ខ្ញីជាគ្រឿងផ្សំ ដ៏ចំណាន ដែលមានប្រើក្នុងមុខម្ហូប របស់ប្រទេសជាច្រើននៅលើពិភពលោក។ នៅអឺរ៉ុប គេចាត់ទុកខ្ញីជាអាហារដែលមានឥទ្ធិពលលើកតម្កើងសម្រើប តណ្ហា ផ្លូវភេទ! ប៉ុន្តែនេះមិនមែនផលប្រយោជន៍តែមួយរបស់ខ្ញីឡើយ។ ខ្ញីត្រូវបានចាត់ទុកជាឱសថ ម៉ឺនឆ្នាំ ប្រើប្រាស់សម្រាប់ប្រយុទ្ធប្រឆាំងនឹងការចម្លងរោគ នឿយហត់ ការឈឺចុកចាប់សាច់ដុំ និងពិសេសដើម្បីការពារប្រព័ន្ធរំលាយអាហារប្រឆាំងទប់នឹងអាការៈក្អួតចង្អោរ រាករូស។
ខ្ញីជារុក្ខជាតិ ដាំដុះច្រើននៅតំបន់ត្រូពិក មានពន្លឺនិងកម្តៅព្រះអាទិត្យ។ គេបានរកឃើញដានជាលាយលក្ខណ៍អក្សរ ស្តីពីអំពីការទទួលទានខ្ញីតាំងពីជាង៣៥០០ឆ្នាំមុន ឯគុណប្រយោជន៍របស់ខ្ញីក៏ត្រូវបានគេកត់ត្រាទុកតាំងពីជាង៥០០០ឆ្នាំមុនឯណោះ។ ខ្ញីនេះមានប្រើប្រាស់ច្រើនជាយូរយារណាស់មកហើយតំបន់អាស៊ី ជាម្ហូប និងជាឱសថ និងទើបនាំទៅកាន់ពិភពអឺរ៉ុប តាមរយៈពួករ៉ូម៉ាំងនិងក្រិក។ ប៉ុន្តែពេលនេះ ពិភពលោកទាំងមូលបានស្គាល់ខ្ញី និងទទួលស្គាល់ថាថ្នាំដ៏សក្តិសិទ្ធិ សម្រាប់ព្យាបាលជំងឺរលាកពោះវៀន ផ្តាសាយ ឬសម្រកទម្ងន់។
ខ្ញីជាឱសថព្យាបាលជំងឺអ្វីខ្លះ ?
ខ្ញីជារុក្ខជាតិ ដែលមានប្រើប្រាស់ តាំងពីយូរយារណាស់មកហើយ នៅលើពិភពលោក សម្រាប់ធ្វើជាឱសថព្យាបាលជំងឺ។
រំញោចប្រព័ន្ធការពារខ្លួន ប្រឆាំងនឹងការរលាក ប្រឆាំងនឹងវីរ៉ុស ជំនួយការប្រយុទ្ធប្រឆាំងនឹងអាការៈក្តៅខ្លួន គ្រុនផ្តាសាយ អាល់ឡែកហ្ស៊ី កាន់បន្ថយការឈឺចុកចាប់ ... រំញោចឱ្យមានចំណង់ទទួលទានអាហារ ជួយពោះវៀន ប្រព័ន្ធរំលាយអាហារ ទប់ស្កាត់ការក្អួតចង្អោរ រំញោច ពង្រឹងសរីរាង្គ... ខ្ញីក៏ជាជំនួយផ្នែកវីតាមីសេ ប្រសិនបើយើងទទួលទានជាបន្លៃស្រស់។ គុណប្រយោជន៍របស់ខ្ញី មកលើសុខភាពមានច្រើនអនេក។
គុណប្រយោជន៍មួយ ក្នុងចំណោមគុណប្រយោជន៍របស់ខ្ញីដែលគ្មាននរណាសូវស្គាល់នោះគឺ សមត្ថភាពផ្នែសម្រួលប្រព័ន្ធរំលាយអាហារ។ បើតាមការសិក្សាខ្លះ មើមខ្ញីជាឱសថជំនួយពន្លឿនដំណើរការមេតាបូលីស ពោលគឺជួយពន្លឿនដំណើររំលាយអាហារ។ ជាមួយនឹងសមត្ថភាព ជួយកាត់ខ្លាញ់ ជួយដុតសារធាតុខ្លាញ់ ជួយសម្អាតបំពង់អាហារ ខ្ញីជាមិត្តដ៏ប្រពៃរបស់ម្ហូបអាហារដែលមានសាច់និងខ្លាញ់ច្រើន។ ការសិក្សាវេជ្ជសាស្ត្រជាច្រើនទៀត បានបង្ហាញថាខ្ញីជួយទ្រទ្រង់ flore intestinale ស្រទាប់កោសិកាពោះវៀនឱ្យមានសុខភាពល្អ។
នៅឆ្នាំ១៩៩៩ អង្គការសុខភាពពិភពលោក បានប្រកាសទទួលស្គាល់ប្រយោជន៍របស់មើមខ្ញី សម្រាប់ប្រយុទ្ធប្រឆាំងនឹងរោគចង់ ចង្អោរ ក្អួត របស់ស្ត្រីមានផ្ទៃពោះ។ ដូច្នេះខ្ញីអាចជំនួសថ្នាំវីតាមីនB6 ដែលគ្រូពេទ្យច្រើនចេញវេជ្ជបញ្ជាដល់ស្ត្រីមានគភ៌។ សារធាតុសកម្មក្នុងខ្ញី gingérols et les shogaols ដើរតួនាទីសំខាន់ក្នុងការទប់កំអួត ទប់ស្កាត់ចលនាក្នុងក្រពះ ហេតុដូច្នេះហើយបានជាខ្ញី កំពុងត្រូវបានគេសិក្សាចង់យកទៅប្រើប្រាស់ជាថ្នាំ សម្រាប់ទទួលទានក្រោយពេលវះកាត់រួច ដើម្បីទប់ស្កាត់អាការៈក្អួត។ ប្រសិនបើអ្នកជាបុគ្គលពុលឡាន សូមទទួលទានទឹកតែខ្ញី ឬខ្ញី ឱ្យបាន១០ក្រាម មុននឹងឡើងជិះរថយន្ត។
ឱសថធម្មជាតិប្រឆាំងនឹងការរាលរលាក បង្កដោយមេរោគ គឺខ្ញី ! ជាពិសេសសម្រាប់អ្នកដែលចង់បញ្ចុះទម្ងន់ សម្រកខ្លាញ់ពោះ ដែលបង្កឡើងដោយការរលាក ឬអាហារមិនរំលាយ។ សម្រាប់ជាការប្រើប្រាស់ជាថ្នាំធម្មជាតិលាប ស្អំ ខ្ញីគឺមិត្តដ៏ល្អសម្រាប់ជួយលោកអ្នក ក្នុងការកាត់បន្ថយអាការៈឈឺចុកចាប់នៅ សាច់ដុំ នៅសន្លាក់ ឬការឈឺចុកចាប់បង្កឡើងការរលាកសន្លាក់ឆ្អឹង គ្រេចឬបាក់កជើង រលាកសរសៃកែង ឬរលាកសរសៃ។
ខ្ញីជាអាហារដែលអាចជួយបញ្ចុះកម្តៅ និងមានសមត្ថភាពពិសេសប្រឆាំងនឹងពពួកបាក់តេរី និងវីរ៉ុស។ ដោយហេតុតែមានសមត្ថភាពជួយពង្រឹង និងភ្ញោចសរីរាង្គកាយរបស់មនុស្សលោកនេះហើយ បានជានៅបណ្តាជននៅអឺរ៉ុបមួយចំនួនធំមិនសូវហ៊ានទទួលទានខ្ញីដោយចំហទេ ព្រោះខ្ញីមានឈ្មោះជាអាហារប៉ូវចំណង់ (ផ្លូវភេទ)។
សូមជ្រើសរើសបរិភោគខ្ញី ដើម្បីជៀសវាងការប្រើប្រាស់មធ្យោបាយធំ ទៅថ្ងៃអនាគត និងពិសេសអ្នកប្រាកដក្នុងចិត្តថានឹងគ្មានទទួលផលវិបាកទៅថ្ងៃក្រោយ។ ការសិក្សាវេជ្ជសាស្ត្របានបង្ហាញឱ្យឃើញទៀតថា ខ្ញីជាឱសថដ៏ប្រសើរដែលមាននាទីជាអ្នកការពារ។ ខ្ញីជាថ្នាំបង្ការប្រឆាំងនឹងទម្រង់មហារីកខ្លះ (មហារីកពោះវៀនធំ ពោះវៀនតូច កន្សោមស្បូន) ប្រឆាំងនឹងពពួកជំងឺសរសៃឈាមបេះដូង ជំងឺវង្វេងវង្វាន់ និងការពារកោសិការមនុស្សកុំឱ្យឆាប់ចាស់។ សមាសភាពនៃសារធាតុសកម្មសំខាន់បំផុតរបស់ខ្ញី gingerol មានកម្លាំងពិសេសជាអ្នកប្រឆាំងនឹងការរលាកផង ជាអង់ទីអុកស៊ីតដង់ផង។
តើត្រូវទទួលទានខ្ញីប៉ុណ្ណា ដើម្បីអាចទទួលគុណប្រយោជន៍សម្រាប់សុខភាព ?
ខ្ញីជារុក្ខជាតិ ដែលមានស្លឹកមានដើមដុះលើដី ប៉ុន្តែគឺមើមឬឬក្រោមដីទេ ដែលប្រើជាថ្នាំ។ មើមខ្ញី មានផ្ទុកសារធាតុសកម្មពីរមុខ គឺ Shogaol និងGingerol ដែលដូចបានជម្រាបរួចមកហើយថាជាភ្នាក់ងារមានសមត្ថភាពផ្នែកប្រឆាំងនឹងការរលាក និងប្រឆាំងការក្អួត ព្រមទាំងពន្លឿនការរំលាយអាហារឆ្លងកាត់ពោះវៀន។ គេក៏សង្កេតឃើញមានដែរ ប្រេងធម្មជាតិ អាមីដុង វីតាមីន (B1, B2, B3, C) និងរ៉ែជាច្រើនដូចជា (រ៉ែម៉ង់ហ្កាណែស ហ្វូស្វ័រ ម៉ាញេស្យូម កាល់ស្យូម សូស្យូម និងដែក) ដែលមានឥទ្ធិពលខ្លាំងក្នុងការផ្តល់ថាមពលដល់សរីរាង្គ។
ទទួលទានខ្ញីជាប្រចាំ នឹងធ្វើឱ្យយើងមានសុខភាពល្អរឹងមាំ។ ហើយបើចង់ឱ្យកាន់តែប្រសើរទៀត សូមបរិភោគខ្ញីលាយជាមួយល្មៀត និងឈើអែម។
លោកអ្នកនាងអាចទទួលទានខ្ញីបានគ្រប់ពេលវេលា ជាប្រចាំ និងច្រើនដងក៏បានក្នុងមួយថ្ងៃៗ ជាបន្លែឆៅ-ឆ្អិន ជាអន្លក់ ឬភេសជ្ជៈ ជាខ្ញីស្រស់ជាខ្ញីក្រៀម កៀបយកទឹក ឬហាន់ជាចំណិតតូចស្តើងឬឆ្មារៗ តាមការចូលចិត្ត។
ដើម្បីបានទទួលផលល្អអំពីខ្ញី បរិមាណដែលល្អបំផុត គឺទទួលទានឱ្យបាន ពី ២ ទៅ៥ក្រាម នៃខ្ញីសម្ងួត ពីរឬបីដងក្នុងមួយថ្ងៃ។ លោកអ្នកអាចយកខ្ញី ជាតែ ដោយយក ម្សៅខ្ញី ខ្ញីក្រៀម ខ្ញីលីង ឬខ្ញីស្រស់ហាន់ៗឱ្យឆ្មារទៅឆុងជាមួយទឹកពុះ រួចចាំ៥នាទីសិមបរិភោគ ជាទឹកតែខ្ញីសុទ្ធក៏បាន លាយទឹកឃុំបន្តិចរឹតតែមានរសជាតិ។ វិធីម្យ៉ាងទៀត គឺកៀប ប្របាច់យកទឹកមកពី១០ទៅ២០ដំណាក់ លាយជាមួយទឹកក្តៅឧណ្ណៗ ដើម្បីបំបាត់អាការៈឈឺបំពង់ក ឬជាភេសជ្ជៈលើកកម្លាំង។
របៀបបរិភោគមានច្រើនបែបច្រើនណាស់ ទៅតាមការចូលចិត្ត ទៅតាមទម្លាប់ក្នុងគ្រួសារ ឬទៅតាមស្ថានការណ៍ ប៉ុន្តែគេប៉ាន់ស្មានថា គួរតែបរិភោគខ្ញីយ៉ាងតិចណាស់ ក៏ ៥០០មីល្លីក្រាម និងច្រើនបំផុត ១៥០០មីល្លីក្រាមក្នុងមួយថ្ងៃ ទើបបានខ្ញីអាចផ្តល់ឥទ្ធិពលល្អ ចំពោះសុខភាព និងរាងកាយយើងបាន។
ដើម្បីជាជំនួយក្នុងការគិត យើងសូមជម្រាបជូនថា ម្សៅខ្ញី ស្ងួត មួយក្រាម ស្មើនឹងខ្ញីស្រស់១០ក្រាម។ ខ្ញីចាស់ហិរជាងខ្ញីខ្ចី ដូច្នេះប្រសិនបើអ្នកមាននិស្ស័យ មិនចូលចិត្តហិរ ឬគ្មានទម្លាប់ទទួលទានអាហារហិរ សូមចាប់ផ្តើមបរិភោគខ្ញីក្នុងបរិមាណតិចសិន រួចសឹមដំឡើងបន្តិចម្តងៗ ឱ្យគ្រប់ដល់៥០០មីល្លីក្រាម។ អ្វីដែលល្អបំផុតរបស់ខ្ញី គឺបើទោះជាអ្នកទទួលទានរាល់ថ្ងៃ និងច្រើនបន្តិចក្តី ក៏គ្មានផលប៉ះពាល់បន្ទាប់បន្សំអ្វីធ្ងន់ធ្ងររំខានដល់សុខភាពដែរ។
ប៉ុន្តែចំពោះការប្រើខ្ញីឬទឹកខ្ញីទៅលាបរឹតឬស្អំ ចំលើកន្លែងមានការឈឺចុក តាមសន្លាក់ ដែលជាវិធីព្យបាលបែបបូរាណ វាអាចមានផលរំខាន ជាការរលាកស្បែក។ ជាការប្រុងប្រយ័ត្ន ថ្វីបើចាស់បូរាណខ្មែរមានទម្លាប់ ឱ្យស្ត្រីទើបសម្រាលកូនរួចទទួលទានខ្ញីច្រើន (បាយខខ្ញី ឆុងតែខ្ញី) ពេលក្នុងខែ ដើម្បីកម្តៅសរសៃនិងបង្ហូរឈាមអាក្រក់ឱ្យធ្លាក់ចេញមកក្រៅអស់ អ្នកឯកទេសវេជ្ជសាស្ត្រសូមណែនាំអ្នកជំងឺត្រៀមចូលវះកាត់មិនឱ្យបរិភោគខ្ញីឡើយ ព្រោះខ្ញីមានសមត្ថភាពពង្រាវឈាម៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ