អានតួអត្ថបទ
កម្ពុជា

សង្គម​ស៊ីវិល៖ យន្តការ​ដោះ​ស្រាយ​វិវាទ​ដី​ធ្លី​របស់​រដ្ឋាភិបាល មិន​ដំណើរ​ការ

យន្តការ​ដោះ​ស្រាយ​វិវាទ​ដី​ធ្លី​របស់​រដ្ឋាភិបាល មិន​ដំណើរ​ការ។ នេះ​ជា​ការ​លើក​ឡើង​របស់​តំណាង​អង្គការ​សង្គម​ស៊ីវិល​ ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​បញ្ហា​ដីធ្លី​នៅ​កម្ពុជា នៅ​ក្នុង​កិច្ច​ពិភាក្សា​ស្ដី​អំពី​ស្ថានភាព​សិទ្ធិ​ដី​ធ្លី និង​ទំនួល​ខុស​ត្រូវ​របស់​សាជីវកម្ម ដើម្បី​លើក​កម្ពស់​​សិទ្ធិ​មនុស្ស​។ កិច្ច​ពិភាក្សា​នេះ ធ្វើ​ឡើង​នៅព្រឹក​ថ្ងៃ​ចន្ទ​នេះ នៅ​​សណ្ឋាគារ​សាន់វ៉េ រាជធានី​ភ្នំពេញ ដោយ​មាន​ការ​ចូល​រួម​ពី​តំណាង​អង្គការ​សង្គម​ស៊ីវិល​ជា​ច្រើន រួម​ទាំង​ប្រជាសហគមន៍​រង​គ្រោះ​ដោយ​វិវាទ​ដី​ធ្លី​នៅ​តាម​ខេត្ត​ផ្សេង​ៗ​ផង​ដែរ​។

កិច្ច​ពិភាក្សា​ស្ដី​ពី​ស្ថានភាព​សិទ្ធិ​ដី​ធ្លី និង​ទំនួល​ខុស​ត្រូវ​របស់​សាជីវកម្ម ដើម្បី​លើក​កម្ពស់​សិទ្ធិ​មនុស្ស ថ្ងៃ​ទី​៣០​មិថុនា ឆ្នាំ​២០១៤
កិច្ច​ពិភាក្សា​ស្ដី​ពី​ស្ថានភាព​សិទ្ធិ​ដី​ធ្លី និង​ទំនួល​ខុស​ត្រូវ​របស់​សាជីវកម្ម ដើម្បី​លើក​កម្ពស់​សិទ្ធិ​មនុស្ស ថ្ងៃ​ទី​៣០​មិថុនា ឆ្នាំ​២០១៤ RFI/Rachna IM
ផ្សាយពាណិជ្ជកម្ម

បញ្ហា​ដី​ធ្លី​នៅ​កម្ពុជា គឺ​ជារឿង​ស្មុគស្មាញ និង​ចេះ​តែ​រីក​រាល​ដាល​ធំ​ឡើង​ៗ ជា​រៀង​រាល់​ថ្ងៃ​។ វិវាទ​ដី​ធ្លី​ខ្លះ អូស​បន្លាយ​ពេល​ជាង​២០​ឆ្នាំ​ហើយ នៅ​តែ​រក​ដំណោះ​ស្រាយ​មិន​បាន​ទៀត​។ ថា​អ្នក​ក្រ​ចុះ ត្រូវ​គេ​រំលោភ​យក​ដី ឬ​បណ្ដេញ​ចេញ​ពី​ទី​លំនៅ​របស់​ខ្លួន​។ អ្នក​មាន​ខ្លះ ក៏​ត្រូវ​រង​គ្រោះ​ដោយ​សារ​តែ​អ្នក​គ្មាន​ទី​លំនៅ ចូល​ទៅ​កាន់​កាប់​ដី​កម្មសិទ្ធិ​ទាំង​បំពាន​ដែរ​។ ទាំង​នេះ គឺ​ជា​ស្ថានភាព​វិវាទ​ដី​ធ្លី​នៅ​កម្ពុជា ដែល​តំណាង​អង្គការ​សង្គម​ស៊ីវិលបាន​លើក​ឡើង ​​នៅ​ក្នុង​កិច្ច​ពិភាក្សា​ស្ដី​ពី​ស្ថានភាព​សិទ្ធិ​ដី​ធ្លី និង​ទំនួល​ខុស​ត្រូវ​របស់​សាជីវកម្ម ដើម្បី​លើក​កកម្ពស់​សិទ្ធិ​មនុស្ស ដែលបាន​រៀប​ចំ​ឡើង​នៅ​សណ្ឋាគារ​សាន់វ៉េ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​៣០​មិថុនា​នេះ​។

 
វិវាទ​ដីធ្លី និង​បាតុកម្ម​តវ៉ា​រឿង​ដី​ធ្លី​ជា​ដើម បាន​បង្ហាញ​ឲ្យ​ឃើញយ៉ាង​ច្បាស់​​ថា យន្តការ​ដោះ​ស្រាយ​វិវាទ​ដី​ធ្លី​របស់​រដ្ឋាភិបាល​សព្វ​ថ្ងៃ មិន​មាន​​ដំណើរ​ការ​​​ឡើយ​។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក​ឡាត់ គី ប្រធាន​ផ្នែក​ដី​ធ្លី​នៃ​សមាគម​អាដហុក។

យោង​តាម​លោក​ឡាត់ គី ​ដដែល មូលហេតុ​ដែល​ធ្វើ​ឲ្យ​យន្តការ​ដោះ​ស្រាយ​វិវាទ​ដី​ធ្លី​របស់​រដ្ឋាភិបាល​មិន​ដំណើរ​ការ គឺ​ដោយ​សារ​តែ មន្ដ្រី​ដែល​មាន​តួនាទី​ដោះ​ស្រាយ អូស​បន្លាយ​ពេល​វេលា គេច​វេស ឬ​គ្មាន​ឆន្ទៈ​ដោះ​ស្រាយ​បញ្ហា​។ ហើយ​អ្វី​ដែល​សំខាន់​ជាង​នេះ​ទៅ​ទៀត​នោះ គឺ​អ្នក​នយោបាយ​បាន​យក​បញ្ហា​ដី​ធ្លីជា​ចំណាប់​ខ្មាំង ដើម្បី​ស្វែង​រក​ផល​ប្រយោជន៍​។

ដោយ​បាន​ស្វែង​យល់​ពី​បច្ចុប្បន្ន​ភាព​នៃ​​វិវាទ​ដី​ធ្លី​នៅ​កម្ពុជា ព្រម​ទាំង​បាន​ស្រាវ​ជ្រាវ​រក​ឃើញ​ថា យន្តការ​ដោះ​ស្រាយ​វិវាទ​ដី​ធ្លី​របស់​រដ្ឋាភិបាល​កម្ពុជា​មិន​ដំណើរ​ការ​ដូច្នេះ អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​បញ្ហា​ដី​ធ្លី ក៏​បាន​រៀប​ចំ​កិច្ច​ពិភាក្សា​នេះ​ឡើង។

កិច្ច​ពិភាក្សាពេញ​មួយ​ថ្ងៃ​​នេះ នឹង​រួម​គ្នា​​បង្កើត​ជា​អនុសាសន៍​រួម ដើម្បី​ឈាន​ទៅ​ដោះ​ស្រាយ​វិវាទ​ដែល​មាន​មិន​ចេះ​ចប់ ប្រកប​ដោយ​ប្រសិទ្ធភាព​នៅ​កម្ពុជា ដោយ​មាន​ការ​ចូល​រួម​ពី​តំណាង​អង្គការ​សង្គម​ស៊ីវិល ប្រជាសហគមន៍រង​គ្រោះ​ដោយ​សារ​វិវាទ​ដី​ធ្លី អ្នក​វិភាគ​សង្គម ទី​ប្រឹក្សា​ឯករាជ្យ ព្រម​ទាំង​តំណាង​នៃ​ការិយាល័យ​ឧត្តម​ស្នងការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ផង​ដែរ​។

សូម​ជម្រាប​ជូន​ផង​ដែរ​ថា កិច្ច​ពិភាក្សាស្ដី​​អំពី​ស្ថានភាព​សិទ្ធិ​ដី​ធ្លី និង​ទំនួល​ខុស​ត្រូវ​របស់​សាជីវកម្ម ដើម្បី​លើក​កម្ពស់​​សិទ្ធិ​មនុស្សនេះ​ សហការ​រៀប​ចំ​ដោយ គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម នៃ​អង្គការ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅ​ឋាន វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្ដី​ពី​កម្ពុជា និង​អង្គការ​ទស្សនៈពិភព​លោក World Vision៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ