អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

កម្ពុជា​គួរ​ព្យាយាម​កាត់​បន្ថយ​បំណុល​បរទេស​ដើម្បី​បញ្ចៀស​ហានី​ភ័យ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

បំ​ណុល​​បរទេស​​របស់​​កម្ពុ​ជា​​គ្មាន​អ្វី​​ជា​​អាថ៌កំ​បាំង​​ទៀត​ឡើយ។​​របាយការណ៍​​របស់​​ធ​នាគារ​​អភិវឌ្ឍន៍​អាស៊ី​(​ADB​)​​ក៏​ដូច​ជា​​ធនា​គារ​​ពិភព​លោក​​ដែរ​​បាន​​បង្ហាញថា បច្ចុប្បន្ន កម្ពុជា​ជំពាក់​បំណុល​បរទេស​ប្រហាក់ប្រហែល ៥០០០ លាន​ដុល្លារ​ឬ​ស្មើ​ប្រហែលជា ៣២ ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប ( GDP) ។ ទោះជា​អ្នកជំនាញ​អះអាងថា​បំណុល​នេះ​មិនទាន់​ជា​ក្តី​ព្រួយបារម្ភ​ខ្លាំង​ក៏ដោយ ក៏​កម្ពុជា​គួរ​ព្យាយាម​កាត់បន្ថយ​ការខ្ចី​បុល​គេ​ឲ្យ​នៅក្នុង​កម្រិត​ទាប​បំផុត​តាម​ដែល​អាច​ធ្វើបាន​ពីព្រោះ​ស្ថានការណ៍​បច្ចុប្បន្ន ហា​នី​ភ័យ​នៃ​បំណុល​មាន​កម្រិត​កាន់តែ​ខ្ពស់។  

កិច្ចប្រជុំ​សម្របសម្រួល​រវាង​ដៃគូ​អភិវឌ្ឍន៍ (ម្ចាស់ជំនួយ) ជាមួយ​រដ្ឋាភិបាល
កិច្ចប្រជុំ​សម្របសម្រួល​រវាង​ដៃគូ​អភិវឌ្ឍន៍ (ម្ចាស់ជំនួយ) ជាមួយ​រដ្ឋាភិបាល RFI/Bona Pen
ផ្សាយពាណិជ្ជកម្ម

បច្ចុប្បន្ននេះ អ្វីៗហាក់ដូចជា​លែង​ទៀងទាត់​ទៀតហើយ។ កុំថាឡើយ​តែ​អាកាសធាតុ​ដែល​ប្រែប្រួល​មិនអាច​ស្មាន​បាន តែ​សូម្បី​បញ្ហា​សង្គម និង​សេដ្ឋកិច្ច​ក៏​អាច​មានរឿង​មិនគួរ​ឲ្យ​ជឿ​កើតឡើង​បានដែរ។ តើ​អ្នកណា​អាច​នឹកគិត​ស្មានថា សហរដ្ឋអាមេរិក​និង​បណ្តា​ប្រទេស​អឺរ៉ុប​ដែល​សុទ្ធសឹង​ជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច និង​ល្បីល្បាញ​ខាង​ការអភិវឌ្ឍន៍ តែ​ទីបំផុត​បានក្លាយ​ជា​ប្រទេស​ជំពាក់​បំណុល​គេ​វ័ណ្ឌក​ទៅវិញ?

នៅពេលដែល​ពិភពលោក​កំពុង​គ្របដណ្តប់​ដោយ​វិបត្តិ​បំណុល បញ្ហា​ខ្ចីបុល​បរទេស​ក៏​ជា​ប្រធានបទ​ក្តៅ​មួយ​ដែរ​សម្រាប់​កម្ពុជា។ យោងតាម​របាយការណ៍​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី​ក៏ដូចជា​ធនាគារពិភពលោក​ដែរ បច្ចុប្បន្ន កម្ពុជា​កំពុង​ជំពាក់​បំណុល​គេ​ប្រហាក់ប្រហែល ៥ ០០០ លាន​ដុល្លារ ឬ​ស្មើ ៣២ ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP) ។ និយាយ​ឲ្យ​ស្រួល​ស្តាប់​ជាង​នេះ ពលរដ្ឋ​ខ្មែរ​ម្នាក់​រាប់​តាំងពី​ទារក​ដែល​ទើបនឹង​កើតមាន​បំណុល​ជាប់​ខ្លួន​ប្រមាណ​ជាង ៣០០ ដុល្លារ​ជាស្រេច។

យ៉ាងណាក៏ដោយ ក្រុម​អ្នកជំនាញ​សេដ្ឋកិច្ច​អះអាងថា កម្ពុជា​មិនទាន់មាន​គ្រោះថ្នាក់​រឿង​បំណុល​នៅឡើយ​ទេ​ដោយសារតែ​បំណុល​នេះ​ស្ថិតក្នុង​កម្រិត​ដែល​អាច​សង​បាន។ ម្យ៉ាងទៀត បំណុល​កម្ពុជា​ភាគច្រើន​ជា​បំណុល​ដែលមាន​អត្រា​ការប្រាក់​ទាប​គឺ​ចន្លោះ​ពី១ទៅ១,៥ភាគរយ​តែប៉ុណ្ណោះ​ក្នុង​មួយឆ្នាំ ហើយ​ជា​បំណុល​ដែល​អាច​សង​ក្នុង​រយៈពេល​វែង​ថែមទៀត។

តាម​ទ្រឹស្តី​សេដ្ឋកិច្ច ការ​បង្វិល​លុយ​ចុះឡើង​គឺជា​សញ្ញា​ល្អ​សម្រាប់​ដំណើរការ​លូតលាស់​នៃ​សេដ្ឋកិច្ច​ទៅវិញ​ទេ។ និយាយ​តាមបែប​ផ្សេង ការ​ជំពាក់​បំណុល​គេ​ជា​រឿង​ធម្មតា​ទេ​ក្នុង​ពិភព​អ្នកជំនួញ ក៏ដូចជា​សម្រាប់​ប្រទេសមួយ​ដែរ ជាពិសេស​ប្រទេស​តូច​និង​ក្រីក្រ​ដូច​កម្ពុជា​ដែល​ទើប​ងើប​ពីរ​បប​ខ្មែរក្រហម ចាំបាច់​ត្រូវ​លុយ​ដើម្បី​កសាង​ប្រទេស​ឡើងវិញ​គ្រប់​វិស័យ។ ដូច្នេះ ការខ្ចី​បុល​ពី​បរទេស​សម្រាប់​គោលដៅ​អភិវឌ្ឍន៍​ជា​រឿង​ដែល​មិនអាច​ចៀសវាង​បាន។

ប៉ុន្តែ ដោយហេតុថា បច្ចុប្បន្ននេះ អ្វីៗហាក់ដូចជា​ប្រែប្រួល​លែង​ទៀងទាត់​អស់​ទៅហើយនោះ ការបញ្ជៀ​សហា​នី​ភ័យ​គឺជា​រឿង​ដែល​គ្រប់គ្នា​ត្រូវ​គិតគូរ​ឲ្យ​បាន​ខ្លាំង​បំផុត ជាពិសេស​ទាក់ទិន​នឹង​បញ្ហា​បំណុល​នេះ​តែម្តង។ មាន​មធ្យោបាយ​ច្រើនយ៉ាង​ដែល​កម្ពុជា​អាច​កាត់បន្ថយ​ការខ្ចី​បុល​បរទេស​បាន។ មធ្យោបាយ​សំខាន់​ទី១គឺ​ការបង្កើន​ចំណូល​ក្នុងស្រុក​តាមរយៈ​ការប្រមូល​ពន្ធ​និង​ចំណូលផ្សេងៗរបស់​រដ្ឋ​ឲ្យ​មាន​តម្លាភាព​និង​ប្រសិទ្ធភាព និង​ទី២គឺ​ការលុបបំបាត់​អំពើពុករលួយ​តាមរយៈ​ការបិទ​ខ្ទប់​រន្ធ​ធ្លុះធ្លាយ​ទាំងឡាយ​កុំ​ឲ្យ​ប្រាក់ចំណូល​រដ្ឋ​ហូរ​ចូលទៅក្នុង​ហោប៉ៅ​បុគ្គល។ រីឯ​ការប្រើប្រាស់​ប្រាក់កម្ចី​បរទេស​ទៀតសោត​ក៏ត្រូវ​ឲ្យ​ចំ​គោលដៅ​និង​មាន​ប្រសិទ្ធភាព​ខ្ពស់បំផុត​ដែរ។

បច្ចុប្បន្ននេះ រដ្ឋាភិបាល​កំពុង​ខិតខំ​ធ្វើ​កិច្ចការ​ទាំងនេះហើយ ប៉ុន្តែ វិធានការ​នានា​នៅ​មិនទាន់មាន​ប្រសិទ្ធភាព​នៅឡើយ។ ចំណូល​ថវិការដ្ឋ​នៅតែ​ធ្លុះធ្លាយ​ហូរ​ចូល​ហោប៉ៅ​របស់​មន្ត្រី​ពុករលួយ​យ៉ាងច្រើន។ និយាយ​ពី​ការបង់ពន្ធ នៅលើ​លោក​នេះ​គ្មាន​ប្រជាពលរដ្ឋ​ណា​ម្នាក់​សប្បាយ​ចិត្តនឹង​ការបង់ពន្ធ​ឡើយ ជាពិសេស​ទៅទៀត​ប្រសិនបើ​ការបង់ពន្ធ​នោះ​ហាក់ដូចជា​គ្មាន​តម្លាភាព​គ្រប់គ្រាន់​ថែមទៀត​នោះ។

នៅ​កម្ពុជា អ្វីដែល​ធ្វើ​ឲ្យ​អ្នក​បង់ពន្ធ​មិនសូវមាន​ទឹកចិត្ត​ក្នុងការ​ចូលរួម​នោះ​គឺ​រដ្ឋ​នៅតែ​ក្រីក្រ​ពឹង​ផ្អែ​ល​លើ​បំណុល​បរទេស​យ៉ាងខ្លាំង​ខណៈដែល​មន្ត្រី​ដែល​ធ្វើការ​កន្លែង​រក​ប្រភព​ចំណូល​ឬ​ហៅថា​កន្លែង​ខ្លាញ់​នៅតែ​សើម​មាត់​និង​អាច​បង្កើន​ទ្រព្យសម្បត្តិ​របស់ខ្លួន​យ៉ាង​ឆាប់រហ័ស​ដដែល។ នេះ​ស​បញ្ជាក់ថា ប្រាក់ចំណូល​ថវិការដ្ឋ​ពិតជា​បាន​ហៀរ​ចូលក្នុង​ហោប៉ៅ​បុគ្គល​ឯកជន​យ៉ាងពិត​ប្រាកដ។

គេ​ពិតជា​ធ្លាប់បាន​លឺ​ពាក្យ​និយាយ​កំប្លែង​គួរ​ឲ្យ​ហួសចិត្ត​មួយ​នោះ​គឺ នៅពេល​ដែលមាន​ពិធី​ចុះហត្ថលេខា​ខ្ចីប្រាក់​ពី​បរទេស​ឬ​ពី​ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិម្តងៗ មន្ត្រី​ខ្មែរ​ដែលជា​អ្នកចុះហត្ថលេខា​ខ្ចីលុយ​ពី​គេ​ជិះ​រថយន្ត​ល្អ​ជាង​ម្ចាស់ជំនួយ​ដែល​ឲ្យ​ខ្ចីលុយ​ទៅទៀត។ បញ្ហា​នេះ​អាច​បញ្ជាក់បាន​ពី​ស្ថានភាព​ពិត​នៅ​កម្ពុជា​គឺ​កម្ពុជា​ជា​ប្រទេស​ក្រ​តែម​ន្ត្រី​ខ្មែរ​បែរជា​ហៀរ​គ្រប។
 

សរុប​មកវិញ ការកាត់បន្ថយ​បំណុល​បរទេស​គឺជា​រឿង​ចាំបាច់​ពីព្រោះ​អំណឹះតទៅ​បំណុល​ពិតជា​មាន​ហា​នី​ភ័យ​ខ្ពស់​គួរ​ឲ្យ​ព្រួយបារម្ភ​ណាស់។ កម្ពុជា​ត្រូវគេ​មើលឃើញថា​ពិតជា​មានលទ្ធភាព​អាច​កាត់បន្ថយ​ការពឹង​ពាក់​លើ​បំណុល​បរទេស​បាន​ប្រសិនបើ​រដ្ឋាភិបាល​អាច​ទប់​ស្កាត់​កុំ​ឲ្យ​ចំណូល​ថវិការដ្ឋ​ធ្លុះធ្លាយ​ចូល​ហោប៉ៅ​របស់​បុគ្គល​ឯកជន​តទៅទៀត​នោះ។ ផ្ទុយទៅវិញ ប្រសិនបើ​រដ្ឋាភិបាល​នៅតែមាន​អំណួត​ដោយសារតែ​អាច​ខ្ចីប្រាក់​គេ​បាន​តទៅទៀត​នោះ ថ្ងៃ​ណាមួយ​កម្ពុជា​អាច​នឹង​វ័ណ្ឌក​ដោយសារ​បំណុល​ជាមិនខាន៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ