អានតួអត្ថបទ
កម្ពុជា

ជន​ពិការ​គ្រោង​បង្កើត​អាជីវកម្ម​កែ​ច្នៃ​ផលិតផល​កសិកម្ម​

មជ្ឈមណ្ឌល​ជីវិត​រស់នៅ ដោយ​ឯករាជ្យ​នៃ​ជនពិការ​ភ្នំពេញ​ គ្រោង​នឹង​បង្កើត​អា​ជីវកម្ម​ផលិតផល​កែច្នៃ​កសិកម្ម​មួយ ដើម្បី​បង្កើត​ការងារ​ជូន​ជនពិការ។ ក្នុង​ពិធី​សម្ពោធ​​គម្រោង​ការ​លើកកំពស់​ការងារ​ជនពិការ ​​ព្រឹក​ថ្ងៃ​ទី​៤ មិថុនា​នេះ ​​នៅឯ​សណ្ឋាគារ អ៊ិន​ធឺ​កុង​ទី​ណុង​តា​ល់ ប្រធាន​អង្គការ​ជន​ពិការ បាន​លើក​ឡើង​ថា អាជីវកម្ម​នេះ នឹង​អាច​ផ្តល់​សិទ្ធ​អំណាច ដល់​ជនពិការ និង​កាត់​បន្ថយ​ភាពក្រីក្រ។

ពិធីសម្ពោធគម្រោងការលើកកម្ពស់សិទ្ធិ និងការងារដល់ជនពិការ
ពិធីសម្ពោធគម្រោងការលើកកម្ពស់សិទ្ធិ និងការងារដល់ជនពិការ RFI
ផ្សាយពាណិជ្ជកម្ម

អាជីវកម្ម​កែច្នៃ​ផលិតផល​កសិកម្ម ជាបង្អែម​ផ្លែឈើ​ពី​អង្គការ​ជនពិការ​មួយ នឹង​ចាប់ផ្តើម​ដំណើរការ​​ចាប់ពី​ខែកក្កដា​ខែក្រោយ​នេះ​តទៅ។ នេះ​បើតាម​ការបញ្ជាក់​ពី​មជ្ឈមណ្ឌល​ជីវិត​រស់​នៅ ​ដោយ​​ឯករាជ្យ​នៃ​ជនពិការ​ភ្នំពេញ។ 

ថ្លែង​នៅក្នុង​ពិធី​សម្ពោធ​គម្រោងការ​លើកកម្ពស់​សិ​ទ្ធិ និង​ការងារ​ដល់​ជនពិការ លោក ម៉ី សាម៉ីត នាយក​ប្រតិ​ប​ត្ត​នៃ​មជ្ឈមណ្ឌល បាន​លើក​ឡើង​ថា​ អាជីវ​កម្មនេះ អាជីវកម្ម​ដែលមាន​ជំនួយ​​ទាំង​បច្ចេកទេស និង​ជំនាញ រួមទាំង​ថវិកា​ពី​ប្រទេស​​ជប៉ុន​​នេះ គឺ​នឹង​បង្កើត​ការកែច្នៃ​ផលិតផល​​កសិកម្ម ដូចជា​ធ្វើ​ដំណាប់ ផ្លែឈើ​ស្ងួត បង្អែម និង​ទឹក​ផ្លែឈើ​ជាំ​ដើម។ លោក​បាន​បន្តថា គម្រោង​អាជីវកម្ម​​នឹង​ប្រើប្រាស់​តែ​កម្លាំង​ពលកម្ម​​​ជនពិការ​តែប៉ុណ្ណោះ។

លោកនាយក​ប្រតិបត្តិ​ដែលជា​ជនពិការ​រូបនេះ បាន​រំពឹងទុក​ថា គម្រោង​អាជីវកម្ម​កែច្នៃ​នេះ នឹង​អាចឱ្យ​ជនពិការ​មានការ​ងារ​ធ្វើ និង​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​នៅ​កម្ពុជា​ផងដែរ។ បើតាម​លោក​ម៉ី សា​ម៉ី​ត ជនពិការ​ដែល​នឹង​ទទួលបាន​ផលប្រយោជន៍​ផ្ទាល់​និង​ប្រយោល គឺ​មាន​​ប្រមាណ​ជាង១ពាន់​នាក់។ សូមបញ្ជាក់ថា គម្រោង​អាជីវ​កម្មនេះ គឺ​បានចាប់ផ្តើមបង្កើត​ កាល​ពី​​ខែមីនា​ឆ្នាំ២០១៤ ដល់​ទៅ ខែកុម្ភៈ​ឆ្នាំ២០១៧ ។ គម្រោង​រយៈពេល​បី​ឆ្នាំនេះ នឹង​ចំណាយ​​ជា​ទឹកប្រាក់​ប្រមាណ​ជិត៦១ម៉ឺន​ដុល្លារ​អាមេរិក។

ថ្លែង​ទៅកាន់​អ្នកចូលរួម​ប្រមាណ​ជាង ៥០នាក់​ដែល​រួមមាន​ទាំង​ជនពិការ​ផង​នោះ រដ្ឋ​លេខា​ធិការ​​​ក្រសួង​សង្គមកិច្ច លោក សែម សុខា​បាន​លើកឡើងថា គម្រោង​បង្កើត​ការងារ​ដល់​ជនពិការ​នេះ គឺជា​ចលនា​ពង្រឹង​ពិការភាព​ក្នុងប្រទេស​កម្ពុជា​ឱ្យ​កាន់តែ​រឹង​មាំ តាមរយៈ​ការ​បង្កើត​​ប្រព័ន្ធ​សេវា​ជំនួយ​ខ្លួនឯង។ ពោលគឺ ​​ផ្តល់ឱកាស​ដល់​ជនពិការ​អាចធ្វើ​ការសម្រេច​ដោយ​ឯករាជ្យ​របស់ខ្លួន​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​សំដៅ​ជំរុញឱ្យមាន​ការផ្លាស់ប្តូ​រ​ជា​វិជ្ជមាន ​​មកលើ​ជនពិការ និង​លុបបំបាត់​ជាបណ្តើរៗនូវ​ការរើសអើង និង​ឧបសគ្គ​រារាំង​ទាំងឡាយ។ នេះ​បើ​តាម​​​ការបញ្ជាក់​ពី​លោក សែម សុខា ដដែល។

យោងតាម​ជំរឿន​ទូទៅ​ប្រជាសាស្ត្រ​ឆ្នាំ២០០៨ កម្ពុ​ជាមាន​ជនពិការ​ប្រមាណ​ជាង ១៩​ម៉ឺន​២ពាន់​​នាក់ ដែល​ស្មើនឹង១, ៤៤% នៃ​ចំនួន​ប្រជាជន​សរុប។ ជនពិការ​ទូទៅ​នៅ​កម្ពុជា​ត្រូវបាន​គេ​មើលឃើញថា ពួកគេ​កំពុងតែជួបប្រទះ​នូ​ការលំបាក​ ​​ក្នុងការ​ស្វែងរក​ការងារ​ធ្វើ ការ​ធ្វើ​ដំណើរ​ ឱកាស​ចូលរួម និង​ទទួលរង​នូវ​ការរើសអើង ដាច់ដោយឡែក​ពី​មនុស្ស​ទូទៅ។

បើទោះបីជា​បែបណាក៏ដោយ តំណាង​មូ​និ​ធិ​​របស់​ជប៉ុន បាន​ស្នើឱ្យ​រដ្ឋាភិបាល​ក​ម្ពុ​ជា​ជួយ​គាំពារ និង​ផ្តល់​ចំណេះ​ជំនាញ​វិជ្ជាជីវៈ​ទៅដល់​ជនពិការ​ដើម្បី​ធានាបាន​នូវ​កិច្ច​ដំណើរ​និរន្ត​ភាព​នៃ​អាជីវកម្ម​របស់​ជនពិកា​រ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ