ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 26/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 25/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 25/08 12h00 GMT

ភ្នែក​ឡើង​បាយ និង​ការ​វះ​កាត់

ភ្នែក​ឡើង​បាយ និង​ការ​វះ​កាត់
 
ភ្នែក​ឡើង​បាយ​ កែវ​ភ្នែក​ឡើង​ស្រអាប់ ©wikipedia

ជំងឺ​ភ្នែក​ឡើង​បាយ​ជា​ជំងឺ​មនុស្ស​ចាស់។​ ប្រសិន​បើ​គ្មាន​ការ​ព្យាបាល​ទេ ភ្នែក​មើល​លែង​ឃើញ​បន្តិច​ម្តងៗ ងងឹត​ទៅ​ៗ​ហើយ​អាច​ខ្វាក់​បាន។ ការ​វិវឌ្ឍន៍​នេះ ​អាច​ប្រើ​ពេល​​ត្រឹមពីរបី​​ខែ ឬជួន​​ពីរបី​ឆ្នាំ។ គ្មាន​ទេ​ថ្នាំ​គ្រាប់ ថ្នាំ​លេប ថ្នាំ​លាប​ សម្រាប់​ព្យាបាល​ជំងឺ​បាយ​ភ្នែក គឺ​មាន​តែ​ការ​វះ​កាត់​មួយ​តែ​ប៉ុណ្ណោះ​​ដែល​អាច​ធ្វើ​ឱ្យ​ភ្នែក​អាច​ភ្លឺ​ឡើង​វិញ​បាន។ ការ​វះ​កាត់​​ជំងឺ​ភ្នែក​ឡើង​បាយ​ ប្រព្រឹត្ត​ទៅ​ដោយ​ប្រើ​ថ្នាំ​ស្ពឹក​ដាក់​នឹង​ភ្នែក និង​មាន​រយៈ​ពេល​តែ​ប្រមាណ​២០​ទៅ​៣០​នាទី​ប៉ុណ្ណោះ។ ជាការ​វះ​កាត់​ដែល​មាន​ធ្វើ​ច្រើន​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក។​​

លោក​វេជ្ជបណ្ឌិត ងី ម៉េង ឯកទេស​វះកាត់​ភ្នែក និង​ជា​ប្រធាន​កម្មវិធី​ជាតិ​សុខភាព​ភ្នែក​ សូម​ពន្យល់​បំភ្លឺ​អំពី​របៀប​​វះ​កាត់​បក​ភ្នែក​ ប្តូរ​កែវ​​ នៅ​ពេល​មាន​ជំងឺ​ភ្នែក​ឡើង​បាយ​នេះ​ ដូច​តទៅ។

 
តើ​ការ​វះកាត់​ភ្នែក​ឡើង​បាយ​ ជា​ការ​វះ​កាត់​ប្រភេទ​ណា ?

ជា​ទូទៅ ឱ្យ​តែ​ឮ​ថា​វះ​កាត់​ ឱ្យ​ឮ​ថា​ប៉ះពាល់​នឹង​ភ្នែក យើង​ឈឺ​បាត់​ទៅ​ហើយ ! ប៉ុន្តែ​បើ​បាន​ដាក់​ថ្នាំ​មួយ​តក់​ទៅភ្លាម នោះ​គេ​នឹង​លែង​មាន​អារម្មណ៍​រកាំ​ ឈឺ​ផ្សារ​ភ្នែក​បាន​ហើយ។ អ្នក​ជំងឺ​ខ្លះ​បាន​ថែម​ទាំង​ទាមទារ​ឱ្យ​មាន​ដាក់​ថ្នាំ​សណ្តប់​ ឱ្យ​សន្លប់​តែ​ម្តង​ផង។ តែ​តាម​ការពិតទៅ​ ដាក់​ថ្នាំស្ពឹក​មាន​ហានិភ័យ​តិចជាង​ថ្នាំ​សន្លប់។ សូមកុំ​ព្រួយ​បារម្ភ ខ្លាច​ក្រឡេប​ក្រឡាប់​ភ្នែក​ រំខាន​ការ​វះ​កាត់​ឱ្យ​សោះ។ នៅ​ពេល​វះ​កាត់​ គ្រូពេទ្យ​នឹង​ស្នើ​សុំ​ឱ្យ​អ្នក​ជំងឺ​ផ្តោត​ចក្ខុ​សំឡឹង​អំពូល​ភ្លើង។ ដល់​ពេល​ចាប់​វះ គ្រូពេទ្យ​នឹង​គាប​ទប់​គ្រាប់​ភ្នែកជាប់​ បង្វិល​ធ្វើ​ការ​តាម​សម្រួល​ និង​តាម​ចំណង់ ព្រោះ​សាច់​ដុំ​ភ្នែក​មិន​អាច​ខ្លាំង​ជាង​កម្លាំង​សង្កត់​ កម្លាំង​ទប់​របស់​ដៃ​មនុស្ស​ទេ។

​តើ​ការ​វះកាត់​នេះ​អាច​មាន​បន្សល់​ទុក​នូវ​ផល​វិបាក​អ្វី​ទេ ? អ្នក​ខ្លះ​រងគ្រោះ​ខ្វាក់​ភ្នែក​តែ​ម្តង​ ដោយ​ហេតុ​ការ​វះកាត់​មិន​ល្អ។

ផលវិបាក​នៃ​ការ​វះ​កាត់​បក​ភ្នែក​អាច​មាន​កំរិត០,​១% ។ ហើយ​ផល​វិបាក​នេះ គឺ​បណ្តាល​មក​ពី​ការ​បង្ក​រោគ និង​មាន​មេរោគ​ចូល។ ផលវិបាក​ទីពីរ ដែល​មាន​កំរិត​ប្រមាណ​ជា​ពី​៥ទៅ​១០% គឺ​ក្រោយ​ការ​វះកាត់​ហើយ​ កម្រង​កែវ​ភ្នែក​មាន​ការ​ស្រអាប់​ដែរ ប៉ុន្តែ​មិន​មែន​ជា​អ្វី​ដែល​ធ្ងន់​ធ្ងរ​ ពី​ព្រោះ​គេ​អាច​បាញ់​លាង​ឡើង​វិញ។

ការ​វះកាត់​ភ្នែក​ឡើង​បាយ ជា​ការ​វះ​កាត់​តែ​ម្តង​ក្នុង​មួយជីវិត ?

ការ​វះ​បក​ភ្នែក​ដាក់​កែវ​ថ្មី​ ជា​ការ​វះកាត់តែ​​ម្តង​ក្នុង​មួយ​ជីវិត​សម្រាប់​ភ្នែក​មួយ លើក​លែង​តែ​មាន​បញ្ហា​ទើប​ត្រូវការ​វះកាត់​ទៀត។ ការ​បក​ស្រទាប់​បាយ​  ដែល​ជា​ការ​វះ​កាត់​បន្ទាប់​បន្សំ​ ព្រលាត់​យក​សន្ទះ​បាយ​​បាំង​កែវ​ភ្នែក​ចេញ​អាច​ធ្វើ​បាន​ជា​ញយ​ដង ជា​ពិសេស​ចំពោះ​អ្នក ជំងឺ​វ័យ​ក្មេង។ ព្រោះ​ពេល​ក្មេង​ កោសិកា​មាន​ការ​លូត​លាស់​ ជា​សន្ទះ​ភ្នាស​ស្តើង​ដែល​អាច​បាញ់​ឡាហ្សែ​បាន​រវាង​ពី​៦​ខែ​ ឬ​ជា​ច្រើន​ឆ្នាំ​ក្រោយ​ការ​វះកាត់។

តើ​គេ​អាច​វះកាត់​ភ្នែក​ឡើង​បាយ​ម្តង​លើ​ភ្នែក​ទាំង​ពីរ​ដែរ​ឬទេ ?

ការ​វះកាត់​ភ្នែក​ឡើង​បាយ អាច​ធ្វើ​ទាំង​សង​ខាង ក្នុង​ពេល​តែ​មួយ​ក៏បាន ! នេះ​ជា​ជម្រើស​ផ្នែក​សេដ្ឋកិច្ច ឬ ពេលវេលា។ ឯ​ចំពោះ​បញ្ហា​សុខភាព​ទាក់ទង​នឹង​ការ​វះកាត់​ ឆ្លង​មេរោគ គ្មាន​ហានិភ័យ​ខ្ពស់​ទាប​ជាង​គ្នា​ទេ។ ការ​វះ​កាត់​ម្តង​ម្ខាង គម្លាត​គ្នា​មួយ​អាទិត្យ​ឬ​មួយ​ខែ ឬ​លើក​ក្រោយ​យូរ អាច​ជា​ការ​លើក​ទឹក​ចិត្ត​ និង​អាច​ធ្វើ​ឱ្យ​យើង​ដឹង​អំពី​លទ្ធផល​នៃ​ការ​វះកាត់​ភ្នែក​ម្ខាង ដែល​នាំ​ឱ្យ​អ្នកជំងឺ​កាន់​តែ​មាន​ទំនុក​ចិត្ត។

 

 

 


ទាក់ទង​នឹង​ប្រធានបទ​នេះ

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ