អានតួអត្ថបទ
កម្ពុជា

កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាញ់​គ្នា​ជា​មួយ​អ្នក​រក​ស៊ីដឹ​ក​ឈើ​គ្រញូង​នៅ​ខេត្ត​កំពង់ធំ​ជា​លើក​ទី​១​

ការបាញ់​គ្នា​ទៅវិញទៅមក​មួយ​ប្រាវ រវាង​កម្លាំង​សមត្ថកិច្ច​ចម្រុះ និង​អ្នករកស៊ី​ដឹកឈើ​គ្រញូង បានកើត​ឡើង​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ ក្នុង​សង្កាត់​ស្រយូវ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ។ ព្រឹត្តិការណ៍ ដែល​ធ្វើឱ្យ​អ្នកដំណើរ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​នេះ ត្រូវបាន​នគរបាល​ចាត់ទុកថា​បានកើត​ឡើងជា​លើក​ទី១ ក្នុង​ខេត្តកំពង់ធំ។ កម្លាំង​សមត្ថកិច្ច​ចម្រុះ ដែល​ដឹកនាំ​ដោយ​ព្រះរាជអាជ្ញា​ខេត្ត បាន​ឡោមព័ទ្ធ​ផ្ទះ​ជនសង្ស័យ ដែល​គេ​អះអាងថា​ជា​ទាហាន​ការពារ​ព្រំដែន ហើយ​បាន​រឹបអូស​វត្ថុតាង និង​មធ្យោបាយ​ដឹកជញ្ជូន ប៉ុន្តែ ជនសង្ស័យ​នោះ បាន​គេច​ខ្លួន​បាត់។​

សកម្មភាព​បង្រ្កាប​បទល្មើស​ព្រៃឈើនាពេលកន្លងមក។
សកម្មភាព​បង្រ្កាប​បទល្មើស​ព្រៃឈើនាពេលកន្លងមក។ ©វណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

កម្លាំង​សមត្ថកិច្ច​ចម្រុះ ដែល​ដឹកនាំ​ដោយ​ព្រះរាជអាជ្ញា​ខេត្តកំពង់ធំ បានធ្វើ​ប្រតិបត្តិ​ការចុះ​រឹបអូស​ឈើ​គ្រញូង​ប្រហែល២០០គីឡូក្រាម និង​រថយន្ត​មួយគ្រឿង ពី​ផ្ទះ​របស់​អ្នករកស៊ី​ដឹក​ឈើ​​ខុសច្បាប់ នៅ​សង្កាត់​ស្រយូវ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ។ ប៉ុន្តែ ជន​នោះបាន​គេច​ខ្លួន​បាត់​ បន្ទាប់​បាន​បាញ់កាំភ្លើង​ជាច្រើន​គ្រាប់ សំដៅ​នគរបាល និង​អាវុធហត្ថ ដែល​បាន​បាញ់​ត​ទៅ​​ជន​នោះ​វិញ នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី១២ ខែកក្កដា ឆ្នាំ២០១៤។

ការបាញ់​គ្នា​នេះ​បាន​កើតឡើង បន្ទាប់ពី​កម្លាំង​សមត្ថកិច្ច​បាន​ព្យាយាម​ឃាត់​រថយន្ត តូ​យូ​តា ស៊ី​អ័​រ​វី មួយគ្រឿង ដែល​ផ្ទុក​ទៅដោយ​ឈើ​គ្រញូង មិនបាន​សម្រេច ហើយ​អ្នកបើកបរ​បាន​បន្ត​ដំណើ​រ​​រហូត​ចូល​ដល់ផ្ទះ​របស់ខ្លួន។ អ្នករកស៊ី​ដឹកឈើ​គ្រញូង​នេះ​ត្រូវបាន​នគរបាល​អះអាង​ថា ជា​ទាហាន​ការពារ​ព្រំដែន​ខេត្តព្រះវិហារ។

វ៉េបសាយ​ត៍របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​​បាន​ចាត់ទុកថា ការបាញ់​គ្នា​រវាង​កម្លាំង​មាន​សមត្ថកិច្ច និង​អ្នករកស៊ី​ដឹកឈើ​គ្រញូង​នេះ ជា​ជា​ព្រឹត្តិការណ៍​មិន​ធ្លាប់មាន​ឡើយ​នៅក្នុង​ទឹកដី​ខេត្តកំពង់ធំ។ ទោះបីជា​យ៉ាងណា ការផ្ទុះ​កាំភ្លើង​ដាក់គ្នា​ប្រហែល១០គ្រាប់​នោះ មិនបាន​ធ្វើឱ្យ​ជនណាម្នាក់​រងគ្រោះ​ថ្នាក់ឡើ​យ។

បើតាម​មន្ត្រីនគរបាល អ្នកបើកបរ ដែល​បាន​ដឹកឈើ​ពី​ខេត្តព្រះវិហារ​មក​ខេត្តកំពង់ធំ​នោះ បាន​ជួញដូរ​ឈើ​គ្រញូង​ដោយ​ខុសច្បាប់​តាំងពី​យូរណាស់​មកហើយ ប៉ុន្តែ​មិន​ត្រូវបាន​បង្ក្រាប។​ ពេលនេះ កម្លាំង​មាន​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​ចាប់ខ្លួន​ទាហាន​ការពារ​ព្រំដែន​រូបនោះ​ជា​បន្តទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ