ស៊ុត ជាអាហារសាមញ្ញនិងងាយស្រួលបំផុតក្នុងការចំអិន និងទទួលទាន។ តូចតែខ្លឹម មានស្ទើរគ្រប់ជីវជាតិ។ បណ្តាជនបារាំង ទទួលទានស៊ុតនេះ ប្រមាណ២២០ពង ក្នុងមួយឆ្នាំៗ សម្រាប់មនុស្សម្នាក់ៗ។ ស្ងោ ឆៅ ចៀន ចំហុយ ជាម្ហូបបន្ថែម ជាគ្រឿងក្លែមក៏បាន ជាគ្រឿងផ្សំដ៏សំខាន់សម្រាប់បង្អែមមួយចំនួន ស៊ុតក៏ជាប់ឈ្មោះមិនសូវល្អខាងសម្បូរខ្លាញ់ ខាងបង្កឱ្យមានជំងឺខ្លាញ់ក្នុងឈាម។ ប៉ុន្តែស៊ុត ដែលជាអាហារូបត្ថម្ភដ៏សម្បូរបែប មិនមែនត្រឹមតែអាហារសម្រាប់ចិញ្ចឹមក្រពះសត្វលោកប៉ុណ្ណោះទេ ស៊ុតត្រូវបានគេយកទៅប្រើប្រាស់ក្នុងវេជ្ជសាស្ត្រដើម្បីផលិត ថ្នាំវ៉ាក់សាំង ដើម្បីរក្សាស្ពេម៉ាតូហ្សូអ៊ីត និងជាវត្ថុធាតុដើមសម្រាប់ផលិតផលសំអាង។
ជាបឋម សម្រាប់អ្នកដែលមិនដឹង មាន់មិនត្រូវការអាគក សម្រាប់ពងទេ លើកលែងតែករណីចង់បានពងភ្ញាស់ ឬចង់បានកូនមាន់។ ព្រោះពងមាន់ ដំបូងឡើយជាពងជីវិត។ ពងនេះបំផ្លែងបន្តិចម្តងៗទៅជាពងលឿង -ជាខ្លាញ់បំរុងសម្រាប់ជាប្រភពផ្តល់ថាមពលដល់អនាគតអំប្រ៊ីយុង។ ពងលឿងវិវឌ្ឍន៍ចប់សព្វគ្រប់ហើយ មានសេរីភាពធ្វើដំណើរក្នុងដៃស្បូន (កន្សោម) ចាំចាប់មេជីវិតឈ្មោល។ នៅពេលនោះពងសចាប់លូតលាស់ ព័ទ្ធពងលឿង។ ពងសនេះ ជាបន្សំសំខាន់ជាប្រូតេអ៊ីន ទឹកនិងរ៉ែ។ មកដល់កស្បូន ទើបគេឃើញមានសរីរាង្គដំបូងចាប់ផ្តើមលូតលាស់ នោះសំបក។ ទាល់តែចូលដល់ក្នុងស្បូន ទើបពងមានសំបកពេញលេញ អាចចេញមកក្រៅបាន។ មាន់មួយក្បាលៗ ត្រូវការពេលវេលាប្រមាណតែ២៦ម៉ោងប៉ុណ្ណោះសំរាប់ពងមួយ។ ដូច្នេះ មាន់អាចពងបានជារៀងរាល់ថ្ងៃ ឬរៀងរាល់ពីរថ្ងៃ ពោលគឺពីមួយទៅ បីរយក្នុងមួយឆ្នាំ ទៅតាមពូជ ឬប្រភេទនិងអាយុមាន់។
បើនិយាយអំពោះផ្នែកអាហារូបត្ថម្ភវិញ ពងមានផ្តល់គុណប្រយោជន៍ណាស់ដល់សុខភាព ព្រោះពងនីមួយៗមានាផ្ទុកពេញទៅដោយ សារធាតុលីពីត និងប្រូតេអ៊ីន។ ពងសំបូរទៅដោយវីតាមីន (A, B2, B5, B8, B12, D, E) និងរ៉ែ ដូចជារ៉ែដែក រ៉ែហ្វូស្វ័រ និងអ៊ីយ៉ូត។ ម្យ៉ាងទៀត សូមកុំភ្លេចថា ពងមានខ្ចប់សារធាតុអង់ទីអ៊ុកស៊ីដង់ច្រើនណាស់ មានជាអាទិ៍សារធាតុ សេឡេនីញ៉ូម។
ស៊ុតមានវត្តមាននៅក្នុងគ្រប់មុខម្ហូបនៅលើពិភពលោក មិនថាសម្រាប់ធ្វើម្ហូប ឬធ្វើនំទេ។ ប៉ុន្តែតើគ្រប់ពងសុទ្ធតែមានគុណភាពផ្នែកអាហារូបត្ថម្ភដូចគ្នាដែរឬទេ? តើត្រូវរក្សាទុកយ៉ាងណា ? និងទទួលទានបែបណាទើបអាចទាញប្រយោជន៍ល្អសម្រាប់សុខភាព ?
ពងសរីរាង្គ ពងមាន់កសិកម្ម ឧស្សាហកម្ម មាន់ស មាន់លឿង ស៊ុតតូច ស៊ុតធំ តើត្រូវជ្រើសរើសមួយណាមកទទួលទាន ? នៅប្រទេសជឿនលឿន ឬនៅប្រទេសបារាំង តែងមានត្រាលេខត្រាអក្សរ បញ្ជាក់ពីប្រភពនៃការចិញ្ចឹមមាន់យកស៊ុត។
ថ្វីបើការចិញ្ចឹមមាន់ អាចខុសគ្នាមែន ប៉ុន្តែស៊ុតនៅតែរក្សាតម្លៃអាហារូបត្ថម្ភជាប្រូតេអ៊ីន និងវីតាមីនដូចគ្នា គ្រាន់តែថាស៊ុតខ្លះល្អខ្លាំងដល់សុខភាព ខ្លះមិនសូវល្អ។ គុណភាពអាហារូបត្ថម្ភរបស់ស៊ុត មានទំនាក់ទំនងដោយផ្ទាល់ទៅគុណភាពចំណីអាហារដែលមាន់ស៊ី។ ប្រសិនបើមាន់ស៊ីម្សៅសាច់ (ចំណីឧស្សាហកម្ម) រស់នៅក្នុងទ្រុង ស៊ុតរបស់មាន់នោះ នឹងមានសមាសភាគ ពងលឿងជាពពួកខ្លាញ់ Graisses saturées ដែលមិនសូវល្អសោះសម្រាប់សុខភាព។ តែបើជាមាន់ចិញ្ចឹមបែបបូរាណ ដើរហើរពេញវាល ឬជាមាន់ចិញ្ចឹមបែបសរីរាង្គស៊ីតែស្រូវឬរុក្ខជាតិ ពងលឿងនឹងមានស្តុកសារធាតុអូមេហ្កា៣ ដ៏មានប្រយោជន៍សំរាប់សុខភាព។
ចំពោះទំហំ ស៊ុតវិញ តើសំខាន់ដែរឬទេ ? ទំហំរបស់ស៊ុត គឺអាស្រ័យទាំងស្រុងទៅលើមាឌរបស់មាន់។ មាន់តូចផ្តល់ពងតូច មាន់ធំផ្តល់ស៊ុតធំ ប៉ុន្តែស៊ុតធំ មិនប្រាកដថាមានផ្ទុកអាហារូបត្ថម្ភច្រើននោះឡើយ។ គុណភាពរបស់ស៊ុត ប្រែប្រួលជាសមមាត្រ ព្រោះពងស និងពងលឿង។ តែអាចមានថាមពលតិចច្រើនជាងគ្នា។ ស៊ុតធំ ផ្តល់កាឡូរីច្រើនជាស៊ុតតូច ព្រោះមានទម្ងន់ធ្ងន់ជាង។
ចំពោះការថែរក្សាវិញ មិនចាំបាច់ត្រូវតែយកទៅរក្សាទុកនៅទូរទឹកកកទេ ឱ្យតែមិនក្តៅ និងស្ងួតជាស្រេច។ និងចូរលាងពងតែពេលរៀបធ្វើម្ហូប ឬចំអិន ព្រោះការលាងទុកអាចធ្វើឱ្យមានការជ្រាបទឹកចូល ក្នុងស៊ុត ទុកមិនបានយូរឆាប់ខូច។ ស៊ុតនីមួយៗអាចរក្សាទុកបានដល់ទៅ ២៨ថ្ងៃ ប៉ុន្តែគេអាចបរិភោគឆៅ ឬមិនសូវឆ្អិន តែពងថ្មី ក្រោម១៤ថ្ងៃ លើសពីនោះត្រូវចំអិនឱ្យឆ្អិនល្អ។ គេអាចសម្គាល់ស៊ុតស្រស់ ថ្មី ឬចាស់បានដោយ ដាក់ត្រាំទឹក បើលិចបាត់ជាងពងថ្មី បើឈរ លែងសូវស្រស់ ហើយបើអណ្តែត ត្រូវគ្រវាត់ចោល។
តើស៊ុតមានប្រយោជន៍យ៉ាងណា ខាងផ្នែកវេជ្ជសាស្ត្រ ?
ស៊ុត ឬពង ត្រូវបានគេយកទៅប្រើប្រាស់ដើម្បីព្យាបាលជំងឺតាំងយូរយារមកហើយ ទាំងខាង វេជ្ជបូរាណ ក៏ដូចជាខាងផ្នែកឱសថ។ ស៊ុតលឿងអាចជាយកទៅប្រើជាបន្សំ ផលិតថ្នាំវ៉ាក់សាំងប្រឆាំងនឹងជំងឺផ្តាសាយ។ ប៉ុន្មានឆ្នាំចុងក្រោយ អ្នកស្រាវជ្រាវកំពុងចាប់អារម្មណ៍នឹងស៊ុតស។ ក្នុងវត្ថុរាវសនៃស៊ុតនេះ មានម៉ូលេគុលដ៏គួរឱ្យចាប់អារម្មណ៍។ ក្រៅអំពីជាប្រភពផ្តល់ប្រូតេអ៊ីន ដល់សរីរាង្គមនុស្ស ក្រុមគ្រូពេទ្យផ្នែកស្រាវជ្រាវបារាំងនៅក្រុង តួរ កំពុងសំឡឹងមើលគុណប្រយោជន៍ផ្សេងទៀតរបស់ស៊ុត។ ស៊ុតមានតួនាទីជាបឋមឡើង គឺបង្កើតកូន។ អំប្រីយ៉ុងអាចលូតលាស់ក្លាយជារូបរាងបានដោយមិនត្រូវការម្តាយ ?! ពិតជាគួរឱ្យឆ្ងល់។ ដើម្បីទម្លាយចម្ងល់នេះ គេត្រូវតែស្វែងយល់អំពីពងសរបស់ស៊ុត។ គេបានស្គាល់ម៉ូលេគុលមួយ ច្បាស់ និងយកមកប្រើរួចទៅហើយក្នុងវេជ្ជសាស្ត្រសម្រាប់ផលិតថ្នាំក្អក។ នៅមានមូលេគុលជាងមួយពាន់ទៀតកំពុងសិក្សា ក្រុមគ្រូពេទ្យក្រុងតួរ កំពុងសាកល្បង ដើម្បីយកមកធ្វើល្បាយសម្រាប់រក្សាចំណីអាហារ ឬធ្វើជាថ្នាំ។
តើពងលឿងរបស់ស៊ុតពិតជា បង្កគ្រោះថ្នាក់ដល់សុខភាពមែនឬ ?
កាលពីឆ្នាំ២០១២ ការសិក្សាកាណាដាមួយបានអះអាងថា ការទទួលទាន ពងលឿង ជាប្រចាំ អាចបង្កើនគ្រោះកើតជំងឺAthérosclérose។ ប៉ុន្តែគេកំពុងរង់ចាំការបញ្ជាក់ជាបានការលទ្ធលនេះនៅឡើយទេ។ Athérosclérose ជាជំងឺសរសៃឈាមបេះដូង ដែលបង្កឡើងដោយខ្លាញ់ទៅកកនៅនឹងសរសៃអាទែ។ កំណកច្រើននិងយូរៗទៅ សរសៃឈាមក្រហមនេះ អាចនឹងស្ទះ រួបបង្កឱ្យមានជំងឺដាច់សរសៃឈាមខួរក្បាល ឬដាច់សរសៃឈាមបេះដូង។ កត្តាដែលនាំឱ្យមានជំងឺ Athéroscléroseនេះមានច្រើន ដូចជា ៖ មានខ្លាញ់ក្នុងឈាមខ្លាំង កូឡេស្តេរ៉ូល ធាត់ជ្រុល ទឹកនោមផ្អែម ជក់បារី ស្ត្រេស ឬក៏កង្វះការហាត់ប្រាណ។ ការសិក្សារបស់អ្នកស្រាវជ្រាវបានបង្ហាញជាបឋមថា អ្នកដែលទទួលទានស៊ុតលើសពីបីក្នុងមួយសប្តាហ៍ អត្រាកំណក Athérosclérose បានកើនលើសអ្នកដែលបរិភោគស៊ុតតែពីរក្នុងមួយអាទិត្យ។ អ្នកស្រាវជ្រាវ បានយល់ថានេះគឺបណ្តាលមកពីបរិមាណខ្លាញ់ក្នុងពងលឿង ព្រោះពងលឿងជាផ្នែកដែលមានខ្លាញ់ច្រើនជាងគេ។ គ្រូពេទ្យបេះដូងខ្លះបានចេញអនុសាសន៍មិនឱ្យអ្នកជំងឺមានសម្ពាធឈាមខ្ពស់ បរិភោគស៊ុតយ៉ាងច្រើនពីរក្នុងមួយសប្តាហ៍។
ស៊ុតជាអ្នកបង្កឱ្យមានជំងឺខ្លាញ់ក្នុងឈាមកូឡេស្តេរ៉ូល ?
អត្រាកូឡេស្តេរ៉ូល ផ្តល់ដោយស៊ុតមានកំរិតទាបណាស់បើប្រៀបទៅនឹងការផលិតរបស់សរីរាង្គមនុស្ស។ ដូច្នេះគ្មានហេតុផលអ្វីដែលយើងត្រូវធ្វើបាបខ្លួន បង្អត់មិនទទួលទានស៊ុតឡើយ។ ស៊ុតជាអាហារពិសេសដែលមានគុណភាពច្រើន។ ជាទូទៅ កូឡេស្តេរ៉ូលក្នុងចំណីអាហារ និងកូឡេស្តេរ៉ូលរបស់ស៊ុត មានឥទ្ធិពលប៉ះពាល់តិចតួចណាស់ដល់អត្រាកូឡេស្តេរ៉ូលក្នុងឈាម។ កូឡេស្តេរ៉ូល មានពីរយ៉ាង ៖ កូឡេស្តេរ៉ូលល្អ និងមិនល្អ។
នៅក្នុងខ្លួនយើង ថ្លើមជារោងចក្រផលិតកូឡេស្តេរ៉ូល។ មនុស្សម្នាគ្រប់រូប គិតថា កូឡេស្តេរ៉ូលមិនល្អទេ តែជាការគិតខុស។ សរីរាង្គមនុស្សយើងត្រូវការកូឡេស្តេរ៉ូល (កូឡេស្តេរ៉ូលល្អ) ព្រោះកូឡេស្តេរ៉ូលនេះជាម៉ូលេគុលដ៏មានប្រយោជន៍ សម្រាប់ផលិតអាស៊ីត វីតាមីនDឱ្យស្បែក អ័រម៉ូនផ្លូវភេទ អ័រម៉ូន corticostéroïdes … ត្រូវយល់ថាមិនមែនដោយសារទទួលទានចំណីអាហារមានផ្ទុកកូឡេស្តេរ៉ូលច្រើន នឹងនាំមានគ្រោះបង្កើនអត្រាខ្លាញ់ក្នុងឈាមទេ។
ប្រសិនបើអ្នកមានកូឡេស្តេរ៉ូលមិនល្អ ឡើងខ្ពស់ គេត្រូវពិនិត្យជាបឋមកំរិតនៃការបរិភោគសារជាតិខ្លាញ់ មុននឹងគុណគូរអត្រាកូឡេស្តេរ៉ូលរបស់ចំណីអាហារ។ ដូច្នេះបើអ្នកភ័យខ្លាច គេអាចកំរិតការបរិភោគស៊ុត ត្រឹមមួយទៅពីរ ក្នុងមួយសប្តាហ៍។
តើស៊ុតជាអាហារប៉ូវ ផ្តល់ថាមពលខ្លាំង ?
មានកាឡូរី តិចតួចណាស់នៅក្នុងស៊ុត គឺប្រមាណតែ៨៥Kcalប៉ុណ្ណោះ។ តែស៊ុតមានសម្បូរទៅដោយសារធាតុប្រូតេអ៊ីន ដែលនាំស៊ុតអាចផ្តល់ បើគិតជាភាគរយ ៦%នៃតម្រូវការផ្នែកថាមពលរបស់មនុស្សម្នាក់ៗ។ ស៊ុតជាអាហារដែលឆ្លើយតបបានយ៉ាងប្រពៃសម្រាប់អ្នកចង់ធ្វើរបបអាហារ ព្រោះមានលំនឹងខ្លាំងរវាងប្រូតេអ៊ីននិងថាមពល។ ស៊ុតមិនធ្វើឱ្យធាត់។ ភាពល្អមួយទៀតរបស់ស៊ុត ដែលបានសិក្សាឃើញនាពេលថ្មីៗនេះ បើអ្នកបរិភោគស៊ុតនៅពេលព្រឹក នោះគេមិនសូវឆាប់ឃ្លាននៅពេលថ្ងៃទេ។
ការចំអិនស៊ុត ចូលរួមចំណែកយ៉ាងខ្លាំង។ ពងសត្រូវចំអិនឱ្យឆ្អិនមែនទែន តែពងលឿន ត្រូវឱ្យនៅទន់ ប្រសិនបើចង់រក្សាគុណប្រយោជន៍ផ្នែកអាហារូបត្ថម្ភពេញលេញ។ មិនឆ្អិនល្អ អាចបង្កឱ្យមានការពិបាករំលាយអាហារសម្រាប់បុគ្គលខ្លះ ។
ស៊ុតមានផ្ទុកកាឡូរីតិច តិចជាងសាច់ តែសម្បូរទៅដោយប្រូតេអ៊ីន (១២%) និងជាប្រភពផ្តល់សារធាតុរ៉ែដែក រ៉ែចាំបាច់សម្រាប់សរីរាង្គកាយ oligoéléments ផ្តល់វីតាមីនច្រើន។ ជារបបអាហារដ៏ប្រពៃសម្រាប់អ្នកតម។
តើគេអាចជាពីជំងឺអាល់ឡែកហ្ស៊ីស៊ុត ?
អាល់ឡែកហ្ស៊ី នឹងប្រូតេអ៊ីន របស់ស៊ុត តែងកើតមាន ដូចជាករណីអាល់ឡែកហ្ស៊ីម្ហូបអាហារមានជាតិប្រូតេអ៊ីនផ្សេងៗទៀតដែរ។ បើមានអាល់ឡែកហ្ស៊ីស៊ុតហើយ មានន័យថាទាំងពងស ពងលឿង ម្ហូបក្រៀម ម្ហូបទឹក ឬក៏នំ ចំណីផ្សេងៗ ត្រូវប្រុងប្រយ័ត្នមុននឹងបរិភោគ ព្រោះស៊ុតមានប្រើច្រើនណាស់ ក្នុងឧស្សាហកម្មចំណីអាហារ។
មានអាល់ឡែកហ្ស៊ីនឹងស៊ុត ត្រូវចាប់ផ្តើមជាបឋម កុំបរិភោគអ្វីដែលមានជាតិ ដែលធ្វើពីស៊ុត បន្ទាប់មកអ្នកអាចជួបពិគ្រោះជាមួយគ្រូពេទ្យឯកទេសខាងអាល់ឡែកហ្ស៊ី ដើម្បីបញ្ជូល ផ្សាំជាតិប្រូតេអ៊ីនស៊ុតក្នុងខ្លួនយើងបន្តិចម្តងៗឡើងវិញ ឱ្យសរីរាង្គអនុគ្រោះជាតិនេះឡើងវិញ។ អាល់ឡែហ្ស៊ី មានពីរប្រភេទ ទីមួយគឺអាល់ឡែកហ្ស៊ីមួយជីវិត និងអាល់ឡែកហ្ស៊ីដែលអាចបាត់ទៅវិញ។ ដូច្នេះការជួបធ្វើការជាគ្រូពេទ្យឯកទេសយូរៗទៅ មុខជានឹងមានលទ្ធផល ធ្វើឱ្យលែងមានអាល់ឡែកហ្ស៊ីសោះជាក់ជាពុំខាន។
ជាការកម្របំផុតដែលមនុស្សពេញវ័យមានបញ្ហាអាល់ឡែកហ្ស៊ីនឹងស៊ុត។ ផ្ទុយទៅវិញ គេឃើញមានករណីអាល់ឡែកហ្ស៊ីនឹងស៊ុតច្រើនចំពោះកុមារ (ម្នាក់ក្នុងចំណោម១០០នាក់)។ ហេតុដូច្នេះហើយបានជាគ្រូពេទ្យណែនាំអ្នកជាម្តាយកុំឱ្យឆាប់ផ្តល់ចំណីអាហារមានស៊ុតដល់ទារក។ តែជាសំណាងល្អ អាល់ឡែកហ្ស៊ីនឹងស៊ុតរបស់កុមារ នៅអាយុក្រោមមួយឆ្នាំ អាចជាបាត់ទៅវិញពេលធំ ចាប់ពីអាយុ៣ទៅ៤ឆ្នាំឡើងទៅ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ