ជម្លោះនយោបាយរវាងគណបក្សកាន់អំណាច និងបក្សប្រឆាំងនៅកម្ពុជាមានលក្ខណៈកាន់តែស្រួចស្រាល់ឡើងជាលំដាប់ ពីមួយអាណត្តិ ទៅមួយអាណត្តិ។ ឈានចូលអាណត្តិទី៥នេះ មិនត្រឹមតែអ្នកនយោបាយទេ ប៉ុន្តែ ជម្លោះក្នុងស្ថានភាព “ទឹក និងប្រេង” ក៏បានបង្ហាញឡើងកាន់តែធ្ងន់ធ្ងរផងដែរ ក្នុងចំណោមពលរដ្ឋម្ចាស់ឆ្នោត។ អ្នកបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិ ហាក់កំពុងដាក់សម្ពាធយ៉ាងខ្លាំង ទៅលើគណបក្សរបស់ខ្លួនឲ្យតស៊ូប្រឆាំងជាមួយគណបក្សកាន់អំណាចឲ្យទាល់តែឈ្នះ។ តើកម្ពុជា ត្រូវការកំណែទម្រង់ ឬត្រូវការធ្វើបដិវត្តន៍ ដើម្បីផ្លាស់ប្តូរ?
វិបត្តិនយោបាយដែលកំពុងកើតមានបច្ចុប្បន្ននេះហាក់កំពុងរុញច្រានប្រទេសកម្ពុជាឲ្យស្ថិតក្នុងជម្រើសពីរនៅចំពោះមុខ៖ តើគេត្រូវការធ្វើកំណែទម្រង់ស្ថាប័នជាតិទាំងឡាយដែលមានស្រាប់ដើម្បីធ្វើឲ្យមានសន្ទុះនៃការអភិវឌ្ឍន៍ជាតិទៅមុខឲ្យបានលឿន? ឬក៏ត្រូវការធ្វើបដិវត្តន៍ដើម្បីផ្លាស់ប្តូរទាំងស្រុងនូវអ្វីដែលកំពុងដំណើរការសព្វថ្ងៃ?
នេះជាសំណួរដែលទាមទារឲ្យអ្នកនយោបាយនិងប្រជាពលរដ្ឋម្ចាស់ឆ្នោតត្រូវពិចារណាឲ្យបានស៊ីជម្រៅមុននឹងសម្រេចចិត្ត ពីព្រោះវាជាការសម្រេចចិត្តដែលមានចរិតកំណត់ជោគវាសនាប្រទេសជាតិផង និងជោគវាសនារបស់ពលរដ្ឋខ្មែរម្នាក់ៗផង។ ដូច្នេះ គេគួរស្វែងយល់អំពីជម្រើសទាំងពីរនេះឲ្យបានច្បាស់ជាមុនសិន។
ជាការពិតណាស់ ទាំងអ្នកនៅក្រៅឆាក និងក្នុងឆាក រាប់ទាំងគណបក្សកាន់អំណាចខ្លួនឯងផងហាក់ដូចជាយល់ស្របគ្នាថា ការដឹកនាំប្រទេសត្រូវការកំណែទម្រង់ដ៏ស៊ីជម្រៅមួយជាចាំបាច់ដើម្បីធ្វើឲ្យស្ថាប័នជាតិនានាដំណើរការទៅដោយរៀបរយ។ ជាក់ស្តែង ក្នុងកិច្ចប្រជុំដំបូងរបស់គណៈរដ្ឋមន្ត្រីថ្មីកាលពីថ្ងៃពុធ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានដាក់ចេញនូវនយោបាយកំណែទម្រង់ជាច្រើន។ នេះសបញ្ជាក់ឲ្យឃើញថា រដ្ឋាភិបាលខ្លួនឯងក៏យល់ដែរថា ការដឹកនាំប្រទេសមិនអាចបំពេញចិត្តម្ចាស់ឆ្នោតបានឡើយក្នុងស្ថានភាពដូចបច្ចុប្បន្ន។ ត្រង់ថា កំណែទម្រង់នោះទៅរួចឬមិនរួចវាជារឿងមួយផ្សេងទៀត។
ប៉ុន្តែ អ្វីដែលច្បាស់លាស់នោះគឺ ប្រពន្ធ័ដឹកនាំប្រទេសនេះត្រូវការកំណែទម្រង់ដ៏ស៊ីជម្រៅមួយជាចាំបាច់។ ដើម្បីឲ្យនយោបាយកំណែទម្រង់អាចធ្វើទៅបានដោយប្រសិទ្ធភាពវាទាមទារឲ្យមានការចូលរួមពីកត្តាខាងក្នុងផង និងកត្តាខាងក្រៅផង។ កត្តាខាងក្នុងមានន័យថា ផ្ទៃក្នុងគណបក្សកាន់អំណាចខ្លួនឯងត្រូវតែហ៊ានធ្វើកំណែទម្រង់ស៊ីជម្រៅដ៏ពិតប្រាកដមួយទោះជាក្នុងតម្លៃណាក៏ដោយ។ ចំណែកកត្តាខាងក្រៅវិញ គណបក្សកាន់អំណាចក៏ចាំបាច់ត្រូវបើកទូលាយទទួលយកកិច្ចសហប្រតិបត្តិការពីបក្សប្រឆាំង សង្គមស៊ីវិល និងភាគីពាក់ពន្ធ័ផ្សេងៗទៀត។
នយោបាយកំណែទម្រង់ផ្តល់ផលចំណេញពីរយ៉ាង៖ ទី១ គឺការរីកចម្រើននៃប្រទេសជាតិមានល្បឿនលឿនទៅមុខ និងទី២ គឺការរក្សាបាននូវស្ថិរភាពសង្គមនិងនយោបាយ ជាពិសេសគឺការបញ្ចៀសបាននូវការបង្ហូរឈាម។ ប៉ុន្តែបច្ចុប្បន្ន អ្នកគាំទ្រគណបក្សប្រឆាំងហាក់ដូចជាកំពុងសម្លឹងឃើញស្ថានភាពខ្មៅងងឹតយ៉ាងខ្លាំង។ ភាពខ្មៅងងឹតនេះហើយដែលធ្វើឲ្យពួកគេលែងរំពឹងទៅលើនយោបាយកំណែទម្រង់ទៀតហើយនិងបែរទៅចង់បានការផ្លាស់ប្តូរទាំងស្រុងតែម្តង។ វាពិតជាមានហេតុផលដែលជំរុញឲ្យពួកគេមានទុទិដ្ឋិនិយមចំពោះកំណែទម្រង់។ នោះគឺភាពអសកម្មទាំងឡាយដែលហាក់មិនអាចកែបានរបស់គណបក្សដឹកនាំប្រទេស។
ក្នុងបរិបទនេះ អ្វីដែលអ្នកគាំទ្របក្សប្រឆាំង រួមទាំងមេដឹកនាំគណបក្សប្រឆាំងខ្លួនឯងផងចង់បានគឺការផ្លាស់ប្តូរ។ តាមពិត ពាក្យផ្លាស់ប្តូរត្រូវបានគណបក្សសង្គ្រោះជាតិប្រើប្រាស់ជាពាក្យគន្លឹះក្នុងអំឡុងពេលឃោសនាបោះឆ្នោត។ ប៉ុន្តែ ទីបំផុត ការផ្លាស់ប្តូរតាមរយៈសន្លឹកឆ្នោតនៅមិនទាន់អាចទៅរួចនៅឡើយ។ ក្រោមហេតុផលនៃការលួចបន្លំសន្លឹកឆ្នោត គណបក្សប្រឆាំង និងអ្នកគាំទ្ររបស់ខ្លួនទំនងជាកំពុងសាកល្បងផ្លូវទី២ក្នុងការសម្រេចការផ្លាស់ប្តូររបស់ខ្លួននៅក្រៅប្រព័ន្ធបោះឆ្នោតវិញម្តង។
ទោះជាជម្រើសណាមួយ វាជាសិទ្ធិរបស់បក្សនយោបាយនិងរបស់ពលរដ្ឋម្ចាស់ឆ្នោតនៃគណបក្សនីមួយៗ ប៉ុន្តែ សូមកុំភ្លេចថា ផលវិបាករបស់វាគឺជាបញ្ហារួមរបស់ខ្មែរទាំងអស់គ្នា។ ដូចមានឧទាហរណ៍បញ្ជាក់ស្រាប់ទាំងនៅក្នុងប្រទេស ទាំងនៅលើឆាកអន្តរជាតិ ការផ្លាស់ប្តូរក្រៅប្រព័ន្ធបោះឆ្នោត ឬហៅម្យ៉ាងទៀតថា ការធ្វើបដិវត្ត ភាគច្រើនចៀសមិនផុតពីការបង្ហូរឈាមឡើយ។ ដូច្នេះ តើគួរបន្តអត់ធ្មត់ដើម្បីជំរុញកំណែទម្រង់ដោយសន្តិវិធី ឬក៏ដល់ពេលដែលត្រូវធ្វើបដិវត្តន៍? នេះជាសំណួរដែលអ្នកនយោបាយ និងម្ចាស់ឆ្នោតត្រូវពិចារណារកចម្លើយដោយផ្អែកលើទស្សនៈគ្រប់ជ្រុងជ្រោយ និងភាពចាស់ទុំឲ្យបានច្រើនបំផុត។
គណបក្សជាប់ឆ្នោតទាំងពីរសុទ្ធតែមានចំណែកទទួលខុសត្រូវក្នុងការបង្កើតឲ្យមានបដិវត្តន៍ ឬក៏ការបញ្ចៀសវាឲ្យផុតដោយងាកមករកកំណែទម្រង់តាមគន្លងប្រជាធិបតេយ្យវិញ។ រីឯម្ចាស់ឆ្នោតរឹតតែមានចំណែកសំខាន់ថែមទៀត។ ការគិតខុសតែមួយជំហានអាចបង្កវិនាសកម្ម និងការបែកបាក់ជាតិធំធេងដែលនឹកស្មានមិនដល់ក៏ថាបាន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ