ជំងឺភ្នែកឡើងបាយជាជំងឺមនុស្សចាស់។ ប្រសិនបើគ្មានការព្យាបាលទេ ភ្នែកមើលលែងឃើញបន្តិចម្តងៗ ងងឹតទៅៗហើយអាចខ្វាក់បាន។ ការវិវឌ្ឍន៍នេះ អាចប្រើពេលត្រឹមពីរបីខែ ឬជួនពីរបីឆ្នាំ។ គ្មានទេថ្នាំគ្រាប់ ថ្នាំលេប ថ្នាំលាប សម្រាប់ព្យាបាលជំងឺបាយភ្នែក គឺមានតែការវះកាត់មួយតែប៉ុណ្ណោះដែលអាចធ្វើឱ្យភ្នែកអាចភ្លឺឡើងវិញបាន។ ការវះកាត់ជំងឺភ្នែកឡើងបាយ ប្រព្រឹត្តទៅដោយប្រើថ្នាំស្ពឹកដាក់នឹងភ្នែក និងមានរយៈពេលតែប្រមាណ២០ទៅ៣០នាទីប៉ុណ្ណោះ។ ជាការវះកាត់ដែលមានធ្វើច្រើនជាងគេបំផុតនៅលើពិភពលោក។
លោកវេជ្ជបណ្ឌិត ងី ម៉េង ឯកទេសវះកាត់ភ្នែក និងជាប្រធានកម្មវិធីជាតិសុខភាពភ្នែក សូមពន្យល់បំភ្លឺអំពីរបៀបវះកាត់បកភ្នែក ប្តូរកែវ នៅពេលមានជំងឺភ្នែកឡើងបាយនេះ ដូចតទៅ។
តើការវះកាត់ភ្នែកឡើងបាយ ជាការវះកាត់ប្រភេទណា ?
ជាទូទៅ ឱ្យតែឮថាវះកាត់ ឱ្យឮថាប៉ះពាល់នឹងភ្នែក យើងឈឺបាត់ទៅហើយ ! ប៉ុន្តែបើបានដាក់ថ្នាំមួយតក់ទៅភ្លាម នោះគេនឹងលែងមានអារម្មណ៍រកាំ ឈឺផ្សារភ្នែកបានហើយ។ អ្នកជំងឺខ្លះបានថែមទាំងទាមទារឱ្យមានដាក់ថ្នាំសណ្តប់ ឱ្យសន្លប់តែម្តងផង។ តែតាមការពិតទៅ ដាក់ថ្នាំស្ពឹកមានហានិភ័យតិចជាងថ្នាំសន្លប់។ សូមកុំព្រួយបារម្ភ ខ្លាចក្រឡេបក្រឡាប់ភ្នែក រំខានការវះកាត់ឱ្យសោះ។ នៅពេលវះកាត់ គ្រូពេទ្យនឹងស្នើសុំឱ្យអ្នកជំងឺផ្តោតចក្ខុសំឡឹងអំពូលភ្លើង។ ដល់ពេលចាប់វះ គ្រូពេទ្យនឹងគាបទប់គ្រាប់ភ្នែកជាប់ បង្វិលធ្វើការតាមសម្រួល និងតាមចំណង់ ព្រោះសាច់ដុំភ្នែកមិនអាចខ្លាំងជាងកម្លាំងសង្កត់ កម្លាំងទប់របស់ដៃមនុស្សទេ។
តើការវះកាត់នេះអាចមានបន្សល់ទុកនូវផលវិបាកអ្វីទេ ? អ្នកខ្លះរងគ្រោះខ្វាក់ភ្នែកតែម្តង ដោយហេតុការវះកាត់មិនល្អ។
ផលវិបាកនៃការវះកាត់បកភ្នែកអាចមានកំរិត០,១% ។ ហើយផលវិបាកនេះ គឺបណ្តាលមកពីការបង្ករោគ និងមានមេរោគចូល។ ផលវិបាកទីពីរ ដែលមានកំរិតប្រមាណជាពី៥ទៅ១០% គឺក្រោយការវះកាត់ហើយ កម្រងកែវភ្នែកមានការស្រអាប់ដែរ ប៉ុន្តែមិនមែនជាអ្វីដែលធ្ងន់ធ្ងរ ពីព្រោះគេអាចបាញ់លាងឡើងវិញ។
ការវះកាត់ភ្នែកឡើងបាយ ជាការវះកាត់តែម្តងក្នុងមួយជីវិត ?
ការវះបកភ្នែកដាក់កែវថ្មី ជាការវះកាត់តែម្តងក្នុងមួយជីវិតសម្រាប់ភ្នែកមួយ លើកលែងតែមានបញ្ហាទើបត្រូវការវះកាត់ទៀត។ ការបកស្រទាប់បាយ ដែលជាការវះកាត់បន្ទាប់បន្សំ ព្រលាត់យកសន្ទះបាយបាំងកែវភ្នែកចេញអាចធ្វើបានជាញយដង ជាពិសេសចំពោះអ្នក ជំងឺវ័យក្មេង។ ព្រោះពេលក្មេង កោសិកាមានការលូតលាស់ ជាសន្ទះភ្នាសស្តើងដែលអាចបាញ់ឡាហ្សែបានរវាងពី៦ខែ ឬជាច្រើនឆ្នាំក្រោយការវះកាត់។
តើគេអាចវះកាត់ភ្នែកឡើងបាយម្តងលើភ្នែកទាំងពីរដែរឬទេ ?
ការវះកាត់ភ្នែកឡើងបាយ អាចធ្វើទាំងសងខាង ក្នុងពេលតែមួយក៏បាន ! នេះជាជម្រើសផ្នែកសេដ្ឋកិច្ច ឬ ពេលវេលា។ ឯចំពោះបញ្ហាសុខភាពទាក់ទងនឹងការវះកាត់ ឆ្លងមេរោគ គ្មានហានិភ័យខ្ពស់ទាបជាងគ្នាទេ។ ការវះកាត់ម្តងម្ខាង គម្លាតគ្នាមួយអាទិត្យឬមួយខែ ឬលើកក្រោយយូរ អាចជាការលើកទឹកចិត្ត និងអាចធ្វើឱ្យយើងដឹងអំពីលទ្ធផលនៃការវះកាត់ភ្នែកម្ខាង ដែលនាំឱ្យអ្នកជំងឺកាន់តែមានទំនុកចិត្ត។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ