ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 26/02 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 26/02 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 26/02 12h00 GMT

ភ្នែក​ឡើង​បាយ

ភ្នែក​ឡើង​បាយ
 
ភ្នែក​ឡើង​បាយ​ កែវ​ភ្នែក​ឡើង​ស្រអាប់ ©wikipedia

ភ្នែក​ឡើង​បាយ​ ជា​ជំងឺ​មួយ​ដែល​តែង​កើត​ឡើង​ជា​ញឹក​ញាប់​លើ​មនុស្ស​វ័យ​ចំណាស់ ចាប់​ពី​អាយុ​៦៥​ឆ្នាំ​ឡើង​នៅ​ប្រទេស​ជឿន​លឿន និង​ចាប់ពី​អាយុ​៥០​នៅ​ប្រទេស​កម្ពុជា។ តើ​ភ្នែក​ឡើង​បាយ​ ឱ្យ​សញ្ញា​រោគ​យ៉ាង​ណា​ខ្លះ ? តើ​មាន​មធ្យោបាយ​ការពារ​និង​ព្យាបាល​ភ្នែក​ឡើង​បាយ​យ៉ាងណា ? តើ​គេ​អាច​មើល​ឃើញ​ឡើង​វិញ​បាន​ដែរ​ឬទេ ?

មើល​ពណ៌​មិន​ច្បាស់​ ស្រវាំង បែក​ផ្សែង ចាញ់​ពន្លឺ ... រោគ​សញ្ញា​នៃ​អាការៈ​ភ្នែក​ឡើង​បាយ​មាន​ច្រើន។ ជា​ទូទៅ ច្រើន​កើត​តែ​លើ​មនុស្ស​ចាស់ ភ្នែក​ឡើង​បាយ​​សម្គាល់​ដោយ​ការ​ស្រអាប់​កែវភ្នែក​។ កែវ​ធម្មជាតិ​របស់​ភ្នែក​ ដែល​មាន​លក្ខណៈ​ថ្លា​ឆ្វង់ អាច​ចាប់​យក​រូបភាព បាន​យ៉ាង​ច្បាស់​ក្រឡែត។

 
មុន​នឹង​ផ្តើម​និយាយ​អំពី​រោគ​ភ្នែក​ឡើង​បាយ​និង​វិធី​ការពារ យើង​ខ្ញុំ​សូម​ជម្រាបភ្នែក​ ឬ​ចក្ខុ​ជា​​សរីរាង្គ​​ដ៏​មាន​តម្លៃ​បំផុត​របស់​មនុស្ស​គ្រប់​រូប រហូត​ដល់​មាន​ពាក្យ​​ប្រៀប​ធៀប​​បែប​មនោសញ្ចេតនា “អូន​ជា​កែវ​ភ្នែក​បង” “ថ្នម​ដូច​កែវ​ភ្នែក” ...
បើ​និយាយ​តាម​បែប​កាយវិភាគ​វិទ្យា​វិញ គ្រាប់​ភ្នែក​​ត្រូវ​បានការពារ​ដោយ​កញ្ចក់​ភ្នែក​ “Cornée” ភ្នែក​មាន​រន្ធ​តូច​មួយ​ សម្រាប់​ឱ្យ​ពន្លឺ​ឆ្លង​កាត់​ ប្រស្រី​ភ្នែក​​ដែល​ជា​ចំណុច​កណ្តាល​ត្រង់​កន្លែង​មាន​ព៌ណ​ រីក​ធំ​ឬ​រួម​តូច​ទៅ​តាម​កំរិត​នៃ​ពន្លឺ។ នៅ​ខាង​ក្នុង​គ្រាប់​ភ្នែក​វិញ​​ មានកែវ​ ដែល​ដើរ​តួនាទី​ដូច​កែវ​យឺត ដែល​ពន្លឺ​ត្រូវ​ឆ្លង​កាត់​បាន​ដោយ​សារ​តែ​ភាព​ថ្លា​នៃ​កែវ​ភ្នែក។ កែវ​ភ្នែក​ ចាប់​យក​រូបភាព ឆ្ងាយ​ឬ​ជិត រួច​បញ្ជូន​ព័ត៌មាន​ទៅ​ឱ្យ​ខួរ​ក្បាល​ដោយ​ឆ្លង​កាត់​សរសៃ​បាត​ភ្នែក (រ៉េទីន) ដើម្បី​វាយ​តម្លៃ​នូវ​អ្វី​ដែល​ភ្នែក​បាន​ឃើញ​។
 
ក្នុង​ករណី​មាន​បាយ​នៅ​ភ្នែក​ កែវ​ភ្នែកឡើង​ស្រអាប់។ មើល​មិន​ច្បាស់​ឡើងៗ ស្រវាំងទៅៗ​ លែង​ស្គាល់​ពណ៌ លែងឃើញ​ពន្លឺ ឬ​ជួន​កាល​បែរ​ជា​មើល​ឃើញ​រូប​ទ្វេ រូប​ព្រិលៗ នៅ​ទី​បំផុត​ ក៏​ងងឹត​ឈឹង​តែ​ម្តង បើ​គ្មាន​ការ​ព្យាបាល។ ភ្នែក​ឡើង​បាយ​ អាច​កើត​ឡើង​លើ​​ភ្នែក​ទាំង​សង​ខាង ប៉ុន្តែ​ជានិច្ចកាល តែង​មាន​ម្ខាង​ធ្ងន់ជាង​ម្ខាង​ទៀត។ ជាទូទៅ បាយ​ភ្នែក​ គឺ​ជា​ជំងឺ​​មនុស្ស​ចាស់​ កែវ​ភ្នែក​ស្រអាប់​​ចាស់​តាម​បែប​ធម្មជាតិ តែ​ក៏​មាន​ករណី​បាយ​ភ្នែក​ដោយ​កត្តា​​ប៉ះ​ទង្គិច​ ឬ​ដោយ​មាន​ជំងឺ​ផ្សេង​បៀត​បៀន ឬ​ដោយ​ភាព​មិន​ប្រក្រតី​នៃ​ហ្សែន។
 
១- តើ​អ្វី​ជា​មូលហេតុ​ដែល​បង្ក​ឱ្យ​ភ្នែក​ឡើង​បាយ ?
 
ចំពោះ​មនុស្ស​ស្ថិត​ក្នុង​វ័យ​ក្មេង​នៅ​ឡើយ ក្រោម​៤០​ឆ្នាំ ភ្នែក​ឡើង​បាយ​ច្រើន​តែ​បណ្តាល​មក​ពី​​គ្រាប់​ភ្នែក​គ្រាំ ដូច​ជា​ត្រូវ​បុក ឬ​ប៉ះ​ទង្គិច​នឹង​អ្វី​មួយ ទោះ​បី​ជា​តាំង​ពី​ជា​ច្រើន​ខែ​ឆ្នាំ​ក៏​ដោយ។ ជំងឺ​ទឹក​នោម​ផ្អែម ជំងឺ​ទឹក​ដក់​ក្នុង​ភ្នែក រលាក​ប្រស្រី​ ក៏​អាច​ជា​កត្តា​ជំរុញ​ឱ្យ​មាន​ជំងឺ​បាយ​ភ្នែក​នេះ​ដែរ។ ជួន​កាល​ទៀត ការ​ប្រើ​ថ្នាំ​ ជា​ថ្នាំ​លេប ថ្នាំ​បន្តក់ ថ្នាំ​ប៉ូម៉ាត​ មាន​ផ្ទុក​សារធាតុ​Corticoïdes ដោយ​គ្មានវេជ្ជបញ្ជា ក៏​អាច​ជា​ភ្នាក់​ងារ​នាំ​ឱ្យ​កើត​ជំងឺ​ភ្នែក​ឡើង​បាយ​​បាន​ដែរ។ មូល​ហេតុ​ដ៏​សំខាន់​មួយ​ទៀត ដែល​ពិបាក​បញ្ចៀស គឺ​ជរាភាព។ ដល់​វ័យ​កាន់តែ​ចាស់ កែវ​ភ្នែក​ក៏​ចាស់​ស្រអាប់​ទៅ​តាម​នោះ ដែរ។
 
ការ​វិវឌ្ឍន៍​នៃ​ជំងឺ​បាយ​ភ្នែក​នេះ មាន​សភាព​យឺតៗ​។ មិន​មែន​ឡើង​បាយ​ភ្លាម​ មើល​លែ​ង​ឃើញ​អ្វី​ភ្លាម​ទេ ប៉ុន្តែ​ងាយ​កត់​សម្គាល់ អ្នក​មាន​បាយ​ភ្នែក​ ពិត​ជា​មាន​ការ​រំខាន ជាង​អ្នក​គ្មាន​ជំងឺ​បាយ​ភ្នែក​ នៅ​ពេល​ត្រូវ​ការ​ប្រើ​ភ្នែក​មើល​អ្វី​មួយ។ ដូច្នេះ​គួរ​តែ​ប្រុង​ប្រយ័ត្ន​គិត​គូរ​មើល​សុខភាព​ភ្នែក។
 
២- តើ​មាន​សញ្ញា​រោគ​អ្វី​ដែល​មក​ពញ្ញាក់​អារម្មណ៍​យើង​ថា​កំពុង​កើត​រោគ​បាយ​ភ្នែក​ទេ ?
 
ជំងឺ​បាយ​ភ្នែក វិវឌ្ឍបន្តិច​ម្តងៗ ធ្ងន់ទៅៗ​ជា​លំដាប់។ ​សញ្ញា​ដែល​អាច​ដាស់​សតិ​​យើង​បាន​មានប្លែកៗ​ និង​ខុសៗ​គ្នា​ ៖ ​បែក​ផ្សែង​ ចាញ់ពន្លឺ​ មាន​អារម្មណ៍​ត្រូវ​ការ​ពន្លឺ​បន្ថែម​ដើម្បី​អាន​អក្សរ មាន​អារម្មណ៍ថា​​ដូច​មាន​ស្បៃ​បាំង​ភ្នែក ធ្វើ​ឱ្យ​ប្តូរ​ពណ៌ (បែក​លឿង)។ គេ​អាច​ឆាប់​សម្គាល់​បាន​ បើ​មាន​ភ្នែក​ម្ខាង​ឡើង​បាយ។ តែ​បើ​កើត​ទាំង​សង​ខាង​ យើង​មិន​សូវ​ចាប់​អារម្មណ៍​ខ្លាំង​ទេ។
 
៣- បាយ​ភ្នែក​ជា​ជំងឺ​មនុស្ស​ចាស់។ តើ​ចាស់​ត្រឹម​អាយុ​ប៉ុន្មាន​ទៅ​​ ងាយ​ជួប​គ្រោះ​កើត​ជំងឺ​នេះ ?
 
គេ​ហៅ​​ថា​បុគ្គល​ម្នាក់​មាន​កើត​ជំងឺ​បាយ​ភ្នែក នៅពេល​ណា ដែល​គ្រូពេទ្យ​ឯកទេស​ ពិនិត្យ​ភ្នែក​ទៅ​ឃើញ​ថា កែវ​ភ្នែក​ស្រអាប់ និង​នៅ​ពេល​ណា​អ្នក​ជំងឺ​ផ្ទាល់​ស្រែក​ថា​មាន​អ្វី​បាំង​ភ្នែក។ បើ​តាម​ក្បួន​និយម​ន័យ​ពេទ្យ​ នៅ​ប្រទេស​បារាំង គឺ​ចាប់​ពី​អាយុ​៦០​ឆ្នាំ​ឡើង​ទៅ ដែល​គេ​សម្គាល់​ឃើញ​មាន​លេច​អាការៈ​សញ្ញា​រោគ ប៉ុន្តែ​ជំងឺ​នេះ​ក៏​អាច​កើត​លើ​មនុស្ស​វ័យ​ក្មេង​ល្មម​ ឬ​ក្មេង​ខ្លាំង​ក៏​ថា​បាន។ ជាពិសេស​ចំពោះ​អ្នក​មាន​ជំងឺ​មីញ៉ូមធ្ងន់​ធ្ងរ​ខ្លាំង អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ជាប់​នឹង​ខ្លួន ភ្នែក​ក៏​ឆាប់​ឡើង​បាយ​​ទៅ​តាម​នោះ​ដែរ។
 
មាន​ខ្វះ​ឡើយ​ អ្នក​ជំងឺ​អាយុ​ត្រឹម​ ខ្ទង់​សែ​សិប​ឆ្នាំ ឬ​ខ្លះ​​ជាង​សាម​សិប​ឆ្នាំ​ផង កើត​ជំងឺ​ឡើង​បាយ​ភ្នែក​នេះ។ ជំងឺ​បាយ​ភ្នែក​ក្មេង (៣៤ឆ្នាំ​ឧទាហរណ៍) ជួន​អាច​បណ្តាលមកពី​​មាន​រោគ​មីញ៉ូម​ខ្លាំង ជួន​មក​ពី​ជំងឺ​គ្រាំ​គ្រាប់​ភ្នែក​ ដោយ​ប្រការ​ណា​មួយ កាលពី​នៅ​កុមារ។ គួរ​តែ​ត្រូវ​ស្វែង​រក​មូលហេតុ និង​ប្រភេទ​ជំងឺ​កម្រៗ ឬ​ជំងឺ​មេតាបូលិក​ផ្សេងៗ​ ដូច​យ៉ាង​ជំងឺ​ទឹកនោម​ផ្អែម​ ប្រសិន​បើ​​នៅក្មេង​សោះ​ តែ​កើត​ជំងឺ​ភ្នែក​ឡើង​បាយ។ ផ្ទុយ​ទៅ​វិញ ការ​វះ​កាត់​ភ្នែក ដោយ​មាន​ជំងឺ​ផ្សេង មិន​មែន​ជា​ភ្នាក់ងារ​នាំ​ឱ្យ​ឆាប់​កើត​ជំងឺ​បាយ​ភ្នែក​ឡើយ។
 
៤- តើ​ត្រូវ​ធ្វើ​ដូចម្តេច​ ដើម្បី​ការពារ​កុំ​ឱ្យ​ភ្នែក​មាន​ជំងឺ​បាយ ?
 
ពិត​ជា​មាន​វិធី និង​វិធាន​ សម្រាប់ការពារ​កុំ​ឱ្យ​ឆាប់​ចាស់​លឿន​ពេក ៖ ត្រូវ​ចៀស​វាង​កុំ​ប្រឈម​នឹង​ពន្លឺ​ព្រះ​អាទិត្យ​ដោយ​គ្មាន​ពាក់​វែនតា​ មាន​កញ្ចក់​ការពារ​ពន្លឺ។ បារី​ ជា​កត្តា​ជំរុញ​ឱ្យ​​ភ្នែក​ឡើង​បាយ​ធ្លាក់​ធ្ងន់ធ្ងរ។ អនាម័យ​ក្នុង​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​ កុំ​ឱ្យ​មាន​ការ​ប៉ះ​ទង្គិច​ លើ​ភ្នែក ជា​ប្រការ​ដ៏​សំខាន់​ដែរ។ កង្វះ​ជីវជាតិ​ ចំណី​អាហារ​​សម្រាប់​ឧបត្ថម្ភ​សរីរាង្គ​កាយ ដូច​យ៉ាង​នៅ​តាម​បណ្តា​ប្រទេស​ក្រីក្រ កំពុង​អភិវឌ្ឍន៍​ មនុស្ស​ច្រើន​តែ​ឆាប់​ធ្លាក់​ខ្លួន​កើត​ជំងឺ​បាយ​ភ្នែក មុន​អាយុ។ តែ​ដំបូង​បង្អស់​ ត្រូវ​ចៀស​វៀស​ព្រះ​អាទិត្យ​និង​បារី៕

 

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ