អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

មរតក​​នៃ​​ផ្នត់​​គំនិត​​សង្គម ​និង​​នយោបាយ ​ជា​​ហ្វ្រាំង​​ទប់​​ការ​​អភិវឌ្ឍ​ន៍​​ប្រទេស​​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​​សង្គម​​ខ្មែរ​ មាន​​ភាព​​អសកម្ម​​មួយ​ចំនួន​​ដែល​ជា​​ឧបសគ្គ​​រា​រាំង​​ការ​អភិវឌ្ឍន៍​ ​​​មិន​អាច​​លឿន​​ទៅ​មុខ​​បាន​។ ​ភាព​​អសកម្ម​​ទាំង​នោះ​​មាន​​ទាំង​​ផ្នត់​គំនិត​​ចាស់​គំ​រឹល​​មួយ​ចំនួន​​ផង​​និង​​ទាំង​​មរតក​​នយោបាយ​​ខ្លះ​​ផង​។ ​ផ្នត់​គំនិត​​ចាស់​គំរឹល​​មាន​ដូច​ជា​​អ្នក​ចេះ​​មួយ​ចំនួន​​លាក់​​តម្រិះ​​មិន​​ហ៊ាន​​បង្រៀន​​គេ​​ឲ្យ​​ចេះ​​ដូច​​ខ្លួន​​ទេ​​ព្រោះ​​ខ្លាច​​គេ​​ចេះ​​ជាង​។ ​ចំណែក​​មរតក​​នយោបាយ​​វិញ​​គឺ​​បុណ្យ​ស័ក្តិ​ ឋានៈ ​តួនាទី ​ភាគ​ច្រើន​​បាន​មក​ពី​​សកម្មភាព​​ន​យោ​បាយ​​ច្រើន​ជាង​​ដោយ​សារ​​សមត្ថភាព​ ជំនាញ​។ ​កត្តា​​ទាំង​នេះ​ហើយ​​ដែល​ជា​​ឧបសគ្គ​​រា​រាំង​​ការ​អភិវឌ្ឍ​​ប្រទេស​​និង​​ជា​​មូល​ហេតុ​​ដែល​​ធ្វើ​​ឲ្យ​​រដ្ឋ​បាល​​សាធារណៈ​​ខ្វះ​​ប្រសិទ្ធ​ភាព​។​

កុមារគឺជាមនុស្សជំនាន់ក្រោយក្នុងការអភិវឌ្ឈប្រទេសជាតិស្នងពីមនុស្សជំនាន់មុន។
កុមារគឺជាមនុស្សជំនាន់ក្រោយក្នុងការអភិវឌ្ឈប្រទេសជាតិស្នងពីមនុស្សជំនាន់មុន។ RFI/Bona Pen
ផ្សាយពាណិជ្ជកម្ម

មាន​បញ្ហា​ច្រើនយ៉ាង​ណាស់​ដែលជា​ឧបសគ្គ​រារាំង​ការអភិវឌ្ឍ​ន៍​ប្រទេស​កម្ពុជា ហើយ​បញ្ហា​មួយចំនួន​បាន​កប់​យ៉ាងជ្រៅ​ទៅក្នុង​ផ្នត់គំនិត​សង្គម​ខ្មែរ​ដែល​គួរតែ​គាស់​រំលើង។ ក្នុងចំណោម​បញ្ហា​ទាំងនោះ មាន​ចំណុច​អសកម្ម​ពីរ​ដែល​មិនអាច​មើលរំលង​បាន៖ ទី១គឺ ផ្នត់គំនិត​ខ្លាច​អ្នកដទៃ​ចេះ​ជាង​ខ្លួន និង​ទី២ គឺ​មរតក​នយោបាយ​ដែល​ធ្វើ​ឲ្យ​ប្រព័ន្ធ​ដឹកនាំ​ប្រទេស​ផ្តល់​អាទិភាព​ទៅលើ​សកម្មភាព​នយោបាយ​ច្រើនជាង​សមត្ថភាព​ជំនាញ។

ជាការ​ពិតណាស់ សង្គម​មួយ​ដែល​អាច​ជឿនលឿន​ទៅមុខ​បាន​ទាល់តែ​មនុស្ស​ជំនាន់​ថ្មី​អាច​អភិវឌ្ឍន៍​ខ្លួន​បានល្អ​ជាង​មនុស្ស​ជំនាន់​មុន​មានន័យថា នៅក្នុង​គ្រួសារ​មួយ​កូន​ត្រូវតែ​ពូកែ​ជាង​ឳ​ពុក​ម្តាយ ខណៈដែល​នៅក្នុង​រដ្ឋបាល​សាធារណៈ​វិញ យុវជន​ជំនាន់​ក្រោយ​ត្រូវមាន​សមត្ថភាព​​ខ្លាំងពូកែ​ជាង​រាមច្បង​របស់ខ្លួន។ ដើម្បី​អាចធ្វើ​ដូច្នេះ ឳ​ពុក​ម្តាយ​ឬ​មន្ត្រី​រាមច្បង​ទាំងឡាយ​មិន​ត្រឹមតែ​ផ្ទេរ​ចំណេះដឹង​ទាំងអស់​របស់ខ្លួន​ទៅ​ឲ្យ​អ្នក​ស្នង​ត្រកូល​ឬ​អ្នក​ស្នង​តំណែង តែប៉ុណ្ណោះ​ទេ ប៉ុន្តែ ពួកគេ​ថែមទាំង​ត្រូវ​ជំរុញ​លើកទឹកចិត្ត​ឲ្យ​អ្នកជំនាន់ក្រោយ​ទាំងនោះ​ទទួលបាន​ចំណេះដឹង​ថ្មីៗ​ផ្សេងទៀត​លើសពី​អ្វីដែល​ពួកគេ​មាន។

ប៉ុន្តែ នៅក្នុង​សង្គម​ខ្មែរ អ្វីៗហាក់ដូចជា​បាន​ដើរ​បញ្ច្រាស​ក្រឹត្យក្រម​នេះ​ទៅវិញ។ ជាទូទៅ មនុស្ស​ខ្មែរ​ច្រើនតែ​លាក់​តម្រិះ​ពោលគឺ​បើ​គ្រូ​ចេះ១០ក្បាច់ ពួកគេ​អាច​បង្រៀន​កូនសិស្ស​ត្រឹម៨ក្បាច់​ប៉ុណ្ណោះ ចំណែក​ពីរ​ក្បាច់​ទៀត​ទុក​ទប់ទល់​ជាមួយ​កូនសិស្ស​ក្នុងករណី​ដែល​ពួកគេ​ចង់​បែរមក​សងសឹក​គ្រូ​ដោយ​ប្រការ​ណាមួយ។ ដោយសារ​ផ្នត់គំនិត​អសកម្ម​នេះហើយ​បានជា​នៅ​គ្រប់​ទីកន្លែង ជាពិសេស​កន្លែងធ្វើការ​តែម្តង មេ​កើយ​មិនសូវ​បង្រៀន​អ្នកក្រោមបង្គាប់​ឲ្យ​ចេះ​ដូច​ខ្លួន​ទេពី​ព្រោះ​គេ​ច្រើនតែ​គិតថា ប្រសិនបើ​អ្នកដទៃ​ចេះ​ជាង ខ្លួន​នឹង​ត្រូវគេ​មើលងាយ។

ទន្ទឹមនឹង​នោះដែរ មរតក​នយោបាយ​ក៏បាន​បន្ថែម​ទម្ងន់​ដល់​ភាព​អសកម្ម​ទាំងនោះ​មួយកម្រិត​ទៀត។ ជាក់ស្តែង ជាច្រើន​ទសវត្សរ៍​ចុងក្រោយ​នេះ របត់​នយោបាយ​បាន​តម្រូវ​ឲ្យ​មនុស្ស​អាច​ទទួលបាន​មុខតំណែង​ដោយសារតែ​សមត្ថភាព​ក្នុង​នយោបាយ​ច្រើនជាង​សមត្ថភាព​ជំនាញ។

ហេតុដូច្នេះ​ហើយ​បានជា​ប្រធាន​ស្ថាប័ន​ឬ​មន្ត្រីជាន់ខ្ពស់​គ្រប់លំដាប់​ថ្នាក់​ទាំង​ស៊ីវិល​និង​កម្លាំង​ប្រដាប់អាវុធ​ច្រើនតែ​ជា​មន្ត្រី​នយោបាយ​តែ​មិនមែនជា​មន្ត្រី​ជំនាញ​ទេ។ ក្នុង​បរិបទ​នេះ ប្រាកដ​ណាស់​ថា​ពួកគេ​មិនអាច​ផ្ទេរ​ចំណេះដឹង​អ្វី​ដល់​អ្នកក្រោមបង្គាប់​បានទេ ហើយ​ពួកគេ​ក៏​ពិបាក​ដឹកនាំ​ស្ថាប័ន​របស់ខ្លួន​ឲ្យ​រីកចម្រើន​ទៅមុខ​បានដែរ។

ជា​ផលវិបាក បុគ្គលិក​ឬ​មន្ត្រីរាជការ​ខ្លះ​ធ្វើការ២០ឬ៣០ឆ្នាំ​មកហើយ តែ​ពួកគេ​ធ្វើ​តែ​ការងារ​ដដែលៗដោយ​គ្មានអ្វី​ប្លែក​ខុសពី​មុន​ឡើយ។ ពិតណាស់ថា រយៈពេល​ចុងក្រោយ​នេះ​មាន​កិច្ចខិតខំ​ប្រឹងប្រែង​គួរ​ឲ្យ​កត់សម្គាល់។ ជាក់ស្តែង មន្ត្រី​ដែល​កាន់​តួនាទីធំៗជាច្រើន​បាន​រៀន​យក​សញ្ញាបត្រខ្ពស់ៗរហូតដល់​បណ្ឌិត​ឬ​អនុបណ្ឌិត​ជាដើម។ ប៉ុន្តែ សញ្ញាបត្រ​ភាគច្រើន​មិនបាន​ឆ្លុះបញ្ចាំង​ពី​សមត្ថភាព​ឡើយ។ ចំណែកឯ​វគ្គ​បណ្តុះបណ្តាលផ្សេងៗសំដៅ​បន្ថែម​ជំនាញ​វិជ្ជាជីវៈ​ដល់​មន្ត្រីរាជការ​ក៏ត្រូវ​បាន​ធ្វើជា​បន្តបន្ទាប់​ដែរ ប៉ុន្តែ នៅ​មិនទាន់​គ្រប់គ្រាន់​ឡើយ​ដើម្បី​ធ្វើ​ឲ្យ​ប្រទេសជាតិ​អាច​អភិវឌ្ឍន៍​តាម​ទិសដៅ​ត្រឹមត្រូវ​ពិតប្រាកដ។

សរុប​មកវិញ ដើម្បី​ជំរុញ​ការអភិវឌ្ឍ​ប្រទេស​ឲ្យ​បាន​លឿន​ទៅមុខ ចាំបាច់​ណាស់​ដែល​ខ្មែរ​ត្រូវ​គាស់​រំលើង​ផ្នត់គំនិត​ចាស់គំរឹល​និង​មរតក​នយោបាយ​អសកម្ម​ទាំងនោះ​ចេញពី​សង្គម​របស់ខ្លួន។ មនុស្ស​ខ្មែរ​គ្រប់គ្នា​ទាំង​ក្នុង​គ្រួសារ​មួយ​ក៏ដូចជា​ក្នុងសង្គម​ទាំងមូល​ដែរ​ត្រូវតែ​ប្តូរ​វប្បធម៌​លាក់​តម្រិះ​ព្រោះ​ខ្លាច​គេ​ចេះ​ជាង​ខ្លួន​ឲ្យ​ទៅជា​វប្បធម៌​ត្រេកអរ​នឹង​ឃើញ​មនុស្ស​ជំនាន់​ក្រោយ​ចេះ​ច្រើនជាង​ខ្លួន​វិញ។ ក្នុងន័យនេះ មនុស្ស​ចាស់​ដែលមាន​ចំណេះដឹង​ខ្ពង់ខ្ពស់​ត្រូវ​ប្រញាប់​ផ្ទេរ​ចំណេះដឹង​ទៅ​ឲ្យ​អ្នកជំនាន់ក្រោយ​តាម​ដែល​អាច​ធ្វើបាន។ បច្ចុប្បន្ននេះ សង្គម​ខ្មែរ​ហាក់​កំពុង​ជួបប្រទះ​វិបត្តិ​ធំធេង​ទាក់ទង​នឹង​ការផ្ទេរ​និង​ការទទួល​ចំណេះដឹង​រវាង​ជំនាន់​មនុស្ស។ ដូច្នេះ មនុស្ស​វ័យ​ចំណាស់​និង​យុវជន​ដែល​ច្រើនតែ​មើលបំណាំ​គ្នា​នោះ​គួរ​ងាក​មក​សហការគ្នា​ក្នុងការ​ផ្ទេរ​និង​ទទួល​ចំណេះដឹង​វិញ។

ម្យ៉ាងទៀត វប្បធម៌​ផ្តល់​តម្លៃ​ដល់​ភាព​សកម្ម​ក្នុង​នយោបាយ​ច្រើនជាង​សមត្ថភាព​ជំនាញ​ក៏ត្រូវ​តែ​ផ្លាស់ប្តូ​រដែរ។ អ្នកមាន​សមត្ថភាព​គួរតែ​ត្រូវបាន​ប្រើប្រាស់​ឲ្យ​ចំ​ជំនាញ​និង​គួរ​ទទួលបាន​កម្រៃ​ការងារ​សម​ទៅនឹង​សមត្ថភាព​របស់ខ្លួន​ដោយ​មិន​គិតពី​ពណ៌​សម្បុរ​នយោបាយ។ ដល់ពេល​ហើយ​ដែល​ខ្មែរ​គួររៀបចំ​សង្គម​របស់ខ្លួន​ឲ្យ​ស្របតាម​ក្រឹត្យក្រម​នៃ​ការអភិវឌ្ឍន៍៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ