អានតួអត្ថបទ
កម្ពុជា

ដើម្បីការពារសត្វផ្សោត​ WWF​នៅ​តែ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ឡាវ​បញ្ឈប់​គំរោង​សាង​សង់​ទំនប់​ដន សាហុង​!

ក្នុង​ទិវា​សត្​វផ្សោត​ទន្លេ​មេគង្គ​លើក​ទី​៣ ​ដែល​រៀបចំ​ដោយ​អង្គការ​មូល​និធិ​សកល​សម្រាប់​ការ​អភិរក្ស​ធម្មជាតិ ​WWF ​ដែល​សហការ​ជាមួយនឹ​ង​រដ្ឋបាល​ជលផល ​ក្នុង​ទី​រួម​ខេត្ត​ក្រចេះ ​នៅ​ថ្ងៃ​ទី​ ១០​វិច្ឆិ​កានេះ ​ភាគី​ទាំង​អស់​នៅ​តែប​ន្ត​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ឡាវ​ ត្រូវ​តែ​បញ្ឈប់​គម្រោង​សាងសង់​ទំនប់​ដន សាហុង។ ​ការ​បញ្ឈប់​ដែល​ក្រុម​នេះ ​អះអាង​ថា​ មា​ន​ប្រយោជន៍​​ចំពោះ​​ការ​​អភិរក្ស​​សត្វ​​ផ្សោត​​​ដ៏​កម្រ​ ក្នុង​ទន្លេ​មេគង្គ​ នៃ​ប្រទេស​កម្ពុជា។​

​ត្រីផ្សោត ក្នុងទន្លេមេគង្គនៃប្រទេសកម្ពុជា។
​ត្រីផ្សោត ក្នុងទន្លេមេគង្គនៃប្រទេសកម្ពុជា។
ផ្សាយពាណិជ្ជកម្ម

​នៅថ្ងៃទី​ ១០​វិច្ឆិកា​ អង្គការ​មូលនិធិ​សកល​សម្រាប់​ការ​អភិរក្ស​ធម្មជាតិ​ WWF​ បាន​សហការ​ជាមួយ​នឹង​រដ្ឋបាល​ជលផល ​ដើម្បី​រៀបចំ​ទិវា​សត្វ​ផ្សោត​ទន្លេ​មេគង្គ​ លើក​ទី​៣ ​ក្នុង​ខេត្ត​ក្រចេះ។ ​ជា​ទិវា​មួយ ​ដែល​លោក​ឈិត សំអាត​ នាយក​ប្រចាំ​ប្រទេស​របស់​អង្គការ​ WWF ​បាន​អះអាង​ថា ​ធ្វើ​ឡើង​ដើម្បី​បំផុស​បន្ថែម​នូវ​យុទ្ធនាការ​ការពារ​សត្វ​ផ្សោត​ រួម​ទាំង​ទាមទារ​ផង​ដែរ​ ឲ្យ​រដ្ឋាភិបាលឡា​វ​ ត្រូវ​តែ​បញ្ឈប់​ការ​សាងសង់​ទំនប់​ដង សាហុង។ ​ទំនប់ដង​​សាហុង​​ ដែល​រដ្ឋាភិបាល​ឡាវ​ ចង់​សាងសង់​ជា​ទំនប់​វារី​អគ្គិសនី​ នៅ​ដើម​ឆ្នាំ ​២០១៦។

​តាមលោកឈិត​ សំអាត ​ប្រសិន​បើ​ទំនប់​វារី​អគ្គិសនី​ដន សាហុង ​លេច​ចេញ​ជា​រូបរាង​ នោះ​ជីវិត​សត្វ​ផ្សោត​ក្នុង​ទន្លេ​មេគង្គ​ អាច​ប្រឈម​នឹង​ការ​ផុត​ពូជ។ ​លោក​បញ្ជាក់​ថា ​ការ​សាង​សង់​ទំនប់​វារី​អគ្គិសនី​ ដន សាហុង​ របស់​ប្រទេស​ឡាវ ​គឺ​នៅ​ត្រង់​ច្រក​មួយ​ ដែល​ស្ថិត​នៅ​ខ្សែ​ទឹក​ខាង​លើ ​ចំពី​លើ​តំបន់​សត្វ​ផ្សោត​រស់នៅ។

​ក្រៅតែ​ពី​ការ​ដើរក្បួន​ ដែល​មាន​ការ​ចូលរួម​ពី​សិស្ស​ ព្រះសង្ឃ ​និង​សកម្មជន​ការពារ​ធម្មជាតិ​ ជិត​៥០០​នាក់​ ជុំវិញ​កន្លែង​សាធារណៈសំ​ខាន់ៗ ​ក្នុង​ទីរួមខេត្ត​ក្រចេះ ដើម្បី​ផ្សព្វផ្សា​យ ក៏​ដូចជា​បង្កើន​ការការពារ​សត្វ​ផ្សោត​ហើយ​នោះ ​ទិវា​នេះ​ ក៏បាន​បង្ហាញ​នូវ​របាយការណ៍​ពី​បច្ចុប្បន្នភាព​នៃ​សត្វ​ផ្សោត​តាម​ដង​ទន្លេមេគង្គ​ផងដែរ។​

តាម​របាយការណ៍ ​ការ​អភិរក្ស​កន្លង​មក​ បាន​ធ្វើ​ឲ្យ​អត្រា​ងាប់ ​របស់​សត្វ​ផ្សោត ​ក្នុង​ប្រទេស​កម្ពុជា​ ថយ​ចុះត្រឹមតែ ១.៦ភាគ​រយ​ប៉ុណ្ណោះ ​ក្នុង​រយៈ​ពេល​ជាង​ ៨ឆ្នាំ​ បើ​គិត​ពី​ចន្លោះ​ឆ្នាំ​ ២០០៧ ​ដល់​ឆ្នាំ ​២០១៥​នេះ។ ទោះជាយ៉ាង​ណា ​លោក​ឈិត សំអាត បាន​ឲ្យ​ដឹង​ថា ​ការ​ថយ​ចុះយឺ​​តនេះ នៅមិនទា​ន់​ជាមោទភាព​ទាំង​ស្រុង​ចំពោះ​ការ​អភិរក្ស​នៅ​ឡើយ​ទេ។ ​WWF ​ចង់​ឲ្យ​ចំនួន​សត្វ​ផ្សោត​ថេរ ​ឬ​កើន​ឡើង​ជាង​នេះ​ទៀត​។

សូ​ម​បញ្ជាក់​ថា​ ក្នុង​ឆ្នាំ​ ២០១៥នេះ ស​ត្វ​ផ្សោត​សរុប ​មាន​ចំនួន ​៨០​ក្បាល​ គឺ​ថយ​ចុះតែ​ ៥​ក្បាល​ប៉ុណ្ណោះ​ពី​ឆ្នាំ​ ២០១០​ ដែល​មាន​ ៨៥​ក្បាល។ កាល​ពី​ឆ្នាំ​ ១៩៩៧ ​សត្វ​ផ្សោត​មាន​ ២០០​ក្បាល​ ហើយ​បាន​ធ្លាក់​ចុះម​ក ​១២៧​ក្បាល ​នៅឆ្នាំ​ ២០០៥ ​រួច​បន្ត​ធ្លាក់​ចុះ ​៧​ភាគរយ​ ពោល​គឺ​មាន​ត្រឹម ​៩៣​ក្បាល​ ក្នុងឆ្នាំ​ ២០០៧ ​និង​ធ្លាក់​ចុះមក​នៅត្រឹម​ ៨៥​ក្បាល​ ក្នុងឆ្នាំ ២០១០៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ