៀត។

នយោបាយ​កំណែ​ទម្រង់​ផ្តល់​ផល​ចំណេញ​ពីរ​យ៉ាង៖ ទី​១ គឺ​ការ​រីក​ចម្រើន​នៃ​ប្រទេសជាតិ​មាន​ល្បឿន​លឿន​ទៅ​មុខ និង​ទី២ គឺ​ការ​រក្សា​បាន​នូវ​ស្ថិរភាព​សង្គម​និង​នយោបាយ ជាពិសេស​គឺ​ការ​បញ្ចៀស​បាន​នូវ​ការ​បង្ហូរឈាម។ ប៉ុន្តែ​បច្ចុប្បន្ន អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ហាក់​ដូចជា​កំពុង​សម្លឹង​ឃើញ​ស្ថាន​ភាព​ខ្មៅ​ងងឹត​យ៉ាង​ខ្លាំង។ ភាព​ខ្មៅ​ងងឹត​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ពួកគេ​លែង​រំពឹង​ទៅលើ​នយោបាយ​កំណែ​ទម្រង់​ទៀត​ហើយ​និង​បែរ​ទៅ​ចង់​បាន​ការ​ផ្លាស់​ប្តូ​រទាំង​ស្រុង​តែ​ម្តង។ វា​ពិត​ជា​មាន​ហេតុ​ផល​ដែល​ជំរុញ​ឲ្យ​ពួក​គេ​មាន​ទុទិដ្ឋិនិយម​ចំពោះ​កំណែ​ទម្រង់។ នោះ​គឺ​ភាព​អសកម្ម​ទាំងឡាយ​ដែល​ហាក់​មិន​អាច​កែ​បាន​របស់​គណបក្ស​ដឹកនាំ​ប្រទេស។

ក្នុង​បរិបទ​នេះ អ្វី​ដែល​អ្នក​គាំទ្រ​បក្សប្រឆាំង រួម​ទាំង​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​ខ្លួន​ឯង​ផង​ចង់បាន​គឺ​ការផ្លាស់ប្តូរ។ តាមពិត ពាក្យ​ផ្លាស់ប្តូរ​ត្រូវបាន​គណបក្ស​សង្គ្រោះជាតិ​ប្រើប្រាស់​ជា​ពាក្យ​គន្លឹះ​ក្នុង​អំឡុង​ពេល​ឃោសនា​បោះឆ្នោត។ ប៉ុន្តែ ទី​បំផុត ការ​ផ្លាស់ប្តូរ​តាមរយៈ​សន្លឹកឆ្នោត​នៅ​មិន​ទាន់​អាច​ទៅ​រួច​នៅ​ឡើយ។ ក្រោម​ហេតុផល​នៃ​ការ​លួចបន្លំ​សន្លឹកឆ្នោត គណបក្ស​ប្រឆាំង និង​អ្នក​គាំទ្រ​របស់​ខ្លួន​ទំនង​ជា​កំពុង​សាកល្បង​ផ្លូវ​ទី២​ក្នុង​ការ​សម្រេច​ការ​ផ្លាស់​ប្តូរ​របស់​ខ្លួន​នៅក្រៅ​ប្រព័ន្ធ​បោះឆ្នោត​វិញ​ម្តង។

ទោះ​ជា​ជម្រើស​ណា​មួយ វា​ជា​សិទ្ធិ​របស់​បក្ស​នយោបាយ​និង​របស់​ពលរដ្ឋ​ម្ចាស់​ឆ្នោត​នៃ​គណបក្ស​នីមួយៗ ប៉ុន្តែ សូម​កុំ​ភ្លេច​ថា ផល​វិបាក​របស់​វា​គឺ​ជា​បញ្ហា​រួម​របស់​ខ្មែរ​ទាំងអស់​គ្នា។ ដូច​មាន​ឧទាហរណ៍​បញ្ជាក់​ស្រាប់​ទាំង​នៅ​ក្នុង​ប្រទេស ទាំង​នៅ​លើ​ឆាក​អន្តរជាតិ ការ​ផ្លាស់ប្តូរ​ក្រៅ​ប្រព័ន្ធ​បោះឆ្នោត ឬ​ហៅ​ម្យ៉ាង​ទៀត​ថា ការ​ធ្វើ​បដិវត្ត ភាគ​ច្រើន​ចៀស​មិន​ផុតពី​ការបង្ហូរ​ឈាម​ឡើយ។ ដូច្នេះ តើ​គួរ​បន្ត​អត់ធ្មត់​ដើម្បី​ជំរុញ​កំណែ​ទម្រង់​ដោយ​សន្តិវិធី​ ឬក៏​ដល់​ពេល​ដែល​ត្រូវធ្វើ​បដិវត្តន៍? នេះ​ជា​សំណួរ​ដែល​អ្នក​នយោបាយ និង​ម្ចាស់​ឆ្នោត​ត្រូវ​ពិចារណា​រក​ចម្លើយ​ដោយ​ផ្អែក​លើ​ទស្សនៈ​គ្រប់​ជ្រុងជ្រោយ​ និង​ភាព​ចាស់ទុំ​ឲ្យ​បាន​ច្រើន​បំផុត។

គណបក្ស​ជាប់ឆ្នោត​ទាំងពីរ​សុទ្ធ​តែមាន​ចំណែក​ទទួល​ខុស​ត្រូវ​ក្នុង​ការ​បង្កើត​ឲ្យ​មាន​បដិវត្តន៍​ ឬ​ក៏​ការ​បញ្ចៀស​វា​ឲ្យ​ផុត​ដោយ​ងាក​មក​រក​កំណែ​ទម្រង់​តាម​គន្លង​ប្រជាធិបតេយ្យ​វិញ។ រីឯ​ម្ចាស់​ឆ្នោត​រឹត​តែ​មាន​ចំណែក​សំខាន់​ថែម​ទៀត។ ការ​គិត​ខុស​តែ​មួយ​ជំហាន​អាច​បង្ក​វិនាសកម្ម និង​ការ​បែក​បាក់​ជាតិ​ធំធេង​ដែល​នឹកស្មាន​មិន​ដល់​ក៏​ថា​បាន៕

 


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • កម្ពុជា

    លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​បើក​ទ្វារ​ចំហ​សម្រាប់​គណបក្ស​ប្រឆាំង​​នៅ​រដ្ឋសភា

    ស្វែងយល់បន្ថែម

  • កម្ពុជា

    ហ៊្វុន​ស៊ិន​ប៉ិច​ គ្មាន​តំណែង​នៅ​ក្នុង​រដ្ឋា​ភិបាល​ថ្មី​ទៀត​ឡើយ

    ស្វែងយល់បន្ថែម

  • ភ្ញៀវប្រចាំថ្ងៃ

    តំណាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះជាតិ​ បន្ត​ចោទគ្នា​ លើ​បរាជ័យ​នៃ​កិច្ចចរចា

    ស្វែងយល់បន្ថែម

  • កម្ពុជា

    មេបក្ស​ប្រឆាំង​ដឹកនាំ​តំណាងរាស្ត្រ​របស់ខ្លួន​ស្បថ​សច្ចា​ជាផ្លូវការ នៅមុខ​ប្រាសាទ​អង្គរវត្ត

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ