អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

អង្ករ​កម្ពុជា ​ពិបាក​ប្រកួតប្រជែង​លើ​ទីផ្សារ​អន្តរជាតិ ​ដោយសារ​តែ​ថ្លៃ​ផលិត​ខ្ពស់

ចុះផ្សាយ​នៅ​ថ្ងៃ៖

កម្ពុជា​មាន​គោលដៅ​ចង់​ក្លាយ​ជា​ប្រទេស​នាំចេញ​អង្ករ​ដ៏ធំមួយ ហើយ​កម្ពុជា​ជា​ប្រទេស​ដែល​មាន​សក្តានុពល​ខ្ពស់​ក្នុងកា​រផលិតអង្ករ​សម្រាប់​នាំចេញ។ ក៏ប៉ុន្តែ ឧបសគ្គ​ដ៏​ធំមួយ ដែល​ធ្វើ​ឲ្យ​អង្ករ​កម្ពុជា​មាន​ការ​ពិបាក​ក្នុងការ​ជ្រៀតចូល​ទៅ​ក្នុង​ទីផ្សារ​អន្តរជាតិ គឺ​តម្លៃ ហើយ​អង្ករ​កម្ពុជា​មាន​តម្លៃ​ខ្ពស់​ជាង​គូប្រជែង គឺ​ដោយសារ​តែ​ថ្លៃ​ដើម​ក្នុងការ​ផលិត​មាន​កម្រិត​ខ្ពស់។ តើ​ហេតុអ្វី​បាន​ការ​ផលិត​អង្ករ​នៅ​កម្ពុជា​មាន​តម្លៃ​ថ្លៃ​បែបនេះ?

ប្រភេទអង្កររបស់កម្ពុជាដែលដាក់តាំងលក់នៅលើទីផ្សារ។
ប្រភេទអង្កររបស់កម្ពុជាដែលដាក់តាំងលក់នៅលើទីផ្សារ។ RFI/Siv Chana
ផ្សាយពាណិជ្ជកម្ម

ថ្លៃដើម​នៃ​ការ​ផលិត​អង្ករ​នៅ​កម្ពុជា​មាន​កម្រិត​ខ្ពស់​ គឺ​បណ្តាល​មក​ពី​កត្តា​ច្រើន​យ៉ាង ដែល​មាន​នៅ​ស្ទើរតែ​គ្រប់​សង្វាក់​ផលិតកម្ម ចាប់តាំង​ពី​ការ​ដាំដុះ​និង​ប្រមូលផល ការ​កិន​ជា​អង្ករ រហូត​ដល់​ការ​ដឹកជញ្ជូន​អង្ករ​ ដើម្បី​យក​ទៅលក់​នៅ​ក្រៅ​ប្រទេស។

 
បញ្ហា​ទីមួយ គឺ​ការចំណាយ​ទៅលើ​ការ​ទិញជី​ដាក់ស្រែ។ នៅ​ក្នុងការ​បង្កបង្កើនផល​ស្រូវ ការ​ចំណាយ​ប្រមាណ​​ពី ២៣% ទៅ ៣៧% គឺ​ចំណាយ​ទៅលើ​ជី ហើយ​បញ្ហា​ដែល​ចោទ​សម្រាប់​កម្ពុជា គឺ​​ជី​ខ្វះគុណភាព។ ការណ៍​ដែល​រដ្ឋាភិបាល​កំណត់​កូតា​លើ​ការនាំចូល​ជី​ពីបរទេស បូករួម​ជាមួយ​នឹង​កង្វះ​ប្រសិទ្ធភាព ឬ​អំពើ​ពុករលួយ​នៅ​ក្នុង​​ការ​ត្រួតពិនិត្យ​តាម​ច្រកព្រំដែន​ ធ្វើ​ឲ្យ​ជី​មួយ​ផ្នែក​ធំ ដែល​នាំចូល​មក​លក់​នៅលើ​ទីផ្សារ​កម្ពុជា គឺ​ជា​ជី​ក្លែងក្លាយ​ ឬ​ជី​ដែល​មាន​គុណភាព​អន់ តែ​មាន​តម្លៃ​ខ្ពស់។ ការទិញ​ប៉ះជី​ក្លែងក្លាយ ឬ​ជី​ដែល​គ្មាន​គុណភាព​នេះ គឺ​ជា​បន្ទុក​ដ៏ធ្ងន់មួយ ទៅលើ​ការ​ចំណាយ​​ក្នុងការ​ដាំស្រូវ។

បន្ទុក​ដ៏ធ្ងន់មួយ​ទៀត គឺ​តម្លៃ​ប្រេង ដែល​មាន​កម្រិត​ខ្ពស់ បើ​ធៀប​ទៅនឹង​ប្រទេស​ជិតខាង។ នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយសារ​តែ​​ការ​ខ្វះខាត​ប្រព័ន្ធ​ធារាសាស្រ្ត ការ​ស្រោចស្រព​ដីស្រែ​ត្រូវ​ពឹងផ្អែក​ខ្លាំង​លើ​ការ​ប្រើ​ម៉ាស៊ីនបូមទឹក ហើយ​ដោយសារ​តែ​ប្រេងថ្លៃ ការចំណាយ​លើ​​ការ​បូមទឹក​ស្រោចស្រព​ដីស្រែ​ក៏​ត្រូវ​មាន​កម្រិត​ខ្ពស់។

ម្យ៉ាងទៀត តម្លៃប្រេង​មិនមែន​គ្រាន់តែ​ជា​បន្ទុក​លើ​ការចំណាយ​ក្នុងការ​ដាំស្រូវ​​ប៉ុណ្ណោះទេ តែ​វា​ក៏​ជា​បន្ទុក​ដ៏​ធ្ងន់មួយ​ដែរ​ទៅលើ​ដំណើរ​ការ​កិនស្រូវ​ជា​អង្ករ​ នេះ​ក៏ដោយសារ​តែ​ប្រព័ន្ធ​ផ្គត់ផ្គង់​អគ្គិសនី​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​មាន​ការ​ខ្វះ​ខាត​ច្រើន​នៅឡើយ។ ថ្លៃ​អគ្គិសនី​មាន​កម្រិត​ខ្ពស់​ បើ​ធៀប​ទៅនឹង​ប្រទេស​ជិតខាង។ ឧទាហរណ៍ បើ​ធៀប​នឹង​​​វៀតណាម ដែល​ជា​ប្រទេស​គូប្រជែង​របស់​កម្ពុជា​នៅលើ​ទីផ្សារ​អង្ករ​អន្តរជាតិ ថ្លៃ​ភ្លើង​នៅ​កម្ពុជា​​មាន​កម្រិត​ខ្ពស់​ជាង​នៅ​វៀតណាម ពី ២ដង ទៅ​៩ដង អាស្រ័យ​ទៅតាម​ទីកន្លែង។ ម្យ៉ាងទៀត ​កា​រផ្គត់ផ្គង់​អគ្គិសនៅ​នៅ​កម្ពុជា​ក៏​​មិន​មាន​ភាព​​ទៀងទាត់​គួរ​ជា​ទីទុកចិត្ត។

បើ​​និយាយ​ឲ្យ​ស្រួលស្តាប់ នៅ​កម្ពុជា ថ្លៃភ្លើង​ខ្ពស់ ហើយ​ឧស្សាហ៍​ដាច់ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​រោងម៉ាស៊ីន​កិនស្រូវ​នីមួយៗ​​ត្រូវ​មាន​ម៉ាស៊ីន​ភ្លើង​ផ្ទាល់​ខ្លួន​ជា​ចាំបាច់។ ជាលទ្ធផល គ្រាន់តែ​ការ​ចំណាយ​លើ​ការ​ទិញប្រេងមួយមុខ មាន​រហូតដល់​ទៅ​ជាង ៣០% នៃ​​ការ​ចំណាយ​សរុប​លើ​ដំណើរការ​កិនស្រូវ​ជា​អង្ករ (យោងតាម​ការ​សិក្សា​របស់​អង្គការ JICA កាល​ពី​ឆ្នាំ​២០១២)។
 
បន្ទុក​ដ៏ធ្ងន់មួយទៀត ទៅលើ​ថ្លៃ​ផលិត​អង្ករ​នៅ​កម្ពុជា គឺ​ការ​ខ្វះខាត​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន ដែល​ជា​ហេតុ​បណ្តាល​ឲ្យ​ការ​ដឹកជញ្ជូន​ត្រូវ​ចំណាយ​លុយ​ច្រើន ទាំង​ការ​ដឹកជញ្ជូន​ស្រូវ​ពី​ស្រែ​មក​ម៉ាស៊ីន​កិនស្រូវ និង​ការ​ដឹកអង្ករ​ពី​ម៉ាស៊ីន​កិនស្រូវ​ ដើម្បី​នាំចេញ​ទៅ​លក់​នៅ​បរទេស។ នៅ​កម្ពុជា ដើម្បី​ដឹកជញ្ជូន​ស្រូវ ឬ​អង្ករ ចំនួន ១តោន ក្នុង​ចម្ងាយ​ផ្លូវ ១០០គីឡូម៉ែត្រ គេ​ត្រូវ​ចំណាយ​រហូតដល់​ទៅ ១៥​ដុល្លារ ពោលគឺ ត្រូវ​ចំណាយ​ច្រើន​ជាង​នៅ​វៀតណាម និង​ថៃ រហូតដល់​ទៅ ២ ទៅ​៤ដង។ វៀតណាម និង​ថៃ ដែលសុទ្ធសឹង​​ជា​គូប្រជែង​ដ៏ធំ​របស់​កម្ពុជា នៅ​ក្នុង​វិស័យ​នាំចេញ​អង្ករ។

បញ្ហា​ដ៏ធំមួយ​ទៀត ដែល​ធ្វើ​ឲ្យ​ថ្លៃ​ផលិត​អង្ករ​នៅ​កម្ពុជា​មាន​កម្រិត​ខ្ពស់ គឺ​អត្រា​ការប្រាក់។ នៅ​កម្ពុជា អត្រា​ការប្រាក់​អាច​មាន​រហូត​ទៅដល់ ៥% ក្នុងមួយ​ខែ (ដល់​ទៅ​ជិត ៨០% បើ​គិត​ជា​អត្រា​ប្រចាំឆ្នាំ) ដែល​ជា​អត្រា​មួយ​ខ្ពស់​បំផុត។

គួរបញ្ជាក់ថា ការ​ផលិតអង្ករ គឺ​ជា​សកម្មភាព​​ផលិត ដែល​ត្រូវការ​ដើមទុន​ច្រើន។ ​ការសិក្សា​របស់​អ្នក​ជំនាញ កាល​ពី​ឆ្នាំ​២០១០ បង្ហាញ​ថា ដើម្បី​អាច​ផលិតអង្ករ​នាំចេញ​ឲ្យ​បាន ១លាន​តោន ក្នុងមួយ​ឆ្នាំ ទៅតាម​គោលដៅ​របស់​រដ្ឋាភិបាល​​កម្ពុជា រោងចក្រ​កិនស្រូវ​នៅទូទាំង​ប្រទេស​ត្រូវការដើមទុន​​ប្រមាណ​ជា ៤៧០លាន​ដុល្លារ ដើម្បី​ទិញស្រូវ​យក​មក​កិន និង​ប្រមាណ​ជា ២០០លាន​ដុល្លារ​ផ្សេងទៀត ដើម្បី​ចំណាយ​ទៅលើ​ដំណើរការ​កិនស្រូវ។ តម្រូវការ​ទុន​យ៉ាងច្រើន​បែបនេះ មានន័យថា តម្រូវការ​ឥណទាន​ពី​ធនាគារ​ក៏​មាន​ច្រើន​ផងដែរ។ ប្រសិន​បើ​អត្រាការប្រាក់​មាន​កម្រិត​ខ្ពស់ វា​ប្រាកដ​ជា​នឹង​ធ្វើ​ឲ្យ​ការ​ផលិត​អង្ករ​ត្រូវ​ចំណាយ​ថ្លៃ​ដើម​កាន់តែ​ខ្ពស់​ទៅតាម​នោះដែរ។

ចំណាយ​ទៅលើ​ថ្លៃដើម​ក្នុង​ការ​ផលិត​ខ្ពស់​នេះ​​ធ្វើ​ឲ្យ​អង្ករ​របស់​កម្ពុជា​ត្រូវលក់​ក្នុង​តម្លៃ​ថ្លៃ ដែល​ជា​ហេតុ​នាំ​ឲ្យ​​កម្ពុជា ដែល​ជា​ប្រទេស​ចំណុលថ្មី​ផង មាន​ការ​ពិបាក​ក្នុងការ​​ជ្រៀតចូល​ទៅ​ក្នុង​ទីផ្សារ​អង្ករ​​អន្តរជាតិ ជាពិសេស គឺ​ពិបាក​ក្នុងការ​ប្រកួតប្រជែង​ជាមួយ​នឹង​ប្រទេស​ជិតខាង​ទាំងពីរ គឺ​ថៃ និង​វៀតណាម ដែលជា​ប្រទេស​​បាន​ចាក់ឫស​យ៉ាងជ្រៅ​​នៅ​ក្នុង​ទីផ្សារ​អង្ករ​អន្តរជាតិ​រួចទៅហើយផង ហើយ​ថ្លៃដើម​ក្នុង​ការ​ផលិត​ក៏​​​មាន​កម្រិត​ទាបជាង​កម្ពុជា​ផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ