អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

វីតាមីន​សេ ជា​អាវុធ​ពិសេស​ប្រឆាំង​នឹងការ​នឿយ​ហត់ និង​ស្ត្រេស

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការ​សិក្សា​មួយ​ដែល​ទើប​ចុះ​ផ្សាយ​​នៅក្នុង​ទស្សនាវដ្តី​សុខភាព​ Critical Review in food science and nutrition បាន​ផ្តល់​អនុសាសន៍​ថា ដើម្បី​រក្សា​សុខភាព ខ្លួន​ប្រាណ​មនុស្ស​ត្រូវ​ការ​​​សារជាតិ​វីតាមីន​សេ ២០០​មីក្រាម​ក្នុង​មួយ​ថ្ងៃ។ តើ​វី​តាមីន​សេ ជា​អ្វី ? ​មាន​គុណប្រយោជន៍​យ៉ាងណា​សម្រាប់​​សុខភាព ? ត្រូវ​បរិភោគ​អ្វី​​ និង​ក្នុង​កំរិត​ទើប​អាច​ទាញ​យក​វីតាមីនសេ បាន​គ្រប់​គ្រាន់ ? ថ្នាំ​វីតាមីន​សេ ពិត​ជា​ជំនួយ​ដ៏​ប្រពៃ​សម្រាប់​​ពេល​នឿយ​ហត់​មែន​ឬ​យ៉ាង​ណា ?

ផ្លែត្របែក មួយ​ខាំ មាន​ផ្ទុក​វីតាមីនសេ ២៤០មីល្លីក្រាម
ផ្លែត្របែក មួយ​ខាំ មាន​ផ្ទុក​វីតាមីនសេ ២៤០មីល្លីក្រាម ©rfi
ផ្សាយពាណិជ្ជកម្ម

ទទួល​ទាន​អាហារ​មាន​ ​វីតាមីន សេបាន​ ២០០​មីល្លីក្រាម​​ ក្នុង​មួយ​ថ្ងៃ​ អាច​ទាញ​ប្រយោជន៍​​យ៉ាង​ខ្លាំង​សម្រាប់​ទ្រទ្រង់​សុខភាព។ ព្រោះ​វីតាមីន​សេ​នេះ ជា​អង់ទីអុកស៊ីដង់ ជា​សារធាតុ​ប្រឆាំង​នឹង​ស្ត្រេស ប្រឆាំង​នឹង​ការ​នឿយ​ហត់។

 
កង្វះ វីតាមីន​សេ ជា​ការ​កម្រ​ណាស់​សម្រាប់​មនុស្ស​សម័យ​បច្ចុប្បន្ន ក្នុង​ប្រទេស​ជឿន​លឿន និង​ប្រទេស​កំពុង​អភិវឌ្ឍន៍​។ កង្វះ​វីតាមីន​ប្រភេទ​នេះ អាច​ស្តែង​ឱ្យ​ដឹងបាន​​ ដរាប​ណា​យើង​ទទួល​ទាន​(អាហារ​មាន) ​វីតាមីសេ​តិច​ជាង​១០​មីល្លីក្រាម​ក្នុង​មួយ​ថ្ងៃ។ ​រោគ​សញ្ញា​ដែល​អាច​សម្គាល់​​បាន​ថា​មនុស្ស​ម្នាក់​ជួប​គ្រោះ​ខ្វះ​សារជាតិ​វីតាមីនសេ មាន​ជា​អាទិ៍ សន្តក​ជើង​ធ្មេញ​ អញ្ចាញ​ហើម​ខ្ទុះ មាន​ហូរ​ឈាម​ និង​​បើ​កាន់​តែ​ធ្ងន់​ធ្ងរ​អាច​បង្ក​ឱ្យ​ស្លាប់​។

វីតាមីន​សេ មាន​នៅ​ក្នុង​ស្ទើរ​គ្រប់​បន្លែ​ និង​ផ្លែឈើ ឆៅ។ ដើម្បី​អាច​បំពេញ​សេចក្តី​ត្រូវ​ការ​ ២០០​មីល្លីក្រាម​ បាន​គេ​ត្រូវ​ទទួល​ទាន​ជាឧទាហរណ៍ ផ្លែ​គីវី ២៥០​ក្រាម ឬ​ក្រូច​ពោធិសាត់​ ៣០០ក្រាម (ជាង​មួយ​ផ្លែ) ក្រូច​ឃ្វិច​បួន ...

ហេតុ​អ្វី​​វីតាមីនសេ ? វីតាមីន​សេ គឺ​ជា​អង់ទីអ៊ុកស៊ីដង់​ដ៏​ប្រពៃ​បំផុត​មួយ ទាំង​សំខាន់​និង​មាន​ប្រយោជន៍​ មាន​នៅ​ក្នុង​ចំណី​អាហារ​ ដែល​អាច​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​ចាស់​ជរា​របស់​កោសិកា មិន​ថា​ជា​ជាលិកា ជា​ស្បែក​​របស់​សរីរាង្គ​។ ឧស្សាហកម្ម​ចំណី​អាហារ​វិញ​ ប្រើ​វីតាមីន​សេ​នេះ​ច្រើន ដើម្បី​ជា​ជំនួយ​ខាង​ផ្នែក​​រក្សា​ទុក​បាន​យូរ ក្រោម​ឈ្មោះ​ថា​បច្ចេកទេស ថា អាស៊ីត អាស្កប៊ិច Acide Ascorbique ឬ​ជា​អក្សរ​កូដ​​សម្ងាត់​ដែល​ចាប់​ផ្តើម​ដោយ​E300។ សមត្ថភាព​ផ្នែក​រក្សា​ទុក​​របស់​វីតាមីនសេ ក៏​មាន​ឃើញ​ប្រើ​ ជា​លក្ខណៈ​គ្រួសារ​ ក្បួន​បូរាណរបស់​មនុស្ស​ចាស់ ដូច​ជា​ ច្របាច់​ក្រូច​ឆ្មា​ លើ​ផ្លែ​ប៉ោម​ ឬ​ផ្លែ​ឈើ​ផ្សេង​ទៀត ដើម្បី​កុំ​ឱ្យ​ឆាប់​ខ្មៅ​។ នេះ​ហើយ​ជា​តួនាទី​ និង​ប្រយោជន៍​មួយ​របស់​វីតាមីនសេ ដែល​មិន​ត្រឹម​តែ​ជា​អង់ទីអង់ស៊ីដង់​ទេ តែ​ក៏​ជា​អង់ទីអ៊ុកស៊ីត​ទៀត។

តើ​ត្រូវ​ទទួល​ទាន​វីតាមីនសេ​ប៉ុណ្ណា ? ខ្លួន​ប្រាណ​មនុស្ស​ ​មិន​ចេះ​ស្តុក​វីតាមីនសេ​ទុក​ទេ ហើយ​ក៏​មិន​ចេះ​ផលិត​វីតាមីន​ដែរ មិន​ថា​ជា​វីតាមីន​សេ ឬ​វីតាមីន អា ...ទេ។ មាន​តែ​ការ​ទទួល​ទាន​អាហារ​ម្យ៉ាង​គត់​ ដែល​ជា​ប្រភព​ផ្តល់​វីតាមីន​សម្រាប់​ទៅ​ចិញ្ចឹម​រាងកាយ​ជា​ប្រចាំ។ ផ្តល់​វីតាមីន​សេ​២០០​មីល្លីក្រាម​ក្នុង​មួយ​ថ្ងៃ​​ គឺ​ជា​អនុសាសន៍​របស់​ក្រុម​អ្នក​ស្រាវជ្រាវ​​វេជ្ជសាស្ត្រ។ ប៉ុន្តែ​សួរ​ថា​តើ​ត្រូវវាស់​វែង​យ៉ាង​ដូច​ម្តេច​ ? បន្លែ​និង​ផ្លែឈើ ផ្តល់​បរិមាណ​វិតាមីនសេ មិនដូច​គ្នា ខ្លះ​ច្រើន​ ខ្លះ​តិច ទៅ​តាម​ប្រភេទ​។ បន្លែ​ផ្លែឈើ ដែល​មាន​ផ្ទុក​វីតាមីន​សេ ច្រើន​ជាង​គេ​នៅ​ប្រទេស​កម្ពុជា គឺ​ ផ្លែ​ត្របែក (ត្របែក​មួយ​ខាំ​ផ្តល់​វីតាមីនសេ ដល់​ទៅ ២៤០​មីល្លីក្រាម) និង​ម្ទេស​ប្លោក​បារាំង​ពណ៌​ក្រហម (មួយ​ខាំ​ផ្តល់​១៦៥​មីល្លីក្រាម) និង​បន្ត​បន្ទាប់មក​មាន​ដូច​ជា​ផ្កា​ស្ពៃ​ខៀវ ប្រូកូលី ស្ពៃ​ក្តោប​ខៀវ ឬ​ផ្លែ​គីវី និង​ពពួក​ផ្លែ​ក្រូច។ ជា​ឧទាហរណ៍​ជាក់​ស្តែង ក្នុង​មួយ​ថ្ងៃ ដើម្បី​បំពេញ​បាន​១២០​មីល្លីក្រាម​នៃ​វីតាមីន​សេ យើង​ទទួល​ទាន​ផ្លែ​ឈើ​ស្រស់​ពីរ​ផ្លែ (ចេក​មួយ​ ប៉ោម​មួយ ឬ​ក្រូច​មួយ ត្រសក់​ស្រូវ​មួយ​ជ្រុង) និង​បន្លែ​ឆៅ​ពីរ​បី​មុខ សាលាដ ត្រសក់​ ប៉េង​បោះ​ ជីរ​​​...។

ការ​ថែរក្សា​វីតាមីន​សេ

ប៉ុន្តែ​វីតាមីនសេ ជា​សារធាតុ​ដែល​ផុយស្រួយ​ ងាយ​បាត់​បង់​ណាស់​។ ហេតុ​ដូច្នេះ​ហើយ​បាន​ត្រូវ​ប្រុង​ប្រយ័ត្ន​​ថែ​ថួន​ខ្លាំង។ វីតាមីនសេ​ ខ្លាច​ពន្លឺ​ថ្ងៃ ខ្លាច​ទឹក ខ្លាច​ខ្សល់ និង​កម្តៅ។ ពន្លឺ​ និង​អ៊ុកស៊ីអែន ជា​សត្រូ​វ​ដ៏​សំខាន់​មួយ​របស់​វីតាមីនសេ ក្នុង​ន័យ​នេះ​យើង​សូម​ណែនាំ​ឱ្យ​រក្សា​ទុក​បន្លែ​ផ្លែ​ឈើ កុំ​ឱ្យ​ត្រូវ​ថ្ងៃ ហាល​ខ្យល់ តែ​ក្នុង​ទូរទឹកកក​កន្លែង​ប្រអប់​ដាក់​បន្លែ​ផ្លែ​ឈើ។ សូម​កុំ​លាង​និង​ត្រាំ​បន្លែ​ផ្លែ​ឈើ​យូរ ព្រោះ​ វីតាមីនសេ អាច​រលាយ​ក្នុង​ទឹក​។ បើ​ចៀស​បាន​ ពេល​លាង​សាលាដ​សូម​កុំ​ត្រាំ​ទឹក​យូរ​ពេក។ ចំពោះ​កម្តៅ​វិញ ការ​ចំអិន​អាហារ​អាច​សម្លាប់​វីតាមីន​​បាន​ រាប់​ទាំង​វីតាមីន​សេ​ផង ៖ បើ​ទឹកកាន់​​ច្រើន កាន់​តែ​ខាត ហើយ​បើ​ក្តៅ​ពុះ​រម្ងាស់​ កាន់​តែ​យូរ​ កាន់​តែ​អស់​ច្រើន ពី​​២០%ទៅ​៥០% តែ​បើ​ចំហុយ​វិញ​គឺ​បាត់​បង់​តែ​ប្រមាណ​១២​%​ទេ។ បន្លែ​ផ្លែ​ឈើ បេះ​មកភ្លាម​មាន​ផ្ទុក​វីតាមីនសេ​ច្រើន តែ​បើ​ទុក​យូរ​​មិន​ត្រឹម​តែ​អស់​ជាតិ លែង​ស្រស់​ទេ គឺ​ថែម​ទាំង​បាត់​បង់​គុណភាព​ផ្នែក​វីតាមីន​ទៀត។ ពី​បី​ទៅ​បួន​ថ្ងៃ​ក្រោយ​បេះ បរិមាណ​វីតាមីន​សេ​ក្នុង​បន្លែ​ផ្លែឈើ​ ចាប់​ថយ​ចុះ បើ​ដល់​ពីរ​បី​អាទិត្យ​គឺ​អាច​បាត់​បង់​ដល់​ទៅ ៥០%។ ការ​កម្តៅ​ម្ហូប​អាហារ ឬ​បន្លែ​កំប៉ុង អាច​បន្សល់​ទុក​​វីតាមីន​សេ​មិន​បានដល់​​៤០%ទេ។ រាល់​បន្លែ​ផ្លែ​ឈើ មាន​សំបក គួរ​តែ​ចិត​ចេញ​ដោយ​ស្តើង​បំផុត ប្រសិន​បើ​មិនអាច​បរិភោគ​ទាំង​សំបក​បាន។ សូម​ចង​ចាំ​ថា គ្រប់​វីតាមីន មាន​លាក់​បង្កប់​ខ្លួន​ច្រើន នៅ​ជាប់​សំបក។ ផ្លែ​ត្រសក់​ជា​ឧទាហណ៍ ពេល​លាង​ទឹក​អាច​ដុស​ខ្លាំង​​ រួច​ចិត​ទទួល​ទាន​ទាំងសំបក​ទើប​ប្រសើរ​​។

ថ្នាំ​វីតាមីនសេ

ដោយ​សារ​តែ​គុណ​ប្រយោជន៍​ដ៏​​មហាសាល​របស់​វីតាមីន​សេនេះ​ហើយ បាន​​មនុស្ស​ទូទៅ មិន​ថា​នៅ​សុក្រ​ក្តៅ សុ្រក​ត្រជាក់ ជឿន​លឿន​ឬ​ក្រីក្រ​កំពុង​អភិវឌ្ឍន៍​ទេ តែ​ស្វែង​រក​ថ្នាំ​ វីតាមីន​សេ មក​លេប​ជា​ជំនួយ​​សុខភាព។ ក្តៅ​ខ្លួន មាន​​អារម្មណ៍​នឿយ​ហត់ ចង់​ផ្តាសាយ ក៏​នឹង​ឃើញ​ភ្លាម ទៅ​បៀម ឬ​លេប​ថ្នាំ​វីតាមីន​សេ ដែល​មាន​ដាក់​លក់​នៅ​គ្រប់​ឱសថស្ថាន ដោយ​មិន​ចាំ​បាច់​​មាន​វេជ្ជបញ្ជា​ទេ។ វីតាមីន​សេ ឬ ឡារូស្កូបីន ដែល​គេ​ស្គាល់​ខ្លាំង​នៅ​ប្រទេស​កម្ពុជា ជា​អ្វី​ទៅ ? តើ​ថ្នាំ​នេះ​ពិត​ជា​អាច​បំពេញ​វីតាមីនសេ​ឱ្យ​សរីរាង្គ​កាយ​មែន​ឬ​យ៉ាងណា ?

ឡារ៉ូស្កូប៊ីន ឬ អាស៊ីត អាស្កប៊ិច ឬ​វីតាមីន​សេ មាន​ឈ្មោះ​ច្រើន​ហៅ​ផ្សេងៗ ទៅ​តាមម៉ាក​របស់​​ក្រុមហ៊ុន​ឱសថសាស្ត្រ ខ្លះ​ជា​ថ្នាំ​គ្រាប់​​សម្រាប់​លេប បៀម គ្រាប់​ដាក់​ទឹក​ពុំ​ ឬ​ជា​ថ្នាំ​ចាក់​ ជា​ថ្នាំ​ដែល​លក់​ដាច់ជាង​គេ​នៅ​លើ​ពិភពលោក។ ​ទីផ្សារ​លក់​ថ្នាំ​វីតាមីន​សេ មាន​ទំហំ​ដល់​៤០​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ៗ ប៉ុន្តែ​តាមការពិត​ទៅ​នោះ​ថ្នាំ​វីតាមីនសេ មិន​អាច​ផ្តល់​គុណ​ប្រយោជន៍​ពិត ដូច​ដែល​គ្រប់​គ្នា​យល់​ឃើញ​នោះ​ទេ។

ប្រវត្តិ​នៃ​ថ្នាំ​វីតាមីនសេ នេះ កើត​ឡើង​តាំង​ពី​ដើម​សតវត្សរ៍​ទី​២០ ពេល​ដែល​ទាហាន​ជើង​ទឹក​បារាំង​មាន​កើត​ជំងឺ​ស្កកប៊ិច ជំងឺ​ដែល​បណ្តាល​មក​ពី​កង្វះ​ជីវជាតិ​ផ្លែ​ឈើ។ នៅ​ឆ្នាំ​១៩៣០ ក្រុមហ៊ុនផលិត​ឱសថ​បារាំង La Roche បាន​សម្រេច​ផលិត​ថ្នាំ​មាន​ផ្ទុក​វីតាមីន​សប្បនិម្មិត​ ក្រោម​ឈ្មោះបច្ចេកទេស​ថា​ ​អាស៊ីដ ឡាស្កប៊ិច ឬ​ឈ្មោះ​សាមញ្ញ​លើ​ប្រអប់ Rodoxon។ ជា​ថ្នាំ​ដ៏​មាន​ប្រសិទ្ធិភាព ​មាន​គុណប្រយោជន៍​ទប់​ស្កាត់​កង្វះ​វីតាមីន​សេផង ជាពិសេស​ទប់​ស្កាត់​ជំងឺ​ផ្តាសាយ និង​ភាព​ត្រជាក់។ មកដល់​ឆ្នាំ​៧០ អ្នក​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​អាមេរិក បាន​ធ្វើ​ឱ្យ​ថ្នាំ​វីតាមីន​សេ​នេះ ក្លាយ​ជា​ថ្នាំ​ដ៏​ចាំបាច់ ​ដែល​មនុស្ស​គ្រប់​រូប​ត្រូវ​ការ។ ជា​ជ័យ​លាភី​រង្វាន់​ណូបែល​សន្តិភាព​ ណូបែល​គីមី​ លោក ណាយ​ឡូ ស្ពួលីន Linus Pauling ទទួល​ថ្នាំ​វីតាមីន​សេ ក្នុង​កំរិត​ខ្ពស់ ទើប​​មាន​អាយុ​វែង និង​សុខភាព​ល្អ​ទៀត។ លោក​បាន​ធ្វើ​ការ​ឃោសនា​ផ្សាយ​ពាណិជ្ជកម្ម​អំពី​គុណ​ប្រយោជន៍​នៃ​វីតាមីន​សេ ស្ទើរ​ពេញ​មួយ​ជីវិត​លោក ៖ សរសេរ​ជា​សៀវភៅ លក់​ដាច់​ជាង​គេ​បំផុត បន្ទាប់​មក​ផ្សព្វផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​ទៀត ! សារ​របស់​លោកមាន​តែ​មួយ​គឺ “​ប្រសិន​បើ​អ្នក​ចង់​មាន​សុខភាព​ល្អ ​និង​រឹង​មាំ ត្រូវ​ទទួល​ទាន​វីតាមីន​សេ លើស​ពី​អ្វី គ្រូពេទ្យ​ណែនាំ”។

ក៏​ប៉ុន្តែ​កន្លង​ពេល​ជា​ច្រើន​ខែ​ឆ្នាំ​មក​ សហគមន៍​​អ្នក​ស្រាវជ្រាវ​វេជ្ជសាស្ត្រ មិន​បំពើង​គុណប្រយោជន៍​របស់​វីតាមីនសេ​ខ្លាំង​ដូច​សម័យ​មុន​ទៀត​ទេ។ ការ​​សិក្សា​​​នៅ​ឆ្នាំ ២០១២ របស់​​អ្នក​វិទ្យាសាស្ត្រ​បារាំង​-អាមេរិក ថារក​ឃើញ​ថា​ ​​ការ​ទទួល​ទាន​វីតាមីនសេ ច្រើន​ហួស​ចំណុះ​ពេក​ មិន​ល្អ​ទេ។ សរីរាង្គ​កាយ​មនុស្ស​យើង ត្រូវ​ការ​យ៉ាង​ច្រើន​បំផុត​ជីវជាតិ​វីតាមីន​សេ ២០០​មីល្លីក្រាម ក្នុង​មួយ​ថ្ងៃ ទោះ​បី​ជា​យើង​ឈឺ​ក៏​ដោយ។ ពោល​គឺ​ស្មើ​នឹង​ការ​បរិភោគ​ផ្លែ​គីវី ពីរ ឬ​ផ្លែ​ក្រូច​ឃ្វិច​បួន ក្នុង​មួយ​ថ្ងៃ នេះ​មិន​រាប់​ពី​វីតាមីនសេ ដែល​មាន​ផ្ទុក​ក្នុង​ម្ហូប​អាហារ​ បន្លែ​ផ្លែ​ឈើ ដែល​យើង​ទទួល​ពេញ​មួយ​ថ្ងៃ​ផង។

ដូច្នេះ​ការ​ទទួលទាន​​ថ្នាំ​វីតាមីន​សេ គឺ​គ្រាន់​តែ​ដើម្បី​ចិញ្ចឹម​ក្រុមហ៊ុន​ឱសថ ឬ ? ​ថ្នាំ​វីតាមីន​សេ ផលិត​ឡើង​ដោយ​មាន​សារធាតុ​សកម្ម​ចំបង​បង្អស់ គឺ​អាស៊ីត​អាស្កូប៊ិច និង​បន្សំ​ជា​ច្រើន​ទៀត​ដូច​ជា​ សារធាតុ​សម្រាប់​ឱ្យ​ក្លិន​និង​រសជាតិ​ផ្លែ​ក្រូច ស្ករ និង​សារធាតុ​ផ្សេងៗ​ទៀត​សម្រាប់​ធ្វើ​ឱ្យ​ថ្នាំ​មាន​សភាព​ខាប់ ឬ​ម្សៅៗ។ រោង​ចក្រ​ផលិត​ឱសថ​បារាំង​ផលិត​ក្នុង​មួយ​ឆ្នាំ​ជាង​២០០​លាន​គ្រាប់ សម្រាប់​យក​ទៅ​លក់​នៅ​ក្នុង​ប្រទេស​ចំនួន​ជាង​៤០។ សារធាតុ​សកម្ម​និង​សំខាន់​បំផុត​របស់​វីតាមីន​សេ គឺ​អាស៊ីត​អាស្កូប៊ិច ត្រូវ​បាន​នាំ​ចូលមក​ពី​ប្រទេស​អៀរឡង់ ឬ​ប្រទេស​ក្នុង​សហភាព​អឺរ៉ុប​ផ្សេង​ទៀត​សម្រាប់មន្ទីរ​ផលិត​ឱសថ​បារាំង។ ប៉ុន្តែ​ប្រទេស​អ្នក​ផ្គត់​ផ្គង់​អាស៊ីត​អាស្កូប៊ិច​ធំ​ជាង​គេ​នៅ​លើ​ពិភពលោក គឺ​ចិន។ រោង​ចក្រ​ឱសថ​ជួន​កាល​ក៏​ត្រូវ​បញ្ជា​ទិញ​សារធាតុ​ដើម​នេះ​ពី​ចិន​​ម្តង​ម្កាល​ដែរ។

ចុះ​ចិន​បាន​អាស៊ីតអាស្កូប៊ិច​មក​ពី​ណា​ច្រើន​​ម្ល៉េះ​សម្រាប់​នាំ​ចេញ​ទៅ​លក់​នៅ​បរទេស​? អាស៊ីត​អាស្កួប៊ិច គឺ​​ផ្លែ​ពោត។ ដើម្បី​បំផ្លែង​ចេញ​ជា​អាស៊ីត​អាស្កូប៊ិច គេ​យក​ពោត​ទៅ​ចម្រាញ់​ទាញ​យក​ជាតិ​ស្ករ Sorbitol រួច​ដាក់​បន្ថែម​មេ យក​ទៅ​ផ្អាប់​​​ទុក​​រយៈពេល​ជា​ច្រើន​ថ្ងៃ ដើម្បី​ឱ្យ​ក្លាយ​ទៅ​ល្បាយ​ស៊ីរ៉ូ។ បន្ទាប់​បើ​ទើប​គេ​យក​ស៊ីរ៉ូ​នេះ​ទៅ​សម្ងួត ឱ្យ​ក្លាយ​ទៅ​​ជាម្សៅ​ ស ស្ងួត​ ឬ​ហៅ​ដោយ​ខ្លី​ថា វីតាមីន​សេ​សំយោគ។

ពេល​នេះ​លោក​អ្នក​នាង​បាន​ជ្រាប​អំពី​អ្វី​ដែល​ហៅ​ថា​វីតាមីន​សេហើយ សូម​ជ្រើស​រើស​ការ​ទទួល​ទាន​តាម​ការ​គួរ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ