អានតួអត្ថបទ
កម្ពុជា

ក្រុម​ការងារ​បក្ស​កាន់​អំណាច ​និង​​ប្រឆាំង​បញ្ចប់​​ការ​ចរចា​​លើ​​ចំណុច​​មិន​ឯកភាព ​ក្នុង​​ការ​​កែ​ប្រែ​​ច្បាប់​​បោះ​ឆ្នោត​

ក្រុម​ការងារ​ចរចា​កំណែ​ទម្រង់​បោះឆ្នោត​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​រសៀល​ថ្ងៃ​ទី​១៦​កុម្ភៈ បាន​បញ្ចប់​ការ​ពិភាក្សា​ចរចា​លើ​ចំណុច​ ដែល​មិន​ឯកភាព ក្នុងការ​កែប្រែ​ច្បាប់​បោះ​ឆ្នោត​។ ក្នុង​នោះ រួម​មាន ការ​កំណត់​មិន​ឲ្យ​កងកម្លាំង​ប្រដាប់​អាវុធ មន្ត្រី​តុលាការ ចូលរួម​សកម្មភាព​ឃោសនា​បោះ​ឆ្នោត របាយការណ៍​ថវិកា​របស់​គណបក្ស​នយោបាយ និង​ការ​កំណត់​ឲ្យ​សង្គម​ស៊ីវិល មិន​ត្រូវ​អត្ថាធិប្បាយ​រិះគន់​គណបក្ស និង​បេក្ខជន​ឈរឈ្មោះ​បោះ​ឆ្នោត ជាដើម​។

ប្រធាន​ក្រុម​ការងារ​ខាង​គណបក្ស​ប្រជា​ជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ ប្រជុំ​ចរចា​កម្រិត​បច្ចេក​ទេស ​ដើម្បី​កែ​ច្បាប់​ស្តី​ពី​ការ​រៀប​ចំ ​និង​ការ​ប្រព្រឹត្តិ​ទៅ​នៃ​គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត​។
ប្រធាន​ក្រុម​ការងារ​ខាង​គណបក្ស​ប្រជា​ជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ ប្រជុំ​ចរចា​កម្រិត​បច្ចេក​ទេស ​ដើម្បី​កែ​ច្បាប់​ស្តី​ពី​ការ​រៀប​ចំ ​និង​ការ​ប្រព្រឹត្តិ​ទៅ​នៃ​គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត​។ @RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

ចប់​ហើយ ការ​ជជែក​ឡើង​វិញ លើ​ចំណុច​មិន​ឯកភាព​គ្នា​ លើការ​កែ​ប្រែ​ច្បាប់​បោះឆ្នោត។ នោះ​គឺ​កាលពី​រសៀល​ថ្ងៃ​ចន្ទ ទី​១៦​កុម្ភៈ ក្រុម​ការងារ​ចរចា​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួប​គ្នា ជជែក​លើ​ជំពូក​ទី​៧ និង​ជំពូក​ទី​៨ នៃ​ច្បាប់​បោះឆ្នោត​តំណាង​រាស្ត្រ ដែល​មាន ១២ ជំពូក។

ចំណុច​មិន​ឯកភាព​គ្នា ក្នុង​ជំពូក​ទី​៧ និង​ជំពូក​ទី​៨ រួមមាន៖ ការ​កំណត់​ពី​សិទ្ធិ​អំណាច​របស់​មន្ត្រីរាជកា​រស៊ីវិល កងកម្លាំង​ប្រដាប់​អាវុធ និង​មន្ត្រី​តុលាការ មិន​ឲ្យ​ចូល​រួម​ក្នុងសកម្មភាព​​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ការ​កំណត់​ពី​របាយការណ៍​ថវិកា​ចំណូលចំណាយ​របស់​គណបក្ស​នយោបាយ​ពេល​ឃោសនា និង​ការ​កំណត់​ឲ្យ​សង្គម​ស៊ីវិល កុំ​ផ្តល់​បទ​សម្ភាសន៍​ អត្ថា​ធិប្បាយ​បរិហា​រលើ​គណបក្ស​នយោបាយ និង​បេក្ខជន ក្នុង​ពេល​ឃោសនា​បោះ​ឆ្នោត​។

គណបក្ស​សង្គ្រោះ​ជាតិ តាម​រយៈ​លោក គួយ ប៊ុនរឿន ចង់​ឲ្យ​ហាម​ឃាត់​កង​កម្លាំង​ប្រដាប់​អាវុធ និង​មន្ត្រី​តុលាការ មិន​ឲ្យ​ចូលរួម​ក្នុង​សកម្មភាព​ឃោសនា​បោះ​ឆ្នោត​ ទោះ​បី​ជា​ក្រៅម៉ោង​ធ្វើ​ការ​ក៏​ដោយ។ រីឯ​មន្ត្រីរាជការ​ស៊ីវិល និង​អាជ្ញាធរ​មូល​ដ្ឋាន អាច​ចូលរួម​ក្នុង​សកម្មភាព​ឃោសនា នៅ​ក្រៅ​ម៉ោង​ធ្វើការ ដូចការ​កំណត់​ក្នុង​ច្បាប់​ចាស់​។ ប៉ុន្តែចំណុច​នេះ ត្រូវ​បាន​លោក ប៊ិន​ឈិន តំណាង​គណបក្ស​ប្រជាជន​កម្ពុជា បដិសេធ ដោយ​សំអាង​ថា ជាសិទ្ធិ​នយោបាយ ព្រោះ​កង​កម្លាំង​ប្រដាប់​អាវុធ និង​មន្ត្រី​តុលាការ ក៏ជា​មនុស្ស​ដែរ​។

ចំពោះ​អង្គការ​សង្គម​ស៊ីវិល ត្រូវ​បាន​ក្រុម​ការងារ​គណបក្ស​ទាំងពីរ បាន​ព្រមព្រៀង មិន​ឲ្យ​ធ្វើ​បទ​សម្ភាសន៍ ឬ​អត្ថា​ធិប្បាយ​ណា​មួយ ប៉ះពាល់​ដល់​គណបក្ស​នយោបាយ និង​បេក្ខជន​ណា​ម្នាក់​ ក្នុង​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត។ ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ ​ចង់​ឲ្យ​កំណត់​ថា សង្គម​ស៊ីវិល មាន​សេរីភាព​លើ​ការ​ផ្តល់​សម្ភាសន៍ និង​លើកបង្ហាញ​ពីភាព​មិន​ប្រក្រតី នៅ​ថ្ងៃ​បោះ​ឆ្នោត រាប់​សន្លឹក​ឆ្នោត និង​ពេល​ប្រកាស​លទ្ធ​ផលបោះ​ឆ្នោត។

ក៏​ប៉ុន្តែ​គណបក្ស​ប្រជាជន​កម្ពុជា មិន​ចង់​ឲ្យ​លើក​លែង​ដូច្នេះ ហើយថា​ឮ អង្គការ​សង្គម​ស៊ីវិល ត្រូវ​មាន​ជំហរ​ឯក​រាជ្យ អព្យា​ក្រឹត្យ ទាំង​ពេល​ឃោសនា ពេល​បោះ​ឆ្នោត រាប់​សន្លឹក​ឆ្នោត និង​នៅ​ថ្ងៃ​ប្រកាស​លទ្ធផល​បោះ​ឆ្នោត​។

យ៉ាងណា​ក៏ដោយ ក្រុមការងារ​គណបក្ស​ទាំង​ពីរ នឹង​ជួប​គ្នា​បន្ត​ទៀត នៅ​រសៀល​ថ្ងៃសុក្រ ទី​២០​កុម្ភៈ ដើម្បី​បូកសរុប​ចំណុច មិន​ត្រូវ​រូវ​គ្នា លើការ​កែ​ប្រែ​ច្បាប់​បោះ​ឆ្នោត ដូចជា ការ​កំណត់​អាសនៈ​រដ្ឋ​សភា រយៈពេល​ឃោស​នាបោះ​ឆ្នោត សិទ្ធិ​អំណាច​របស់​មន្ត្រីរាជការ​ស៊ីវិល កងកម្លាំង​ប្រដាប់​អាវុធ មន្ត្រី​តុលាការ និងសង្គម​ស៊ីវិល ជាដើម។

រាល់​ចំណុច​មិន​ឯកភាព​ទាំង​នោះ ត្រូវ​បញ្ជូន​ទៅកាន់​ថ្នាក់​ដឹកនាំ​កំពូល​គណបក្ស​ទាំង​ពីរ ជា​អ្នក​សម្រេច​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ