អានតួអត្ថបទ
កម្ពុជា

អាឡិច ​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​កម្ពុជា​

ទីបំផុត​ទៅ​លោក​Alejandro GonZalez Davidson សកម្មជន​ការពារ​ព្រៃ​តំបន់​អារ៉ែង ត្រូវបាន​បណ្តេញ​ចេញពី​ទឹកដី​កម្ពុជា​ហើយ បន្ទាប់ពី​ការ​ឃាត់ខ្លួន នា​រសៀល​ថ្ងៃទី២៣កុម្ភៈ​នេះ ដោយមាន​លិខិត​បណ្តេញចេញ​ជា​ផ្លូវការ​ពី​ក្រសួងមហាផ្ទៃ​ចុះ​ថ្ងៃទី ២៣កុម្ភៈ​នេះ។ ជាការ​បណ្តេញ​ដែល​អាឡិច​អាច​នឹង​គ្មាន​ថ្ងៃ​វិល​ត្រលប់​ចូល​កម្ពុជា​វិញ​បាន​ទេ។

លោក Alejandro Gonzalez Davidson ប្រធាន​អង្គការ​ចលនា​មាតា​ធម្មជាតិ​(រូបខាងស្តាំ)​។
លោក Alejandro Gonzalez Davidson ប្រធាន​អង្គការ​ចលនា​មាតា​ធម្មជាតិ​(រូបខាងស្តាំ)​។ @ Facebook របស់លោក Alejandro Gonzalez Davidson
ផ្សាយពាណិជ្ជកម្ម

លោក ខៀវ សុភក្រ័ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បានបញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​ថា កាលណា​ដែលមាន​ប្រកាស​ស្តីពី​ការបណ្តេញចេញ​នេះហើយ ជនបរទេស​ណាក៏ដោយ កំរ​នឹង​អាច​ត្រលប់មក​កម្ពុជា​វិញ​ណាស់។ លោក ខៀវ សុភក្រ័​បានបញ្ជាក់​ទៀតថា នេះ​គឺជា​វិធានការ​ច្បាប់​ចុងក្រោយ​ដែល​ក្រសួងមហាផ្ទៃ​បាន​បង្ខំចិត្ត​ធ្វើឡើង បន្ទាប់ពី​ការជូនដំណឹង​ដល់​លោក​អាឡិច​ផ្ទាល់ និង អន្តរាគមន៍​ពី​ស្ថានទូត​ប្រទេស​អេស្បាញ។ 

លោក អា​ឡិច និង​សហការី​របស់លោក គឺ លោក​ប៉ាន ម៉ា​ឡា ត្រូវបាន​អាជ្ញាធរមាន​សមត្ថកិច្ច​ឃាត់ខ្លួន នៅ​ម្តុំ​ផ្សារចាស់ រាជធានី​ភ្នំពេញ ហើយ​ត្រូវបាន​បញ្ជូន​ទៅកាន់​អគ្គនាយកដ្ឋាន​អន្តោរប្រវេសន៍ នា​រសៀល​ថ្ងៃ​ចន្ទ​ទី ២៣កុម្ភៈ​នេះ។យ៉ាងណាក៏ដោយ​លោក ប៉ាន ម៉ា​ឡា នា​ល្ងាច​ថ្ងៃ​ដដែល​នេះ ត្រូវបាន​ដោះលែង​មកវិញហើយ។  ចំនែក ចំពោះ​លោក​អា​ឡិច​វិញ អាច​នឹង​ត្រូវ​បញ្ជូន​ចេញពី​កម្ពុជា នៅ​យប់​នេះ រឺ​យ៉ាងយូរ នា​ព្រឹក​ថ្ងៃទី ២៤ ខែ កុម្ភៈ។ លោក អំ សំអាត អ្នកសម្របសម្រួល​បច្ចេក​ទេស​ស៊ើបអង្កេត​នៃ​អង្គការសិទ្ធិមនុស្ស​លីកាដូ​បាន​លើកឡើងថា ការ​ឃាត់​ខ្លួន​នេះ គឺជា​រឿង​គួរ​ឱ្យ​សោកស្តាយ ព្រោះ​នេះ​នឹង​នាំ​ឱ្យ​មាន​ការ​រិះ​គន់។

ទន្ទឹមនឹងនេះ លោក នាយ​រដ្ឋមន្ត្រី​ហ៊ុន សែន នា​ព្រឹក​ថ្ងៃ​ទី​២៣​កុម្ភៈ នៅ​ក្នុង​ឱកាស​ចូលរួម​នៅក្នុង​ការចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកល​វិទ្យាលយ័ជាតិ​គ្រប់គ្រង នៅ​មជ្ឈមណ្ឌល​កោះពេជ្រ លោក​បាន​ប្រតិកម្ម​ដោយ​មិន​ចំឈ្មោះ តែ​គឺ​សំដៅលើ​រូបលោក​អា​ឡិច អោយ​ចាក​ចេញពី​ប្រទេស​កម្ពុជា។ ហើយ​ថា​កម្ពុជា​គឺជា​រដ្ឋ​អធិបតេយ្យ​មួយ រឿង​បញ្ហា​ទិដ្ឋាការ ទុកអោយ​ក្រសួងមហាផ្ទៃ​ចាត់ចែង​ទៅ ហេតុអ្វី​ត្រូវ រំខាន​ដល់​ព្រះមហាក្សត្រ។ ជា​ប្រតិកម្ម​របស់លោក​នាយក​រដ្ឋមន្ត្រី​ដែល ធ្វើឡើង​បន្ទាប់ពី​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន និង គណបក្សប្រឆាំង​បានស្នើ​សុំអោយ​បន្ត​ទិដ្ឋាការ​ដល់​សកម្មជន​រូប​នេះ។

សង្គម​ស៊ីវិល​ជាង​៣០​ស្ថាបន័កាល​ពីថ្ងៃ​ទី ១៧ ខែ កុម្ភៈ បានចេញ​លិខិត​ថ្កោលទោស​ចំពោះ​ សេចក្តីសម្រេច​បដិសេធ​បន្ត​ទិដ្ឋាការ​របស់​អា​ឡិច និង​បាន​អំពាវនាវ​អោយ​រដ្ឋាភិបាល​ពិចារណា បន្ត​ទិដ្ឋាការ​ដល់​អា​ឡិច។ ហើយ​នៅ​ថ្ងៃ ទី១៩ កុម្ភៈ​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​យុវជន​ជាង​៨៣​ស្ថាបន័​ក៏បាន​ស្នើ​សុំអោយ​បន្ត​ទិដ្ឋាការ​ដល់​អាឡិច។ ក្រៅពីនេះ ក៏មាន​ការដាក់​ញត្តិ​ទៅ​រដ្ឋសភា ពី​ក្រុមយុវជន​និង​ប្រជាពលរដ្ឋ នា​ព្រឹក​ថ្ងៃទី ២០​កុម្ភៈ ផងដែរ។

ចំនែក លោក​សមរង្ស៊ី ដែល​ជា​ប្រធាន​ក្រុម​ភាគតិច​នៅ​រដ្ឋសភា និង​ជា​ប្រធាគណបក្ស​សង្គ្រោះជាតិ​វិញ បានចេញ​លិខិត​ចុះ​ថ្ងៃទី១៦ កុម្ភៈ ស្នើ​ដល់ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​សម្រួល​បន្ត​ទិដ្ឋាការ​ដល់​លោក​អាឡិច។ ប៉ុន្តែ​ត្រូវបាន​បដិសេធ ។ លោក កឹម សុខា អនុប្រធាន​ទី១នៃ​រដ្ឋសភា និង​ជា​អនុប្រធាន​គណបក្សប្រឆាំង នៅ​ថ្ងៃទី១៨ កុម្ភៈ ក៏បាន​ចេញ​លិខិត ២​ដាច់​ដោយឡែក​ស្វែងរក​អន្តរាគមន៍​ពី ប្រធានរដ្ឋសភា និង ព្រះមហាក្សត្រ ដើម្បី​បន្ត​ទិដ្ឋាការ​ដល់​លោក​អាឡិច​ផងដែរ។

សូមបញ្ជាក់ថា លោក អាឡិចហ្សដ្រូ ហ្គន់ហ្សេលេស ដេវីតសុន (Alejandro GonZalez Davidson)  ជនជាតិ​អេស្ប៉ាញ ដែល​ចូលមក​រស់នៅ​កម្ពុជា​តាំងពី​ឆ្នាំ ២០០៦មក  ជា​ប្រធាន​ចលនា​មាតា​ធម្មជាតិ គឺជា​អ្នក​ចូលរួម​ការពារ ព្រៃឈើ​ខ្មែរ​មួយរូប​ដ៏​សកម្ម។ ទិដ្ឋាការ​ស្នាក់នៅ​ប្រទេស​កម្ពុជា​របស់លោក​ត្រូវបាន​ផុតកំណត់​កាលពី​ថ្ងៃទី ២០ ខែកុម្ភៈ។  កន្លងមកនេះ​អាឡិច​តែងតែ​ដឹកនាំ​យុទ្ធនាការផ្សេងៗ ដើម្បី​ប្រឆាំង​ទៅនឹង​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​នៅ​តំបន់​អារ៉ែង​ក្នុង​ខេត្តកោះកុង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ