អានតួអត្ថបទ
កម្ពុជា

ប្រធានាធិបតី​វៀតណាម សុំ​ឲ្យ​កម្ពុជា​ជួយ​ការពារ​ជនជាតិ​របស់ខ្លួន

លោក​ជ្រឿង តឹង​សាង ប្រធានាធិបតី​វៀតណាម​បាន​មកដល់​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី​២៣​ធ្នូ​នេះ​ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​ពីរ​ថ្ងៃ​នៅ​កម្ពុជា។ ក្នុង​ថ្ងៃទី១នៃ​ដំណើរ​ទស្សនកិច្ច​នេះ ប្រមុខរដ្ឋ​វៀតណាម​បាន​ចូលគាល់​ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី និង​​បាន​​ជួប​ពិភាក្សា​​ជាមួយ​​មេដឹក​នាំ​​ស្ថាប័ន​កំពូល​ៗ​របស់​​កម្ពុជា​​ផង​ដែរ​។ លោក​​បាន​​សុំ​​ឲ្យ​​កម្ពុជា​​ជួយ​​ការពារ​​ជនជាតិ​​វៀតណាម​​ដែល​​កំពុង​​រស់​នៅ​​និង​​ប្រកប​​របរ​​នៅ​​លើ​​ទឹក​​ដី​​កម្ពុជា​។

ប្រធានាធិបតី​វៀត​ណាម លោក ជ្រឿង តឹងសាង ( Truong Tan Sang) (រូបខាងស្តាំ) ជួប​ពិភាក្សា​ការងារ​ជាមួយ​លោកនាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ​(រូបខាងឆ្វេង)​នៅ​វិមានសន្តិភាព​នៅ​រសៀល​ថ្ងៃ​អង្គារ​ ទី ២៣​ធ្នូ ​ឆ្នាំ ២០១៤​។
ប្រធានាធិបតី​វៀត​ណាម លោក ជ្រឿង តឹងសាង ( Truong Tan Sang) (រូបខាងស្តាំ) ជួប​ពិភាក្សា​ការងារ​ជាមួយ​លោកនាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ​(រូបខាងឆ្វេង)​នៅ​វិមានសន្តិភាព​នៅ​រសៀល​ថ្ងៃ​អង្គារ​ ទី ២៣​ធ្នូ ​ឆ្នាំ ២០១៤​។ @RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

ប្រធានាធិបតី​វៀតណាម លោក ជ្រឿង តឹង​សាង ( Truong Tan Sang) បានមក​ដល់​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​ទី ២៣ ធ្នូ​នេះហើយ​បាន​បង្ហួស​ទៅកាន់​ព្រះបរមរាជវាំង​ដើម្បី​គាល់​ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី។ បន្ទាប់​មក​ប្រធានាធិបតី​វៀតណាម​បានមក​គោរព​វិញ្ញាណក្ខន្ធ​នៅមុខ​ស្តូប​យុទ្ធជន​វៀតណាម គោរព​ព្រះ​បរម​រូប​សម្តេចព្រះ នរោត្តម សីហនុ និង​គោរព​វិញ្ញាណក្ខន្ធ​បុព្វបុរស​ខ្មែរ​អ្នក​ស្នេហាជាតិ​នៅឯ​វិមានឯករាជ្យ​ផងដែរ។

 
នៅ​រសៀល​ថ្ងៃ​ដដែល​នេះ លោក​ជ្រឿង តឹង​សាង បាន​ជួបពិភាក្សា​ជាមួយ​លោក ហេង សំរិន ប្រធាន​រដ្ឋសភា លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក ជា ស៊ីម ប្រធាន​ព្រឹទ្ធសភា។ ប្រមុខរដ្ឋ​វៀតណាម​បាន​សុំ​ឲ្យ​កម្ពុជា​ការពារ​ជនជាតិ​វៀតណាម​ដែល​កំពុង​រស់នៅ​និង​ប្រកប​អាជីវកម្ម​នៅលើ​ទឹកដី​កម្ពុជា​ស្របតាម​ច្បាប់​អន្តរជាតិ។ភាគី​ទាំងពីរ​គ្រោង​ចេញ​សេចក្តីថ្លែងការណ៍​រួមគ្នា​មួយ​នៅ​ចុងបញ្ចប់​នៃ​ដំណើរ​ទស្សនកិច្ច​នេះ។

ដំណើរ​ទ្សនកិច្ច​របស់​ប្រមុខរដ្ឋ​នៃ​ទីក្រុង​ហាណូយ​មកកាន់​កម្ពុជា​ធ្វើឡើង​តាម​ការអញ្ជើញ​របស់​ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី។ ការមកដល់​របស់លោក ជ្រឿ​ង តឹង​សាង ក៏បាន​កើតឡើង​ស្រប​ពេលដែល​ជនជាតិ​ម៉ុង​តា​ញ៉ា១៣នាក់​បាន​រត់​ភៀសខ្លួន​មក​កម្ពុជា​ដើម្បី​សុំ​សិទ្ធិ​ជ្រកកោន​នយោបាយ។ ទស្សនកិច្ច​នេះ​ក៏បាន​កើតឡើង​បន្ទាប់ពី​បាតុកម្ម​ទាមទារ​ឲ្យ​អ្នកនាំពាក្យ​ស្ថានទូត​វៀតណាម​ប្រចាំ​ទីក្រុង​ភ្នំពេញ​ទទួលស្គាល់​ប្រវត្តិសាស្ត្រ​ពិត​នៃ​កម្ពុជា​ក្រោម​ទើបតែ​បាន​ស្ងប់ស្ងាត់​មួយរយៈ។

យ៉ាងណាក៏ដោយ លោក​ថាច់ សេដ្ឋា ប្រធាន​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​លើកយក​បញ្ហា​ខ្មែរក្រោម​ទៅ​ពិភាក្សា​ជាមួយ​សម​ភាគី​វៀតណាម។ លោក​ថាច់ សេដ្ឋា អះអាងថា លោក​បាន​ផ្ញើលិខិត​មួយច្បាប់​ទៅកាន់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី១៩ធ្នូ ដោយ​សុំ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​លើក​បញ្ហា​ដែល​ខ្មែរក្រោម​ទាមទារ​ឲ្យ​វៀតណាម​ទទួលស្គាល់​ប្រវត្តិសាស្ត្រ​ពិត និង​សុំ​ឲ្យ​ទីក្រុង​ហាណូយ​គោរព​សិទ្ធ​សរី​ភាព និង​ជំនឿ​សាសនា​របស់​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ផងដែរ។

គណៈ​ប្រធាន​រដ្ឋ​វៀតណាម​នឹង​ជួប​ជាមួយ​សម្តេចព្រះ​មហាសង្ឃរាជ ទេព វង្ស នៃ​គណៈមហានិកាយ និង​សម្តេចព្រះ​មហាសង្ឃរាជ បួរ គ្រី គណៈធម្មយុត្តិកនិកាយ​នៅ​ថ្ងៃ​ពុធ​ទី២៤ធ្នូ​ដែលជា​ថ្ងៃ​បញ្ចប់​នៃ​ទស្សនកិច្ច​របស់ខ្លួន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ