ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/01 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/01 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 17/01 12h00 GMT
កម្ពុជា

អង្គការសិទ្ធិមនុស្សកម្ពុជា-ថៃ បរិហារការរំលោភសិទ្ធិមនុស្ស ក្នុង​គម្រោងវិនិយោគស្ករអំពៅនៅកម្ពុជា​

media  
បទបង្ហាញរវាងអង្គការសិទ្ធិមនុស្សកម្ពុជា-ថៃ នៅព្រឹក​ថ្ងៃទី១៣សីហា ២០១៤។ RFI

គណៈប្រតិភូ​នៃ​គណកម្មការ​សិទ្ធិមនុស្ស​ថៃ សហការ​ជាមួយ​អង្គការ​សមធម៌​កម្ពុជា និង​មជ្ឃមណ្ឌល​ច្បាប់​សម្រាប់​សហគមន៍ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី ១៣សីហា​នេះ បានធ្វើ​បទ​បង្ហាញ​រួមគ្នា នៅ​ម​ជ្ឃ​មណ្ឌល Meta House ដោយ​បញ្ជាក់ថា ការធ្វើ​វិនិយោគ​ស្ករអំពៅ របស់​ក្រុមហ៊ុន​ថៃ​ចំនួន២ តាមរយៈ​ដី​សម្បទាន​រដ្ឋាភិបាល​ក​ម្ពុ​ជា បាន​បង្ក​ឲ្យ​មានការ​ប៉ះពាល់​យ៉ាងខ្លាំង ដល់​សិទ្ធិមនុស្ស នៅ​កម្ពុជា។

គណកម្មការ​សិទ្ធិមនុស្ស​ថៃ អះអាងថា នឹង​ចេញផ្សាយ​របាយការណ៍​​​មួយ​ពី​រឿងនេះ ដើម្បី​ផ្តល់​ជា​អនុសាសន៍ ដល់​ក្រុមហ៊ុន​ថៃ​ទាំងនោះ ក្នុងការ​ផ្តល់​សំណង​សមរម្យ ដល់​ពលរដ្ឋ​កម្ពុជា ដែល​រង​ផលប៉ះពាល់ ដោយសារ​បញ្ហាដីធ្លី។

បន្ទាប់ពី​បាន​ចុះមក​ស៊ើបអង្កេត​នៅ​កម្ពុជា គណៈកម្មការ​សិទ្ធិមនុស្ស​ថៃ​បាន​រកឃើញថា ពិតជា​មានការ​រំលោភ​សិទ្ធិ​ពលរដ្ឋ​កម្ពុជា តាមរយៈ​ការវិនិយោគ​ដាំ​ស្ករអំពៅ របស់​ក្រុមហ៊ុន​ថៃ​មែន។ ការស៊ើបអង្កេត​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​មាន​ពាក្យបណ្តឹង​ប្រឆាំង​ក្រុមហ៊ុន​ថៃ​ចំនួន២ គឺ​ក្រុមហ៊ុន ខុន ខេន ស៊ូ​ហ្គើ ហៅ​កាត់​ថា KSL ព្រមទាំង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​នៃ​ក្រុមហ៊ុន​នេះ នៅ​ខេត្តកោះកុង និង​ក្រុមហ៊ុន មី​ត្រ ផល នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ។  

លោក​បណ្ឌិត នី​រុន ភី​តាក​វ៉ាត​ឆា​រ៉ា ស្នងការ​នៃ​គណៈកម្មការ​សិទ្ធិមនុស្ស​ថៃ បាន​មាន​ប្រសាសន៍​​ថា ក្នុងពេលឆាប់ៗនេះ ពេល​លោក​ត្រលប់​ទៅ​ប្រទេស​ថៃ​វិញ លោក​នឹង​កោះហៅ​ភាគី​ពាក់ព័ន្ធ គឺ​ក្រុមហ៊ុន​ថៃ​ទាំងពីរ មក​ពិភាក្សា ដើម្បី​ទទួលបាន​ការដោះស្រាយ​ពិតប្រាកដ​មួយ។ បន្ទាប់មក គណៈកម្មការ​សិទ្ធិមនុស្ស​ថៃ នឹង​សហការ​ជាមួយ​តុលាការ ដើម្បី​ចេញ​ផ្សាយ​​របាយការណ៍​ជាបឋម។ លើសពីនេះ គណៈកម្មការ​សិទ្ធិមនុស្ស​ថៃ នឹង​ជួប​ជាមួយ​តំណាង​សហភាព​អឺ​រុ​ប និង​ភ្នាក់ងារ​អង្គការសហប្រជាជាតិ ដើម្បី​ដាក់​សម្ពាធ​បន្ថែម​លើ​ក្រុមហ៊ុន​ទាំងនេះ។
 
លោក អៀង វុទ្ធី នាយក​ប្រតិបត្តិ​អង្គការ​សមធម៌​កម្ពុជា បាន​និយាយថា រឿងរ៉ាវ​ដីធ្លី តាមរយៈ​ឧស្សាហកម្ម​ស្ករអំពៅ បាន​កើតឡើង​តាំងពី​ឆ្នាំ ២០០៦ ប៉ុន្តែ​ពលរដ្ឋ​នៅ​មិនទាន់មាន​ដំណោះស្រាយ ទោះបីជា​បាន​តវ៉ា​ជាច្រើនលើក​ច្រើនសារ ក្នុងស្រុក​ក៏ដោយ។ លោក អៀង វុទ្ធី បាន​បញ្ជាក់ថា ដូច្នេះ​ពលរដ្ឋ​បានដាក់​ពាក្យបណ្តឹង​ទៅ​គណៈកម្មការ​សិទ្ធិមនុស្ស​ថៃ ហើយ​គណៈកម្មការ​នេះ នឹង​ចេញ​សកម្មភាព​រក​ដំណោះស្រាយ​ឲ្យ​ពលរដ្ឋ​ខ្មែរ ក្នុង​ពេល​ឆាប់។​
 
តាម​បទ​បង្ហាញ ក្រុមហ៊ុន​ថៃ ខេ អេស អិ​ល បាន​បំបែក​ជា​ក្រុមហ៊ុនតូចៗ ចំនួន ២ នៅ​ខេត្ត​កោះកុង​ ដើម្បី​បាន​ដី​សម្បទាន ពី​ពលរដ្ឋ ចំនួន ២ម៉ឺន​ហិកតា។ ចំនែក​នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ក្រុមហ៊ុន មី​ត្រ ផល បាន​បំបែក​ជា​ក្រុមហ៊ុនតូចៗ ចំនួន ៣ ដើម្បី​យក​ដី​សម្បទាន​ពី​ពលរដ្ឋ ចំនួន ១ម៉ឺន៩ពាន់៧រយ​ហិកតា។ មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ បានដាក់​ពាក្យ​បណ្តឹង​​ទៅ​គណៈកម្មការ​សិទ្ធមនុស្ស​ថៃ នៅ​ថ្ងៃទី ៦មករា ឆ្នាំ ២០១០ ពី​ការរំលោភ​សិទ្ធិមនុស្ស ដោយ​ក្រុមហ៊ុន​ដាំ​ស្ករអំពៅ​ទាំងនេះ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ