អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ការ​ដឹក​នាំ​តាម​បែប​បក្ស​ពួក និង​គ្រួសារ​និយម​ក្នុង​ផ្នត់​គំនិត​សង្គម​ខ្មែរ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​កម្ពុជា មិន​ថា​តែ នៅ​ក្នុង​មុខ​ជំនួញ ឬ​ក្នុង​នយោបាយ​នោះទេ ការ​ដឹកនាំ​តាម​បែប​បក្ស​ពួក និង​គ្រួសារ​និយម បាន​ក្លាយ​ជា​ទម្លាប់ ដែល​ពិបាក​លុប​បំបាត់។ ទម្លាប់​នេះ​កើត​ឡើង​ដោយ​សារ​​វប្បធម៌​​ជួយ​យឹតយោង​ក្រុម​គ្រួសារ និង​សាច់​ញាតិ​ផង និង​ដោយសារ​កង្វះ​ទំនុក​ចិត្ត ទៅ​លើ​អ្នកដទៃ​ផង។ ទីបំផុត​ទៅ របៀប​ដឹកនាំ និង​គ្រប់គ្រង​បែប​នេះ បាន​បង្ក​ផល​វិបាក​ធំធេង ដែល​ពិបាក​ដោះស្រាយ​ដោយសារ​តែ​មនោសញ្ចេតនា «​​កាត់​​ទឹក​​មិន​​ដាច់​​កាត់​សាច់​មិន​បាន​»​។​ ប៉ុន្តែ បច្ចុប្បន្ន របត់​សង្គម ហាក់​មិន​អាច​ទទួល​យក​ប្រព័ន្ធ​ដឹកនាំ និង​គ្រប់គ្រង​បែប​បក្សពួក និង​គ្រួសារនិយម​នេះ​បាន​ទៀត​ឡើយ។

ពលរដ្ឋ​រង​គ្រោះ​រឿង​ជម្លោះ​ដី​ធ្លី​ ​ក៏មាន​ចំណែក​​ពី​​បញ្ហា​​បក្សពួក​​និយម​ដែរ
ពលរដ្ឋ​រង​គ្រោះ​រឿង​ជម្លោះ​ដី​ធ្លី​ ​ក៏មាន​ចំណែក​​ពី​​បញ្ហា​​បក្សពួក​​និយម​ដែរ RFI/ Ly Meng Hour
ផ្សាយពាណិជ្ជកម្ម

នៅ​កម្ពុជា មិនថាតែ​នៅក្នុង​រដ្ឋបាល​សាធារណៈ ក្នុង​ក្រុមហ៊ុន​ឯកជន​ឬក៏​ស្ថាប័នផ្សេងៗទៀត​នោះទេ ការដឹកនាំ​និង​គ្រប់គ្រង​តាមបែប​បក្សពួក​និង​គ្រួសារនិយម​នៅតែ​កើតមាន​នៅឡើយ។ ជាទូទៅ ប្រធាន​ស្ថាប័ន​តែងតែ​ដាក់បញ្ចូល​កូនចៅ​ឬ​សាច់ញាតិ​របស់ខ្លួន​ឲ្យ​កាន់តំណែងសំខាន់ៗនៅ​ជុំវិញខ្លួន។

មាន​មូលហេតុ​ច្រើនយ៉ាង​ដែល​ធ្វើ​ឲ្យ​សង្គម​ខ្មែរ​ដឹ​ត​ដាម​ជាប់​ដោយ​របៀប​ដឹកនាំ​និង​គ្រប់គ្រង​បែប​បក្សពួក​និង​គ្រួសារនិយម​នេះ៖

មូលហេតុ​ទី១៖ មកពី​ទម្លាប់​ជួយ​យឹតយោង​ក្រុមគ្រួសារ​និង​សាច់ញាតិ​របស់ខ្លួន។ ជាទូទៅ មិនថាតែ​ក្នុង​រដ្ឋបាល​សាធារណៈ​ឬក៏​ក្នុង​ក្រុមហ៊ុន​ឯកជន​និង​ក្នុង​វិស័យ​ផ្សេងទៀត​ទេ ឲ្យ​តែ​បាន​ឡើង​ធំ​ក្លាយជា​អ្នកគ្រប់គ្រង​គេ មនុស្ស​ខ្មែរ​ចូលចិត្ត​អូសទាញ​បងប្អូន កូនចៅ​ឲ្យ​មក​ធ្វើការ​នៅ​ជុំវិញខ្លួន​ដើម្បី​ឲ្យ​ពួកគេ​បាន​ប្រយោជន៍​ពីអ្វី​ដែល​ខ្លួន​កំពុងមាន​ដែរ។

មូលហេតុ​ទី២៖ មកពី​ទម្លាប់​មិនសូវ​ទុកចិត្ត​លើ​អ្នកដទៃ។ ជាធម្មតា ផ្នត់គំនិត​មនុស្ស​ខ្មែរ​តែង​ទុកចិត្ត​ទៅលើ​កូនចៅ​ឬ​សាច់ញាតិ​របស់ខ្លួន​ជាង​អ្នក​ដៃ។ ហេតុដូច្នេះ​ហើយ​បានជា​ប្រធាន​ស្ថាប័ន​ឬ​ក្រុមហ៊ុន ដែលមាន​នាទី​គ្រប់គ្រង​គេ​តែ​ប្រគល់​រាល់​កិច្ចការសំខាន់ៗរបស់​ស្ថាប័ន​ឬ​របស់​ក្រុមហ៊ុន​នោះ​ឲ្យ​ទៅ​កូនចៅ សាច់ញាតិ ឬក៏​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​និង​ទុកចិត្ត។

មូលហេតុ​ទី៣៖ មកពី​ទម្លាប់​នៃ​ការដឹកនាំ​គ្រប់គ្រង​ដែល​ច្រើនតែ​ធ្វើឡើង​តាម​បញ្ជា​របស់​បុគ្គល​គឺ​មិនមែន​ធ្វើឡើង​តាម​ប្រព័ន្ធ​ការងារ​មួយ​ច្បាស់លាស់​នោះទេ។ ក្នុងសង្គម​ខ្មែរ មនុស្ស​ច្រើនតែ​គោរព​ឬ​កោតខ្លាច​អំណាច​បុគ្គល​ច្រើនជាង​ការគោរព​និង​កោតខ្លាច​ច្បាប់​និង​វិន័យ​ការងារ។ នៅពេលដែល​បុគ្គល​មានអំណាច​បែបនេះ ពួកគេ​ក៏​ចូលចិត្ត​ធ្វើ​អ្វី​តាមតែ​ចិត្ត​នឹកឃើញ។ លើសពីនេះ សមាជិកគ្រួសារ​ក៏មាន​ឥទ្ធិពល​ខ្លាំង​ទៅលើ​ការគ្រប់គ្រង​ដែរ។

មូលហេតុ​ទាំងអស់​នេះហើយ​ដែល​បង្កើតបានជា​ទម្លាប់​ដឹកនាំ​តាមបែប​បក្សពួក​ និង​គ្រួសារ​និយម​​ដ៏​រឹងមាំ​មួយ​នៅក្នុង​សង្គម។ អ៊ីចឹង​ហើយ​បានជា​គេ​ឃើញ​ក្នុង​ក្រសួង​និង​មន្ទីរ​របស់​រដ្ឋ​ជាច្រើន​នៅតែមាន​ក្រុមគ្រួសារ​របស់​ប្រធាន​ស្ថាប័ន​កា​ន់​តំណែង​សំខាន់ៗ​នៅ​ឡើយ​។ នៅក្នុង​ពិភព​ជំនួញ​ឯណោះ​វិញ​ក៏​ការដឹកនាំ គ្រប់គ្រង​តាមបែប​គ្រួសារនិយម​នៅតែមាន​ឥទ្ធិពល​ខ្លាំង​ណាស់ដែរ។

ទម្លាប់​គ្រប់គ្រង​តាមបែប​បក្សពួក និង​គ្រួសារនិយម​នេះ​បាន​បង្ក​ផលវិបាក​អវិជ្ជមាន​ច្រើន​យ៉ាង​។ ផលវិបាក​ដំបូង​គេ​គឺ​វា​ធ្វើ​ឲ្យ​ការដឹកនាំ​និង​គ្រប់គ្រង​គ្មាន​តម្លាភាព ខ្វះ​ប្រសិទ្ធភាព និង​បង្ក​​ការលំបាក​ដល់​បុគ្គលិក​ក្រោមបង្គាប់។ ពិតណាស់ នៅក្នុង​រដ្ឋបាល​សាធារណៈ ប្រសិនបើ​មាន​បញ្ហា​បក្សពួក​និង​គ្រួសារនិយម​កើតឡើង ការសម្រេចចិត្ត​នានា​ច្រើនតែ​ធ្វើឡើង​ទៅតាម​មនោសញ្ចេតនា​និង​ផលប្រយោជន៍​ច្រើនជាង​គោរព​គោលការណ៍។

ប្រធាន​ស្ថាប័ន​ឬ​ពេលខ្លះ​រហូតដល់​ក្រុមគ្រួសារ​របស់ខ្លួន​ផង​បានចេញ​បទបញ្ជា​ដល់​បុគ្គលិក​ក្រោមបង្គាប់​តាមចិត្ត​នឹកឃើញ​ក្រោម​ឥទ្ធិពល​អំណាច។ របៀប​ដឹកនាំ​បែបនេះ ជាទូទៅ​ធ្វើ​ឲ្យ​បុគ្គលិក​ជំនាញ​ពិបាក​ទទួលយក។ រីឯ​ការ​បំពេញការងា​រ​របស់​បុគ្គល​ដែល​ចូល​តាម​សែ​ស្រឡាយ​​នោះ​ទៀតសោត​ ក៏​មិនសូវ​គោរព​គោលការណ៍​ដែរ​ដោយសារតែ​ពួកគេ​សម្អាង​លើ​មនោសញ្ចេតនា​របស់​ប្រធាន​ស្ថាប័ន​ដែលជា​សាច់ញាតិ​របស់ខ្លួន។ ធ្ងន់ធ្ងរ​ជាង​នេះ នៅពេល​មាន​បញ្ហា​កើតឡើង បុគ្គលិក​ផ្សេង​មិន​ហ៊ាន​ស្តីបន្ទោស​ឬ​មិន​ហ៊ាន​ទាំង​និយាយប្រាប់​ផង។

ចំណែកឯ​ប្រធាន​ស្ថាប័ន​វិញ​ក៏​តែងតែ​អត់ឱន​ដល់​សមាជិកគ្រួសារ សាច់ញាតិ និង​មនុស្ស​ជំនិត​របស់ខ្លួន​ជាង​អ្នកដទៃ​ដែរ​តាមរបៀប«កាត់ទឹក​មិន​ដាច់ កាត់​សាច់​មិនបាន»។ ទីបំផុត បញ្ហា​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​ហើយ​អ្នក​ដែល​វ័ណ្ឌក​គឺប្រធាន​ស្ថាប័ន​ឬ​ប្រធាន​ក្រុមហ៊ុន​ខ្លួនឯង​ជាពិសេស​បើ​បញ្ហា​នេះ​កើតឡើង​ក្នុង​រដ្ឋបាល​សាធារណៈ​វិញ គឺ​រដ្ឋាភិបាល​ជា​អ្នក​ទទួលរង​ថ្ម​បាក់។ បច្ចុប្បន្ន មាន​បញ្ហា​ច្រើ​ណាស់​ដែល​ដោះ​មិន​ចេញ​ដោយសារតែ​បក្សពួក​និង​គ្រួសារ​និយម​​នេះ។

ដូច្នេះ ដល់ពេល​ហើយ​ដែល​ត្រូវ​លុបបំបាត់​ទម្លាប់​ដឹកនាំ​តាមបែប​បក្សពួក​និង​គ្រួសារនិយម​ទាំង​ក្នុង​ស្ថាប័នរដ្ឋ វិស័យ​ឯកជន ក៏ដូចជា​ស្ថាប័ន​ផ្សេងទៀត​ដែរ។ ការរៀបចំ​ប្រព័ន្ធ​ដឹកនាំ គ្រប់គ្រង​តាមបែប​សម័យ​ទំនើប ស្របតាម​ប្រជាធិបតេយ្យ និង​ទីផ្សារសេរី គឺជា​របត់​ដែល​មិនអាច​ដើរ​បញ្ច្រាស​បានឡើយ។ ប្រព័ន្ធ​ដឹកនាំ​និង​គ្រប់គ្រង​ដែលមាន​តម្លាភាព​និង​មាន​គោលការណ៍​ច្បាស់លាស់​មិន​ត្រឹមតែ​អាចជួយ​ជំរុញ​ការអភិវឌ្ឍ​ប្រទេស​ឲ្យ​កាន់តែ​លឿន​ទៅមុខ ប៉ុណ្ណោះ​ទេ តែ​វា​ក៏​អាច​បញ្ចៀស​បញ្ហា​ធ្ងន់ធ្ងរ​នៅក្នុង​រដ្ឋបាល​ផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ