ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 20/04 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 20/04 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 20/04 12h00 GMT
កម្ពុជា

ជនជាប់​ចោទ​ នួន​ ជា​ និង​ ខៀវ​ សំផន​ ក៏​ទទួល​ទេវតា​ឆ្នាំ​ថ្មី​ដែរ​

media  
ជនជាប់ចោទ លោក ខៀវសំផន(ឆ្វេង) និង លោក នួន ជា eccc

ខណៈដែល​ពលរដ្ឋ​ខ្មែរ​កាន់​ព្រះពុទ្ធសាសនា​ទូទាំងប្រទេស​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំថ្មី ជនជាប់ចោទ​ក្នុង​សំណុំរឿង ០០២ គឺ នួន ជា និង ខៀវ សំផន ក៏​ប្រារព្ធ​ពិធី​នេះ​ដូចគ្នា​ដែរ។ ពិធីសូត្រមន្ត​តាមបែប​ព្រះពុទ្ធសាសនា​និង​ការទទួល​ទេវតា​ឆ្នាំ​ថ្មី​ត្រូវបាន​ជនជាប់ចោទ​ទាំងពីរ​រៀបចំ​ធ្វើ​នៅក្នុង​មន្ទីរឃុំឃាំង​ដូច​ជនរងគ្រោះ​ក្នុង​របប​ខ្មែរក្រហម​ដែរ។ ក្រោយពី​ពិធីបុណ្យ​ចូលឆ្នាំថ្មី​គឺជា​ពេលវេលា​ដ៏​តឹងតែង​សម្រាប់​សាលាក្តី​ដោយសារ​វិបត្តិ​ថវិកា។

លោក នួន ជា និង ខៀវ សំផន ក៏​ជា​ពុទ្ធសាសនិកជន​ដ៏​សកម្ម​ផងដែរ ហើយ​អ្នក​ទាំងពីរ​ក៏បាន​រៀបចំ​ពិធីបុណ្យ​ចូលឆ្នាំ​ទទួល​ទេវតា​ឆ្នាំ​ថ្មី​ដូច​ពលរដ្ឋ​ខ្មែរ​ទូទៅ​ដែរ។ នេះ​បើ​យោងតាម​ការអះអាង​រប​ស់លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម​ដែល​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​ពុធ​ទី ១៦ មេសា​នេះ​ដែលជា​ថ្ងៃ​ចុងក្រោយ​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ។

 
អ្នកនាំពាក្យ​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា ជនជាប់ចោទ​ទាំងពីរ​ជាពិសេស​លោក នួន ជា បងធំ​ទី២នៃ​របប​ខ្មែរក្រហម​ជា​ពុទ្ធសាសនិកជន​ដ៏​សកម្ម។ លោក នួន ជា ចេះ​សូត្រធម៌​យ៉ាង​ស្ទាត់​ហើយ​តែង​សុំ​សីល​និង​ប្រារព្ធ​ពិធី​សាសនា​មិនដែល​ខាន​នៅ​រៀងរាល់​ពិធីបុណ្យធំៗដូចជា​ភ្ជុំបិណ្ឌ​និង​ចូលឆ្នាំថ្មី​ជាដើម។ សម្រាប់​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ឆ្នាំនេះ អតីត​មេដឹកនាំ​ជាន់ខ្ពស់​ខ្មែរក្រហម​ទាំងពីរ​ដែល​ជាប់ចោទ​ពីបទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ និង​បទ​ប្រល័យពូជសាសន៍​ដ៏​រង្គាល​នោះ​ក៏​ប្រារព្ធ​ពិធី​សាសនា​និង​ទទួល​ទេវតា​ឆ្នាំ​ថ្មី​ដូច​គេឯង​ដែរ។

ការ​និមន្ត​ព្រះសង្ឃ​សូត្រមន្ត​តាមបែប​ព្រះពុទ្ធសាសនា​បាន​ប្រារព្ធ​ធ្វើ​តាំងពី​ថ្ងៃទី៤មេសា​ម្ល៉េះ​នៅក្នុង​មន្ទីរឃុំឃាំង​របស់​សាលាក្តី​ដោយមាន​សាច់ញាតិ​ជនជាប់ចោទ​ចូលរួម​ផងដែរ។ បន្ទាប់មក​ជនជាប់ចោទ​ទាំងពីរ​ក៏មាន​ដ​ង្វា​យ​សម្រាប់​ទទួល​ទេវតា​ឆ្នាំ​ថ្មី​ដែរ។ លោក នេត្រ ភក្ត្រា ឲ្យ​ដឹង​ទៀតថា សាលាក្តី​គោរព​យ៉ាង​ពេញលេញ​នូវ​សិទ្ធិ​ខាង​ជំនឿ​សាសនា​របស់​ជនជាប់ចោទ​និង​តែង​បង្កលក្ខណៈ​ងាយស្រួល​ដល់​ពួកគេ​ក្នុងការ​ប្រារព្ធ​ពិធីផ្សេង។

បើ​យោងតាម​អ្នកនាំពាក្យ​ដដែល បន្ទាប់ពី​ពិធីបុណ្យ​ចូលឆ្នាំ​នេះ​ទៅ សាលាក្តី​ខ្មែរក្រហម​មាន​កិច្ចការ​សំខាន់​ពីរ​ចំពោះមុខ​គឺ​ទី១ត្រូវ​ព​ន្លឿ​ន​ការសរសេរ​សាលក្រម​សំណុំរឿង ០០២ វគ្គ​ទី១ ដែល​គ្រោង​ប្រកាស​នៅ​ចុង​ឆមាស​ទី១នៃ​ឆ្នាំ ២០១៤នេះ។ ចំណែក​បេសកកម្ម​សំខាន់​ទី២គឺ​ការស្វែងរក​ថវិកា​ដើម្បី​ធានា​និរន្តរភាព​នៃ​ការងារ​របស់​ភាគី​កម្ពុជា។

សូមបញ្ជាក់ថា ចាប់ពី​ខែមេសា​នេះ​តទៅ សាលាក្តី​គ្មាន​ថវិកា​សម្រាប់​បើកប្រាក់​ខែ​ឲ្យ​បុគ្គលិក​ជនជាតិខ្មែរ​ទៀតឡើយ។ ដូច្នេះ ក្រោយពី​ពិធីបុណ្យ​ចូលឆ្នាំថ្មី គឺជា​ពេលវេលា​ដ៏​តឹងតែង​សម្រាប់​សាលាក្តី​កាត់ទោស​អតីត​មេដឹកនាំ​ខ្មែរក្រហម​ដោយសារតែ​វិបត្តិ​ថវិកា៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ