អានតួអត្ថបទ
កម្ពុជា

គណបក្ស​ប្រឆាំង​ចង់ចរចា តែ​មិនទាន់​កំណត់​ថ្ងៃ

ក្រោយ​ការ​ប្រកាស​បើក​ការ​ចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​សា​ជាថ្មី រហូត​មក​ដល់​ថ្ងៃ​សុក្រ ទី២៧ កញ្ញា​នេះ គណបក្ស​សង្គ្រោះ​មិនទាន់​បាន​កំណត់​ថ្ងៃ​ចរចា​ជាមួយ​គណបក្សកាន់​អំណាច​នៅឡើយ​ទេ។ យ៉ាង​ណាក៏ដោយ គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​ប្រកាន់​គោលជំហរ​នៃរ​បៀ​បវារៈ​ពីរ​ចំណុច​ជាមួយ​គណបក្ស​កាន់អំណាច គឺ​ស្វែងរក​យុត្តិធម៌​ជូន​ម្ចាស់ឆ្នោត និង​យន្តការ​ស្វែងរក​តុល្យភាព​អំណាច​រវាង​គណបក្ស​ទាំងពីរ​នៅក្នុង​សភាជាតិ។

លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន និង លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិក្នុងកិច្ចប្រជុំកំពូលនៅរដ្ឋសភា ថ្ងៃទី១៦ កញ្ញា ឆ្នាំ២០១៣
លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន និង លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិក្នុងកិច្ចប្រជុំកំពូលនៅរដ្ឋសភា ថ្ងៃទី១៦ កញ្ញា ឆ្នាំ២០១៣ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

គណបក្ស​សង្គ្រោះ​ជាតិ របស់​លោក សម រង្ស៊ី និង លោក​កឹម សុខា នៅ​មិនទាន់​កំណត់​ថ្ងៃ​ចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ឱ្យ​ជាក់​លាក់ ដើម្បី​បិទ​បញ្ចប់​វិបត្តិ​នយោបាយ​ដែល​កំពុង​អូស​បន្លាយ​ក្រោយ​ការបោះឆ្នោត​នៅ​ឡើយ​ទេ។ នេះ​បើតាម​លោក យ៉ែម បុញ្ញា​ឫទ្ធិ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែងប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​សុក្រ​នេះ។

អ្នក​នាំពាក្យ​រូបនេះ​​បន្តថា បើទោះបីជា​នៅ​មិនទាន់​កំណត់​បាន​ថ្ងៃ​ចរចា​សាជាថ្មី​ជាមួយ​បក្ស​កាន់​អំណាច​​ក៏ដោយ ប៉ុន្តែ​គណ​បក្ស​ប្រឆាំង​មួយ​នេះ មាន​របៀប​វីរៈ​សំខាន់​ពីរ​សម្រាប់​ការ​ការចរចា​​ជាមួយ​គណបក្សកាន់អំណាច​រួចទៅហើយ។ របៀប​វារៈ​ទាំងពីរ​នោះ​គឺ ទី១ ការស្វែង​រក​​យុត្តិធម៌​​ជូន​ម្ចាស់ឆ្នោត និង​កំណែទម្រង់​តុល្យភាព​នៃ​អំណាច​ក្នុងការ​ដឹកនាំ​នៅក្នុងរ​ដ្ឋ​សភាជាតិ។ មន្ត្រី​អ្នកនាំពាក្យ​រូបនេះ​ពន្យល់ថា ចំនុច​ទាំងពីរ​នេះ​នឹង​អាច​ការពារ​បាន​នូវ​ប្រសិទ្ធភាព​​នៃ​ការដឹកនាំ​ប្រទេស រួមទាំង​ការ​កំណែទម្រង់​ប្រព័ន្ធ​បោះឆ្នោត​ដោយ​តម្លាភាព​និង​យុត្តិធម៌។

មន្ត្រី​កា​រិ​យា​ល័យ​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ជាម យៀប បាន​បញ្ជាក់ថា​គណបក្ស​ប្រជាជន​កម្ពុជា ​គឺ​នៅតែ​រង់ចាំ​ការចរចា​ជាមួយ​គណបក្ស​​សង្គ្រោះ​ជាតិ​ជា​ដដែល។ ហើយ​គណ​បក្ស​​កាន់អំណាច​មួយ​នេះ នឹង​នៅតែ​ផ្តល់​តំណែង​អនុប្រធាន​មួយ​រដ្ឋសភា​មួយកន្លែង និង​តំណែង​ប្រធាន​គណៈកម្មការ​ចំនួន៤ រួមទាំង​អនុប្រធាន​គណៈកម្មការ៥ ​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដដែល។ ហើយ​លោក​ថា គណ​បក្ស​​ប្រឆាំង​ចាំបាច់​ត្រូវ​ចូល​សច្ចាប្រណិធាន​ក្នុង​ព្រះបរមរាជវាំង​ជាមុន​សិន។ ប៉ុន្តែ​អ្នកនាំពាក្យ​គណ​បក្ស​​សង្គ្រោះ​ជាតិ លោក​យ៉ែម បុញ្ញាឫ​ទ្ធិ បាន​អះអាងថា គណបក្សប្រឆាំង​ចាំបាច់​ចរចា​ជាមួយ​គណបក្សកាន់អំណាច​ជាមុនសិន​ទើប​ចូល​ស្បថ​ជា​ក្រោយ។

គួរ​រំលឹក​​ថា ការប្រកាស​ឱ្យមាន​យន្តការ​ចរចា​ជាមួយ​គណបក្សកាន់អំណាច និង​ប្រកាស​​ពិចារណា​ទទួលយក​អាសនៈ​ក្នុង​សភា​ដែល​លោក សម រង្ស៊ី ប្រធាន​គណ​បក្ស​​សង្គ្រោះ​ជាតិ​​ប្រកាស​កាលពី​ថ្ងៃ​ម្សិលមិញ គឺជា​របត់១៨០ ដឺ​ក្រេ ដែល​ប្រធាន​គណ​កប្ស​សង្គ្រោះ​ជាតិ​រូបនេះ បានប្រកាសថា​ក្នុង​ស​ន្និ​សីទ​កាសែត​កាលពី​ថ្ងៃ​ពុធ​ថា មិន​ទទួលស្គាល់​សោះឡើយ​រដ្ឋាភិបាល និង​សភា​អាណត្តិ​ទី៥ របស់លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន។

យ៉ាងណាក៏ដោយ ការចរចា​រវាង​គណ​បក្ស​ទាំងពីរ​មិនទាន់​កើតឡើង​ក៏ដោយ ក៏​នេះ​គឺជា​ការបន្ទន់​ឥរិយាបថ​ ដើម្បី​ឈានទៅ​បិទ​បញ្ចប់​វិ​ប​ត្តិ​នយោបាយ​នៅ​កម្ពុជា​ក្រោយ​ការបោះឆ្នោត​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ