អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ឯករាជ្យភាព គ.ជ.ប នៅតែ​ជា​ចំណោទ​ពិបាក​ដោះស្រាយ

ចុះផ្សាយ​នៅ​ថ្ងៃ៖

កិច្ចចរចា រវាង​ក្រុមបច្ចេកទេស​នៃ​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ បាន​បន្តធ្វើ កាល​ពីថ្ងៃ​ចន្ទ​ម្សិលមិញ ដើម្បី​កែទម្រង់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត។ បើ​ទោះ​បី​ជា​ចំណុច​ភាគ​ច្រើន ត្រូវ​បាន​គណបក្ស​ទាំងពីរ​ស្រុះស្រួល​គ្នា​ហើយក៏​ពិតមែន ក៏ប៉ុន្តែ ចំណុច​ដែល​នៅ​សេសសល់​សុទ្ធ​តែ​ជា​ចំណុច​គន្លឹះ ដែល​គណបក្ស​ទាំងពីរ​ទំនង​ជា​ពិបាក​រក​ច្រកចេញ។ ម្យ៉ាងទៀត បើទោះ​ជា​ចេញរួច​ក៏​រូបភាព គ.ជ.ប ថ្មី ទំនងជា​ពិបាក​បង្ហាញ​ថា​ខ្លួន​ជា​ស្ថាប័ន​ឯករាជ្យ​ដែរ។ ចំណោទ​ស្តីពី​ឯករាជ្យភាព គ.ជ.ប នៅ​តែ​ជា​បញ្ហា​ធំធេង​មួយ បើទោះជា​មានការ​ជឿនលឿន​ខ្លះ ក្នុង​កិច្ចចរចា រវាង​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ​ក៏ដោយ។

សន្និសីទកាសែត បន្ទាប់ពី​កិច្ច​ប្រជុំក្រុម​បច្ចេកទេស របស់គណបក្ស​នយោបាយទាំងពីរ កាលពីថ្ងៃចន្ទ ១៤មិនា​ ២០១៤។
សន្និសីទកាសែត បន្ទាប់ពី​កិច្ច​ប្រជុំក្រុម​បច្ចេកទេស របស់គណបក្ស​នយោបាយទាំងពីរ កាលពីថ្ងៃចន្ទ ១៤មិនា​ ២០១៤។ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

កិច្ចចរចា​ថ្នាក់​បច្ចេកទេស​រវាង​គ​ណ​បក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​ស្តីពី​បញ្ហា គ.ជ.ប បាន​ជឿនលឿន​ទៅមុខ ប៉ុន្តែ គេ​ក៏​អាច​និយាយបានថា កិច្ចពិភាក្សា​កំពុង​ឈានដល់​ចូលដល់​ចំណុច​យុទ្ធសាស្ត្រ​ហើយ។ តើ​អ្នកណា​ជា​ប្រធាន គ.ជ.ប ថ្មី? តើ​អ្នកណា​ជា​អគ្គលេខាធិការ? និង​ថា​តើ​ការតែងតាំង​សមាជិក​ថ្នាក់ក្រោម​ជាតិ​ធ្វើឡើង​យ៉ាងដូចម្តេច? ទាំងអស់នេះ​ជា​សំណួរ​ពីរ​បី​ក្នុងចំណោម​សំណួរ​សំខាន់​ជាងគេ​បំផុត​ដែល​បក្ស​ទាំងពីរ​ពិបាក​រក​ចម្លើយ​រួម។

ជាការ​ពិតណាស់ បើ​និយាយ​ពី​បរិមាណ​គឺ​ចំណុច​ដែល​បាន​ត្រូវរ៉ូវ​គ្នា​មាន​ភាគច្រើន​លើសលប់ នៅក្នុង​សេចក្តីព្រាងច្បាប់​ដែលមាន៧ជំពូក​និង៦៦ មាត្រា។ ប៉ុន្តែ បើ​និយាយ​អំពី​ខ្លឹមសារ​វិញ ចំណុច​ដែល​នៅ​សេសសល់​សុទ្ធសឹង​ជា​ចំណុច​យុទ្ធសាស្ត្រ​ដែល​គណបក្ស​ទាំងពីរ​ត្រូវ​ប្រឈមមុខ​ដាក់គ្នា​យ៉ាង​តឹងតែង។

មាន​សេណារីយោ​សំខាន់​ពីរ​ដែល​អាច​នឹង​កើតឡើង​នៅពេល​ខាងមុខ៖
សេណារីយោ​ទី១៖ កិច្ចពិភាក្សា​អាច​ជាប់គាំង​ដោយសារតែ​គណបក្ស​ទាំងពីរ​ឈរលើ​ចំណុច​យុទ្ធសាស្ត្ររៀងៗខ្លួន។ ប្រសិនបើ​លទ្ធភាព​នេះ​អាច​កើតមាន​មែន រាត្រី​ទឹកឃ្មុំ​រវាង​គណបក្ស​ប្រជាជន​និង​សង្គ្រោះ​ជាតិ​នឹងត្រូវ​បញ្ចប់​ហើយ​បក្ស​ជាប់ឆ្នោត​ទាំងពីរ​នឹង​បន្តធ្វើ​សង្គ្រាម​ពាក្យ​សម្តី​​ហែកហួរ​គ្នា​ជា​បន្តទៀត​ជុំវិញ​កំណែទម្រង់ គ.ជ.ប។ ក្នុងករណី​ដែល​ការជាប់គាំង​អូស​បន្លាយ​​យូរ គ.ជ.ប ចាស់​ច្បាស់​ជា​នឹង​ទទួល​រ៉ាប់រង​ក្នុង​ការរៀបចំ​ការបោះឆ្នោត​ដដែល។
 
សេរី​ណា​រី​យោ​ទី២៖ ប្រសិនបើ​គណបក្ស​ទាំងពីរ​មិន​ចង់​ឲ្យ​មានការ​ប្រឈមមុខ​ដាក់​គ្នា​ជាថ្មី​ហើយ​ខំ​សម្របសម្រួល​ឲ្យ​អស់​លទ្ធភាព​នោះ គ.ជ.ប ថ្មី​ទំនងជា​អាច​ចេញរួច។ ចេញរួច​អាច​តាម​រូបភាព​ពីរ​យ៉ាង៖ ម្យ៉ាង​គឺ​ចេញ​តាម​រូបមន្ត គណបក្ស​ប្រជាជន​ធ្វើ​ប្រធាន គណបក្ស​សង្គ្រោះ​ជាតិ​​អនុប្រធាន។ រូបមន្ត​នេះ បើទោះជា​ចេញរួច​មែន​តែ​មិនសូវ​ល្អមើល​សោះ​ដោយសារ​ថា តើ​គេ​អាច​និយាយថា គ.ជ.ប ជា​ស្ថាប័ន​ឯករាជ្យ​ម្តេច​នឹង​កើត​បើ​ក្បាលម៉ាស៊ីន​ដឹកនាំ​ជា​មនុស្ស​ចេញមក​ពី​គណបក្សនយោបាយ ចំណែកឯ​បេក្ខជន​មកពី​សង្គម​ស៊ីវិល​ដែល​គណបក្ស​ទាំងពីរ​យល់ថា«ឯករាជ្យ»និង​ដែល​សាធារណមតិ​ជាទូទៅ​ក៏​ទទួលយកបាន​ថា​«​ឯករាជ្យ​»ដែរនោះ​បែរជា​គ្មាន​តួនាទី​អ្វី​ទៅវិញ?

ម្យ៉ាងទៀត នៅសល់​រូបមន្ត​ចុងក្រោយ​មួយ​ដែល​ល្អមើល​ជាងគេ តែ​ប្រហែលជា​ពិបាក​សង្ឃឹម​ថា​​ទៅរួច នោះ​គឺ​ការផ្តល់​សិទ្ធិ​ឲ្យ​បេ​ក្ខ​ជ​ន‍​ទី៩ដែល​ជ្រើសរើស​ចេញពី​សង្គម​ស៊ីវិល​ធ្វើជា​ប្រធាន​ គ.ជ.ប ថ្មី។ ប្រសិនបើ​លទ្ធភាព​នេះ​អាច​ចេញរួច​មែន​នោះ​អាច​ចាត់ទុកជា​ប្រវត្តិសាស្ត្រ​​ថ្មី​មួយ​សម្រាប់​ការបោះឆ្នោត​នៅ​កម្ពុជា ហើយ គ.ជ.ប ថ្មី​ក៏​នឹងមាន​រូបភាព​ឯករាជ្យ​​ខុសពី​មុន​ដែរ។ ប៉ុន្តែ រូបមន្ត​នេះ​ទំនងជា​អាចមាន«សំណាង​មួយ​ក្នុង​មួយ​ម៉ឺន​គ្រោះថ្នាក់​តែប៉ុណ្ណោះ»។

ជាការ​ពិតណាស់ ទាំង​គណបក្ស​ប្រជាជន​កម្ពុជា ទាំង​គណបក្ស​សង្គ្រោះ​ជាតិ​សុទ្ធតែ​អះអាង​ថា​ ខ្លួន​ចង់បាន គ.ជ.ប មួយ​ឯករាជ្យ។ សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា បើ​មាន គ.ជ.ប មួយ​«​ឯករាជ្យ»  គណបក្ស​នេះ​អាច​ចៀស​ផុតពី​ការចោទប្រកាន់ថា ខ្លួន​ជា​អ្នក​លួច​បន្លំ​សន្លឹកឆ្នោត និង​ក៏​អាច​បញ្ចៀស​វិបត្តិ​នយោបាយ​ក្រោយ​ការបោះឆ្នោត​ផងដែរ។ ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ​ក៏មាន​ប្រយោជន៍​ពី គ.ជ.ប ឯករាជ្យ​ដែរនោះ​គឺ​ការ​អស់​មន្ទិល​សង្ស័យថា​មាន​អ្នកណា​ជា​អ្នក​លួច​បន្លំ​សន្លឹកឆ្នោត​តទៅទៀត ហើយ​វា​ក៏​ជា​ម៉ែត​សម្រាប់​វាស់​ស្ទង់​ថា តើ​បក្សប្រឆាំង​មួយ​នេះ​មាន​អ្នកគាំទ្រ​ប៉ុន្មាន​ឲ្យ​បាន​ពិតប្រាកដ។

ដូច្នេះ ប្រសិនបើ​គ្រប់គ្នា​សុទ្ធតែ​ទទួលផល​ប្រយោជន៍​ពី គ.ជ.ប ឯករាជ្យ និង​ប្រសិនបើ​គណបក្សនយោបាយនីមួយៗមិន​ចង់​ប្រើប្រាស់ គ.ជ.ប ដើម្បី​បម្រើ​ផលប្រយោជន៍​នយោបាយ​រ​បស់​​ខ្លួន​ទេនោះ តើ​ហេតុអ្វី​បានជា​គេ​មិន​ហ៊ាន​ធ្វើ​ឲ្យ គ.ជ.ប មាន​រូបភាព​«ឯករាជ្យ»?​ ពិត​ហើយ​ថា ពាក្យ​ថា ឯករាជ្យ​ពិបាក​នឹង​យក​អ្វី​មក​វាស់​ស្ទង់​ណាស់ ប៉ុន្តែ យ៉ាងហោច​ការផ្តល់​តួនាទី​ដឹកនាំ​របស់​ស្ថាប័ន​នេះ​ដល់​បេក្ខជន​ទី៩អាច​បង្ហាញ​រូបភាព​«​ឯករាជ្យ​»គ្រាន់បើ​ជាង​ការដឹកនាំ​ដែល​ចេញពី​បក្សនយោបាយ​ដែរ។

ផ្ទុយទៅវិញ ប្រសិនបើ គ.ជ.ប ថ្មី គ្មានអ្វី​ខុសប្លែក​ពីមុន​ទេនោះ វិបត្តិ​ក្រោយ​ការបោះឆ្នោត​ប្រាកដជា​មិនអាច​បញ្ចប់​បានទេ។ ការចោទប្រកាន់​អំពី​ការលួចបន្លំ​សន្លឹកឆ្នោត​នៅតែមាន​ពីព្រោះ គ.ជ.ប ដែល​ដឹកនាំ​ដោយ​មនុស្ស​ចេញមក​ពី​គណបក្សនយោបាយ​ងាយ​ណាស់​នឹង​ផ្តល់​លេស​សម្រាប់​ការតវ៉ា​អំពី​ភាពលម្អៀង​ឬ​ការលួចបន្លំ​សន្លឹកឆ្នោត​ក្នុង​បរិបទ​ដែល​អ្នកនយោបាយ​ខ្មែរ​មិនទាន់​ប្រកាន់​ចិត្តជា​កីឡាករ​បាន​នៅឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ