អានតួអត្ថបទ
កម្ពុជា

​លោក​​ហោ​​ ណាំ​​ហុង​​កោះ​​ប្រជុំ​​ជា​​មួយ​​ទូត​​បរ​​ទេស​​ដោយ​​មិន​​និ​​យាយ​​ពី​​ស្ថាន​​ភាព​​កម្ពុជា​

លោកហោ ណាំហុង ឧប​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការបរទេស បាន​​ជួប​​ប្រ​​ជុំ​​ជា​​មួយ​​ឯក​​អគ្គ​រាជ​ទូត​​ និង​​ឯក​​អគ្គ​​រដ្ឋ​​ទូត ​​ចំនួន ​​២៧ ​​ប្រ​​ចាំ​​កម្ពុជា ​​នា​​ព្រឹក​​ថ្ងៃ​ពុធ​ ​ទី​២៦​​វិច្ឆិកា​នេះ​​។ ​កិច្ច​​ប្រ​ជុំ​​រយៈ​​ពេល​ ​​៣០ ​​នាទី​ ​នៅ​ទី​ស្តីកា​រ​ក្រសួង​ការ​បរ​ទេស ​ក្នុង​រាជ​ធានី​ភ្នំពេញ​ គឺ​លោក​ប្រមុខ​ការ​ទូត​កម្ពុជា​ បាន​សង្ខេប​ឡើង​វិញ​ពី​​​លទ្ធ​ផល​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន ​នៅ​ប្រទេស​ភូមា ​កាល​ពី​ដើម​ខែវិច្ឆិកា​នេះ​។ ​លោក​ហោ ​ណាំហុង​ ក៏​បាន​ប្រកាស​ពីជំហរ​របស់​កម្ពុជា ​ដែល​ពេញ​ចិត្ត​ ធ្វើ​ឲ្យ​សំរេច​បាន​នូវ​សហ​គមន៍​អាស៊ាន​តែមួយ ​នៅ​ឆ្នាំ២​០១៥។ ​ចំណែក​បញ្ហា​ផ្ទៃ​ក្នុង​កម្ពុជា ​ដែល​រួម​មាន​ការ​ចាប់​ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ​សកម្ម​ជន​ដីធ្លី​ ព្រម​ទាំង​ព្រះ​សង្ឃ​ យក​ទៅ​កាត់​ទោស ​ជា​ដើម​នោះ ​មិន​ត្រូវ​បាន​លើក​ឡើង​ទេ។​

លោកហោ ណាំហុង
លោកហោ ណាំហុង RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

ឯក​អគ្គ​រាជ​ទូត ​និង​ឯក​អគ្គ​រដ្ឋ​ទូត ​ចំនួន​ ២៧ ​ប្រទេស ​ប្រចាំ​នៅ​កម្ពុជា ​បាន​ជួប​ប្រជុំ ​ជា​មួយ​ប្រ​មុខ​ការ​ទូត​កម្ពុជា ​លោក​ ហោ ​ណាំ​ហុង ​នា​ព្រឹក​ថ្ងៃ​ពុធ​ ទី​២៦​វិច្ឆិកា​នេះ។​ កិច្ច​ប្រជុំ​ដោយ​បិទទ្វារ​ ​រយៈ​ពេល​ខ្លី ​តែ​ប្រមាណ​ ៣០ ​នាទី ​នៅ​ក្រសួង​ការ​បរទេស ​គឺ​លោក​ប្រ​មុខ​ការ​ទូត​កម្ពុជា​ បាន​លើក​ឡើង​ដោយ​សង្ខេប​ ទៅ​កាន់​តំណាង​ប្រទេស​ជា​មិត្ត ប្រ​ចាំ​កម្ពុជា ​រួម​មាន៖​ ឯក​អគ្គ​រដ្ឋទូត​អា​មេរិក​ ទូត​ជប៉ុន​ និង​ឯក​អគ្គ​រដ្ឋ​ទូត​សហ​ភាព​អឺរ៉ុប ជា​ដើម ​អំពី​លទ្ធ​ផល​នៃ​កិច្ច​ប្រជុំ​កំពូល​អា​ស៊ាន​ និង​កិច្ច​ប្រជុំ​ពាក់​ព័ន្ធ​ដទៃ​ទៀត​ ដែល​ទើប​តែ​បិទ​បញ្ចប់ ​នៅ​ប្រទេស​ភូមា​ កាល​ពី​ថ្ងៃ​ទី១១ ​និង​ថ្ងៃទី​១២​វិច្ឆិកា។

លោក​ កុយ​ គួង​ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស ​បាន​ប្រាប់​ក្រុម​អ្នក​កាសែត​ថា ​ក្រៅពី​បង្ហាញ​ដោយ​សង្ខេប​ពី​លទ្ធ​ផល​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ លើក​ទី​២៥​ និង​កិច្ច​ប្រជុំ​កំពូល​ពាក់​ព័ន្ធ​សំខាន់ៗ ​សរុប ​១០ ​កិច្ច​ប្រជុំ ​នៅ​ប្រទេស​ភូមា ​លោក​ ហោ ​ណាំហុង​ ក៏​បាន​បញ្ជាក់​ពី​ជំហរ​របស់​កម្ពុជា ​ពាក់​ព័ន្ធ​នឹង​កិច្ច​ប្រជុំ​កំពូល ​នោះ​គឺ​កម្ពុជា​ពេញ​ចិត្ត​ធ្វើ​យ៉ាងណា ​ឲ្យ​សំ​រេច​បាន​នូវ​សហ​គមន៍​អា​ស៊ាន​តែ​មួយ ​នៅ​ឆ្នាំ​២០១៥​ ដោយ​មាន​កិច្ច​សហការ​រវាង​បណ្តា​ប្រទេស​អាស៊ាន​ទាំង ​១០​ និង​ប្រទេស​ដៃគូ​ទាំង​អស់។​

ក្នុង​កិច្ច​ប្រជុំ​រវាង​រដ្ឋមន្ត្រី​ការ​បរ​ទេស​កម្ពុជា​ ជា​មួយ​ឯក​អគ្គ​រដ្ឋ​ទូត​ ឯក​អគ្គ​រាជ​ទូត​ទាំងអស់​ប្រ​ចាំ​កម្ពុជា​ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ​លោក​ កុយ ​គួង​ បាន​បញ្ជាក់​ថា ​បញ្ហា​ចាប់​ខ្លួន​ស​កម្ម​ជន​សិទ្ធិ​មនុស្ស ​សកម្ម​ជន​ដីធ្លី ​សកម្ម​ជន​គណ​បក្ស​ស​ង្គ្រោះ​ជាតិ​ រួម​ទាំង​ព្រះ​សង្ឃ យក​ទៅ​កាត់​ទោស ​ដាក់​ពន្ធ​នាគារ​ នា​ពេល​ថ្មី​នេះ ​គឺ​មិន​មាន​លើក​ឡើង​ទេ។

ចេញ​ពី​កិច្ច​ប្រជុំ ​លោក ​ហ្វ្រ​ង់​ស័​រ​ កូ​តាំង​ ឯក​អគ្គ​រដ្ឋ​ទូត​សហ​ភាព​អឺរ៉ុប​ ប្រចាំ​កម្ពុជា ​បាន​បញ្ជាក់​ថា​ កិច្ច​ប្រជុំ​នៅ​ព្រឹក​នេះ ​លោក​ហោ​ណាំ​ហុង ​បង្ហាញ​ដោយ​សង្ខេប​ពី​លទ្ធផល នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន។​ ចំណែក​ស្ថាន​ភាព​នយោ​បាយ​នៅ​កម្ពុជា​ រួម​ទាំង​ការ​ចាប់ខ្លួន​សកម្ម​ជន​ នា​ពេលថ្មីៗ​នេះ​ មិន​ត្រូវ​បាន​លើក​ឡើង​ ហើយ​បណ្តា​អង្គ​ទូត​ ក៏​មិន​សួរនាំ​អ្វី​នោះ​ដែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ