អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

ពុក​ឆ្អឹង​ ជា​ជំងឺ​អ្វី ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

បាក់​ឆ្អឹង ត្រគៀក កដៃ ឆ្អឹង​ខ្នង ... នេះ​ជា​ផលវិបាក​មួយ​ចំនួន​នៃ​ជំងឺ​ពុក​ឆ្អឹង។ ​ពុក​ឆ្អឹង ជា​ជំងឺ​មួយ​ដែល​តែង​កើត​ជា​ញឹកញយ​ លើ​ស្ត្រី​ភេទ។ ស្ត្រី​មួយ​ភាគ​បី​ច្រើន​ជួប​ករណី​ឆ្អឹង​ស្ពោត​នេះ​ ក្រោយពី​អស់​រដូវ។ ជា​ជំងឺ​ដែល​កើត​ឡើង​ដោយ​ស្ងាត់ៗ និងដែល​អ្នកជំងឺ​មិន​សូវ​ស្គាល់។ គ្រោះ​កើត​ជំងឺ​ពុក​ឆ្អឹង​កើន​ឡើង​ជានិច្ច​​ទៅ​តាម​អាយុ​។ តើ​ជំងឺ​ពុក​ឆ្អឹង​​ជា​​អ្វី ? ធ្វើ​ដូច​ម្តេច​ទើប​អាច​ដឹង​ថា​មាន​កើត​ជំងឺនេះ ? ចុះ​តើ​មាន​មធ្យោបាយ​ព្យាបាល​និង​វិធី​ទប់​ស្កាត់​យ៉ាង​ណា​ខ្លះ ?

ផ្នែក​ខាង​ក្នុង​នៃ​ឆ្អឹង ដែល​មាន​រន្ធ​ច្រើន​និង​ធំ ជា​ឆ្អឹង​ពុក
ផ្នែក​ខាង​ក្នុង​នៃ​ឆ្អឹង ដែល​មាន​រន្ធ​ច្រើន​និង​ធំ ជា​ឆ្អឹង​ពុក
ផ្សាយពាណិជ្ជកម្ម

ជំងឺ​ពុក​ឆ្អឹង ដូច​ឈ្មោះ​ដែល​បាន​ហៅ ជំងឺនេះ​សម្គាល់ដោយភាព​​ស្ពោតនៃ​ឆ្អឹង ឬ​ឆ្អឹង​​មាន​កំហាប់​និងដង់ស៊ីតេ​ថយ​ចុះ​ សាច់​ឆ្អឹង​លែង​មាំ​ ងាយ​បាក់។ ​ ​ជាទូទៅ​ គឺ​បណ្តាល​មក​ពី​ភាព​ចាស់​ជរា​របស់​មនុស្ស។

ដើម្បីអាច​យល់​អំពី​ជំងឺ​នេះ គេ​ត្រូវ​ប្រៀប​ធៀប​ឆ្អឹង​ធម្មតា និង​ឆ្អឹង​ដែល​មាន​ជំងឺ។ នៅ​ក្នុង​ឆ្អឹង​ជា ឆ្អឹង​មាន​សភាព​ណែន​ តាន់ មាំល្អ ​មាន​ក្រឡាចាក់​ស្រេះ​គ្នា​ញឹក​ស្មេរ។ តែ​ចំពោះ​ឆ្អឹង​ដែលពុក​វិញ មាន​សភាព​​ស្ពោត សាច់​ឆ្អឹង​មិន​តាន់ មាន​រន្ធ​ច្រើន ខ្សោកៗ ​ ខ្សោះ​គ្មាន​ជាតិ​ខនិក គ្មាន​សារធាតុ​អ្វី​សម្រាប់​បង្ហាប់​ឆ្អឹងឱ្យ​មាំ​​សោះ។

 
ផលវិបាក​នៃ​ការ​​កើតជំងឺ​ឆ្អឹង​ស្ពោត គឺ​ងាយ​ជួប​គ្រោះ​បាក់​ឆ្អឹង។ ឆ្អឹង​ដែល​ងាយ​បាក់​ជាង​គេ គឺ​ឆ្អឹង​ខ្នង ឆ្អឹង​កដៃ ត្រគៀក និង​ស្មា។

តើ​ឆ្អឹង​ល្អ ក្លាយ​ជា​ស្ពោត ពុក​​បាន​យ៉ាង​ដូចម្តេច ?!

ឆ្អឹង​រឹង ឆ្អឹង​មាំល្អ ពី​ព្រោះ​វា​មាន​​បន្សំ​ជា​ស្រទាប់​ណែន​ ដែល​គេ​ហៅ​ថា​សំបក។ ប៉ុន្តែ​បើ​ពិនិត្យ​មើល​ផ្នែក​ខាង​ក្នុង​នៃ​ឆ្អឹងវិញ នោះ​គេ​នឹង​សង្កេត​ឃើញ​មាន​ស្រទាប់​ជាលិកា​ដូច​ពពុះ​ទឹក​បង្ក​ក​លើ​គ្នាដែល​មិន​សូវមាន​កោសិកា​រស់​ទេ។ នៅ​កណ្តាល​ឆ្អឹង ជារន្ធ​ធ្លូ ទី​មាន​ផ្ទុក​ខួរ​ឆ្អឹង។

មិន​ដូច​អ្វី​ដែល​ភ្នែក​មើល​ឃើញ ឆ្អឹង​ដែល​ថា​​ឃើញ​ថា​រឹង​នេះ មិន​មែន​ជា​ជាលិកា​និច្ចលភាព មិន​កម្រើក​នោះ​ទេ។ ឆ្អឹង​មាន​ដំណើរ​ការ​លូត​លាស់​ផលិត​ជា​ប់​ជា​ប្រចាំ បៀប​ដូច​ជា​រោង​ចក្រ​មួយយ៉ាង​​ដូច្នោះ។ រោងចក្រ​​​នេះ​ផលិត​កោសិកា​ពីរ​ប្រភេទ ៖ Ostéoclastesកោសិកា​ដែល​មាន​ភារៈ​ទៅ​បំផ្លាញឆ្អឹង​ចាស់​ (​បង្ក​ឱ្យ​មាន​រន្ធ​នៅ​ឆ្អឹង) និង​Ostéoblastesកោសិកា​ដែល​មាន​បន្ទុក​ផលិត​ឆ្អឹង​ថ្មី។ សារធាតុ​កាល់ស្យ៉ូម និង​វីតាមីន​ D មាន​ភារៈ​ទៅ​ពង្រឹង​ឆ្អឹង​ដោយ​បញ្ជ្រាប​បិទ​រន្ធនិង​ភាព​ប្រហោង​នៃ​ឆ្អឹង​។​

ប៉ុន្តែ​ការ​​ផលិត​ និង​បំផ្លាញ​ឆ្អឹង ប្រែប្រួល​ទៅ​តាម​អាយុ។ តាំង​ពី​កើត​រហូត​ដល់​អាយុ​ប្រមាណ ២០ ឆ្នាំ គឺ​ជារយៈ​ពេល​​លូត​លាស់​ដុះ​ឆ្អឹង​ ឬ​ហៅ​ថា​ “ដំណាក់កាល​ស្ថាបនា”។ ​ពី​អាយុ ២០​ឆ្នាំ​ទៅ​៣៥​ឆ្នាំ ​ជា​ដំណាក់​កាល​មាន​លំនឹង​ ការ​ដុះ​និង​ការ​បំផ្លាញ​មាន​កម្លាំង​ស្មើ​គ្នា។ ចាប់​ពី​អាយុ​៣៥​ឆ្នាំ​ឡើង​ទៅ និន្នាការ​ដើរ​បញ្ច្រាស​ទិសវិញ ការ​បំផ្លាញ​ខ្លាំង​ជាង​ការ​ផលិត។ ដំណាក់​កាល​នេះ ខ្លួន​ប្រាណ​យើង​មិន​ត្រឹម​តែ​មិន​អាច​ផ្តល់​ជីវជាតិ​កាល់ស្យូម​​ដល់​ឆ្អឹង​ទេ តែ​បែ​រ​ជា​ស្រូប​យក​ពី​ឆ្អឹង​មក​វិញ​។ ចំពោះ​មនុស្ស​ប្រុស ដង់ស៊ីតេ​ (កំហាប់​) ឆ្អឹង​ធ្លាក់​ចុះ​បន្តិច​ម្តងៗ ដោយ​ថេរ​ទៅ​តាម​វ័យ តែ​សម្រាប់​មនុស្សស្រី ឆ្អឹង​បាត់​បង់​លំនឹង​យ៉ាង​​ខ្លាំង នៅ​ពេល​អស់​រដូវ។ អត្រា​oestrogene ធ្លាក់​ចុះ​ និង​កង្វះ​អ័រមូន​ ចូល​រួម​ចំណែក​បំផ្លាញ​ឆ្អឹង​​យ៉ាង​ខ្លាំង។

ការ​បញ្ចេញ​សកម្មភាព​ថយ​ចុះ កង្វះ​ជាតិ​កាល់ស្យូម និងកង្វះ​​វីតាមីន D សុទ្ធ​សឹង​​ជា​កត្តា​ជំរុញ​ឱ្យ​ឆាប់​បាត់​បង់​ម៉ាស​មាឌ​របស់​ឆ្អឹង​ដែរ។ គ្រោង​ឆ្អឹង​រួម​តូច​ ​​​ក្លាយ​ទៅជា​ផុយ​ស្រួយ​ ​គ្រោះ​ជួប​ហានិភ័យ​បាក់​ឆ្អឹង​មាន​កាន់​តែ​ធំ។ ចាប់​ពី​អាយុ​៥០​ឆ្នាំ​ឡើង​ទៅ អត្រា​ស្ត្រី​មាន​ជំងឺ​ពុក​ឆ្អឹង​កើន​ឡើង​ជា​លំដាប់។ នៅ​អាយុ​៦៥​ឆ្នាំ មាន​ស្ត្រី​៣៩%​ប្រឈម​នឹង​គ្រោះ​ពុក​ឆ្អឹង និង​៧០%​នៃ​ស្ត្រី​ចាប់​ពី​៨០​ឆ្នាំ​ មានកើត​ជំងឺ​ពុក​ឆ្អឹង។

កត្តា​ដែល​នាំ​ឱ្យ​ឆាប់​មាន​ជំងឺ​ស្ពោត​ឆ្អឹង

ចំពោះ​បណ្តា​ជន​ទូទៅ ៖
-       អាយុ​ និង​វ័យ​ចំណាស់ ចាប់​ពី​៥០ ឬ​៦០​ឆ្នាំ​ឡើង​ទៅ
-       ធ្លាប់​ប្រើ​ប្រាស់​ថ្នាំ ពពួក Corticoïde ក្នុង​បរិមាណ​ច្រើន និង​ក្នុង​រយៈ ពេល​លើស​ពី​៣​ខែ
-       រង​ការ​ព្យាបាល​ ឬ​មាន​ជំងឺ​រលាក​ដែល​ជា​ប្រភព​នាំ​ឱ្យឆ្អឹង​ស្ពោត (ដូច​ជាមាន​ជំងឺ​នៅ​ក្រពេញ Hyperthyroïdie

ចំពោះ​មនុស្ស​ស្ត្រី​អស់​រដូវ

-       ឆាប់​អស់​រដូវ តាំង​ពី​មុន​អាយុ​៤០​ឆ្នាំ
-       ស្គម​ស្គាំង​ខ្លាំង (មាន​មាសមាឌ​ក្រោម​ ១៩ សូម​ចុចត្រង់​នេះ​ដើម្បី​ដឹង​អំពី​មាស​មាឌ)
-       ប្រើ​ថ្នាំ​ពពួក​ Corticoïde ច្រើន ក្នុង​រយៈ​ពេល​យ៉ាង​តិច​បី​ខែ​ជាប់​គ្នា
-       មាន​ប្រវត្តិ​ឪពុក​ម្តាយ​ធ្លាប់​បាក់​ឆ្អឹង

កត្តា​ក្រៅ​ខ្លួន​ផ្សេង​ទៀត​ដែល​នាំ​ឱ្យ​មាន​គ្រោះ​កើត​ជំងឺ​ឆ្អឹង​ស្ពោត

-       មិន​សូវ​មាន​សកម្មភាព បញ្ចេញ​កម្លាំង​កាយ​ធ្វើ​កីឡា ហាត់ប្រាណ ឬ ចូល​ចិត្ត​នៅ​ស្ងៀម​អង្គុយ​ដេក​មួយ​កន្លែង​យូរ
-       កង្វះ​វីតាមីន​D (មិន​សូវ​ដើរ​ឱ្យត្រូវ​ថ្ងៃ សំងំ​តែ​ក្នុង​ម្លប់​ក្នុង​ផ្ទះ ជាពិសេស​មនុស្ស​ចាស់​ជរា)
-       កង្វះ​សារធាតុ​កាល់ស្យ៊ូម​ ដែល​បណ្តាល​មក​ពី​របប​អាហារ​មិន​គ្រប់គ្រាន់ ឬ​មក​ពី មាន​របប​អាហារ​មិន​ត្រឹម​ត្រូវ (បរិភោគ​ប្រៃ​ពេក ប្រូតេអ៊ីន​ច្រើន​ជ្រុល និង​ពិសារ​កាហ្វេ​ច្រើន ដែល​នាំ​សារធាតុ​កាល់ស្យូម​ហូរ​ចេញ​អស់​ទៅ​វិញ ទៅ​តាម​ទឹក​នោម)។
-       ជក់​បារី
-       ផឹក​ស្រា

តើ​គេ​អាច​កំណត់​សញ្ញា​រោគ​នៃ​ជំងឺ​ពុក​ឆ្អឹងយ៉ាង​ដូចម្តេច ?

មាឌ​ស្គម​ខ្លាំង ជក់​បារី ផឹក​ស្រា ជា​ដើម​ហេតុ​នាំ​ឱ្យ​គ្រូពេទ្យ​គិត​គូរ​ដល់​ជំងឺ​ពុក​ឆ្អឹង​។ ការ​វិភាគ​អាច​បញ្ជាក់​អំពី​រោគ​សញ្ញា​នៃ​ជំងឺ​នេះ​បាន​គឺ​ការ​វាស់​កំហាប់ ឬ​ដង់ស៊ីតេ​របស់​ឆ្អឹង។ គេ​អាច​សម្គាល់​ថាមាន​​​ការ​បាក់​ឆ្អឹង​ខ្នង​ដោយ​​សារ​មនុស្ស​​រួញ​កម្ពស់។ តែ​ការ​រួញ​កម្ពស់ មិន​មែន​មានន័យ​ថា​មាន​ឆ្អឹង​ខ្នង​បាក់​ទេ។ កើត​ជំងឺ​ពុក​ឆ្អឹង នៅ​វ័យ​ចាស់ ​ ជា​បាតុភូត​ធម្មជាតិ ព្រោះ​ឆ្អឹង​លែង​សូវ​ហាប់​ណែន តែ​ស្ពោត​ ហើយ​រួម​មាឌ។ សាច់​ដុំ​ក៏​រលា​ ! ហេតុ​ដូច្នេះ​ហើយ​បាន​ជា​សង្កេត​ឃើញ​មនុស្សចាស់​​​ទៅ​រួញ​តូច​ ខ្នង​កោង ឆ្អឹង​កង​ខ្នងកិន​​សង្កត់​លើ​គ្នា​ បាត់​កម្ពស់​អស់ជា​ច្រើនសង់ទីមែត្រ​ បើ​ប្រៀប​ទៅ​នឹង​កម្ពស់​កាលពី​អាយុ​២០​ឆ្នាំ។

ប៉ុន្តែ​សុំ​កុំ​ច្រលំ​រវាង​ជំងឺ​រលាក​សន្លាក់​ឆ្អឹង ឬ ពុក​ឆ្អឹង​។ ជំងឺ​ពីរប្រភេទ​នេះ​ ​ច្រើន​កើត​​ដូច​គ្នា​លើ​ស្ត្រី​ក្រោយ​ពេល​អស់​រដូវ តែ​​គ្មាន​ទំនាក់ទំនង​នឹង​គ្នា​ដោយ​ផ្ទាល់ឡើយ។ ​ការ​សិក្សា​ច្រើនឡើងៗ​ បាន​បង្ហាញ​ថា នៅ​ពេល​ស្ត្រី​មា្នក់​មាន​ជំងឺ​រលាក​សន្លាក់​ឆ្អឹង គ្មាន​ការ​អភិវឌ្ឍន៍​ជំងឺ​ពុក​ឆ្អឹង​ទេ ផ្ទុយ​ទៅវិញ បើ​មាន​ជំងឺ​ពុក​ឆ្អឹង​ហើយ​ក៏​គ្មាន​ការ​អភិវឌ្ឍន៍​ជំងឺ​រលាក​សន្លាក់​ដែរ។

តើ​ជំងឺ​ពុក​ឆ្អឹង​ជា​ជំងឺ​បន្ត​ពូជ ?

ជំងឺ​ពុ​កឆ្អឹង​ជា​ជំងឺ​ដែល​មាន​ចំណែក​ហ្សេនេទិក​។ ប្រសិន​បើ​អ្នក​ជំងឺ​ម្នាក់​មាន​ម្តាយ​ធ្លាប់​បាក់​ឆ្អឹង​ព្រោះ​ជំងឺ​ពុក​ស្ពោត​នេះ អ្ន​ក​ជំងឺ​នោះ​មាន​ហានិភ័យ​ពីរ​ដង​លើ​អ្នក​ដែល​ឪពុក​ម្តាយ​គ្មាន​ប្រវត្តិ​អ្វី​ទាំង​អស់។ ប៉ុន្តែ​គ្មាន​ទេ​ហ្សែន​ជំងឺ​ពុក​ឆ្អឹង។ វា​គឺ​ជាជំងឺ​ដែល​បង្ក​ឡើង​ដោយ​ពហុកត្តា។ មិន​មែន​ស្ថិត​លើ​តែ​បញ្ហា​ពូជ​មួយ​មុខ​ឡើយ។

តើត្រូវ​ធ្វើ​ដូចម្តេច​ទើប​អាច​ការពារ​កុំ​ឱ្យ​ឆ្អឹង​ពុក​ស្ពោត ?

បើ​ឆ្អឹង​ចាប់​ផ្តើម​ស្ពោត ​ហើយបាន​បាក់​ឆ្អឹង​ម្តង នឹង​មាន​ករណី​បាក់​ជា​បន្ត​បន្ទាប់​ទៀត ដោយ​ចៀស​មិន​រួច ក្នុង​ឆ្នាំ​ខាង​មុខ។ បើ​​​ធ្លាប់​ជួប​គ្រោះ​បាក់​ឆ្អឹង​ខ្នង​​ម្តង អ្នក​ជំងឺ​ម្នាក់​ក្នុង​ចំណោម​បួន​នាក់​នឹង​ត្រូវ​មាន​​គ្រោះ​បាក់​ឆ្អឹងនៅកន្លែង​​ថ្មី​មួយ​ទៀត ក្នុង​ឆ្នាំ​តែ​មួយ។ អាយុ​កាន់​តែ​ច្រើន ឆ្អឹង​កាន់​តែ​ផុយ។

ពុក​ឆ្អឹង​ជា​ជំងឺ​មនុស្សចាស់ និង​មាន​កត្តាខ្លះ​គេ​មិន​អាច​ចៀស​វាង​បាន​​ឡើង​ដូច​ជា ភេទ​ស្រី មាឌ​តូច​ស្គម ពូជ​ស្បែក​ស និង​ពូជ​សាសន៍​អាស៊ី​ស្បែក​លឿង​។ ស្រ្តី​ដែល​មាន​រដូវ​​ច្រើន និង​មិន​ទៀង​ ក៏​អាច​ជួប​ផល​វិបាក​មាន​ហានិភ័យ​ខ្ពស់​កើត​​ជំងឺ​ពុក​ឆ្អឹងដែរ​។ តែ​ក៏​មាន​កត្តា​ខ្លះ​ដែល​អាច​ជួយ​សម្រាល​សម្រួល​និង​បញ្ចៀសបាន។

ដើម្បី​ជៀស​វាង​ និង​ជួយ​ឆ្អឹង​កុំ​ឱ្យ​ឆាប់​​កើត​ជំងឺ​ពុក​ស្ពោត​ឆ្អឹង និង​បាក់​ទាន់ យើង​ត្រូវ​រក្សា​កំហាប់​ជាតិ​ឆ្អឹង​ឱ្យ​ខ្ពស់​បំផុត ទើប​សុខភាព​ឆ្អឹង​ ​រឹង​មាំល្អ។ ហើយ​ដើម្បី​ឱ្យ​ឆ្អឹង​រឹង​មាំ មាន​កំហាប់​ខ្ពស់ ត្រូវថែ​ខ្លួន​តាំង​ពី​នៅ​ក្មេង ៖ ធ្វើ​កីឡា​នៅ​ពេល​វ័យ​ជំទង់ ​មានរបប​អាហារ​ត្រឹម​ត្រូវ​តាំង​ពី​កុមារ ជា​អាហារ​ដែល​សម្បូរ​ដោយ​ជាតិកាល់ស្យូម (ទឹកដោះគោ ទឹក​សណ្តែក​បន្លែ​បៃតង)។ បញ្ចេញ​សកម្មភាព​ហាត់​ប្រាណ​ ធ្វើ​កីឡា​ និងរក្សា​​ទម្លាប់​ល្អ​ក្នុង​ការ​រស់​នៅ​ ដោយ​គ្មាន​ប្រព្រឹត្ត​គ្រឿង​ស្រវឹង និង​បារី។ 

សកម្មភាព​កីឡា​ដែល​ផ្តល់​ប្រយោជន៍​ដល់​សុខភាព​ឆ្អឹងនិង​ទទួល​ស្គាល់​ជា​លក្ខណៈ​វិទ្យាសាស្ត្រ គឺ​សកម្មភាពដែល​ផ្តល់​បន្ទុក។ ដើរ​ថ្មើរ​ជើង ឬ​រត់​ត្រឹកៗ​ ជា​កីឡា​ដ៏​ប្រពៃ​បំផុត​សម្រាប់​ឆ្អឹង មិន​ថា​ដើម្បី​ជា​កិច្ច​ការពារ ឬ​ក្នុង​ក្របខ័ណ្ឌ​ព្យាបាល​ជំងឺ​ពុក​ឆ្អឹង​ទេ។ គ្រាន់​តែ​ថា​បើ​មាន​កើត​ជា​ជំងឺ​ពុក​ឆ្អឹង​ហើយ ការ​ធ្វើ​កីឡា​ត្រឹម​ដើរ​មិន​គ្រប់​គ្រាន់​ ជួយ​ឱ្យ​ជា​សះ​ស្បើយ​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ