អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ពលរដ្ឋ​កំពុង​តាម​ដាន​ការងារ​របស់​អ្នក​នយោបាយ​វ័យក្មេង​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ លោកនាយក​រដ្ឋមន្ត្រី​បាន​បង្ហើប​អំពី​ការផ្លាស់ប្តូរ​មន្ត្រី​​អាយុ​ច្រើន។ ការណ៍​នេះ​វា​មិនអាច​ចៀស​ផុតពី​ការដំឡើងឋានៈ​មន្ត្រី​ជំនាន់​ក្រោយ​នោះឡើយ។ មិនមែន​មានតែ​​គណបក្ស​ប្រជាជន​កម្ពុជា​ទេ គណបក្ស​សង្គ្រោះ​ជាតិ​ក៏មាន​មន្ត្រី​ជំនាន់​ក្រោយ ជា​អ្នកនយោបាយ​ដែរ។ ជាច្រើន​ឆ្នាំ​មកហើយ មហាជន​ទូទៅ​បាន​និយាយ និង​ចង់ឃើញ​វត្តមាន​យុវជន​នៅ​ក្នុងការ​រចនាសម្ព័ន្ធ​ដឹកនាំ​ប្រទេស ដែល​ពួកគេ​ហៅថា ជាការ​បន្តវេន​នោះ។ នៅពេលនេះ គេ​ឃើញ​មាន​ហើយ អ្នកនយោបាយ​វ័យក្មេង ទាំង​នៅក្នុង​រដ្ឋសភា និង​នៅក្នុង​រដ្ឋាភិបាល។ ដូច្នេះ យុវជន​ទាំងនោះ​នឹង​ក្លាយទៅជា​ផ្ទាំង​ស៊ី​ប​របស់​ម្ចាស់ឆ្នោត ដែល​នឹងត្រូវ​វាយតម្លៃ​ការងារ​របស់​ពួកគេ។

ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា
ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ©ចាន់ណា
ផ្សាយពាណិជ្ជកម្ម

អ្វីដែល​ជាការ​ចង់ឃើញ​របស់​ម្ចាស់ឆ្នោត ឬ​ពលរដ្ឋ​ខ្មែរ​ទូទៅ​តាំងពី​យូរ​មកហើយ​នោះ គឺ​វត្តមាន​​យុវជន​ជំនាន់​ក្រោយ​នៅក្នុង​ឆាកនយោបាយ យុវជន​នៅក្នុង​ក្រសួង​របស់​រដ្ឋាភិបាល​ជាដើម។ ដោយសារតែ​កម្ពុជា​ត្រូវបាន​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ជា​រៀងរហូត តាំងពីដើម​ទស្សវត្ស៨០ រហូតមកដល់​ពេលនេះ ពលរដ្ឋ​ខ្មែរ​បានលឺ​តែ​ឈ្មោះ​មន្ត្រី និង​សមាជិក​រដ្ឋាភិបាលដដែលៗក្នុង​រយៈពេល​ជាង៣០ឆ្នាំ​មកនេះ។

ការ​ទន្ទឹង​ចង់ឃើញ និង​ចង់​បានអោយ​យុវជន​មក​ធ្វើ​ការងារ​ជំនួស​មនុស្ស​ចាស់ បានធ្វើ​ឲ្យ ពលរដ្ឋ​មួយចំនួនធំ វិនិច្ឆ័យ​ជា​លក្ខណៈ​អត្តនោម័ត ដាក់​ក្តីសង្ឃឹម​ដោយ​គ្មាន​រារែក ថា​យុវជន​នឹង​ប្រាកដជា​ពាំនាំ​ចំណេះដឹង​ថ្មី របៀប​ធ្វើការ​ថ្មី ក្នុង​គោលដៅ​អភិវឌ្ឍន៍​​ប្រទេស​ឲ្យ​បាន​ជឿនលឿន ប្រកបដោយ​តម្លាភាព គណនេយ្យភាព។

ឥឡូវនេះ ការទន្ទឹងរង់ចាំ​នោះ បានមក​ដល់​ហើយ។ ទាំង​គណបក្ស​ប្រជាជន​កម្ពុជា និង​ទាំង​គណបក្ស​សង្គ្រោះ​ជាតិ ពួកគេ​សុទ្ធ​តែមាន​សមាជិក អាយុ​ក្រោម៤០ឆ្នាំ ជា​សមាជិក​រដ្ឋសភា។ ហើយក៏​មាន​ដែល​សមាជិក​រដ្ឋសភា​ដែលមាន​អាយុ​ក្រោម៥០ឆ្នាំ ដែល​អាច​ចាត់ទុកថា ជា​វ័យ​ប្រកបដោយ​ថាមភាព​ក្នុងការ​បំពេញការងារ​បម្រើ​ម្ចាស់ឆ្នោត។

ដោយសារតែ​គណបក្ស​ស​ង្គ្រោះ​ជាតិ មាន​ត្រឹមតែ​សមាជិក​រដ្ឋសភា ចំនួន​យុវជន​ជំនាន់​ថ្មី​នៅក្នុង​ស្ថាប័ន​នយោបាយ​នេះ ក៏មាន​ចំនួន​តិច​នៅឡើយ។ ផ្ទុយទៅវិញ នៅក្នុង​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ឯណោះ​វិញ ដោយ​មិន​និយាយ​អំពី​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន វ័យ៣៣ឆ្នាំ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បានប្រកាស​ហើយ​អំពី​សមាសភាព​ថ្នាក់​អនុរដ្ឋលេខាធិការ​អាយុ​ក្រោម៣០ឆ្នាំ ថ្នាក់​រដ្ឋលេខាធិការ​អា​យុ​ក្រោម៤០ឆ្នាំ​ជាច្រើន​នោះ។ ប្រមុខ​រដ្ឋាភិបាល​ក៏បាន​ព្រលយ​ឲ្យ​ដឹងផង​ដែរ​អំពី​លទ្ធភាព ក្នុងពេល​ខាងមុខ នៃ​ការរុះរើ​សមាសភាព​ទាំងនេះ ដើម្បី​ដំឡើង​មន្ត្រី​ថ្នាក់​អនុរដ្ឋលេខាធិការ​ទៅ​ថ្នាក់​រដ្ឋលេខាធិការ និង​ពី​រដ្ឋលេខាធិការ​ទៅ​ថ្នាក់​រដ្ឋមន្ត្រី​នោះ ប្រសិនបើ​ពួកគេ​មាន​សមត្ថភាព​នោះ។

ដោយសារតែ​វា​ជាការ​ទន្ទឹងរង់ចាំ​ជា​យូរ​មកហើយ​នូវ​ឈាម​ថ្មី​ក្នុង​ការងាររដ្ឋបាល​សាធារណៈ មន្ត្រី​វ័យក្មេង​ទាំងនេះ ជាពិសេស​កូន​របស់​មេដឹកនាំ​កំពូល​ផង មិនអាច​ចៀសផុត​ឡើយ ពី​ការយកចិត្តទុកដាក់ និង​ការតាមដាន​ពី​ពលរដ្ឋ​ម្ចាស់ឆ្នោត ទៅលើ​ការ​ការបំពេញភារកិច្ច​របស់​ពួកគេ​នោះ។

ក្នុងន័យនេះ មន្ត្រី​វ័យក្មេង​ទាំងនេះ ហាក់​កំពុង​រង​នូវ​ការទទួលខុសត្រូវ​ខ្ពស់​មួយ ដែលមាន​លាយឡំ​នឹង​សម្ពាធ​​ផ្លូវចិត្ត​ពី​ពលរដ្ឋ​ម្ចាស់ឆ្នោត​ទៀតផង។ ពីព្រោះថា ពួកគេ​ត្រូវអនុវត្ត​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​ឲ្យ​បាន​ជោគជ័យ​ដើម្បី​កិត្តិនាម​ខ្លួនឯង​ផង ដើម្បី​ប្រជាប្រិយភាព​របស់​គណបក្ស​ផង និង​ដើម្បី​បម្រើ និង​ទទួលបាន​ការគាំទ្រ​ពី​ពលរដ្ឋ​ម្ចាស់ឆ្នោត​ផង។ ទន្ទឹមគ្នានេះ ឈ្មោះថា​ជា​យុវជន​ជំនាន់​ថ្មី ពួកគេ​គេ​ក៏ត្រូវ​មាន​របៀប​ធ្វើការ​ថ្មី​ដែរ។ ឧទាហរណ៍​ការចុះ​ជួបពិភាក្សា និង​ដោះស្រាយ​បញ្ហា​អោយ​ពលរដ្ឋ ដោយ​មិន​ផ្តោត​ជាសំខាន់​​ទៅលើ​ការចែក​អំណោយ​នោះ។

តាមពិតទៅ ត្រង់​ការអនុវត្តន៍​​របៀប​ធ្វើការ​ខ្លួនឯង​នេះហើយ ​ដែល​វា​ជា​ការ​លំបាក​របស់​យុវជន​តំណាងរាស្ត្រ និង​យុវជន​ជា​សមាជិក​រដ្ឋាភិបាល​នោះ។ ពីព្រោះ ពួកគេ​ត្រូវ​ស្ថិតនៅ​ចំ​កណ្តាល​នៃ​ការអនុវត្តន៍​​បញ្ជា​ថ្នាក់លើ​ដែលជា​មនុស្ស​ចាស់ និង​ការទាមទារ​សិទ្ធិសេរីភាព​ក្នុង​បញ្ចេញ​គំនិត​ផ្ទាល់ខ្លួន ក្នុងពេល​បំពេញភារកិច្ច។

គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ដឹកនាំ​រដ្ឋាភិបាល និង​បាន​បញ្ចូល​មនុស្ស​ជំនាន់​ថ្មី​ច្រើន​ចូលទៅក្នុង​ក្រសួង​នានា​នោះ ក៏​ប្រឈម​នឹង​ការវាយតម្លៃ​ពី​ពលរដ្ឋ​ដ៏​ស្រួចស្រាវ​ដែរ។ ការបញ្ចូល​មនុស្ស​ជំនាន់​ថ្មី​ទៅក្នុង​ប្រព័ន្ធ​រដ្ឋបាល​របស់​ប្រទេស​ដែល​ខ្លួន​ដឹកនាំ​នេះ ត្រូវបាន​គេ​មើលឃើញថា វា​គឺជា​កំណែទម្រង់​របស់​គណបក្ស​នេះ ដែល​បាន​ធ្លាក់​ប្រជាប្រិយភាព​យ៉ាងខ្លាំង​ហើយ​នោះ។ ដូច្នេះ ប្រសិនបើ ពលរដ្ឋ​មិនអាច​មើលឃើញ​លទ្ធផល​ការងារ​ដ៏​ប្រសើរ​នោះទេ វា​នឹងមាន​ការវាយតម្លៃ​កាន់តែ​មិនល្អ​ចំពោះ​សមត្ថភាព​របស់​គណបក្ស​ដែលមាន​វ័យ​ចំណាស់​ជាងគេ​នេះ ហើយ​វា​ក៏​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កេ​រ្តិ៍ឈ្មោះ​​របស់​សមាសភាព​​យុវជន​ជំនាន់​ក្រោយ​ទៀតផង។
 

តាមពិតទៅ ការដាក់បញ្ចូល​ក្រុមយុវជន​ជំនាន់​ថ្មី​ទៅក្នុង​រចនាសម្ព័ន្ធ​រដ្ឋា​ភិ​បាល វា​គ្រាន់តែ​ជា​ជ្រុង​មួយ​នៃ​កំណែទម្រង់ ហើយ​វា​ក៏​អាចជា​ការចាប់ផ្តើម​ការ​ហ្វឹកហាត់​មនុស្ស​ជំនាន់​ថ្មី​របស់​គណបក្ស​នេះដែរ។ ប្រសិនបើ គណបក្ស​ប្រជាជន​កម្ពុជា​ចង់​ស្តារ​ប្រជាប្រិយភាព​នោះ គឺ​កំណែទម្រង់​ស៊ីជម្រៅ​លើ​ប្រព័ន្ធយុត្តិធម៌ ការប្រឆាំង​អំពើពុករលួយ កាត់បន្ថយ​គម្លាត​រវាង​អ្នកមាន​និង​អ្នកក្រ​ឯណោះ​ទេ ដែល​គណបក្ស​នេះ​ត្រូវអនុវត្ត​ឲ្យ​បាន ដោយ​រួមផ្សំ​នឹង​ការ​ផ្តល់​ឱកាស និង​សិទ្ធ​សេរីភាព​ឲ្យ​សមាជិក​ថ្មី​បាន​បញ្ចេញស្នាដៃ​ដោយ​គំនិត​ផ្ទាល់​របស់​ពួកគេ​ផង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ