អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

តើ​ពេលណា​ពលរដ្ឋ​នៅ​ភ្នំពេញ​ ឈប់​ចត​យានយន្ត​លើ​ផ្លូវ​សាធារណៈ​?​

ចុះផ្សាយ​នៅ​ថ្ងៃ៖

បញ្ហា​កកស្ទះ​ចរាចរណ៍ នៅតែ​ជា​បញ្ហា​ដែល​មិនទាន់​អាច​ដោះស្រាយបាន​នៅឡើយ សម្រាប់​រាជធានី​ភ្នំពេញ បេះដូង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ ប៉ុន្តែ​ទីក្រុង​ដែល​កំពុងតែ​រីកលូតលាស់​ឥតឈប់ឈ​រ​មួយ​នេះ បាននិងកំពុង​តែ​ជួបប្រទះ​បញ្ហា​កកស្ទះ​ចរាចរណ៍​ជា​រៀងរាល់ថ្ងៃ។ មាន​មូលហេតុ​សំខាន់ៗ​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​ចរាចរណ៍​កកស្ទះ ប៉ុន្តែ​កត្តា​ដែល​សំខាន់​មួយ​ក្នុង​ចំណោម​​នោះ គឺ​ការចត​យានយន្ត​នៅលើ​ផ្លូវ​សាធារណៈ។

ការ​បើកបរ​ដោយ​មិន​គោរព​ច្បាប់ និង​ដោយ​មិនចេះ​អធ្យាស្រ័យគ្នា បង្ក​ឲ្យ​​មាន​គ្រោះថ្នាក់ និង​​ការស្ទះចរាចរណ៍
ការ​បើកបរ​ដោយ​មិន​គោរព​ច្បាប់ និង​ដោយ​មិនចេះ​អធ្យាស្រ័យគ្នា បង្ក​ឲ្យ​​មាន​គ្រោះថ្នាក់ និង​​ការស្ទះចរាចរណ៍ RFI/Channa Siv
ផ្សាយពាណិជ្ជកម្ម

បញ្ហា​កកស្ទះ​ចរាចរណ៍ បានក្លាយ​ទៅជា​ជំងឺ​ដ៏​រ៉ាំរ៉ៃ​មួយ​នៅ​រាជធានី​ភ្នំពេញ។ កាលពី​ពេលមុន ការកកស្ទះ​ចរាចរណ៍​កើតឡើង​តែ​នៅក្នុង​ចន្លោះ​ម៉ោង​រវល់ ជា​អាថិ៍ ម៉ោង៧ដល់​ម៉ោង៩ព្រឹក និង​ម៉ោង៥ដល់​ម៉ោង៧ល្ងាច​តែប៉ុណ្ណោះ។ ប៉ុន្តែ​សព្វថ្ងៃនេះ បញ្ហា​កកស្ទះ​ចរាចរណ៍​នៅ​ភ្នំពេញ​មាន​សភាព​កាន់តែ​អាក្រក់ឡើង។ ពោលគឺ ការកកស្ទះ​ចរាចរណ៍​កើតឡើង​ស្ទើរតែ​គ្រប់​ម៉ោង និង​ស្ទើរតែ​រាល់ថ្ងៃ​តែម្ដង។ ប្រជាពលរដ្ឋ​ដែលជា​អ្នកប្រើប្រាស់​ផ្លូវថ្នល់​មួយចំនួនធំ​សង្កេត​ឃើញថា មូលហេតុ​សំខាន់​មួយ​ដែល​ធ្វើ​ឲ្យ​ចរាចរណ៍​កកស្ទះ​ជា​រៀងរាល់ថ្ងៃ​យ៉ាង​ដូច្នេះ គឺ​បណ្ដាលមកពី​មាន​ការចត​យានយន្ត​នៅលើ​ផ្លូវ​សាធារណៈ។

នៅ​គ្រប់​ផ្លូវ​សាធារណៈ មិន​ថា​ផ្លូវ​តូច ផ្លូវធំ ឬ​ផ្លូវ​ដែលមាន​ដាក់​ស្លាក​ហាម​ចត​ក៏ដោយ ក៏​គេ​តែងតែ​សង្កេតឃើញ​មាន​យានយន្ត ដោយ​ចំពោះ​រថយន្ត និង​ម៉ូតូ​កង់​បី ចត​តម្រៀប​ជា​ជួរ​យ៉ាង​អាណាធិបតេយ្យ។ អ្នកប្រើប្រាស់​ទ្រូងផ្លូវ​នៅ​ភ្នំពេញ មាន​ទម្លាប់​ចត​យានយន្ត​នៅលើ​ផ្លូវ​សាធារណៈ ដោយ​គ្មាន​ការ​ក្រែង​ចិត្ត​អ្នកដំណើរ​ដទៃទៀត​សោះឡើយ។ ពេលខ្លះ ការកកស្ទះ​បណ្ដាលមកពី​ម្ចាស់​យានយន្ត​មួយចំនួន ចត​យានយន្ត​នៅត្រង់​ផ្លូវកែង ឬ​ពេលខ្លះ គឺ​ចត​នៅ​ពាក់​កណ្ដាលផ្លូវ​តែម្ដង។

មែនទែនទៅ ប្រសិនបើ​គេ​ដាក់​ការទទួលខុសត្រូវ​ទៅលើ​អ្នកប្រើប្រាស់​ទ្រូងផ្លូវ​តែឯង​ក៏​មិនកើត។ ហាង និង​ភោជនីយដ្ឋាន​មួយចំនួន មិនមាន​ចំណត​យានយន្ត​ផ្ទាល់ខ្លួន​ទេ។

ហើយជារឿយៗ គេ​តែង​សង្កេតឃើញ​ម្ចាស់​អាជីវកម្ម និង​ភោជនីយដ្ឋាន​ទាំងនោះ បាន​យក​ផ្លូវថ្នល់​សាធារណៈ ជា​ចំណតរថយន្ត​សម្រាប់​ភ្ញៀវ​របស់ខ្លួន បង្ក​ជា ការរំខាន​ដល់​អ្នកប្រើប្រាស់​ផ្លូវ​ដទៃទៀត។ នៅតាម​ភោជនីយដ្ឋាន​ខ្លះ រថយន្ត​ចត២-៣ជួរ សឹងតែ​ពាក់​កណ្ដាលផ្លូវ​ទៅហើយ។ ដោយឡែក អាជ្ញា​ធរមាន​សមត្ថកិច្ច​វិញ ហាក់ដូចជា​មិនបាន​ចាត់វិធានការ​ណាមួយ​ជាក់លាក់ នៅ​ចំពោះមុខ​បញ្ហា​អស់ទាំង​នេះ​ទេ។

បើ​និយាយ​ដល់​មូល​ហេតុដែល​ធ្វើ​ឲ្យ​ភ្នំពេញ​ជួប​បញ្ហា​កកស្ទះ​ចរាចរណ៍ មិនមែន​បណ្ដាលមកពី​ការចត​យានយន្ត​នៅលើ​ផ្លូវ​តែ​ម្យ៉ាង​នោះទេ។

មូលហេតុសំខាន់ៗមួយចំនួនទៀត ដែល​រួមចំណែក​ធ្វើ​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​នៅ​ភ្នំពេញ​ដែរនោះ មានដូចជា ការមិន​គោរព​ច្បាប់​ចរាចរណ៍ ការ​មិនចេះ​យោគយល់​គ្នា​ពី​សំណាក់​អ្នកប្រើប្រាស់​ទ្រូងផ្លូវ និង​ការកើនឡើង​នៃ​ចំនួន​យានយន្ត​ជាដើម។

បញ្ហា​កកស្ទះ​ចរាចរណ៍ អាច​មើលទៅ​មិនមែនជា​រឿង​ធ្ងន់ធ្ងរ ប៉ុន្តែ​មែនទែនទៅ វា​កំពុងតែ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​អារម្មណ៍ ជាពិសេស​គឺ​ការប្រកប​របរ​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​ផងដែរ។ ម្ល៉ោះហើយ អាជ្ញាធរ​និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងឡាយ មិនអាច​មើលរំលង​បញ្ហា​នេះ​បានឡើយ និង​ចាំបាច់​ត្រូវ​ចាត់វិធានការ​ជាបន្ទាន់​ចំពោះ​ការកកស្ទះ​ចរាចរណ៍​នេះ ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​ទៅមក​របស់​ពលរដ្ឋ។

សរុប​មកវិញ ទាក់ទង​នឹង​សំណួរ​ថា​តើ​ពេលណា​ទើប​ពលរដ្ឋ​នៅ​ភ្នំពេញ ឈប់​ចត​យានយន្ត​នៅលើ​ដងផ្លូវ​សាធារណៈ គេ​ពិបាក​នឹង​ឆ្លើយ​សំណួរ​នេះ​ណាស់។ អ្នក​ដែល​ពាក់ព័ន្ធ​នៅក្នុង​រឿងនេះ ដែលមាន​ជា​អា​ថិ៍ ម្ចាស់​អាជីវកម្ម និង​ភោជនីយដ្ឋាន​នានា​ដែល​និយម​យក​ផ្លូវ​សាធារណៈ​ធ្វើជា​ចំណត​សម្រាប់​អតិថិជន​ខ្លួន ត្រូវតែ​ពិចារណា​បញ្ឈប់​ការប្រព្រឹត្ត​នេះ​ជាបន្ទាន់ និង​ចាំបាច់​ត្រូវ​គិតគូរ​ពី​ការបង្កើត​ចំណត​យានយន្ត​ឯកជន​សម្រាប់​អតិថិជន​របស់ខ្លួន។

ចំណែក​ម្ចាស់​យានយន្ត​ទាំង​តូច​ទាំង​ធំ ក៏​គួរ​កម្ចាត់​ចោល​ភាព​អាត្មានិយម​របស់ខ្លួន ដោយ​ងាក​មក​បណ្ដុះ​ទម្លាប់​ក្រែង​ចិត្ត​អ្នកប្រើប្រាស់​ផ្លូវ​សាធារណៈ​ដទៃទៀត​ខ្លះ​ផង។ សូមកុំ​គិតថា ផ្លូវ​សាធារណៈ​ជា​កម្មសិទ្ធិ​ផ្ដាច់មុខ​រប​ស់​ខ្លួន​ឲ្យ​សោះ។ លោកអ្នក​បង់ពន្ធ​ជូន​រដ្ឋ លោកអ្នក​អាច​ប្រើប្រាស់​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ ដូចគ្នា​ទៅនឹង​ប្រជាពលរដ្ឋ​ដទៃទៀត​ដែល​បង់ពន្ធ​ជូន​រដ្ឋ​ដែរ។ ដោយឡែក អាជ្ញា​ធរមាន​សម​ត្ថិ​កិច្ច​ពាក់ព័ន្ធ​ទាំងអស់ គួរតែ​ពង្រឹង​ការអនុវត្ត​ច្បាប់​ឲ្យ​បាន​ម៉ឺងម៉ាត់​ជាង​នេះ ជាពិសេស​ការផាកពិន័យផ្សេងៗ ដើម្បី​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍​ដែល​ភ្នំពេញ​កំពុង​ជួបប្រទះ​សព្វថ្ងៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ