អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

បេសកកម្ម របស់​អ្នក​រាយការណ៍ ស្តី​ពី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​!​

ចុះផ្សាយ​នៅ​ថ្ងៃ៖

និយាយ​ពី​អ្នក​រាយការណ៍​ពិសេស របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា គេ​ប្រាកដ​ជា​នឹក​ឃើញ ដល់​បេសកកម្ម​ជា​បន្ត​បន្ទាប់​របស់​បេសសកជន​ពិសេស​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា។ គឺ​ជា​បេសកកម្ម​ដែល​ពេល​ខ្លះ​លាយ​ឡំ​ដោយ​ការ​ប្រឈមមុខ​ដាក់​គ្នា​ដ៏​តានតឹង រវាង​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ និង​អ្នក​រាយការណ៍​សិទ្ធិ​មនុស្ស របស់​សហប្រជាជាតិ។ តើ​វត្តមាន​របស់​អ្នក​រាយការណ៍ ពិសេស​ខាង​សិទ្ធិមនុស្ស និង​ការិយាល័យ​របស់​ឧត្តម​ស្នងការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុ​ជា មាន​ប្រវត្តិ និង​បេសសកម្ម​ដូចម្តេច​ខ្លះ?

​សន្និសីទរបស់អ្នក​រាយការណ៍​ពិសេស អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ នៅ​កម្ពុជា។
​សន្និសីទរបស់អ្នក​រាយការណ៍​ពិសេស អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ នៅ​កម្ពុជា។ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

អ្នករាយការណ៍​ពិសេស គឺជា​អ្នកជំនាញការ​ឯករាជ្យ ដែល​តែងតាំង​ដោយ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​​អង្គការសហប្រជាជាតិ ដើម្បី​តាមដាន​និង រាយការណ៍​ស្តី​ពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ អ្នករាយការណ៍​ពិសេស​មិនមែនជា​សមាជិក​នៃ​បុគ្គលិក​អង្គការ​សហប្រជាជាតិ និង​មិន​ទទួល​ប្រាក់បៀវត្ស​ពី​អង្គការសហប្រជាជាតិ​ទេ ហើយក៏​មិន​ធ្វើការ​ឲ្យ​រដ្ឋាភិបាល ឬ​ក្រុម​ណាមួយ​ដែរ ។

 
ភារកិច្ច​របស់​អ្នករាយការណ៍​ពិសេស គឺ​វាយតម្លៃ​អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស រួចហើយ​រាយការណ៍​​ជា​សាធារណៈ អំពី​ស្ថានភាព​នោះ។ ជាទូទៅ អ្នករាយការណ៍​ពិសេស​ធ្វើការ​ជាមួយ​រដ្ឋាភិបាល សង្គម​ស៊ីវិល និង​អ្នក​ផ្សេងទៀត ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ នៅក្នុង​វិស័យ​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ អ្នក​រាយការណ៍​ពិសេស​ធ្វើ​ទស្សនៈកិច្ច ឬ​បំពេញ​បេសកកម្ម​​ជា​ទៀងទាត់​មកកាន់​ប្រទេស​កម្ពុជា និង​រាយការណ៍​ជា​ប្រចាំ​ឆ្នាំ អំពី​ស្ថានភាព​សិទ្ធិមនុស្ស ដល់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ។

អ្នក​រាយការណ៍​ពិសេស​បំពេញ​ការងារ ដោយ​មាន​ជំនួយ​ខាង​បរិក្ខារ និង​បច្ចេកទេស​ពី​ការិយាល័យ​ឧត្តម​ស្នងការ​សិទ្ធិមនុស្ស​សហប្រជាជាតិ(OHCHR )ប្រចាំ​កម្ពុជា។
អាណត្តិ​​នៃ​​អ្នករាយការណ៍​ពិសេស​ខាង​សិទ្ធិមនុស្ស របស់​អង្គការសហប្រជាជាតិ​នៅ​កម្ពុជា​កើត​ចេញ មកពី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ ១៩៩១។ (យោង​តាម​មាត្រា១៧ នៃ​ការ​ព្រមព្រៀង​ស្តីពី​ការសម្រុះសម្រួល​នយោបាយ​ដ៏​ទូលំទូលាយ​នៃ​ជម្លោះ​នៅ​កម្ពុជា និង មាត្រា៣ នៃ​ការព្រមព្រៀង​ទាក់ទិន​នឹង​អធិបតេយ្យភាព ឯករាជ្យភាព បូរណៈភាព​ទឹកដី អព្យាក្រឹតភាព ការបង្រួបបង្រួម​ជាតិ និង​ភាព​មិន​អាច​រំលោភបំពាន​បាន​របស់​កម្ពុជា)។

ចាប់ពី​ឆ្នាំ ១៩៩៣ រហូត​ដល់​ឆ្នាំ២០០៨ ភារកិច្ច​នេះ ត្រូវបាន​កាន់កាប់​ដោយ​អ្នកតំណាង​ពិសេស​នៃ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ដែល​ត្រូវ​បាន​តែងតាំង​ដោយ​លោក​អគ្គលេខាធិការ​​ផ្ទាល់​តែម្តង។ ប៉ុន្តែ ចាប់​ពី​ឆ្នាំ ២០០៨​មក អ្នក​តំណាង​ពិសេស​ត្រូវ​បាន​ផ្លាស់ប្តូរ​ទៅជា​អ្នករាយការណ៍​ពិសេស​វិញ ដោយ​យោង​តាម​ការ​វិវឌ្ឍ​នៃ​ស្ថានការណ៍​ជាក់ស្តែង និង​បន្ទាប់​ពី​មាន​កិច្ចចរចា​សម្របសម្រួល រវាង​រដ្ឋាភិបាល​កម្ពុ​ជា​ជាមួយ​អង្គការសហប្រជាជាតិ​ក្រោយ​កើត​មាន​បញ្ហា​ចម្រូងចម្រាស​ជាច្រើន។

ចាប់​តាំង​ពី​ឆ្នាំ ១៩៩៣ រហូត​មក​ដល់​បច្ចុប្បន្ន មាន​តំណាង​ពិសេស​និង​អ្នក​រាយការណ៍​ពិសេស​ខាង​សិទ្ធិមនុស្ស​របស់​សហប្រជាជាតិ​ចំនួន ៥នាក់​ហើយ​គឺ​លោក Michael Kirby ជនជាតិ​អូស្ត្រាលី (១៩៩៣ -១៩៩៦) ។ លោក Thomas Hammarbergជនជាតិ​ស៊ុយអែត( ១៩៩៦ -២០០០) ។ លោក Peter Leuprechtជនជាតិ​អូទ្រីស( ២០០០ -២០០៥) ។ លោក YashGhaiជនជាតិ​កេ​ន​យ៉ា (២០០៥-២០០៨) និង​លោក Surya Subediជនជាតិ​នេ​ប៉ាល់ ពី​ឆ្នាំ ២០០៩ រហូត​ដល់​បច្ចុប្បន្ន។

គួរ​កត់​សម្គាល់​ថា ការ​មិនចុះសម្រុង​គ្នា​រវាង​រដ្ឋាភិបាល​កម្ពុ​ជា​ជាមួយ​អ្នករាយការណ៍​ពិសេស​នៅក្នុង​ការ​វាយតម្លៃ​ស្ថានការណ៍​សិទ្ធិមនុស្ស គឺ​ជា​បញ្ហា​ដ៏​ធំ​មួយ។ ដោយសារ​បញ្ហា​នេះ​ហើយ បាន​ជា​ជា​រឿយៗ​រដ្ឋាភិបាល​ភ្នំពេញ បាន​បង្ហាញ​ចេតនា​មិន​ចង់​ឲ្យ​មាន​បេសសកម្ម​នេះ​តទៅទៀត​ទេ ក្រោម​ហេតុផល​ថា កម្ពុជា​ជា​រដ្ឋ​អធិបតេយ្យ​ដែល​គួរតែមាន​ស្វ័យភាព​គ្រប់គ្រាន់ ក្នុងការ​អនុវត្ត​គោលការណ៍​គោរព​សិទ្ធិមនុស្ស​ដោយ​ខ្លួនឯង។

ប៉ុន្តែ សម្រាប់​អង្គការ​សង្គម​ស៊ីវិល ក៏​ដូចជា​អ្នក​តាម​ដាន​បញ្ហា​សិទ្ធិមនុស្ស​ជា​ច្រើន​ទៀត វត្តមាន​នៃ​ការិយាល័យ​ឧត្តម​ស្នងការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា​ក៏​ដូចជា​វត្តមាន​របស់​អ្នករាយការណ៍​ពិសេស​ខាង​សិទ្ធិមនុស្ស​ដែរ​ពិត​ជា​មាន​សារសំខាន់​នៅក្នុង​បរិបទ​ដែល​ការរំលោភបំពាន​សិទ្ធិមនុស្ស​ជាច្រើន កំពុង​កើតឡើង​នៅឡើយ នៅក្នុង​ប្រទេស​នេះ។

សរុប​មកវិញ វត្ត​មាន​នៃ​អ្នករាយការណ៍​ពិសេស ស្តីពី​សិទ្ធិមនុស្ស​នៅ​កម្ពុជា រយៈពេល២០​ឆ្នាំ​មកនេះ បានបញ្ជាក់​ពី​កាតព្វកិច្ច​របស់​សហគម​ន៍​អន្តរជាតិ ក្នុងការ​តាមឃ្លាំមើល​ការគោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ ប៉ុន្តែ ការ​មិន​ចុះសម្រុង​គ្នា រវាង​រដ្ឋាភិបាល​កម្ពុ​ជា​និង​អ្នករាយការណ៍​ពិសេស​សហប្រជាជាតិ និង​ការមិន​ផ្តល់​តម្លៃ ដល់​បេសកកម្ម​នេះ​ពី​សំណាក់​រដ្ឋាភិបាល​ភ្នំពេញ បានធ្វើ​ឲ្យ​វត្តមាន​របស់​អ្នករាយការណ៍​ពិសេស​មិនសូវ​ជា​ផ្តល់​ប្រយោជន៍​ដល់​ការកែលម្អ​ស្ថានការណ៍​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ប៉ុន្មាន​ឡើយ។

ដូច្នេះ ទីក្រុង​ភ្នំពេញ និង​ញូវយ៉ក​គួរតែ​រិះរក​ភាពចុះ​សម្រុង​គ្នា​ឲ្យ​បានល្អ​ជាង​នេះ​ដើម្បី​ក្លាយជា​ដៃគូ​ពិតប្រាកដ​ក្នុង​ការ​លើកកម្ពស់​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ សូម​កុំភ្លេច​ថា ការ​លើក​ស្ទួយ​ការគោរព​សិទ្ធិមនុស្ស​នឹង​បានជា​ប្រយោជន៍ ដល់​ពលរដ្ឋ​ខ្មែរ​ទូទៅ​ផង​ក៏ដូចជា​លើកស្ទួយ​មុខមាត់ របស់​ប្រទេស​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ​ផង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ