អានតួអត្ថបទ
កម្ពុជា

សាលាក្រុង​បដិសេធ​ តែ​ សកម្មជនដីធ្លី​អះអាង​ថា ​នឹង​នៅ​តែ​ធ្វើបាតុកម្ម​ដើម្បី​បិទ​បញ្ចប់​បញ្ហា​

អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ មិន​អនុញ្ញាតិ​អោយ ក្រុមអ្នកតវ៉ា​ដីធ្លី ធ្វើបាតុកម្ម​រយៈពេល​មួយខែ​ចាប់ពី​ថ្ងៃទី២០ទី​មករា​ស្អែក នៅលើ​ទីលាន​ប្រជាធិបតេយ្យ​នោះទេ។ សេចក្តី​សម្រេច​នេះ​ត្រូវបាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​រវាង អាជ្ញាធរ និង តំណាង​សហគមន៍​និង​សមាគម មាន​ជម្លោះដីធ្លី​ចំនួន៤ ដែល​បាន​ប្រព្រឹត្តិ​ទៅនា​ព្រឹក​ថ្ងៃទី១៩ មករា នេះ។ យ៉ាងណាក៏ដោយ​សកម្មជន​ដីធ្លី បន្ត​រក្សា​គម្រោង​បាតុកម្ម​របស់ខ្លួន។

ប្រជាពលរដ្ឋសហគមន៍បុរីកីឡា និងសហគមន៍អតីតអ្នកបឹងកក់បានដើរ​តវ៉ា​​កាល​ពី​​ពេល​កន្លង​ទៅ
ប្រជាពលរដ្ឋសហគមន៍បុរីកីឡា និងសហគមន៍អតីតអ្នកបឹងកក់បានដើរ​តវ៉ា​​កាល​ពី​​ពេល​កន្លង​ទៅ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ ជំទាស់​ទៅនឹង​គម្រោង​បាតុកម្ម​នេះ​ក្រោម​ហេតុផល​ចំនួនធំៗ ២។ ទី១ គឺ មិនមាន​ច្បាប់ទម្លាប់​ណា​អនុញ្ញាតិ​អោយធ្វើ​បាតុកម្ម​មួយខែ​នោះទេ។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ។

លោក​បាន​បន្ត​ទៀតថា មូលហេតុ​ទី២នោះ​គឺ សកម្មជន​ដីធ្លី​ទាំង​នោះ​បាន​ទាមទារ​អោយ​ដោះលែង​សកម្មជន​ដីធ្លី និង សកម្មជន​នយោបាយ​ដែល​កំពុង​ជាប់ឃុំ។ ក្នុង​ករណីនេះ លោក​ថា វា​ហាក់​ជម្រុញ​អោយ អាជ្ញាធរ​រាជធានី​ភ្នំពេញ​រំលោភ​លើ​ស្ថាបន័​តុលាការ ដែល​ផ្ទុយ​ពី​ច្បាប់។

ក្រៅពីនេះ​លោក​បាន​បញ្ជាក់​ទៀតថា ប្រសិនបើ​មានការ​ប៉ះទង្គិច​ណាមួយ​កើតឡើង សកម្មជន​ដីធ្លី​ទាំងអស់​ដែល​រៀបចំ​បាតុកម្ម​នោះ នឹងត្រូវ​ប្រឈម​មុខ​ចំពោះ​ច្បាប់។
អ្នកស្រី យ៉ោម បុប្ផា សកម្មជន​ដីធ្លី​បឹងកក់ បាន​ប្រាប់​វិទ្យុ​បារាំង ថា ក្នុង​កិច្ចប្រជុំ​នោះ អាជ្ញា​រាជធានី​ភ្នំពេញ​បាន​និយាយថា ប្រសិន​បាតុកម្ម​ធ្វើឡើង នឹងមាន​ការប៉ះទង្គិច។

យ៉ាងណាក៏ដោយ អ្នកស្រី​បញ្ជាក់ថា  បាតុកម្ម​អហឹង្សា​របស់​សហគមន៍​និង​សមាគម​ទាំង៤ នឹង​នៅតែ​បន្ត​ដូច​ការគ្រោង​ទុក។អ្នកស្រី​ក៏បាន​អំពាវនាវ​អោយមាន​អ្នកចូលរួម​ពី​គ្រប់ទិសទី ទាំង សកម្មជន​ដីធ្លី សកម្មជន​សិទ្ធិមនុស្ស យុវជន ព្រះសង្ឃ ព្រមទាំង​សកម្មជន​គណបក្សប្រឆាំង​ផងដែរ។

លោក រៀល ខេមរិន្ទ តំណាងរាស្ត្រ​របស់​គណ​បក្សប្រឆាំង​បាន​និយាយថា នៅក្នុង បាតុកម្ម​ស្អែក​នេះ នឹង​អាច​មាន​តំណាងរាស្ត្រ និង សកម្មជន​គណបក្ស​សង្គ្រោះជាតិ​មួយចំនួន​ចូលរួម​ផងដែរ។

សូមបញ្ជាក់ថា បាតុកម្ម​រយៈពេល១ខែ​របស់ សហគមន៍​ទាំង៤ ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី ២០មករា ស្អែក ដល់​ថ្ងៃទី ២០កុម្ភៈ មាន​គោលដៅធំៗចំនួន៣។ ទី ១ គឺ ដើម្បី អំពាវនាវ​អោយ​រដ្ឋាភិបាល​ផ្តល់​ដំណោះស្រាយ​បញ្ហាដីធ្លី​ជូន​អ្នកភូមិ ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ បុរីកីឡា និង បឹងកក់ ។ ទី២ ក្រុម​អ្នកភូមិ​ទាំងឡាយ​ទាមទារ​អោយ​ដោះលែង​សកម្មជន​ដីធ្លី និង សកម្មជន​ផ្សេងទៀត​ពី​ពន្ធនាគារ​ព្រៃស​ជាបន្ទាន់។ទី៣ទាមទារ​អោយ​បញ្ចប់​ជម្លោះ​នយោបាយ និង​ភាពច្របូកច្របល់​នៅក្នុង​សង្គម​កម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ