អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

ស្បោង​ឬ​ថង់​ផ្លាស្ទិក នាំ​ឱ្យ​ខូច​ទាំង​បរិស្ថាន ទាំង​សុខភាព

ចុះផ្សាយ​នៅ​ថ្ងៃ៖

កែវជ័រ ចានជ័រ ប្រអប់ជ័រ ដប​ជ័រ ស្បោង ថង់ … សម្រាម​ផ្លាស្ទិក​​មាន​គ្រប់​ធុន និង​មានចោល​គ្រប់​ទិសទី លើដី ក្នុង​ទឹក លើ​អាកាស (ជាប់​នឹង​មែក​ឈើ)។ ផលិតផល​អំពី​ជ័រ​ឬ​ផ្លាស្ទិក​ទាំង​អស់​នេះ បាន​សម្រួល​ជីវិតនិង​ផ្តល់​​ប្រយោជន៍​ខ្លាំង​ណាស់​សម្រាប់​ការ​ទុកដាក់​និង​វេច​ខ្ចប់​​គ្រប់​បែប​យ៉ាង។ ប៉ុន្តែ​ផ្លាស្ទិក​ ឬ​វត្ថុ​​ជ័រ​ទាំង​អស់​នេះ​ ដែល​មិន​ងាយ​រលួយ​ក្នុង​ធម្មជាតិ​ទេ បង្ក​ផល​រំខាន​ខ្លាំង​ណាស់​ដល់​បរិស្ថាន និង​សុខភាព​មនុស្ស។

ស្បោង​ថង់​ផ្លាស្ទិក​ ប្រអប់ខ្ចប់​ម្ហូប​អាហារ​ ជា​សម្រាម​បំផ្លាញ​បរិស្ថាន និង​សុខភាព​
ស្បោង​ថង់​ផ្លាស្ទិក​ ប្រអប់ខ្ចប់​ម្ហូប​អាហារ​ ជា​សម្រាម​បំផ្លាញ​បរិស្ថាន និង​សុខភាព​ Getty Images/Patrick Farrell/Miami Herald
ផ្សាយពាណិជ្ជកម្ម

ស្រួល​ប្រើ​ ជាប់​ល្អ មិន​សូវ​ថ្លៃ ស្បោង ថង់​ ផ្លាស្ទិក​ ឬ​ប្រអប់​ ដប​ជ័រ​ ជា​វវត្ថុ​ដ៏​ពេញ​និយម​​សម្រាប់​មនុស្ស​សម័យ​ថ្មី សឹង​ថា​ខ្វះ​មិន​បាន​ សម្រាប់​​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ។ ក្នុង​មួយ​ឆ្នាំៗ មនុស្ស​លោក នៅ​លើ​ភព​ផែនដី​យើង​ទាំង​មូល ប្រើ​ស្បោង​ឬ​ថង់​ផ្លាស្ទិក អស់​ប្រមាណ ពី ៥០០​ទៅ ១០០០​ពាន់​លាន​ស្បោង។ នេះ​បើ​តាម​ការ​អង្កេត​របស់​អង្គការ​Greenberry។

នៅ​តាម​បណ្តា​ប្រទេស​ជឿន​លឿន នៅ​អឺរ៉ុប​ ដូច​ជា​ន័រវែស ហ្វាំងឡង់ ដាណឺម៉ាក ឬ​ហូឡង់ ផ្សារ​ម្ហូប ផ្សារ​ទំនើប មិន​ផ្តល់​ស្បោង​ផ្លាស្ទិក​​​ដល់​អតិថិជន​ សម្រាប់ដាក់​ទំនិញ​ តាំង​ពី​ជា​យូរ​ឆ្នាំ​មក​ហើយ។ នៅ​ប្រទេស​បារាំង​ ការ​ប្រើប្រាស់​ស្បោង​ផ្លាស្ទិក បានថយ​ចុះ​មួយ​ជា​ដប់ ក្នុង​រយៈ​ពេល​១០​ឆ្នាំ​ចុងក្រោយ​នេះ ហើយ​នៅ​ចាប់​ពី​ថ្ងៃទី ១ មករា ២០១៦​ទៅ ផ្សារទំនើប​បារាំង​ក៏​លែង​ផ្តល់​​ទាល់​តែ​សោះ​​ស្បោង​ផ្លាស្ទិក​ ច្រក​ឥវ៉ាន់ ឬបន្លែ​ផ្លែឈើ។

 

នៅ​កម្ពុជា គ្មាន​ទេ​តួលេខ​បញ្ជាក់​អំពី​ការ​ប្រើ​ប្រាស់​ថង់​ផ្លាស្ទិក ប៉ុន្តែ​ដោយ​គ្មាន​សង្ស័យ​ស្បោង​ផ្លាស្ទិក គឺ​ជា​ចំណែក​មួយ​នៃ​ជីវិត​របស់​ពលរដ្ឋ​ មិន​ថា​នៅ​ក្រុង​ឬ​ជនបទ​ឡើយ។ កណ្តាល​រាជធានី​ដ៏​បវរ រហូត​ដល់​ជនបទ​ដាច់​ស្រយាល​ កាត់​តាម​ទន្លេ​ស្ទឹង​បឹង​បួរ ព្រៃ​ភ្នំ ឆ្នេរ​ខ្សាច់​ ក្នុង​សមុទ្ទ ស្បោង ឬ​ថង់​ផ្លាស្ទិក​ ក្រោយ​ពី​ប្រើ​រួច ត្រូវ​គេ​គ្រវាត់​ចោល​យ៉ាង​ពាស​វាល​ពាស​កាល​បំផុត។ ​គរ​ដូច​ភ្នំ ​រាយ​ប៉ាយ​ពេញ​ផ្លូវ​ ពេញ​ព្រៃ ពេញ​ឆ្នេរ ពេញ​ច្រាំង មើល​ទៅ​គួរ​ឱ្យ​សូរ​ និង​អាក្រក់​មើល​ ខូច​អស់​សម្រស់​ទេសភាព​ធម្មជាតិ សម្រាម​បែប​នេះ​ជា​ការ​បំពុល​ជា​បឋម​បរិស្ថានភ្នែក​ តែ​អ្វី​ដែល​​ធ្ងន់​ធ្ងរ​ខ្លាំង​នោះ​គឺ​បរិស្ថាន​ ក្នុង​អត្ថន័យ​ចំ និង​សុខភាព​របស់​មនុស្ស​សត្វ​និង​រុក្ខជាតិ ទាំង​មូល។

 

ផ្លាស្ទិក​និង​បរិស្ថាន

 

ថង់​ផ្លាស្ទិក​ មាន​ឥទ្ធិពល​លើជីវិត​មនុស្ស​សត្វ​ក្នុង​លោក​ផង និង​បន្សល់​ទុក​នូវ​ផលវិបាក​ដ៏​សម្បើម​ក្រៃ​សម្រាប់​បរិស្ថាន។ បើ​តាម​ការ​សិក្សា​ជា​ច្រើន ស្បោង​ផ្លាស្ទិក ដែល​មាន​អាយុ​វែង​ ទៅ​តាម​គុណភាព ប្រមាណ​​ពី​១០០ទៅ​៤០០-៤៥០​ឆ្នាំ ​ទើប​រលួយ​ជា​ដីនោះ បង្ក​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់ ដល់​សត្វ​និង​រុក្ខជាតិ ក្នុង​ទឹក ក្នុង​ដី។ នៅ​ក្នុង​ទឹក (សមុទ្ទ) ស្បោង​​ឬ​ថង់​ផ្លាស្ទិក អណ្តែត​ក្នុង​ទឹក​ អាច​បង្ក​ឱ្យ​មាន​បម្រែ​បម្រួល​ប្រព័ន្ធបរិស្ថាន​សមុទ្ទ​ ឬ​ទន្លេ។ សម្រាម​ស្បោង​ផ្លាស្ទិក​អណ្តែ​ត​ក្នុង​ទឹក ជា​ការ​បាំង​ពន្លឺ​មិន​ឱ្យ​ជះ​ដល់​បាត ដែល​រុក្ខជាតិ​ក្រោម​ទឹក ផ្កា​ថ្ម​ត្រូវ​ការ​សម្រាប់​លូត​លាស់។ ជា​ផលវិបាក រុក្ខជាតិ​ក្រោម​ទឹក​មិន​សូវ​ដុះ​ដាល ជីវិត​សត្វ​ស៊ី​ស្លែ ស៊ីរុក្ខជាតិ​​ក៏​ត្រូវ​​រំខាន។

 

សត្វ​​គ្រប់​ប្រភេទ​ត្រូវ​រង​គ្រោះ​អំពី​សម្រាម​ផ្លាស្ទិក។ បើ​តាម​អង្គការ​Greenpeace បាន​ប៉ាន់​ប្រមាណ​ថា​ មាន​សត្វ​បក្សា​បក្សី​ប្រមាណ​១​លានក្បាល សត្វ​តូច​សត្វ​ធំ​ក្នុង​ទឹក​ប្រមាណ​១សែន​ក្បាល​ បាន​ស្លាប់​ក្នុង​មួយ​ឆ្នាំៗ ដោយ​សារ​តែ​បាន​ស៊ី​ស្បោង​ ស៊ី​ផ្លាស្ទិក។ អណ្តើក ​បាឡែន ត្រី​ឈាម​ ពពួក​សត្វ​​ជិត​ផុត​ពូជ​ជា​ច្រើន​ទៀត បាន​ស្លាប់​​ព្រោះ​ ខ្លះ​ថប់​ដណ្តើម ខ្លះ​វន្តក​ងាប់​ ខ្លះ​​ស្លាក់​ថង់​ផ្លាសិ្ទក ខ្លះ​លេប​ថង់​ផ្លាស្ទិក​ចូល​​រួច​តែ​ក្រពះ​ឥត​កិន លេប​អ្វី​ទៀត​មិន​ចូល​ អត់​អាហារ​រហូត​ទាល់​តែ​ស្លាប់​។ រូបភាព​ដែល​គួរ​ឱ្យ​អាសូរ​បំផុត ដែល​អ្នក​ការពារ​បរិស្ថាន​​តែ​ង​លើ​យកមក​ធ្វើ​ជា​អំណះអំណាង​ការពារ​ធម្មជាតិ គឺ​សត្វ​អណ្តើក​ថប់​ខ្យល់​ងាប់ ដោយ​ហែល​ស្ទុះ​ទៅ​រក​ស៊ី​ថង់​ផ្លាស្ទិក​ ដោយ​ស្មាន​តែ​ជា​សត្វ​ពពុះ​សមុទ្ទ។

 

នៅ​លើ​ដី ចំណាត់​ការ​មិន​ត្រឹម​ត្រូវ បណ្តោយ​ឱ្យ​ស្បោង ថង់ ដប​ផ្លាស្ទិក ក្លាយ​ជា​សម្រាម​ពាស​ពេញ​​ដី ប៉ើង ឬ​ត្រូវ​ជាន់ កាយ​កប់​ អាច​ជា​បុព្វហេតុ​នាំ​ឱ្យ​មាន​ទឹក​ជំនន់ ព្រោះ​វត្ថុ​ពី​ផ្លាស្ទិក​ទាំង​អស់​នេះ អាច​បិទ​​ស្ទះ​ស្រទាប់​ដី ប្រភព​ខ្សែ​ទឹក ជ្រោះអូរ ប្រលាយ​...​

​មេឃា​ ក៏មិន​អាច​ចៀស​ផុត​ពី​ហានិភ័យ​បង្ក​ឡើង​ផ្លាស្ទិក។  កាត់​បន្ថយ​បរិមាណ​សម្រាម​ស្បោង​ សម្រាម​ផ្លាស្ទិក ដោយ​ការ​ដុត​ឱ្យ​ឆេះ​ខ្ទេច​ខ្ទី​ ក៏​មិន​មែន​ជា​ប្រការ​ល្អ។ ដុត​សម្រាម​ផ្លាស្ទិក​ ដែល​​នឹង​ផ្តល់​ជា​ផ្សែង​​ឧស្ម័ន​កាបូនិក និង​ចំហាយ​ទឹក ជា​ការ​ចំណែក​មួយនៃ​ការ​បង្កើន​ឧស្ម័ន​ផ្ទះ​កញ្ចក់​ ពោល​គឺ​ចូល​រួម​ចំណែក​ឱ្យ​​​ភព​ផែន​ដី​ ឡើង​កម្តៅ។ ដូច្នេះ​ស្បោង ថង់ ផ្លាស្ទិក ដប​ ចាន​កែវ ប្រអប់​ជ័រ​នេះ គឺ​ជា​បញ្ហា​​ដ៏​ចម្បង​ ក្នុង​ចំណោម​បញ្ហា​សំខាន់​ប៉ះពាល់​ដល់​បរិស្ថាន ដែល​គ្រប់​គ្នា​ត្រូវ​ប្រមូល​កម្លាំង​ដោះស្រាយ។

 

ផ្លាស្ទិក​និង​សុខភាព​មនុស្ស​លោក

 

តើ​ថង់​ផ្លាស្ទិក ឬ​វត្ថុ​ជ័រ​ទាំង​អស់​នេះ ផលិត​ចេញ​មក​ពីណា ? មាន​សារធាតុ​ផ្សំ​អ្វី​ខ្លះ បាន​ជា​បំពុល​បរិស្ថាន​ខ្លាំង​ម្ល៉េះ ?​​

 

ផលិត​ចេញ​ពី​ប្រេង​ឆៅ និង​សារធាតុ​សន្សំ​គីមី​ជា​ច្រើន​ផ្សេង​ទៀត ថង់​ផ្លាស្ទិក​ មិន​មែន​បង្ក​គ្រោះ​ថ្នាក់​ត្រឹម​តែ​សត្វ​និង​រុក្ខជាតិ​ប៉ុណ្ណោះ​ទេ តែ​ក៏​នឹង​ធ្វើ​ឱ្យ​ខូច​សុខភាព​មនុស្ស​លោក​យ៉ាង​ខ្លាំង​ដែរ។ ផ្សែង​សម្រាម​ដែល​ហុយ​ចេញ​ពី​ការ​ដុត​សារធាតុ​ផ្លាស្ទិក ​មានផ្ទុក​សារធាតុ​ឌីអុកស៊ីត ដែល​ជា​ភ្នាក់ងារ​បង្ក​ជំងឺ​មហារីក។ នេះ​ជា​ការកត់​សម្គាល់​របស់​អ្នក​ឯកទេស​​សុខភាព​​សាធារណៈ​ដែល​​បាន​បញ្ជាក់​ដោយ​ចំៗ​ថា​ស្បោង​ ថង់ ផ្លាស្ទិក អាច​បង្ក​ជំងឺ​មហារីក។ ថង់ ស្បោង​ផ្លាស្ទិក ដែល​បណ្តាជន​កម្ពុជា​ប្រើ​ប្រាស់​ជា​រៀង​រាល់​ថ្ងៃ សម្រាប់​ច្រក​ម្ហូប​អាហារ​​ ភេសជ្ជៈ​យ៉ាង​ស្រួល​ដៃ​នេះ មាន​ផ្ទុក​សារធាតុ​​ពុល​សម្រាប់​សុខភាព​មនុស្ស។​ សារធាតុ​ពុល​នេះ អាច​នឹង​បញ្ចៀប​ចូល​ក្នុង​អាហារ​​បាន ជាពិសេស​ នៅ​ពេល​ណា​ម្ហូប​អាហារ​នោះ​ក្តៅ។ បើ​តាមការសិក្សា​មួយ​ទៀត​បង្ហាញថា ស្បោង​ផ្លាស្ទិក​នេះ ក៏អាច​បង្ក​ឱ្យ​មនុស្ស​ប្រុស​មាន​បញ្ហា​សុខភាព​ផ្នែក​បន្ត​ពូជ។

 

ចំពោះ​ប្រអប់​ និង​ដប​ជ័រ​ធ្វើ​អំពី​ផ្លាស្ទិក​វិញ វិទ្យុ​បារាំង​ធ្លាប់​បាន​ជម្រាប​នៅ​ក្នុង​កម្មវិធី​សុខភាព​មុនៗ​ហើយ ដប​ទឹក​គោ​ក្មេង ដែលមាន​បន្សំ​សារធាតុ​ប៊ីហ្វេណុល ត្រូវ​បាន​ហាម​ឃាត់​​មិន​ឱ្យ​ធ្វើ​ចរាចរណ៍​លើ​ទីផ្សារ​អឺរ៉ុប​ទេ និង​តាំង​ពី​ដើម​ឆ្នាំ​២០១៥មក គ្មាន​ប្រអប់​​ឬ​ដប​ជ័រ​សម្រាប់​ដាក់​អាហារ​អាច​ដាក់​លក់​ឬ​ធ្វើ​ចរាចរណ៍​ក្នុង​ប្រទេស​បារាំង​បាន​ទេ។ ក្រុម​អ្នក​ឯកទេស​សុខភាព​បាន​ណែនាំ​ឱ្យ​អ្នក​ជា​ឪពុក​ម្តាយ​ ប្រើ​ដប​ទឹក​ដោះ​គោ​ធ្វើ​អំពី​កែវ ឬ​អំពី​ផ្លាស្ទិក​ដែរ ប៉ុន្តែ​ត្រូវ​គ្មាន​សារធាតុ​ប៊ីហ្វេណុលA។

 

ជា​ទូទៅ​ ដើម្បី​សុវត្ថិភាព​សុខភាព គ្រប់​ផលិត​ផល​ផ្លាស្ទិក បើ​ទោះ​បី​ជា​ម្ចាស់​ក្រុម​ហ៊ុន​បាន​បញ្ជាក់​ថា​អា​ច​ធុន​នឹង​កម្តៅ​ អាច​ប្រើ​ក្នុង​មៃក្រូវេវ​ក៏​ដោយ សូម​លោក​អ្នក​នាង​ចៀស​វាង​កុំ​ប្រើ​ផលិតផល​ផ្លាស្ទិក​ទាំង​អស់​នៅ​ ក្នុង​សីតុណ្ហភាព​ខ្ពស់។ វា​មិន​ខុស​អំពី​ស្បោង​ឬ​ថង់​ផ្លាស្ទិក​ទេ នៅ​មាន​ត្រូវ​កម្តៅ​ផ្លាស្ទិក​​អាច​បញ្ចៀប​សារធាតុ​គីមី​ម្យ៉ាង​​ជា​ភ្នាក់ងារ​បង្ក​ជំងឺ​មហារីក​ទៅ​ក្នុង​ចំណី​អាហារ។

 

ដប​ទឹក​ ធ្វើ​អំពី​ជ័រ​ផ្លាស្ទិក បាន​សម្រួល​ជីវិត​រស់​នៅ​របស់​មនុស្ស​ម្នា​លើ​លោក​ខ្លាំងណាស់។ ប៉ុន្តែ​សូម​ចង​ចាំ​ថា​ដប​ទឹក​នេះ​ ជា​សម្រាម​ដែល​ក្រ​រលួយ​ ជា​អ្នក​បំពុល​បរិស្ថាន​យ៉ាង​ខ្លាំង​ និង​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាព​ទៀត។ បើ​លោក​អ្នក​ដាក់​ឱ្យ​ត្រូវ​ថ្ងៃ​ ត្រូវ​ក្តៅ វា​អាច​បញ្ចេញ​ជាតិ​ពុល​បង្ក​ជំងឺ​មហារីក​ទៅ​ក្នុង​ទឹក។

 

ជ័រ​ ផ្លាស្ទិក ស្បោង ពិត​ណាស់​ថា​អាច​បង្ក​ហានិភ័យ​ដល់​សុខភាព​ ប៉ុន្តែ​លោក​អ្នក​អាច​បញ្ចៀស​ និង​កាត់​បន្ថយ​ការ​ប្រើប្រាស់​វត្ថុ​ទាំង​អស់​នេះបាន ដោយ​កាយ​វិការ​សាមញ្ញៗ​បំផុត និង​ប្រសិន​បើ​អ្នក​យល់​ច្បាស់​អំពី​ប្រភព​នៃ​ជ័រ​និង​ផ្ទាស្ទិក​ទាំង​អស់​នោះ។

វត្ថុធាតុ​ដើម​សំខាន់​បំផុត​ គឺ​ប្រេង​ ! ដើម្បី​ភាព​រឹង ភាព​ថ្លា ភាព​ស្វិត ធុន​នឹង​កម្តៅ ។ល។ និង​។ល។ ​គេ​ត្រូវ​បូក​ជាមួយ​​​ល្បាយ​គីមី​​ជា​សារធាតុ​ពុលផ្សេងៗ​ ទើប​ចេញ​ជា​​ផលិតផល​ ​ជ័រ ឬ ផ្លាស្ទិក។ ​ ហេតុដូច្នេះ​ហើយ​បាន នៅ​គ្រប់​ប្រអប់​ ស្បោង​ទាំង​អស់ គ្រប់​វត្ថុ​ធ្វើ​ផ្លាស្ទិក តែង​មាន​សញ្ញាព្រួញ​​ត្រីកោណ​ និង​លេខ​ពី ១ ដល់​៧ សម្រាប់​បញ្ជាក់អំពី​បន្សំ​នៃ​ផលិតផល​នោះ។

ប្រភេទ​ផ្លាស្ទិក​ដែល​គ្រោះ​ថ្នាក់​ជាង​គេ គឺ​ផ្លាស្ទិក​ដែល​មាន​លេខ​១-៣-៦-៧ ក្នុង​សញ្ញា​ត្រីកោណ​​។ ដប​ទឹក និង​ស្បោង​ ស្ថិត​នៅ​ក្នុង​ប្រភេទ​ផ្លាស្ទិក លេខ​១ ឬ​ជា​អក្សរ​កាត់ PET។

ដំណោះស្រាយ​ដ៏​ប្រសើរ​ដើម្បី​គេច​ពី​គ្រោះ​ថ្នាក់​បង្ក​ឡើង​ផ្លាស្ទិក គឺ​សូម​ប្រើ​កញ្ចប់​ជា​ស្លឹក​ចេក ស្លឹកឈូក ឬ​ជា​ប្រអប់​ធ្វើ​អំពី​កែវ អំពី​អ៊ីណុក ឬ​ព័រសឺឡែន។ ប្រសិន​បើ​អ្នក​មិន​អាច​បញ្ឈប់​ការ​ប្រើ​ប្រាស់វត្ថុ​ធ្វើ​ពី​​ផ្លាស្ទិក​ទេ 

-       សូម​កុំ​ប្រើ​ផ្លាស្ទិក​ដែល​មាន​សញ្ញា​ត្រីកោណ​លេខ ១ ៣ ៦​និង​លេខ​៧។  

-       សូម​កុំ​កម្តៅ​ម្ហូប​អាហារ​ក្នុង​ប្រអប់​ផ្លាស្ទិក ឬស្បោង

-       សូម​កុំ​ដាក់​ដប​ទឹក​ ឬ​ភេសជ្ជៈ​ផ្សេង​ៗ​ឱ្យ​ត្រូវ​ថ្ងៃ

-       សូម​ឈប់​ប្រើ​ប្រអប់​ចាស់ៗណា​ដែល​មាន​ឆ្កូត មាន​ស្នាម​រិចរិល​

-       សូម​កុំ​​​ត្រាំ ផ្អាប់​​របស់​ខ្លាញ់​ក្នុង​ប្រអប់​ជ័រ

-       បើ​ចាំ​បាច់​ត្រូវ​ប្រើ​ផ្លាស្ទិក សូម​ជ្រើសរើស​ពពួក​ផ្លាស្ទិក​​មាន​សញ្ញា​ត្រីកោណ​លេខ ២ - ៤ និង​លេខ​៥​ ឬ​ពពួក​ដែល​គ្មាន​សារធាតុ​ប៊ីហ្វេណុល​A។

 

ជា​ចុង​ក្រោយ ចំពោះ​កញ្ចប់​ កំប៉ុង ក្រដាស​​អាលុយមីញ៉ូម វិញ​ ផលវិបាក​ចំពោះ​សុខភាព គឺ​វា​អាច​បង្ក​ឱ្យ​មាន​ជំងឺ​រលាក​ពោះវៀន ងាយ​បង្ក​ឱ្យ​មាន​ជំងឺ​ប្រព័ន្ធ​ប្រសាទ​ដូច​ឆាប់​ភ្លេច​ភ្លាំង ពិបាក​ផ្ចង់​អារម្មណ៍ ជាពិសេស​នៅ​ពេល​ប្រើ​ត្រូវ​ក្តៅ ឬ​ត្រូវ​ជាតិ​ជូរ។​ បើ​ក្តៅ​ហើយ​ជូរ​ទៀត​ជួប​គ្នា​ នោះ​ពិត​ជា​ល្បាយ​គីមី​ដ៏កាច​សាហាវ​​​បំផុត។

 

ព័ត៌មាន​​ទាក់​ទង​នឹង​សញ្ញា​សម្គាល់ ផ្លាស្ទិក​ទាំង​៧​ករណី ព្រមទាំង​អាយុ​កាល​នៃ​ភាព​រលួយ​ក្នុង​ធម្មជាតិ​របស់​សម្រាម​ផ្លាស្ទិក និង​សម្រាម​ផ្សេងទៀត មាន​សរសេរ​និង​ផ្សាយ​ជូន​យ៉ាង​លម្អិត​ លើ​ទំព័រ​វិបសៃត៍​​វិទ្យុ​បារាំង​អន្តរជាតិ www.km.rfi.fr ក្នុងកម្មវិធី​សុខភាពនិង​អនាម័យ “ផ្លាស្ទិក​ធ្វើ​ឱ្យ​បរិស្ថាន​យ៉ាប់​យឺន សុខភាព​រង​គ្រោះ”។

 

អាយុកាល​នៃ​ការ​រលួយ​ជា​ដី​របស់​សម្រាម​ នៅ​ពេល​យើង​ក្រវ៉ាត់​ចោល​ក្នុងធម្មជាតិ

-       ក្រដាស​ជូត​មាត់​ ៣​ខែ

-       សម្បក​ផ្លែ​ឈើ ៣​ខែ

-       ក្រដាស​កាសែត ពី ៣​ទៅ​១២​ខែ

-       កន្ទុយ​បារី ពី​១​ទៅ​២​ឆ្នាំ (កន្ទុយ​មួយ​បំពុល​ទឹក​៥រយ​លីត្រ)

-       សំណល់​ស្ករ​កោស៊ូ ៥​ឆ្នាំ

-       ប្រេង​ម៉ាស៊ីនឡាន ១-៥​ឆ្នាំ

-       កំប៉ុង​អាហារ​កំប៉ុង​ ៥០ឆ្នាំ

-       កំប៉ុង​ទឹក​ក្រូច​ពី​ដែក ១០០​ឆ្នាំ

-       កំប៉ុង​ទឹក​ក្រូច​ធ្វើ​ពី​អាលុយមីញ៉ូម ១០០​ឆ្នាំ

-       ​ប្រអប់​ធ្វើ​ពី​ជាតិ​ប៉ូលីស៊ីរ៉ែន ៥០​ឆ្នាំ

-       វត្ថុ​ធ្វើ​ពី​សារធាតុ​ប៉ូលីស៊ីរ៉ែន ៨០​ឆ្នាំ

-       ប្រអប់​អាហារ​ធ្វើ​អាលុយមីញ៉ូម ១០០ទៅ​៥០០​​ឆ្នាំ

-       ថ្មពិល ២០០​ឆ្នាំ

-       ខោ​ទឹក​នោម​ ៤០០​-៤៥០ឆ្នាំ

-       ស្បោង​ឬ​ថង់​ និង​ដប​ផ្លាស្ទិក ៤៥០​ឆ្នាំ

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ