អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

ការពន្យារ​កំណើតគ្មាន​ប្រសិទ្ធិភាព ជា​កំហុស​របស់​ស្ត្រី ?!

ចុះផ្សាយ​នៅ​ថ្ងៃ៖

បច្ចុប្បន្ន​នេះ មានថ្នាំ​និង​មធ្យោបាយ​ពន្យារ​កំណើត​ ច្រើន​បែប​ច្រើន​យ៉ាង​ណាស់ ៖ មាន​ថ្នាំលេប កង​ដាក់​ដៃ កង​ដាក់​ក្នុង​ស្បូន ... ប៉ុន្តែ​ទោះ​យ៉ាង​ដូច្នេះ​ក្តី​ក៏​អត្រា​ស្ត្រី​មក​រម្លូត​កូន​មិន​បាន​ថយ​ចុះ​ទេ ! ហេតុ​អ្វី​បាន​ជា​ដូច្នេះ ? តើ​នេះ​មក​ពី​មធ្យោបាយ​ពន្យារ​កំណើត​គ្មាន​ប្រសិទ្ធិភាព ? ឬ​ក៏​មក​ពី​ការ​ប្រើ​ប្រាស់​មធ្យោបាយ​នោះ​មិន​ត្រឹម​ត្រូវ ?

មធ្យោបាយ​ពន្យារ​កំណើត​មាន​ច្រើន​តែ​អត្រា​អ្នក​​មក​រម្លូត​កូន​មិន​ថយ​ចុះ​ទេ​នៅ​ប្រទេស​បារាំង។ រូបថត​ផ្តិត​ចេញ​ខ្សែភាព​យន្ត​ "17 filles"។
មធ្យោបាយ​ពន្យារ​កំណើត​មាន​ច្រើន​តែ​អត្រា​អ្នក​​មក​រម្លូត​កូន​មិន​ថយ​ចុះ​ទេ​នៅ​ប្រទេស​បារាំង។ រូបថត​ផ្តិត​ចេញ​ខ្សែភាព​យន្ត​ "17 filles"។ Archipel 35
ផ្សាយពាណិជ្ជកម្ម

ទាំង​ខុស​ពេល ទាំង​មិន​ត្រូវ​ឱកាស ទាំង​មិន​​បាន​ប្រាថ្នា ការពារ​ហើយ​នៅ​តែ​អាច​មានកូន​បាន​ទៀត ! តើ​ត្រូវ​ធ្វើ​ដូចម្តេច ? រក្សា​ទុក ឬ​រម្លូត​ចោល ? នេះ​ហើយជា​បញ្ហា​ដែលស្ត្រី មួយ​មួយ​ចំនួន​​តែង​ព្រួយបារម្ភ និង​ខ្លាច​បំផុត។ ដោយ​មិន​និយាយ​អំពី​ការ​លើស​លួស​ រំលង​ប្រពៃណី របស់​យុវតី​មួយ​ចំនួន មាន​កូន​ដោយ​មិន​ប្រាថ្នា​តែង​តែ​ត្រូវ​បាន​គេ​ទម្លាក់​កំហុស​ជា​ទូទៅ​ទៅ​លើ​ភាគី​ខាង​ស្រី និង​ចោទ​សួរ​អំពី​​ប្រសិទ្ធិភាព​នៃ​មធ្យោបាយ​ពន្យារ​កំណើត។

 
សូម​រំលឹក​ថា ការ​បង្ក​កំណើត​ អាច​ប្រព្រឹត្តទៅ​បាន​ដោយ​មាន​​ភាគី​ពីរ​ ជាប់​ពាក់ព័ន្ធ នោះ​គឺ​ស្ត្រី​និង​បុរស។ ដូច្នេះ​ការ​ពន្យារកំណើត​បាន​សម្រេច និង​ប្រកប​ដោយ​ប្រសិទ្ធិភាព ទាមទារ​ការចូល​រួម​ទាំង​ពីរ​ភាគី។ ជាសារ​ការពារ​ស្ត្រី​ភេទ ក្រុម​វេជ្ជបណ្ឌិត ចង់​ឱ្យ​បុរស​ យុវជនជំនាន់​ក្រោយ​ចូល​រួម​យ៉ាង​សកម្ម​ពន្យារ​កំណើត​។ ការ​យល់​ដឹង​ និង​បាន​ទទួល​ព័ត៌មាន​គ្រប់គ្រាន់ ​ ក្នុង​កម្មវិធី​គ្រួសារ មាន​កូន​តាម​ក្តី​ប្រាថ្នា​ ក៏​ជា​ចំណែក​និង​ភារៈ​មួយ​របស់​បុរស​ដែរ។

​នៅ​ក្នុង​វេជ្ជសាស្ត្រ សូន្យ​ហានិភ័យគ្មាន​​ទេ ឬ​និយាយ​ឱ្យ​ស្រួល​ស្តាប់​ គ្មានការព្យាបាល​ណា​ដែល​ធានា​ថា​មាន​ប្រសិទ្ធិភាព​​១០០%​ឡើយ។ យ៉ាង​ណា​មិញ ការ​ពន្យារ​កំណើត​ ដោយ​វិធី ដាក់​កង លេប​ថ្នាំ ប្រើ​ស្រោម​អនាម័យ ក៏ដូច​គ្នា មិន​អាចធានា​យ៉ាង​ប្រាកដ​ទប់​ស្កាត់​ការ​បង្ក​កំណើត​បាន​​​១០០%​ដែរ។ តែ​គេ​អាច​បញ្ជាក់​បាន​ថា ដាក់​កង​មាន​ប្រសិទ្ធិភាព​ខ្ពស់​មែន​ទែន​ និង​ខ្លាំង​ជាង​ការ​ប្រើ​ថ្នាំ។

​ការ​ធ្លោះ​ធ្លោយ​ តែង​តែ​អាច​កើត​មាន​​បាន​គ្រប់​ពេល​វេលា ! ប៉ុន្តែ​អ្នក​ស្រី​វេជ្ជបណ្ឌិត​កាទ្រីន សូឡាណូ សុខ​ចិត្ត​ប្រើ​ពាក្យ​ថា​ខុស​ឆ្គង ជា​ជាងទម្លាក់កំហុស​ទៅ​លើ​​ប្រសិទ្ធិភាព ៖

ការ​រម្លូត​កូន ដោ​យ​មូលហេតុ​ពរពោះ​មិន​តាម​ប្រាថ្នា

នៅ​ប្រទេស​បារាំង​ ការ​រម្លូត​ពាក់​កណ្តាល​បណ្តាលមកពីស្ត្រី ឬ​គូ​ស្វាមី​ភរិយា​​ការពារ​មិន​ជាប់។ 23%​លេប​ថ្នាំ​ពន្យារ​កំណើត 7%​ពាក់​កង 19%​ ពាក់​ស្រោម​អនាម័យ។ វិធី​ពន្យារ​កំណើត​ដូច​យ៉ាង​​ដាក់​កង​ក្នុង​ស្បូន ជា​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធិភាព​ខ្ពស់​ខ្លាំង​មែន​ទែន ប៉ុន្តែ​នៅ​អាច​មាន​ភ្លាត់​បាន ! អាច​ចាត់​ទុក​ថា​មក​ពី​យើង​គ្មាន​សំណាង​ក៏​បាន​។ អ្វី​ដែល​យើង​អាច​ចាត់​ទុក​ជា​កំហុស​នៃ​ការ​ប្រើប្រាស់​គឺ ការ​លេប​ថ្នាំ។ ស្ត្រី​អាច​ភ្លេចលេប ! នៅ​ពេល​គ្មាន​ថ្នាំ អូវ៉ុល​របស់​ស្ត្រី​ដែល​ធ្លាប់​ត្រូវ​បិទ​ខ្ទប់​ដោយ​ថ្នាំ​អាច​មាន​ដំណើរការ​ដូច​ប្រក្រតី​ឡើងវិញ ទើប​មាន​ការ​បង្ក​កំណើត​ឡើង។ ក្នុង​ករណី​បិទ​ប៉ាច់​នៅ​ដៃ​ក៏​ដូច​គ្នា​​ បើ​ដល់​ពេល​ប្តូរ​ហើយ មិន​ប្តូរ​ នោះ​អូវុល​នឹង​មាន​សកម្មភាពតាម​បែបធម្មជាតិ នៅ​ពេល​ជួប​មេជីវិត​បុរស​ ត្រូវ​តែ​បង្ក​កំណើត​បាន។ សូម​ចង​ចាំ​ថា រយៈ​ពេល​ដែល​ស្ត្រី​ងាយភ្លេច​បំផុត​ គឺ​មួយ​សប្តាហ៍​ដំបូង​នៃ​ការ​ផ្តើម​បន្ទះ​ថ្នាំ​ថ្មី ឬ​ប៉ាច់​ថ្មី។ ហើយការ​ភ្លេច​​មួយ​អាទិត្យ​ដំបូង​នេះ ធ្វើ​ឱ្យ​មាន​គ្រោះ​ពរពោះ​ខ្លាំង​បំផុត។

ការ​ភ័ន្តច្រលំ

គូស្រក​ខ្លះ​យល់​ថា​ រួម​រក្ស​នៅ​ពេល​ស្ត្រី​កំពុង​ធ្លាក់​រដូវ​ នឹង​មិន​បង្ក​ឱ្យ​មាន​កូន​ទេ ! នេះ​ជា​ការ​យល់​ឃើញដែល​​មិន​ត្រឹម​ត្រូវទាល់តែ​សោះ។ ស្ត្រី​អាច​មាន​កូន​ទាំង​ក្នុង​ពេល​ មុន​ពេល​ និង​ក្រោយ​ពេល​មានធ្លាក់​​រដូវ។ ចូរ​កុំ​គិត​ថា​ ការ​រួម​ដំណេក​លើក​ទីមួយ​ គ្មាន​កូន​ឱ្យ​សោះ ! មិន​ទាន់​មាន​ធ្លាក់​រដូវ ក៏​អាច​មាន​កូន​បាន​ដែរ ដូច្នេះ​ចូរ​យុវតី​កុំ​សាក​ល្បង​ឱ្យ​សោះ និង​សូម​ផ្តល់​សារ​នេះ​ឱ្យ​បាន​ទូលំ​ទូលាយ​បំផុត។ នាង​គ្មាន​រដូវ​ នៅ​ថ្ងៃ​រួម​រក្ស​មែន​ ប៉ុន្តែ​នរណា​ទៅ​ដឹង​ថា​នៅ​១៥​ថ្ងៃ​ទៀត មេជីវិត​ត្រូវ​ទុំ​ជ្រុះ​ និង​មាន​ខែ​ជា​លើក​ដំបូង។ វិល​មក​និយាយ​អំពី​ករណី​ស្ត្រី​មាន​គូស្រករ​ជា​ទូទៅ​ ដែល​ធ្លាក់​ខ្លួន​មាន​កូន​វិញ ទាំង​មាន​​​កម្មវិធី​ពន្យារ​កំណើត​វិញ ៖ ថ្ងៃ​ដែល​ស្ត្រី​មាន​អារម្មណ៍​ខ្លាំង ជា​ថ្ងៃ​ដៃ​អូវុល​កំពុង​ពេញ​ក្បាល​ទឹក ដូច្នេះ​ការ​រាប់​ថ្ងៃ​ដែល​ស្វាមី​ភរិយា​មួយ​ចំនួន​ ប្រើ​សម្រាប់​វិធី​ពន្យារ​កំណើត​វិញ ថា​ចូល​ដល់​ថ្ងៃទី ១៤​ហើយអាច​គេង​ជាមួយ​គ្នា​បាន​ដោយគ្មាន​ព្រួយ​ពី​ការ​បង្ក​កំណើត​ នោះ​ពិត​ជា​គ្រោះ​ថ្នាក់​ហើយ។ ការ​រាប់​ថ្ងៃ​គ្មាន​ប្រសិទ្ធិភាព​ទេ ព្រោះ​គេ​មិន​អាច​ទស្សទាយ ឬ​កំណត់​ពេល​ម៉ោង​អូវុល​ទុំ​បាន​ទេ។​ គេ​អាច​ដឹង​បាន​ក្រោយ​ ពេល​រួម​រក្ស​រួច ដូច្នេះ​វា​យឺត​ពេល​បាត់​ទៅ​ហើយ។ មិន​តែ​ប៉ុណ្ណោះ​ស្ត្រី​អាច​ស្ថិត​ក្នុង​ស្ថានភាព​​​មាន​កូន​បាន ជា​ច្រើន​ថ្ងៃ​មុន​ការ​ធ្លាក់​អូវុល។ រួមរក្ស​ពេល​មាន​រដូវ​ក៏ អាច​មានកូន​​ដែរ ព្រោះ​មេជីវិត​បុរស ស្ពែម៉ាតូហ្សូអ៊ីត មិន​មែន​រស់​តែ​ពី​រ​បី​នាទី​ឯណា​។ រយៈ​ពេល​ដែល​​គេ​សង្កេត​ឃើញ​ជា​ទូទៅ​គឺ​ស្ពែម៉ាតូហ្សូអ៊ីត​មាន​អាយុ​វែង​បំផុត​ពី ៥​ទៅ​៧​ថ្ងៃ។ ហើយ​បើ​ក្នុង​ពេល​៥​ទៅ​៧ ថ្ងៃ​នេះ​ជា​រយៈ​ពេល​មុន​មេជីវិត​ញី​ទុំ​ នោះ​នឹង​មាន​ការ​បង្ក​កំណើត​ហើយ។ ជា​សរុប​មួយ​ភាគ​បួន​នៃ​​ការ​រួម​រ័ក្ស​សុទ្ធ​តែ​មាន​គ្រោះ ឬ​សំណាង​មាន​កូន​ទាំង​អស់​។

តើ​អ្នក​ប្រើ​ស្រោម​អនាម័យ​បាន​ត្រឹម​ត្រូវ​ដែរឬទេ ?

១៩%​នៃ​ការ​រម្លូត​កូន គឺ​ជា​ដៃគូ​ដែល​មាន​ការ​ការពារ​ដោយ​ប្រើ​ស្រោម​អនាម័យ។ តើ​នេះ​បណ្តាលមក​ពី​អ្វី ? គួរ​ឱ្យ​សោកស្តាយ​នេះ​មិន​មែន​មក​ពី​ប្រសិទ្ធិភាព​នៃ​ស្រោម​អនាម័យ​ទេ តែ​មក​ពីភាគ​ច្រើន ប្រើប្រាស់​មិន​បាន​ត្រឹម​ត្រូវ​ ជាពិសេស​យុវជន​ក្មេងៗ។ កំហុស​ទី​មួយ និង​ដែល​មាន​ជួប​ប្រទះ​ច្រើន​ជាង​គេ គឺ​មិន​ពាក់​ស្រោម​អនាម័យ តាំង​ពី​ដើមដល់​ចប់។ ប្តីប្រពន្ធ​ ឬ​ដៃគូ​ច្រើន​មាន​និន្នាការ​ពាក់​ស្រោម​នៅ​ពេល​ដែល​បុរស​ឡើង​ដល់​កំរិត​កំពូល ហៀប​ចេញទឹក​តែ​ប៉ុណ្ណោះ ! នេះ​ហើយ​ជា​គ្រោះ​ថ្នាក់​ធំ ព្រោះ​សូម​ចង​ចាំ​ថា ស្ពែម៉ាតូហ្សូអ៊ីត អាច​មាន​ការ​ធ្លាយ​ហូរ​ចេញ​​​មកជា​មួយ​ទឹក​រំអិល​បុរស​ និង​ពេល​ខ្លះ​បុរស​មិន​អាច​ទប់​បាន​ រត់​ទៅ​ពាក់​ស្រោម​មិន​ទាន់​ឡើយ។ ប្រសិន​បើ​ជ្រុល​ជ្រួស​ដូច្នេះ​ហើយ ចូរ​នឹក​ឃើញ​រក​ប្រើ​ថ្នាំ​ពន្យារ​កំណើតមួយ​ថ្ងៃ​​ភ្លាម។
កំហុស​ទីពីរ គឺ​មក​ពី​ពាក់​ស្រោម​មិន​ត្រឹម​ត្រូវ​ មិន​ទុក​​ឱ្យ​មាន​សល់​ខ្យល់​នៅ​ចន្លោះ​ខាង​ចុង​ស្រោម​បន្តិច​។ ប្រសិនអ្នក​មិន​ច្បិច​ច្របាច់ ចុង​ស្រោម​​ឱ្យ​សល់​​ចន្លោះ​ទំនេរ​សម្រាប់​ទទួល​ទឹក​ស្ពែម៉ាតូហ្សូអ៊ីត​ទេ នោះ​ស្រោម​អនាម័យ​អាច​នឹង​ធ្លាយ​ មាន​ន័យ​ថា​ការពារ​ដូច​អត់​ការពារ ជួន​កាលទៀត ទឹក​កាម​អាច​នឹង​ច្រាល​ហៀ​ចេញ​មក​តាម​លើ​ហូរ​ក្នុង​ប្រដាប់​ភេទ​ស្ត្រី​វិញ​ដដែល​។ ដូច្នេះ​ការ​បង្ក​កំណើត​នឹង​អាច​កើត​មាន។

ជា​ចុង​ក្រោយ​ និងជាទូទៅ​សម្រាប់​ដៃគូ​ក្មេងៗ ក្រោយ​ការ​រួម​ភេទ​ហើយ ចេញ​ទឹក​អស់មែន ប៉ុន្តែ​មិន​ទាន់​អស់​អាល័យ​ ផ្នែក​បុរស​ចង់​ ឬ​ស្ត្រី​ចង់​នៅ​ត្រាំ​​បបោស​អង្អែល​គ្នា​ត​ទៀត ជា​រឿង​ធម្មតា​សម្រាប់​ជីវិត​ស្នេហា ប៉ុន្តែ​បើ​បុរស​មិន​ឆាប់​ដក​ភ្លាម​ទេ លិង្គ​​ចាប់​ផ្តើម​ស្រក​ចុះ​ធ្វើ​ឱ្យ​រលុង​ស្រោម​ ទឹក​កាម​ក្នុង​ស្រោម​អាច​ហូរ​អណ្តែត​តាម​​ចិត្ត។ មេជីវិត​ឈ្មោល​អាច​ជួប​មេជីវិត​ញី​បាន បង្ក​បង្កើត​ជា​ជីវិត​ថ្មី​មួយ​ទៀត​បាន​យ៉ាង​ងាយ។

សូម​ចងចាំ​ថា បើ​វ័យ​កាន់​តែ​ក្មេង ដៃគូ​កាន់​តែ​មាន​លទ្ធភាព​ខ្លាំង​ក្នុង​ការ​បង្ក​កំណើត​ ប្រសិន​ប្រើ​ស្រោម​អនាម័យ​មិន​ត្រឹម​ត្រូវ​។ ស្ត្រី​អាយុ​១៨​ឆ្នាំ ងាយ​មាន​កូន​ជាង​ស្ត្រី​អាយុ​២៥​ឆ្នាំ​​ និង​​ជាង​ស្ត្រី​អាយុ​​៣០ឬ​៤០​​ឆ្នាំ​ឆ្ងាយ​ណាស់។​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ