អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

ទិវា​ចាក់​ថ្នាំ​បង្ការ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការ​ចាក់​ថ្នាំ​បង្ការ អាច​ជួយសង្គ្រោះ ជីវិត​មនុស្ស​ ក្នុង​មួយ​ឆ្នាំៗ បាន​ប្រមាណ​ពី ២​ទៅ​៣​លាន​នាក់។ គ្មាន​ថ្នាំ​បង្ការ ការ​បំបាត់​ជំងឺ​អុត ការ​កម្ចាត់​ជំងឺ​គ្រុន​ស្វិត​ដៃ​ស្វិត​ជើង និង​ជំងឺ​កញ្ជ្រិល​ ក្នុងបណ្តា​ប្រទេស​ជា​ច្រើន​នៅលើ​ពិភពលោក មិន​អាចសម្រេច​​បាន​ឡើយ។ ពេល​នេះ មាន​ថ្នាំ​វ៉ាក់សាំង​ថ្មីៗ​ជា​ច្រើន​ប្រភេទ​​ទៀត​សម្រាប់​ ការពារ​ ទាំង​កុមារ ក្មេង​ជំទង់ មនុស្ស​ពេញ​វ័យ ព្រមទាំង​មនុស្សចាស់។ តែ​ថ្វី​បើ​ដូច្នេះ​ក្តី ក៏​គេ​សង្កេត​ឃើញ​មាន​កុមារ​ម្នាក់​ក្នុង​ចំណោម​៥​នាក់ មិន​បាន​ទទួល​ការ​ការពារ​ដ៏​ប្រសើរ​នេះ។ ថ្ងៃ​នេះ​ជា​ឱកាស​ដែល​លោក​អ្នក​ត្រូវ​រើ​មើល​សៀវភៅ​តាមដាន​សុខភាព​ និង​នាំ​គ្នា​​ទៅ​ចាក់​ថ្នាំ​បង្ការ​ ឱ្យ​បាន​ត្រឹម​ត្រូវ​តាម​វេជ្ជបញ្ជា​កំណត់។

សប្តាហ៍​ពិភពលោក​ផ្តល់​ថ្នាំ​បង្ការ ឆ្នាំ​២០១៥ ប្រព្រឹត្ត​ទៅពី​ថ្ងៃ​ទី ២២-២៩ មេសា
សប្តាហ៍​ពិភពលោក​ផ្តល់​ថ្នាំ​បង្ការ ឆ្នាំ​២០១៥ ប្រព្រឹត្ត​ទៅពី​ថ្ងៃ​ទី ២២-២៩ មេសា OMS/Montage RFI
ផ្សាយពាណិជ្ជកម្ម

សប្តាហ៍​​ពិភពលោក​នៃ​ចាក់​ថ្នាំ​បង្ការ ប្រារព្ធ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ នៅសប្តាហ៍​ទី​បួន​ (២៤-៣០ មេសា)នៃ​ខែមេសា។ នៅ​ឆ្នាំ​២០១៥នេះ អង្គការ​សុខភាព​ពិភពលោក បាន​ផ្តល់​ប្រធានបទ​ « តើការ​ចាក់​ថ្នាំ​បង្ការ​របស់​កូន​លោក​អ្នក​ត្រឹមត្រូវគ្រប់​ចំនួន​​ដែរ​ឬទេ ? »

 
ថ្នាំ​បង្ការ គឺ​ជា​អាវុធ​ដ៏​សំខាន់ និង​មាន​ប្រសិទ្ធភាព​បំផុត ដែល​ពិភពលោក​ប្រើ សម្រាប់​ការពារ​សុខភាព។ ថ្នាំ​វ៉ាក់សាំង អាច​ការពារ​មនុស្ស​គ្រប់វ័យ មិន​ថា​ក្មេង​ឬកុមារ​ ឬ​មនុស្ស​ចាស់ទេ​។

ហេតុអ្វី​ត្រូវ​ចាក់​ថ្នាំ​បង្ការ ?

គឺ​ដើម្បីការពារ​សុខភាព​ ក្នុង​ពេល​ជីវិត​រស់។ ​ថ្នាំ​បង្ការ​គឺ​អន្តរាគមន៍​សុខភាព​ដែល​មាន​ប្រសិទ្ធិភាព និង​នាំ​ផល​ចំណេញ​បំផុត​ មិន​ធ្លាប់​មាន​ទេ​ក្នុង​ប្រវត្តិវេជ្ជសាស្ត្រ​សម័យ​ថ្មី ដាក់​ឱ្យ​ដំណើរ​ការ​មក។ ថ្នាំ​បង្ការ​ មិន​ត្រឹម​តែ​អាច​ការពារ​ជីវិត​កុមារ​មិនជួប​គ្រោះ​កើត​ជំងឺ​ ខាន់ស្លាក់ តេតាណូស ស្វិតដៃជើង ប៉ុណ្ណោះ​ទេ ថ្នាំ​បង្ការ​ប្រភេទ​នេះ​មាន​តាំង​ពី​យូរយារ​មក​ហើយ ហើយ​ពេល​នេះ​មាន​ថ្នាំ​បង្ការ​ថ្មីៗ​ជាច្រើន​ផ្សេង​ទៀត សម្រាប់​ការពារ​ប្រឆាំង​ទប់​នឹង​ជំងឺ​ រលាក​សួត រលាក​ថ្លើម បេ របេង រាករូស​បង្ក​ឡើង​ដោយ​មេរោគរ៉ូតាវីរ៉ុស ដែល​ជា​បុព្វហេតុ​ចម្បង​ទីពីរ​នៃ​មរណភាព​ទារក​និង​កុមារ​ក្រោម​អាយុ​៥ឆ្នាំ។

លើ​សពីនេះ​ទៅ​ទៀត ក្មេ​ងជំទង់ និង​មនុស្ស​ធំពេញ​វ័យ ក៏​អាច​បាន​ទទួល​ការពារ​ពី​ថ្នាំ​វ៉ាក់សាំង​ដែរ ដើម្បី​ប្រឆាំង​នឹង​ជំងឺ​កាចៗ​មួយ​ចំនួន​ ដូចជា​ជំងឺ​ផ្តាសាយធំ​ រលាក​ស្រោម​ខួរ​ក្បាល មហារីក។

អន្តរាគមន៍​ដោយ​លោកវេជ្ជបណ្ឌិត សាន់  ចន្ទសឿន ប្រធាន​កម្មវិធី​ជាតិ​ផ្តល់​ថ្នាំ​បង្ការ​ នៃ​ក្រសួង​សុខាភិបាល​កម្ពុជា។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ