អានតួអត្ថបទ
កម្ពុជា

លោក ហ៊ុន សែន សុំ​ខ្ចី​ផែនទី​បោន ពី​អង្គការ​សហប្រជាជាតិ

កម្ពុជា​សុំ​ខ្ចី​ផែនទី​ដើម​ទាំង​អស់ ដែល​កម្ពុជា​បាន​តម្កល់​ទុក​នៅ​អង្គការ​សហប្រជាជាតិ ដើម្បីផ្ទៀង​ផ្ទាត់​ពី​ភាព​ត្រឹម​ត្រូវ​នៃ​ផែនទី​ដែល​រដ្ឋាភិបាល​កំពុង​ប្រើ​ប្រាស់​សម្រាប់​កំណត់​បន្ទាត់​ព្រំដែន​ជាមួយ​ប្រទេស​ជិត​ខាង​។ នេះ​គឺ​ជា​អ្វី​ដែល​លោក​នាយករដ្ឋ​មន្ដ្រី​ហ៊ុន សែន សរសេរ​ទៅ​កាន់​លោក​បាន គីមូន អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ នៅ​ថ្ងៃ​ចន្ទ ទី​០៦​កក្កដា​នេះ​។

លោក​​នាយក​​រដ្ឋ​មន្រ្តី​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា
លោក​​នាយក​​រដ្ឋ​មន្រ្តី​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​៦​ខែ​កក្កដា​នេះ លោកនាយករដ្ឋ​មន្ដ្រី​ហ៊ុន សែន បាន​ស្នើ​ទៅ​កាន់​អគ្គលេខាធិការ​នៃ​អង្គការ​សហប្រជាជាតិ ​អនុញ្ញាត​ឲ្យ​កម្ពុជា​ខ្ចី​​​ផែនទី​ដើម​ទាំង​អស់ ដែល​កម្ពុជា​បាន​តំកល់​ទុក​នៅ​ស្ថាប័ន​កំពូល​អន្ដរជាតិ​នេះ​។ ផែនទី​ដែល​​ប្រមុខ​រដ្ឋាភិបាល​កម្ពុជាសំដៅ​ដល់​ គឺ​ផែនទី​បោន ខ្នាត ១​លើ​១០០​ពាន់ បោះ​ពុម្ព​ដោយ​ក្រុម​ភូមិ​សាស្ត្រ​ឥណ្ឌូចិន។ ជា​ផែនទី​ដែល​សម្ដេច​ព្រះ​នរោត្តម សីហនុ ព្រះ​បរម​រតនកោដ្ឋ យក​ទៅ​តំកល់​នៅអង្គការ​សហប្រជាជាតិ នៅ​ឆ្នាំ​១៩៦៤ ដោយ​អំពាវនាវ​ឲ្យ​មាន​ការ​ទទួល​និង​គោរព​បូរណភាព​ទឹក​ដី​កម្ពុជា​នា​ពេល​នោះ ដោយ​មិន​អាច​សើរើ និង​កែ​ប្រែ​បាន​ឡើយ​។

សំណើ​ខ្ចី​ផែនទី​នេះ ត្រូវ​បាន​ប្រមុខ​រដ្ឋាភិបាល​កម្ពុជាអះអាង​​ថា ធ្វើ​ឡើង​ដើម្បី​​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ពី​ភាព​ម៉ត់ចត់​និង​ភាព​ត្រឹម​ត្រូវ​របស់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​រៀបចំ ក៏​ដូច​ជា​អនុវត្ត​ការងារ​របស់​ខ្លួន ក្នុង​ការ​កំណត់​និង​បោះ​បង្គោល​ព្រំដែន រវាង​កម្ពុជា​និង​ប្រទេស​ជិត​ខាង​។ ហើយ​ជា​ពិសេស គឺ​ដើម្បី​បញ្ចៀស និង​បញ្ចប់​នូវ​ការ​ញុះញង់​បង្កើត​ស្មារតី​ជាតិ​ជ្រុល​និយម ធ្វើ​ឲ្យ​មាន​ការ​ភាន់​ច្រឡំ ដើម្បី​កេង​ចំណេញ​ខាង​នយោបាយ​។ ការ​ញុះញង់​ដើម្បី​កេង​ចំណេញ​ខាង​នយោបាយ ដែល​ត្រូវ​បាន​លោក​នាយករដ្ឋមន្ដ្រី​គូស​បញ្ជាក់​​ថា អាច​បង្កើត​គ្រោះ​មហន្តរាយ​ដ៏​ធំ ដល់​ជាតិ​កម្ពុជា​ទាំង​មូល​។

តាម​រយៈ​លិខិត​ដដែល​នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ក៏​បាន​បង្ហាញ​ក្ដី​សង្ឃឹម​ផង​ដែរ​ថា អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ នឹង​ផ្ដល់​នូវ​​កិច្ច​សហការ លើ​កិច្ចការងារ​ដ៏​មាន​សារៈសំខាន់​ជា​ទី​បំផុត​នេះ​។

គួរ​ជម្រាប​ជូន​ថា សំណើ​ខ្ចី​ផែនទី​ពី​អង្គការ​សហប្រជាជាតិ របស់​រដ្ឋាភិបាល​កម្ពុជា​នា​ពេល​នេះ ធ្វើ​​ឡើង​ក្រោយ​ពី​មាន​ការ​ចោទ​ប្រកាន់​ពី​តំណាង​រាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​ថា រដ្ឋាភិបាល​ប្រើ​ប្រាស់​ផែនទី​ក្លែងក្លាយ​ធ្វើ​ឲ្យ​កម្ពុជា​ខាត​បង់​ទឹក​ដី​ទៅ​ឲ្យ​ប្រទេស​ជិត​ខាង​។ និង​ស្រប​ពេល​ដែល​បញ្ហា​ព្រំដែន​រវាង​កម្ពុជា​និង​ប្រទេស​វៀតណាម​កំពុង​តែ​ឡើង​កំដៅ​ខ្លាំង​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ