អានតួអត្ថបទ
កម្ពុជា

លីកាដូ​៖​ ក្រៅ​ពី​ការ​ដោះលែង​ ការ​ផ្លាស់ប្តូរ​ជា​ប្រពន្ធ័​ក៏​គួរ​តែ​អនុវត្ត​ ដើម្បី​ ដោះស្រាយ​បញ្ហា​របស់​កុមារ​រស់​នៅ​ក្នុង​ពន្ធនាគារ​ជា​មួយ​ម្តាយ​

អង្គការ​សិទ្ធិមនុស្ស​លីកាដូ បាន​សាទរ​ចំពោះ​ការ​ដោះលែង​ស្ត្រី​ជា​ម្តាយ​ចំនួន១៦នាក់ ពី​ពន្ធនាគារ​នៅ​មុន​ទិវា​សិទ្ធិនារី​អន្តរជាតិ​ថ្ងៃទី៨មីនា ឆ្នាំ ២០១៥ខាងមុខនេះ ។ការដោះលែង​បែប​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​ប្រកាសថា​មាន​ផែនការ​ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ។យ៉ាងណាក៏ដោយ អង្គការ​មួយ​នេះ បាន​សំណូមពរ​អោយ​រដ្ឋាភិបាល អនុវត្ត​នូវ​ការ​ផ្លាស់ប្តូរ​ជា​ប្រពន្ធ័ ដើម្បី ដោះស្រាយ​អោយ​បាន​ត្រឹមត្រូវ នូវ​បញ្ហា​នានា​ដែល​កុមារ​រស់នៅក្នុង​ពន្ធនាគារ​ជាមួយ​ម្តាយ​បាន​ជួបប្រទះ។

ស្ត្រី​អ្នកទោស​ក្នុង​ពន្ធនាគារ​កំពុង​ជួប​ការខ្វះខាត
ស្ត្រី​អ្នកទោស​ក្នុង​ពន្ធនាគារ​កំពុង​ជួប​ការខ្វះខាត ម៉េងហួរ
ផ្សាយពាណិជ្ជកម្ម

ការ​ផ្លាស់ប្តូរ​ជា​ប្រពន្ធ័ ដែល​ចាំបាច់ រួមមាន ការបង្កើត និង ការអនុវត្ត​នូវ​ការណែនាំ​នានា សម្រាប់​កំណត់​ពេលវេលា​សមរម្យ​មួយ ដែល​កុមារ​រស់នៅក្នុង​ពន្ធនាគារ ឬ ត្រូវយក​កុមារ​នោះ​ចេញ​ពី​ម្តាយ​បែបណា​នៅ​ពេល​ពួកគេ​អាយុ ៣ឆ្នាំ ។ នេះ​បើតាម​សេចក្តីប្រកាស​របស់ អង្គការ​លីកាដូ​ចេញផ្សាយ​ថ្ងៃទី ០២ ខែមីនា​នេះ ស្តីពី ការដោះលែង​ស្ត្រី​មាន​ផ្ទៃពោះ និង​ស្ត្រី​ដែលមាន​កូន​នៅ​ជាមួយ​ក្នុង​ពន្ធនាគារ​ផ្តល់នូវ​ភាព​ធូរស្រាល ប៉ុន្តែ​មិនទាន់បាន​ដោះស្រាយ​បញ្ហា​ជា​ចំបង​នៅឡើយ​ទេ។

បញ្ហា​មួយទៀត​ដែល​ត្រូវតែ​ដោះស្រាយ​ជាបន្ទាន់​នោះ​គឺ ត្រូវ​បង្កើន​ថវិកា​ទិញ​ម្ហូបអាហារ​សម្រាប់​កុមារ និង​ស្ត្រី​មាន​ផ្ទៃពោះ ហើយ​ធានា​ថា​កុមារ​ទាំងនោះ​ទទួល​បាន​ថ្នាំ​បង្ការ​មេរោគ​ស្រប​តាម​បទដ្ឋាន​ជាតិ។

បន្ថែម​លើ​នេះ លីកាដូ បាន​ជម្រុញ​អោយ​ប្រពន្ធ័​យុត្តិធម៌ ធានា ថា​ប្រសិន​បើ​គ្មាន​ការ​ចាំ​បាច់​ទេ ការ​ដាក់​អោយ​ជាប់​ពន្ធនាគារ​គួរតែ​ជា​ជម្រើស​ចុងក្រោយ សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ ឬ ស្រី្ត​រស់នៅ​ជាមួយ​កូន។ ចំពោះ​ទោស​ឃុំឃាំង​នៅ​នគរបាល ក៏​គួរតែ​ត្រូវបាន​ដាក់​តែ​ក្នុងករណី​បទល្មើស​ធ្ងន់ធ្ងរ​តែ​ប៉ុណ្ណោះ។ លីកាដូ ក៏​បាន​លើកឡើង​ថា ករណី​ជា​ច្រើន មាន​ការ​ខ្វះ​ចន្លោះ ។ មុនពេល​សម្រេច​ចាប់​ឬ​ឃុំខ្លួន នគរបាល និង អាជ្ញាធរ​មិនបាន​សួរថា​តើ​ស្ត្រី​ម្នាក់​នោះ​មានកូន​ឬទេ ឬក៏​ពិចារណា​ថា​តើ​អ្នកណា​នឹង​មើលថែរក្សា​ក្មេងនោះ​ នោះទេ។

អ្នកនាង នូ សំអន អ្នកគ្រប់គ្រង​គម្រោង​ពន្ធនាគារ​នៃ​អង្គការ​លីកាដូ បាន​និយាយថា បច្ចុប្បន្ននេះ​ស្ត្រី​ជាច្រើន​នៅក្នុង​ពន្ធនាគារ​ត្រូវបាន ចោទ​ប្រកាន់ ឬ​ផ្តន្ទាទោស ពីបទ​ល្មើស​តូចតាច ឬ​បទល្មើស​ដែល​ទើបនឹង​ត្រូវបាន​ប្រពឹត្តិ​លើកទីមួយ។ ដូច្នេះ តុលាការ គួរតែ ពិចារណា​អំពី​ផលប៉ះពាល់​ទាំងឡាយ​ពី​ការសម្រេចចិត្ត​របស់​តុលាការ និង​វិធានការណ៍​ផ្សេងទៀត​មុនពេល​ចេញ​ដីកា​ដាក់​ម្តាយ​ទាំងនោះ​នៅក្នុង​ពន្ធនាគារ។

សូមបញ្ជាក់ថា បើតាម​របាយការណ៍​ឆ្នាំ ២០១៥ របស់​លីកាដូ  ចំពោះ​កុមារ មួយ​ចំនួន​ដែលមាន​បឋម​វយ័​ក្នុង​ពន្ធនាគារ​អាច​មាន​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ ចំពោះ​ការ​លូតលាស់​ផ្លូវកាយ និង​ផ្លូវចិត្ត​របស់​ពួកគេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ