អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

ខ្លាញ់ ឬ​ប្រេងឆា តើ​ត្រូវ​ជ្រើស​រើស​មួយ​ណាទើប​​ល្អ​សម្រាប់​សុខភាព ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលណា​គេ​និយាយ​អំពី​របប​អាហារ ជាតិខ្លាញ់​ត្រូវ​ជាប់​ចោទ​ខ្លាំង​ជាង​គេ ថា​ជា​ដើម​ហេតុ​នាំ​ឱ្យ​មាន​ជំងឺ សរសៃ​ឈាម​បេះដូង ធាត់ ... គេ​ភ្លេច​ឈឹង​ថា​ខ្លាញ់​ ជា​ជាតិ​មួយ​មិន​អាច​ខ្វះ​បាន​សម្រាប់​ចិញ្ចឹម​សរីរាង្គ ពោល​គឺ​ជីវិត​យើង។ ជាតិ​ខ្លាញ់ ឬ លីពីត គឺ​ជា​ចង្កោម​គ្រួសារ​ ដែល​មាន​សមាជិក​ច្រើន មាន​ផ្ទុក​សារធាតុ​ចិញ្ចឹម​ខុសប្លែកៗ​ពី​គ្នា ហើយ​ខ្លះ ក៏​ល្អ ខ្លះ​មិន​ល្អ សម្រាប់​សុខភាព​មនុស្ស។ ដូច្នេះ​សួរ​ថា តើ​ត្រូវ​ជ្រើស​រើស​យ៉ាង​ដូចម្តេច ? តើ​ការ​បរិភោគ អាហារ​សម្បូរ​ដោយ​​​សារធាតុ​ខ្លាញ់​ច្រើន​​ អាច​បង្ក​ហានិភ័យ​អ្វី​ខ្លះ​ដល់​សុខភាព​ ? តើ​​លីពីត​ល្អ មាន​កប់​នៅ​​ទីណា ?

ប្រេង​ឆា​ល្អ​សម្រាប់​សុខភាព តែ​ប្រេង​ខ្លះ​នឹង​បាត់​បង់​គុណប្រយោជន៍​ពេល​ត្រូវ​ភ្លើង
ប្រេង​ឆា​ល្អ​សម្រាប់​សុខភាព តែ​ប្រេង​ខ្លះ​នឹង​បាត់​បង់​គុណប្រយោជន៍​ពេល​ត្រូវ​ភ្លើង Getty Images/stuartbur
ផ្សាយពាណិជ្ជកម្ម

មុន​នឹង​ផ្តើម​ជម្រាប​ជូន​ប្រិយមិត្ត​អ្នក​ស្តាប់​តើ​ខ្លាញ់​ឬ​ប្រេង​ណា​ល្អ សម្រាប់​សុខភាព និង​តើ​ត្រូវ​ជ្រើសរើស​យ៉ាង​ដូចម្តេចនោះ យើង​ត្រូវ​ស្គាល់​សារធាតុ​ចិញ្ចឹម​ដ៏​ចាំ​បាច់​​របស់​សីរីរាង្គកាយ​មនុស្ស​នេះ​មួយ​សិន។  តើ​​​ជាតិ​ខ្លាញ់ ឬ លីពីត មាន​តួនាទី​យ៉ាង​ណា​ខ្លះ សម្រាប់​មនុស្ស ?

លីពីត ជា​អ្វី​ ? មាន​តួនាទី​យ៉ាងណា ?

 

លីពីត​បាន​មក​ពី​សាច់ ពី​ទឹកដោះ ពី​ស្ករ ឬ​ពីរុក្ខជាតិ (ប្រេង​រុក្ខជាតិ-ប្រេងឆា)។ លីពីត​មិន​មែន​ជា​ជាតិ​ខ្លាញ់​ធម្មតា ដូច​អ្វី​ដែល​យើ​ងឃើញ​នឹង​ភ្នែក​ជា​ដុំ​ខ្លាញ់ ជា​ជាតិ​រំអិល​ប៉ុណ្ណោះ​ទេ។ បើវិភាគ​តាមបែប​គីមី ជាតិ​ខ្លាញ់​មាន​៨​ប្រភេទ។ ប្រភេទ​ដែល​គេ​ស្គាល់​ច្រើន​ជាង​គេ គឺ​ពពួក​អាស៊ីតខ្លាញ់​​ ដូច​យ៉ាង​អូមេហ្កា៣ ពពួក​ស្តេរ៉ុល ដូច​យ៉ាង​កូឡេស្តេរ៉ូល និង​ពពួក​ទ្រីគ្លីសេរីត​ដែល​ជាទម្រង់​អាស៊ីត​ខ្លាញ់​បំរុង​ទុក​ក្នុង​ស្រទាប់​ជាលិកា​កើត​ពី​ខ្លាញ់។

​ការ​រំលាយ​ជាតិ​ខ្លាញ់​ចាប់​ផ្តើម​មាន​សកម្មភាព​ខ្លាំង​ នៅ​ពេល​អាហារ​នោះដំណើរ​ចេញ​ពី​ក្រពះ​មក​វិញ ។ នៅពេល​នោះ ទឹក​ប្រមាត់ និង​ទឹក​លំពែង នាំ​គ្នា​កាត់​ច្រិប​​ដុំធំៗរបស់​មូលេគុល​លីពីត ទៅ​ជា​ចំណែកអាស៊ីត​ខ្លាញ់​​តូចៗ​ ដែល​អាច​ធ្វើ​ដំណើរ​ឆ្លង​កាត់​ផ្ទៃ​​ពោះវៀន ទៅ​រត់​ជាមួយ​ចរន្ត​ឈាម។ មួយ​ភាគ​ធំ​ត្រូវ​បា​នរក្សា​ស្តុក​ទុក​នៅ​ក្នុង​ជាលិកា​ខ្លាញ់។ ​ខ្លាញ់​គឺ​ជា​ប្រភព​ផ្តល់​ថាមពល​ ១ក្រាម​លីពីត ផលិត​ជា​ថាមពល​បាន​៩Kcal។

 

ការ​ផលិត​ថាមពល​ គឺ​ជា​តួនាទី​ដ៏​ចាំបាច់ សម្រាប់ឱ្យ​​សរីរាង្គ​មាន​ដំណើរការ​ល្អ។ ខ្លាញ់​ ជា​អ្នក​ផ្តល់​កម្តៅ​ដល់​ខ្លួន​ប្រាណ។ លីពីតក៏​មាន​នាទី​ជា​អ្នក​នាំសារឱ្យកោសិកា។ ខ្លាញ់​ចូល​រួម​ចំណែក​ស្ថាបនាស្រទាប់​ស្តើងៗ​ដែល​ព័ទ្ធ​កោសិកា និង​ជា​អ្នកផ្តល់​ដំណឹង​ឱ្យ​អ័រមូន។ ប៉ុន្តែ​បើ​មាន​ខ្លាញ់​ច្រើន​ជ្រុល​ នោះ​ក៏​ជា​គ្រោះ​ថ្នាក់​ដែរ​សម្រាប់​សុខភាព។

 

ខ្លាញ់​មានពីរ​បែប ល្អ និង​​​​​មិន​ល្អ ! ​និង​មានពីរ​ប្រភព ៖ អាស៊ីតខ្លាញ់​បាន​មក​ពី​សត្វ និង​អាស៊ីត​ខ្លាញ់​បាន​មក​ពី​រុក្ខជាតិ។ ប្រភេទ​ទី​មួយ ជា​ខ្លាញ់​ឆ្អែត (Saturés)។ អាស៊ីតខ្លាញ់នេះ​​បានមក​ពីសាច់​​សត្វ គោ ជ្រូក ជៀម ស៊ុត និង​ផលិតផល​ធ្វើ​ពី​ទឹកដោះ។ ឯ​ប្រភេទ​ទីពីរ​ ជា​ខ្លាញ់​មិន​ឆ្អែត (insaturés)​ មាន​ប្រភព​បាន​មក​ពី​រុក្ខជាតិ ដូច​ជា​ប្រេង​ចម្រាញ់​ចេញ​ពី​ផ្កាកុលហ្សា អូលីវ សណ្តែក​ដី និង​ត្រី។ អាស៊ីត​ខ្លាញ់​មិន​ឆ្អែត​ខ្លះ មាន​ប្រយោជន៍​ល្អ អាច​ជួយ​សម្រួល​បញ្ចុះ​កូឡេស្តេរ៉ូល​មិន​ល្អ​បាន​ទៀត​ផង។ ផ្ទុយ​ទៅ​វិញ ​ខ្លាញ់​បាន​មក​​សត្វ អាច​នឹង​សម្រួល​ឱ្យ​ងាយ​ជួប​គ្រោះ​កើត​ជំងឺ​សរសៃ​ឈាម​បេះដូង​ ប្រសិន​បើ​បរិមាណ​ខ្លាញ់​មាន​ច្រើន​ជ្រុល។​

តើ​ត្រូវ​ជ្រើសរើសខ្លាញ់​ឬ​​ប្រេង​ណា សម្រាប់​ធ្វើ​ម្ហូប ?

 

ខ្លាញ់​ឬ​លីពីត ជា​តម្រូវ​ការ​ដ៏​សំខាន់​មួយ​នៃ​យន្តការ​ចិញ្ចឹម​សរីរាង្គ។​ ខ្លាញ់​មាន​ពីរ​ប្រភេទ ខ្លាញ់​ឆ្អែត បាន​មក​ពី​សត្វ ស៊ុត ... ងាយ​បង្ក​ហានិភ័យ​ដល់​សុខភាព​ប្រសិន​បើ​បរិភោគ​លើស​ចំណុះ និង​ខ្លាញ់​មិន​ឆ្អែត ចម្រាញ់​គាប​ចេញ​ពី​រុក្ខជាតិ ឬហៅ​ថា​​ប្រេង ដែល​អាច​មាន​តួនាទី​ជួយ​សម្រួល​សុខភាព​បាន​ផង។ ដូច្នេះ​ចូរ​ជ្រើសរើស​ប្រើ​ជាតិ​ខ្លាញ់​ប្រភេទ​ទីពីរ​នេះ ព្រោះ​ជា​ពពួក​ខ្លាញ់ ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​អូមេហ្កា និង​ដែល​មាន​ច្រើន​នៅ​ក្នុង​ប្រេង​រុក្ខជាតិ ឬ​ប្រេង​ឆា បើ​តាម​ពាក្យ​សាមញ្ញខ្មែរ។

 

​​ប៉ុន្តែ​សួរ​ថា​តើ​ត្រូវ​ជ្រើសរើសមួយ​ណា ? បើ​បច្ចុប្បន្ន​នេះ ​ប្រេងឆា​​ មាន​ដល់​ទៅ​រាប់​សិប​មុខ ហើយ​ជាតិ​ខ្លាញ់ ក៏​មាន​ច្រើន​សណ្ឋាន​ទៀត ជា​បឺរផង ជា​ម៉ាហ្ការីតផង។ តើ​មួយ​ណា​ប្រសើរ​ជាង​មួយ​ណា ?

 

ជម្រើស​ប្រភេទ​ខ្លាញ់ ត្រូវ​ធ្វើ​ដោយ​ផ្អែក និង​​គិត​គូរដល់​​របៀប​ចម្អិន​។ ឆា ចៀន បន្តោរ នេះ​ជា​របៀប​ចម្អិន​ដែលត្រូវការ​​ជាតិ​ខ្លាញ់ និង​ដែល​ផ្តល់​រសជាតិស្រួយ​ឆ្ងាញ់​ដោយ​ម្យ៉ាង។ ខ្លាញ់ ប្រេង បឺរ ម៉ាហ្ការីន ដើម្បី​បេះដូង ដើម្បី​សរសៃ​ឈាម តើ​ត្រូវ​ប្រើ​ជាតិ​ខ្លាញ់​មួយ​ណា ដើម្បី​ចម្អិនម្ហូបថ្ងៃ​នេះ ?! ​ សូម​ស្តាប់​ប្រសាសន៍​លោកសាស្ត្រាចារ្យ Pr André Picot ឯកទេស​ផ្នែក​ជាតិពុលគីមី ពន្យល់​អំពី​ជម្រើសប្រភេទ​ប្រេង​ឬ​ខ្លាញ់ ទៅ​តាម​ការ​ចម្អិន ៖

 

Frite
Frite

“បើ​ជា​ការ​បំពង សូម​សាកល្បង​ប្រើ​ប្រេង​ណា ដែល​មាន​លក្ខណៈ​ថេរ​ខ្លាំង ដូច​យ៉ាង​ប្រេង​ផ្កាឈូករ័ត្ន សណ្តែក​ដី និង​សូម​បញ្ជៀស​ឱ្យ​បាន​ការ​ប្រើ​​ប្រេង​នៃ​ពពួក​ខ្លាញ់មិន​​ឆ្អែតខ្លាំង ដូច​ជា​ប្រេង​អូលីវ ប្រេង​គ្រាប់​ន័រ។ បន្ទាប់​មក​ត្រូវ​ប្រយ័ត្ន​លើ​ការ​ចម្អិន កុំ​ឱ្យឡើង​ក្តៅ​ខ្លាំង​ពេក រហូត​ដល់​ឃើញ​មាន​​ផ្សែង ចេញ​ឡើង​ផ្សារដល់​ភ្នែក ព្រោះនេះ​ជា​ដំណាក់កាល​ដែល​ជាតិ​ខ្លាញ់ឬ​ប្រេង ​អាច​ផ្តើម​​នឹង​បញ្ចេញ​សារធាតុ​ពុល​ម្យ៉ាង ឈ្មោះ អាក្រូឡេអ៊ីន Acroleine (ជាតិ​ពុល​ដូចក្នុង​​ផ្សែង​បារី)​ និង​មូលេគុល​​អាគ្រីឡាមីត Arcrylamide ដែល​ ជា​សារធាតុ​ម្យ៉ាង​ផ្សំ​គ្នា​ឡើង​នៅ​ពេល​ខ្លាញ់​ឡើង​ក្តៅ​ខ្លាំង​ទៅ​ប៉ះ​នឹង​ចំណីអាហារ​មាន​ជាតិ​អាមីដុង ( ឧទាហរណ៍ ដំឡូង​បារាំងចៀន)។ សម្រាប់រយៈ​ពេល​យូរ សារធាតុពុល​នេះ នឹង​បង្ក​ឱ្យ​មាន​ជំងឺ​មហារីក។ មជ្ឈមណ្ឌល​ស្រាវជ្រាវ​មហារីក​អន្តរជាតិ ទើប​បាន​ចាត់​បញ្ជូល​សារធាតុ​នេះ​ថា​ជា​ភ្នាក់ងារ​អាច​បង្ក​ឱ្យ​គ្រោះ​កើត​ជំងឺ​មហារីកសម្រាប់​មនុស្ស។

ចំពោះ​ការ​ប្រើបឺរ ដើម្បី​ចម្អិន​សាច់​ឬ​ឆា​វិញ មិន​មែន​ជា​វិធី​ល្អ​ទេ ព្រោះ​បឺរ​មិន​អាច​ធន់​នឹង​កម្តៅ​លើស​ពី​១២០​អង្សា​បាន​ឡើយ។​ លើស​ពី​១២០​អង្សា បឺ​រ​នឹង​ឡើង​ខ្មៅ​ ពោល​គឺ​មាន​ជាតិ​​ពុល ដូច​ធ្យូង កាបូន។ ហើយ​គឺកាបូន​នេះ​ដែល​នាំ​ឱ្យកើត​ជំងឺ​មហារីក។ ចុះ​បឺរផលិត​ពី​ប្រេង​រុក្ខជាតិ ម៉ាហ្ការីន ទំនង​ជា​ល្អ​សម្រាប់​ចម្អិន​សាច់ឬ ? ថ្វីបើ​បឺរ​ប្រភេទ​នេះ ធន់​នឹង​កម្តៅ​ជា​បឺរបូរាណ​ធ្វើ​​ពី​ខ្លាញ់​សត្វ តែ​បឺរ​សម្បនិម្មិត្ត​ម៉ាហ្ការីន​មាន​លាយ​ជាតិអាស៊ីត​​បន្ថែម ដែល​អាច​បង្កើន​​​គ្រោះ​ថ្នាក់​កើត​ជំងឺ​សរសៃ​ឈាម​បេះដូង។”

 

ទោះ​អ្នក​ប្រើ​ខ្លាញ់​ជា​ប្រភេទ​អ្វី​ក៏ដោយ ជា​ប្រេង​ឆា​ ជា​បឺរ ជា​ម៉ាហ្ការីន​ ជា​ខ្លាញ់​ជ្រូក​ខ្លាញ់​ត្រី សម្រាប់​ចៀន​ឆា បំពង សូម​កុំ​បណ្តោយ​ឱ្យ​ខ្លាញ់​ឡើង​ខ្មៅ ឡើង​ខ្លោច ឱ្យ​សោះ ព្រោះ​កម្ទេច​កម្លោច​ខ្មៅ កាបូន​នេះ ជា​ភ្នាក់ងារ​អាច​បង្ក​ឱ្យ​មាន​ជំងឺ​មហារីក។ ម្យ៉ាង​វិញ​ទៀត ប្រេង​ឆា​​ខ្លះ ដូច​យ៉ាង​ប្រេង​អូលីវ ដែល​ល្បី​ខាង​មាន​សមត្ថភាព​អង់ទីអ៊ុកស៊ីដង់ នឹង​បាត់​បង់​អស់​នូវ​គុណភាព​ផ្នែក​អាហារូបត្ថម្ភ​ ប្រសិន​បើ​អ្នក​យក​ទៅ​ប្រើលើ​ភ្លើង។

 

​ជម្រើស​ដ៏ប្រសើរ​ជាង ដើម្បី​ឱ្យ​មាស៊ីន​សរីរាង្គ​កាយ​មាន​ដំណើរការ​ល្អ បើ​តាម​សាស្ត្រាចារ្យ លោកសាស្ត្រាចារ្យ Pr Philippe Legrand ឯកទេស​ផ្នែក​ពិសោធន៍​អាហារូបត្ថម្ភ នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ​កសិឧស្សាហកម្ម​ប្រទេស​បារាំង គឺ​​ប្រើ​ប្រេងឆា ប្រេង​ទាញ​ចេញ​​រុក្ខជាតិ ជា​ពពួក​ខ្លាញ់​មិន​ឆ្អែត​ និង​ពិសេស​ប្រេង​ណា​មាន​​​ផ្ទុក​សារធាតុ​អូមេហ្កា៣​​ មាន​ជាអាទិ៍​ប្រេង​ឆា កុលហ្សា។ ប៉ុន្តែ​សូម​ប្រយ័ត្ន ចំពោះ​លេខ ព្រោះនៅ​ក្នុង​ចង្កោម​គ្រួសារ​​​​អូមេហ្កា លេខ​បី​និង​លេខ​៦ ប្រកួត​ប្រជែង​គ្នា​ខ្លាំងណាស់។ ​អូមេហ្កា​៣ សម្រួល​​សរសៃបេះដូង​ឱ្យ​ដំណើរការ​ល្អ​ ​និង​ជំនួ​យ​ខួរ​ក្បាល ឯ​​អូមេហ្កា៦ជំនួយ​ការ​លូតលាស់។ គេ​សង្កេត​ឃើញ​មាន​អូមេហ្កា៦​ច្រើន​ នៅ​ក្នុង​ប្រេង​ឆា​ចម្រាញ់​ចេញ​ពី​គ្រាប់​ធញ្ញជាតិ ដូច​ជា​គ្រប់​ទំពាំង​បាយជូរ ផ្កា​ឈូករ័ត្ន គ្រាប់​ន័រNoix ទឹកជ្រលក់​ម៉ាយូណែស និងទឹក​ជ្រលក់​ផ្សេងៗ ព្រមទាំង​ខ្លាញ់​សត្វ ... ជា​ទូទៅ​ គេ​បរិភោគ​ខ្លាញ់​ជាតិ​អូមេហ្កា​៦​ច្រើន​ជាង​អូមេហ្កា៣ ព្រោះ​គេ​ងាយ​រក​មាន​នៅ​ក្នុង​ស្ទើរ​គ្រប់​គ្រឿង​ម្ហូប។ អូមេហ្កា៦​មាន​ចំនួន​ច្រើន​ជាង​អូមេហ្កា៣​ដល់​ទៅ​បួន​ដង​ ហើយ​មាន​ឥទ្ធិពល​បង្ក​ការ​រលាក​លើ​កោសិកា ឯចំពោះ​អូមេហ្កា​៣ មាន​កម្លាំង​ជា​អង់ទីអុកស៊ីដង់។​ ដូច្នេះ​កុំ​ឱ្យ​អូមេហ្កាទាំង​ពីរ​ប៉ះទង្គិច និង​រំខាន​ការងារ​ ត្រូវ​បន្ថយបរិមាណ​​អូមេហ្កា៦ និង បង្កើន​ការ​បរិភោគ​បរិមាណ​អូមេហ្កា​៣ ដូច​ជា​ទទួល​ទាន​ត្រី​ដែល​មានខ្លាញ់​ច្រើន ​ឱ្យ​បាន​ពីរ​ដង​ក្នុង​មួយសប្តាហ៍ ពិសេស​សូម​ជ្រើសរើស​ប្រើ​ប្រេង​​ឆាចម្រាញ់​ពី​ផ្កា​កុលហ្សា ឱ្យ​បាន​ពីរ​ស្លាបព្រា​បាយ​ក្នុង​មួយ​ថ្ងៃ។

 

ចំណែក​ប្រេង​ឆា Bio ​ផ្លាក “សរីរាង្គ” មិន​បាន​ដំឡើង​គុណភាព​ផ្នែក​អាហារូបត្ថម្ភ​ទេ។​​ ប៉ុន្តែ​ ការ​ដាំដុះ​រុក្ខជាតិ​ស្រប​តាម​ធម្មជាតិ គ្មាន​ជីរគីមី នៅ​គាប​ចម្រាញ់​ជា​ប្រេងមក ប្រេង​អាច​មាន​រសជាតិ​ឆ្ងាញ់​និង​ក្លិន​ពិតស្រស់ៗជាង។

 

បើ​ចង់​ទាញ​បាន​ប្រយោជន៍​ពិត​ប្រាកដ​និង​គ្រប់​យ៉ាង​ពី​ខ្លាញ់​ឬ​ប្រេង សូម​ប្រើ​លាយ​ឆ្លាស់​គ្នា​រវាង​ប្រេង​កុលហ្សា ដើម្បី​បាន​អូមេហ្កា៣ អូលីវដើម្បី​កម្លាំង​អង់ទីអ៊ុកស៊ីដង់ និង​ប្រេង​ល្ង​ ឬ​ប្រេងធញ្ញជាតិ​ផ្សេង​ទៀត​ដើម្បី​ប្តូរ​រសជាតិ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ