ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 23/01 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 23/01 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 23/01 12h00 GMT
កម្ពុជា

សង្គម​ស៊ីវិល ព្រួយ​បារម្ភ​ពី​សេចក្តី​ព្រាង​ច្បាប់​ថ្មី​ចំនួន ៧​

media  
សន្និសីទកាសែត របស់សង្គមស៊ីវិល។ RFI

មាន​សេចក្តី​ព្រាង​ច្បាប់ថ្មី​ចំនួន​ ៧ ដែល​សង្គម​ស៊ីវិល និង​ពលរដ្ឋ​សហគមន៍ កំពុង​តែ​ព្រួយ​បារម្ភជា​ខ្លាំង ប្រសិន​បើ​រដ្ឋាភិបាល ដាក់​ឲ្យ​ដំណើរ​ការ​ជា​ផ្លូវ​ការ​នោះ។ ព្រួយ​បារម្ភ ព្រោះ​សង្គម​ស៊ីវិល អះអាង​ថា ច្បាប់​ទាំង​នេះ នឹង​ធ្វើ​ប៉ះពាល់ ដល់​ប្រជាជន​ និង​ការ​អភិវឌ្ឍ​លទ្ធិ​ប្រជាធិបតេយ្យ នៅ​កម្ពុជា។

ហើយ​ច្បាប់​នេះ ក៏​នឹង​ធ្វើ​ឲ្យ​កម្ពុជា មាន​ឈ្មោះ​អាប់​ឱន ក្នុង​ឆាក​អន្តរជាតិ​ផង​ដែរ។ នេះ​បើ​តាម​ការ​បញ្ជាក់ ប្រាប់​ពី​អង្គការ​សង្គម​ស៊ីវិល នៅ​ក្នុង​សន្និសីទ​កាសែត នៅ​មជ្ឃមណ្ឌល​សង្គម​កូរ៉េ សម្រាប់​សេវាកម្ម​អាស៊ី (KSSA) នៅ​រសៀល ថ្ងៃ​ពុធ ទី​០៩​កក្កដា​នេះ។

សេចក្តី​ព្រាង​ច្បាប់ទាំង ៧នោះ​ រួមមាន សេចក្តី​ព្រាង​ច្បាប់មូលដ្ឋានទាំងបី ពាក់ព័ន្ធនឹង​ប្រព័ន្ធ​តុលាការ, សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ឧក្រិដ្ឋកម្ម អ៊ីនធឺណិត, ច្បាប់សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល, ច្បាប់ស្តីពី​សហជីព និង​សេចក្តីព្រាង​ច្បាប់ស្តីពី​ការ​គ្រប់គ្រង និង​ប្រើប្រាស់​ដី​កសិកម្ម។

ថ្លែងនៅ​ក្នុង​សន្និសីទកាសែត នៅ​រសៀល​ថ្ងៃពុធ ទី០៩កក្កដានេះ លោក សឿង សារឿន នាយកប្រតិបត្តិ​នៃគណៈកម្មាធិការ​សហប្រតិបត្តិការដើម្បីកម្ពុជា បាន​ឲ្យ​ដឹងថា ប្រសិន​បើ​ច្បាប់​ទាំង​ ៧នេះ ដំណើរ​ការ​ជាផ្លូវការ ​នោះវានឹង​ធ្វើ​ឲ្យ​ប៉ះពាល់ជាខ្លាំង ដល់ឯករាជ្យ​ភាព​នៃ​ប្រព័ន្ធ​តុលាការ សិទ្ធនៃការ​​បញ្ចេញមតិ សិទ្ធិ​បង្កើត​សមាគម ឬសហជីព ការ​ជួប​ជុំ​ជា​សាធារណៈ និង​​សិទ្ធិ​ក្នុង​ការ​កាន់កាប់​ដីឯកជន។ សន្និសីទ​កាសែត​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​សង្គម​​​​ស៊ីវិល​​ទាំងនោះ បានពិភាក្សាគ្នាពេញមួយថ្ងៃមក។
 
សង្គម​ស៊ីវិល បាន​ស្នើដល់​ព្រះ​មហាក្សត្រ ព្រះរាជតម្រិះ ក្នុង​ការ​មិនឡាយ​ព្រះហស្ថលេខា លើ​សេចក្តី​ព្រាងច្បាប់​មូលដ្ឋាន​ទាំងបីពាក់ព័ន្ធនឹង​ប្រព័ន្ធតុលាការ។ សង្គម​ស៊ីវិល ស្នើឲ្យ​រដ្ឋាភិបាល បង្ហាញ​សេចក្តី​ព្រាងច្បាប់ទាំងអស់​ឲ្យ​សាធារណៈជន បាន​ដឹង និង​ចូលរួម​ពិគ្រោះ​យោបល់​ ដើម្បី​ដំណើរ​ការ​ច្បាប់ទាំងនោះ។
 
សង្គមស៊ីវិល និង​ប្រជាសហគម ក៏បាន​សំណូម​ពរឲ្យ​រដ្ឋាភិបាល ផ្អាកការពិចារណា​លើ​សេចក្តី​ព្រាងច្បាប់ស្តីពី​ឧក្រិដ្ឋកម្មអ៊ីនធីណិត ព្រោះថា​ខ្លឹម​សារ​នៃច្បាប់នេះ បាន​រំលោភលើ​ការការពារ​សិទ្ធមនុស្ស ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ និង​អនុសញ្ញាអន្តរជាតិដែល​ផ្តល់​សច្ចាប័ន​​ដោយ​កម្ពុជា។ ពួកគេបាន​បញ្ជាក់ថា ច្បាប់នេះនឹង​បង្ក​ឲ្យ​ប៉ះ​ពាល់​អវិជ្ជមាន​យ៉ាង​ធ្ងន់​ធ្ងរ​ ដល់​ការ​អភិវឌ្ឍរបស់កម្ពុជា ជាពិសេសគឺការ​ប្រកួត​ប្រជែងផ្នែកសេដ្ឋកិច្ច​របស់ខ្លួនទៀត។
 
ចំពោះ​សេចក្តីព្រាង​ច្បាប់​ស្តីពី​ការ​គ្រប់គ្រង និង​ប្រើប្រាស់​ដីកសិកម្ម សង្គម​ស៊ីវិល ក៏​បាន​ស្នើឲ្យរដ្ឋាភិបាល​ពិចារណាឡើងវិញ​ផងដែរ ព្រោះថា​ខ្លឹមសារនៃច្បាប់នេះ បាន​ដាក់បន្ទុក​យ៉ាង​ខ្លាំង លើអ្នក​កាន់កាប់ដីឯកជន និង​កសិករនៅតាម​មូលដ្ឋាន​ ដែល​ជាម្ចាស់ដី ហើយ​ច្បាប់នេះ នឹងអនុញ្ញាតឲ្យ​មាន​ការ​ដាក់ទោស​ព្រហ្មទណ្ឌ ការដកសិទ្ធ​ក្នុងការ​គ្រប់គ្រង និង​ចាត់ចែង​លើកម្មសិទ្ធរបស់ពលរដ្ឋ។
 
តាម​សង្គម​ស៊ីវិល ​សេចក្តីព្រាង​ច្បាប់​ស្តីពី​ការ​គ្រប់គ្រង និង​ប្រើប្រាស់​ដីកសិកម្ម នេះ គឺជា​ការ​បើកផ្លូវ​ឲ្យ​អាជ្ញាធរ អាចប្រើប្រាស់ដីពលរដ្ឋជាដីសម្បទាន​សេដ្ឋកិច្ច ហើយ​ប្រសិន​បើ​ពល​រដ្ឋ​តវ៉ា​ នោះពួកគេ​នឹង​ប្រឈម​នឹង​ការ​ជាប់ពន្ធនាគារ ពី ១ខែ ទៅ១ឆ្នាំ និង​ត្រូវ​បង់​ប្រាក់​ពី ១​លាន​ ដល់ ១០​លាន​រៀល៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ